មន្ត្រីសហភាពអឺរ៉ុបឆ្លើយតបទៅគណបក្សសង្គ្រោះជាតិថា គេនៅតែរក្សាជំហរដដែលគឺជំរុញឱ្យរបបក្រុងភ្នំពេញ ប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់នានា ដើម្បីបង្កើតឱ្យបាននូវបរិយាកាសនយោបាយ ដែលអាចឱ្យគ្រប់ភាគីទាំងអស់ មានទាំងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចបំពេញតួនាទី ការងារ ដោយសេរី។
អគ្គនាយកស្តីទី ផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោក ភីធឺ ប៊ើហ្ស (Peter Berz) បានបញ្ជាក់បែបនេះនៅក្នុងលិខិតរបស់លោកដែលជំនួសឱ្យអ្នកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រម (Cecilia Malmstrom) ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ឆ្លើយតបទៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៣១ ខែ ឧសភា។
លោក ភីធឺ ប៊ើហ្ស បញ្ជាក់ថា សហភាពអឺរ៉ុបបន្តតាមដានស្ថានភាពនយោបាយនៅកម្ពុជាជាប់ជានិច្ច។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឱ្យអាស៊ីសេរីដឹងថា ចម្លើយនេះបញ្ជាក់ថា សហគមន៍អន្តរជាតិនៅតែយកចិត្តទុកដាក់ដល់ស្ថានភាពនៅកម្ពុជា។ អ្នកស្រីថា គណបក្សអ្នកស្រី នឹងនៅតែបន្តផ្ដល់ព័ត៌មាននានា ពីការធ្វើទុក្ខបុកម្នេញលើពលរដ្ឋ អង្គការសង្គមស៊ីវិល និងសកម្មជន ព្រមទាំងមន្ត្រីបក្សប្រឆាំង រហូតទាល់តែមានដំណោះស្រាយបញ្ចប់បញ្ហាទាំងនេះពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន៖ «យើងមែនទែនយើងចង់ឱ្យចៀសមិនឱ្យគេដក EBA ទេព្រោះប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋរាប់លាននាក់ដល់សេដ្ឋកិច្ចនៃប្រទេសជាតិយើង ដូច្នេះទង្វើទាំងឡាយដែល នៅតែប្រឆាំងនឹងការព្រមានពីសហគមន៍អឺរ៉ុបពីសំណាក់ របបលោក ហ៊ុន សែន ជាទង្វើដែលផ្ទុយនឹងផលប្រយោជន៍ជាតិ។ តែចំពោះយើងវិញគណបក្សសង្គ្រោះជាតិយើងនៅតែទទូច ហើយយើងនៅតែបង្ហាញដូចនៅក្នុងលិខិតទាំង២របស់ខ្ញុំ គឺយើងទាមទារឱ្យមានការរកដំណោះស្រាយក្នុងការជជែកជាការសន្ទនារវាងខ្មែរ និងខ្មែរ។ តែជាមួយគ្នានេះដែរក៏របបលោក ហ៊ុន សែន ត្រូវតែពិភាក្សា ជជែកសន្ទនាជាមួយសហគមន៍អឺរ៉ុបបន្តទៅទៀតដែរ»។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ បានផ្ញើលិខិត២ច្បាប់ទៅអ្នកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រម គឺកាលពីថ្ងៃទី៧ និងទី២០ខែ មីនា ឆ្នាំ២០១៩ ដោយបញ្ជាក់ពីការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា ការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សប្រឆាំងនៅក្នុងផ្ទះដោយល្មើសនឹងនីតិវិធីនៃការឃុំខ្លួន ការចេញដីកាតាមចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ ៨រូបរួមទាំងប្រធានស្ដីទីគណបក្សនេះ គឺ លោក សម រង្ស៊ី រួមនឹងការចាប់ខ្លួន និងតាមចាប់សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន នៅពេលដែលលោក សម រង្ស៊ី ប្រកាសពីគម្រោងវិលទៅកម្ពុជាវិញ។ ក្នុងលិខិតនោះអ្នកស្រី មូរ សុខហួរ បានចាត់ទុកដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ ឬEBA ជាមធ្យោបាយដែលមានឥទ្ធិពលទៅលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងថាវិធានការនោះគួរតែធ្វើទៅលើក្រុមអ្នក ដែលរុញច្រានស្ថានការណ៍នៅកម្ពុជាឱ្យកាន់តែអាក្រក់ និងកាត់បន្ថយផលប៉ះពាល់រយៈពេលវែងទៅលើពលរដ្ឋស្លូតត្រង់ ដែលរងគ្រោះពីរបបដឹកនាំរបស់លោក ហ៊ុន សែន។ មន្ត្រីគណបក្សសង្គ្រោះជាតិដដែលលើកឡើងពីការបើកចំហទ្វារទៅរកការចរចានយោបាយ ផ្អែកលើការផ្ដល់នីតិសម្បទាទៅគណបក្ស និងអ្នកនយោបាយប្រឆាំង ដោះលែងអ្នកទោសមនសិការ និងបង្កើតនូវការបោះឆ្នោតដែលសេរី យុត្តិធម៌ និងតម្លាភាព។ គណបក្សនេះក៏ត្រៀមខ្លួនជាស្រេចសម្រាប់ការពិភាក្សារកដំណោះស្រាយជាមួយមន្ត្រីនៃសហភាពអឺរ៉ុប និងតំណាងរដ្ឋាភិបាលសមាជិកសហភាពអឺរ៉ុប និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕