របបលោក ហ៊ុន សែន កំពុងប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា មានលក្ខណៈប្រជាធិបតេយ្យ ប៉ុន្តែអ្នកជំនាញបរទេសដែលតាមដាននយោបាយនៅកម្ពុជា វាយតម្លៃរួចជាស្រេចទៅហើយថា ពុំមានហេតុផលណាមួយអាចអោយពួកគេចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅអាណត្តិទី៦នេះថា អាចយកជាការបានឡើយ។
អស់ពេលប្រាំអាណត្តិមកហើយ ដែលប្រជាជនកម្ពុជាមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទោះបីការបោះឆ្នោតអាណត្តិមុនៗ តែងតែរងការរិះគន់ថា មិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ពេញលេញក៏ដោយ ក៏យ៉ាងហោចណាស់ម្ចាស់ឆ្នោតដែលមិនចង់ទៅបោះឆ្នោត គ្មានអ្នកធ្វើទុក្ខបុកម្នេញដែរ។
ចំណែកការបោះឆ្នោតអាណត្តិទី៦នេះវិញ អ្វីដែលប្លែកនោះគឺអ្នកណាមិនទៅបោះឆ្នោតត្រូវប្រឈមនឹងការគំរាមកំហែងបំភិតបំភ័យ។
ពលរដ្ឋខ្លះថែមទាំងលើកឡើងថា ពួកគេនឹងត្រូវបានចាត់ទុកថា ជនក្បត់ជាតិ ទៀតផង ប្រសិនបើមិនទៅបោះឆ្នោតនោះ។ នេះបើតាមការលើកឡើងរបស់អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំនៅកម្ពុជា កញ្ញា ជូលៀ វ៉លឡេស (Julia Walllace) ដែលធ្លាប់ជានិពន្ធនាយកនៃកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) នៅកម្ពុជា ក្នុងវេទិកាពិភាក្សាមួយស្ដីពី ការបោះឆ្នោតនៅកម្ពុជា រៀបចំដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃប្រទេសថៃ (Foreign Correspondent Club of Thailand) នៅថ្ងៃទី១១ ខែកក្កដា។
អ្នកសារព័ត៌មានបរទេសរូបនេះលើកឡើងថា ចាប់តាំងពីនាងបានចាប់ផ្ដើមបម្រើការងារជាអ្នករាយការណ៍ព័ត៌មានអំពីកម្ពុជាពីឆ្នាំ២០០៩មក នាងមិនដែលឃើញ ពលរដ្ឋកម្ពុជាដែលនាងសុំសម្ភាសន៍ ភ័យខ្លាចខ្លាំងក្នុងការបញ្ចេញមតិដូចពេលនេះទេ៖ «ស្ថានភាពនៅពេលបច្ចុប្បន្នហាក់ដូចជាអាក្រក់បំផុត ចាប់តាំងពីខ្ញុំបានទៅធ្វើការជាអ្នកយកព័ត៌មាននៅកម្ពុជា ដំបូងពីឆ្នាំ២០០៩មក។ ពលរដ្ឋប្រែជាភ័យខ្លាចទាំងស្រុងតែម្ដង។ កាលពីមុន ខ្ញុំតែងតែមានអារម្មណ៍ល្អចំពោះបរិយាកាសសារព័ត៌មាននៅកម្ពុជា ដោយសារតែកាលណោះ មិនដែលមាននរណាម្នាក់បដិសេធមិនផ្ដល់សម្ភាសន៍ដល់ខ្ញុំទេ។ ពលរដ្ឋកាលណោះ យល់ច្បាស់ថា ពួកគាត់មានជំនឿយ៉ាងមុតមាំថាពួកគាត់មានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មាន មានសិទ្ធិបញ្ចេញមតិ។ តែក្នុងបរិយាកាសនយោបាយបច្ចុប្បន្នវិញ នៅពេលខ្ញុំសម្ភាសន៍ពលរដ្ឋរឿងនយោបាយម្ដងៗ ដោយចង់យកសំឡេងគាត់មកចុះផ្សាយ និងបង្ហាញឈ្មោះពេញរបស់គាត់ជាចំហនោះ គ្មានពលរដ្ឋណាហ៊ាននិយាយនោះទេ ដែលនេះជាសភាពគួរឲ្យយើងពិបាកចិត្តណាស់ ព្រោះមិនដែលអ៊ីចឹងទេពីមុនមក។ ដូច្នេះ ខ្ញុំចង់និយាយថា មានការបំភិតបំភ័យពលរដ្ឋយ៉ាងខ្លាំង ក្នុងពេលបោះឆ្នោតនេះ មានការដាក់សម្ពាធយ៉ាងខ្លាំងឲ្យពលរដ្ឋចេញទៅបោះឆ្នោត»។

កញ្ញា ជូលៀ វ៉លឡេស កត់សម្គាល់ឃើញថា ពលរដ្ឋនៅតាមមូលដ្ឋានភិតភ័យយ៉ាងខ្លាំង ក្នុងពេលបោះឆ្នោតឆ្នាំ២០១៨នេះ ព្រោះអាជ្ញាធរមូលដ្ឋានដាក់សម្ពាធឲ្យពួកគាត់ចេញទៅបោះឆ្នោត៖ «មានអ្នកខ្លះប្រាប់ខ្ញុំថា ប្រសិនបើម្រាមដៃចង្អុលរបស់ពួកគាត់មិនមានប្រឡាក់ទឹកថ្នាំបោះឆ្នោតទេ ពួកគេនឹងត្រូវគេចាត់ទុកថា ជាជនក្បត់ជាតិ ដែលនេះគួរអោយភ័យខ្លាចមែនទែន។ ពលរដ្ឋជាច្រើនបានសួរខ្ញុំនិងអ្នកកាសែតដទៃទៀតថា តើពួកគេមានសិទ្ធិមិនទៅបោះឆ្នោតទេ ? តើពួកគាត់ត្រូវតែទៅបោះឆ្នោតជាដាច់ខាត ឬយ៉ាងណា ?»។
ជុំវិញការបំភិតបំភ័យដល់ពលរដ្ឋនេះ លោក សម រង្ស៊ី មេដឹកនាំចលនាសង្គ្រោះជាតិ បានអំពាវនាវតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដល់ពលរដ្ឋដែលត្រូវបង្ខំចិត្តទៅបោះឆ្នោតដោយសាររងការគំរាមកំហែងដល់អាយុជីវិតនោះ ឲ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ដើម្បីបង្ហាញថា ពួកគេមិនទទួលស្គាល់ការបោះឆ្នោតនោះទេ។
ប៉ុន្តែគណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា កាលណា ពលរដ្ឋចេញទៅបោះឆ្នោតមានចំនួនច្រើន នោះនឹងកាន់តែធ្វើឲ្យលោកហ៊ុន សែន មានលេសទាមទារភាពស្របច្បាប់នៃការបោះឆ្នោត។
ប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាអន្តរជាតិ និងសន្តិសុខ នៃសាកលវិទ្យាល័យជូឡាឡុងកនក្នុងប្រទេសថៃ និងជាអ្នកអត្ថាធិប្បាយកិច្ចការតំបន់អាស៊ីអាគ្នេយ៍ លោក ធីតទីណាន ពុងសុធីរ៉ាក់ (Thitinan Pongsudhirak) ថ្លែងក្នុងវេទិកាពិភាក្សាស្ដីពី ការបោះឆ្នោតនៅកម្ពុជា ថា តាមរយៈវិធីសាស្ត្រគាបសង្កត់ពលរដ្ឋ និងការទិញសន្លឹកឆ្នោត អត្រាអ្នកចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខអាចនៅតែលើសពី៥០ភាគរយ ប៉ុន្តែលោកថា ទោះជាប៉ុន្មានភាគរយក៏ដោយ ក៏អាចអោយលោក ហ៊ុន សែន ទាមទាររកភាពស្របច្បាប់ និងជ័យជំនះពីការបោះឆ្នោតនេះបានដែរ៖ «ខ្ញុំគិតថា ការបោះឆ្នោតថ្ងៃទី២៩ កក្កដានឹងប្រព្រឹត្តទៅតាមការគ្រោងទុក គណបក្សប្រជាជនកម្ពុជានឹងប្រកាសថា ខ្លួនឈ្នះ ចិននឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ជប៉ុននឹងត្រូវប្រឈមនឹងទ្វេគ្រោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងមិនផ្ដល់ភាពស្របច្បាប់ដល់លទ្ធផលបោះឆ្នោត គ្មានទេគណបក្សប្រឆាំង ហើយអត្រាពលរដ្ឋចេញទៅបោះឆ្នោតគឺជាចំណុចគន្លឹះ។ ខ្ញុំគិតថា អត្រាអ្នកចេញទៅបោះឆ្នោតអាចស្ថិតក្នុងរង្វង់ ពី៥៥ ទៅ៦០ភាគរយ បើខ្ពស់ជាងនេះ វានឹងគ្រាន់តែផ្ដល់សេរីភាពថែមបន្តិចទៀតឲ្យលោក ហ៊ុន សែន ទាមទារនូវភាពស្របច្បាប់ប៉ុណ្ណោះ។ នេះជាស្ថានការណ៍រយៈពេលខ្លីដែលលោក ហ៊ុន សែន អាចរួចខ្លួនបានមួយឆ្នាំពីរឆ្នាំ ប៉ុន្តែក្នុងរយៈពេលមធ្យមនិងវែងលើសពីពីរឆ្នាំ នឹងមានបញ្ហាជាច្រើនកើតឡើងនៅកម្ពុជា»។
លោក ធីតទីណាន ពុងសុធីរ៉ាក់ (Thitinan Pongsudhirak) ព្រមានថា ក្នុងរយៈពេលវែងកម្ពុជានឹងជួបប្រទះភាពតានតឹងក្នុងសង្គមកាន់តែច្រើន ហើយភាពវឹកវរអាចនឹងកើតមានឡើង ដោយសារពលរដ្ឋវ័យក្មេងដ៏ច្រើននៅកម្ពុជាដែលទទួលបានការអប់រំល្អប្រសើរជាងអ្នកជំនាន់មុន នឹងមិនពេញចិត្តរបៀបដឹកនាំបែបផ្ដាច់ការនោះទេ៖ «៦៥ភាគរយនៃចំនួនប្រជាជនកម្ពុជា មានអាយុពី១៥ទៅ៥៤ ដែលជាវ័យធ្វើការ។ ៣០ភាគរយនៃប្រជាជនសរុបមានអាយុក្រោម១៥ឆ្នាំ ដូច្នេះភាគច្រើនលើសលប់មានវ័យក្មេង។ អ្នកមានអាយុចាប់ពី ៥៥ឡើងទៅ មានតែប្រមាណ៣ភាគរយប៉ុណ្ណោះ។ ដូច្នេះអ្នកកើតក្រោយការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ មានចំនួនច្រើនណាស់។ ដូច្នេះខ្ញុំសង្ស័យថា ពួកគេនឹងមិនសប្បាយចិត្តចំពោះ លទ្ធផលបោះឆ្នោតថ្ងៃទី២៩ កក្កដានេះទេ ហើយអាចនឹងមានភាពវឹកវរក្នុងសង្គមនៅក្រោយការបោះឆ្នោតភ្លាមៗ តែក្នុងរយៈពេលវែង លោក ហ៊ុន សែន នឹងរឹតត្បិតសិទ្ធិពលរដ្ឋកាន់តែខ្លាំងឡើង ដែលធ្វើឲ្យពលរដ្ឋខឹងសម្បារ ហើយចិននឹងជួយពីក្រោយ។ តែយូរទៅ វានឹងនាំទៅរកបញ្ហា ហើយនៅទីបំផុត មហិច្ឆតាផ្ទេរអំណាចដល់កូនរបស់លោក ហ៊ុន សែន នឹងត្រូវរលាយ»។
ជុំវិញការផ្ទេរអំណាចពីឪពុកទៅកូននេះ អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» (Hun Sen's Cambodia) និងជាអ្នករាយការណ៍ព័ត៌មានអំពីកម្ពុជា លោក សិបប៊ែសស្ទៀន ស្ទ្រែងជីអូ (Sebastian Strangio) សង្កេតឃើញថា លោក ហ៊ុន សែន កំពុងរៀបចំផ្ទេរអំណាចដល់កូនរបស់លោកជាបណ្ដើរៗហើយ៖ «កូនច្បងរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត កំពុងឆ្ពោះទៅរកការស្នងតំណែងពីឪពុកហើយ។ ជាក់ស្ដែង លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរសក្ដិយោធា កាលពីប៉ុន្មានថ្ងៃមុននេះ។ កូនប្រុសទាំង៣របស់លោក ហ៊ុន សែន មានតួនាទីនៅវិស័យផ្សេងៗគ្នា។ ហ៊ុន ម៉ាណែត នៅខាងផ្នែកយោធា ហ៊ុន ម៉ានី នៅខាងផ្នែកនយោបាយ បច្ចុប្បន្នជាតំណាងរាស្ត្រក្នុងរដ្ឋសភា ចំណែក ហ៊ុន ម៉ានិត នៅខាងផ្នែកចារកិច្ច។ ដូច្នេះវាហាក់បីដូចជា ច្បាស់ហើយថា លោក ហ៊ុន សែន ទំនងជានឹងចាប់យករបៀបផ្ទេរអំណាចពីឪពុកទៅកូន»។
ក្រៅពីនេះ ចាប់តាំងពីលោក ហ៊ុន សែន កាន់អំណាចជាង៣ទសវត្សមកនេះ របបលោកបានធ្វើវិសោធនកម្ម និងបង្កើតច្បាប់ថ្មីមួយចំនួន ដែលរងការរិះគន់ពីអ្នកការពារសិទ្ធិមនុស្សថា មានលក្ខណៈរឹតត្បិតដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ សង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិហៅកាត់ថា អាយ ស៊ី ជេ (ICJ) គឺលោក ឃីងស្ល៊ី អាបុតថ៍ (Kingsley Abbott) លើកឡើងថា លោក ហ៊ុន សែន បានចាប់ផ្ដើមកែប្រែមូលដ្ឋានច្បាប់នៅប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយចាកឆ្ងាយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។ ដោយសារមូលហេតុនេះ លោកវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាមិនអាចចាត់ទុកថា សេរី និងត្រឹមត្រូវជាដាច់ខាត ព្រោះថា ដើម្បីវាយតម្លៃថា តើការបោះឆ្នោតខាងមុខថាសេរី និងត្រឹមត្រូវឬទេ យើងត្រូវវាយតម្លៃពីស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសទាំងមុន និងក្រោយដំណើរការរៀបចំការបោះឆ្នោត៖ «អ្វីដែលខ្ញុំគិតថា សំខាន់ ក្នុងការវាយតម្លៃការបោះឆ្នោតនៅកម្ពុជា គឺយើងត្រូវដឹងថា របបលោក ហ៊ុន សែន បានកែប្រែទិដ្ឋភាពច្បាប់នៅកម្ពុជា ហើយវានឹងបន្តនៅកម្ពុជា លើសពីរយៈពេលពីរបីសប្ដាហ៍នៃការបោះឆ្នោតហ្នឹងឆ្ងាយណាស់។ អ្វីដែលខ្ញុំតែងតែនិយាយទៅកាន់អ្នកសួរខ្ញុំអំពីការបោះឆ្នោតនៅកម្ពុជា ដែលនឹងមកដល់នៅពេលខាងមុខនេះ គឺថា តាមពិតវាគឺជាអ្វីដែលមិនគួរអោយចាប់អារម្មណ៍បំផុត។ ខ្ញុំអោយយោបល់ ថា កុំតាមមើលការបោះឆ្នោតនៅកម្ពុជាតែពេលបោះឆ្នោត រួចហើយងាកចេញ ព្រោះទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញក្នុងប្រទេសនេះបានផ្លាស់ប្ដូរហើយ។ វាបានប្រាសចាកយ៉ាងឆ្ងាយពីគោលការណ៍ ចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលរៀបចំឲ្យមានរបបប្រជាធិបតេយ្យ ផ្អែកលើការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ វាបានដើរនៅលើវិថីនៃអំណាចផ្ដាច់ការកាន់តែច្បាស់ហើយ»។
អ្នកជំនាញផ្នែកច្បាប់សិទ្ធិមនុស្សរូបនេះ យល់ថា ការដាក់ទណ្ឌកម្មលើបុគ្គលកំពូលៗដែលរំលោភសិទ្ធិមនុស្ស ដូចករណីដែលសហរដ្ឋអាមេរិកសម្រេចបង្កកទ្រព្យសម្បត្តិមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង នៅពេលថ្មីៗនេះ គឺជាជម្រើសដែលសហគមន៍អន្តរជាតិ គួរធ្វើដើម្បីដាក់សម្ពាធដល់របបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
