ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រតិកម្មទៅនឹងសម្ដីរបស់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ក្រោយមន្ត្រីរូបនេះបានមាក់ងាយមន្ត្រីការទូតអាមេរិកាំងនៅកម្ពុជាថាជា «មនុស្សព្រៃ» ជា «មន្ត្រីរម៉ិករម៉ក់» និងពន្យុះឱ្យពួកគេវេចបង្វេចចេញពីកម្ពុជា បើមិនពេញចិត្តកម្ពុជានោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ ថា ពួកគេមិនពេញចិត្តនឹងសម្ដីរបស់លោក ផៃ ស៊ីផាន បែបនេះទេ ព្រោះអាចធ្វើឱ្យជាតិធ្លាក់ក្នុងក្ដីវិនាសអន្តរាយ។ រីឯអ្នកខ្លះទៀត ក៏បានស្នើឱ្យសហរដ្ឋអាមេរិកដកហូតសញ្ជាតិពីលោក ផៃ ស៊ីផាន ផង។
លោក ផៃ ស៊ីផាន ដែលជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី១ សីហា បានធ្លោយសម្ដី ប្រមាថមន្ត្រីការទូតអាមេរិកាំង ទាំងដែលខ្លួនលោកក៏មានសញ្ជាតិអាមេរិកាំងផងដែរនោះ ដោយលោកបានហៅពួកគេថាជា «មនុស្សព្រៃ» និងមន្ត្រី «រម៉ិករម៉ក់» ដែលកម្ពុជា ក្នុងនាមជាប្រទេសស៊ីវិល័យមួយ ពិបាកធ្វើការជាមួយ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងពន្យុះឱ្យមន្ត្រីការទូតអាមេរិកាំងទាំងនោះវេចបង្វេចចេញពីកម្ពុជា ប្រសិនបើពួកគេមិនពេញចិត្តកម្ពុជានោះ៖ «យើងពិបាកនឹងធ្វើការជាមួយនឹងមន្ត្រីរម៉ិករម៉ក់ ! មាក់ងាយប៉ុណ្ណឹងចុះ ! ពីព្រោះពួកគេជាមនុស្សព្រៃសម្រាប់ការងារខ្ញុំ។ ទុកឱ្យពួកព្រៃគេប្រើប្រាស់វេទិកាសាធារណៈ។ ដូច្នេះអាចបង្ហាញថា ពួកព្រៃ និងពួកយើងនីតិរដ្ឋស៊ីវិល័យដូចយើងត្រូវនិយាយយ៉ាងម៉េច ... ហើយមន្ត្រីដែលនៅក្នុងស្ថានទូតដែលប្រើប្រាស់នូវលក្ខណៈព្រៃផ្សៃគួរតែបញ្ចប់។ នេះ ជាសំណូមពររបស់យើង។ ត្បិតយើងនៅជាមិត្តជាមួយគ្នា ហើយបើមន្ត្រីនោះមិនពេញចិត្តនឹងស្រុកខ្មែរ វេចឥវ៉ាន់ចេញទៅវិញទៅ ! យើងឥតស្វាគមន៍ទេ ! បើសិនជាយើងអាចមានសិទ្ធិ និយាយដូចលោកប្រធានាធិបតី Donald J. Trump: If you don't like it, leave it! Very simple! នេះជាប្រទេសខ្មែរ ! It's Cambodia!»។
ក៏ប៉ុន្តែមួយថ្ងៃក្រោយមក លោក ផៃ ស៊ីផាន បែរជាដកថយមួយជំហ៊ាន ដោយបដិសេធថា លោកមិនបានប្រើប្រាស់ពាក្យពេចន៍ ហៅមន្ត្រីការទូតអាមេរិកាំងថា ជាមន្ត្រីរម៉ិករម៉ក់នោះឡើយ រួចទម្លាក់កំហុសដាក់អ្នកកាសែតទៅវិញ៖ «ខ្ញុំមិនមានប្រើពាក្យរម៉ិករម៉ក់ទេ ! ប៉ុន្តែអ្នកកាសែត អាចជាក្រុមញុះញង់តែប៉ុណ្ណឹងឯង ដែលបាត់បង់នូវក្រមសីលធម៌ និងបាត់បង់នូវវិជ្ជាជីវៈ។ សារព័ត៌មានមួយចំនួនធ្វើឱ្យស្ថានភាពរឹតតែធ្ងន់ធ្ងរ»។
ការព្យាយាមសម្រាលសម្ដីរបស់លោក ផៃ ស៊ីផាន ខ្លួនឯងនេះ ទំនងជាលោកអាចជ្រុលសម្តី ខ្លាំង ហើយបង្កឱ្យចៅហ្វាយនាយរបស់លោក គឺលោក ហ៊ុន សែន មិនសប្បាយចិត្ត ស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងល្អក់កករខ្លាំង ហើយអាមេរិកក៏កំពុងធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន ស្រាប់។ គឺដោយសារតែច្បាប់នេះហើយ ដែលលោក ហ៊ុន សែន បានព្យាយាមចំណាយប្រាក់មិនតិចជាងកន្លះលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីជួលក្រុមហ៊ុនមេធាវី និងមន្ត្រីជាន់ទាបអាមេរិក ឱ្យជួយធ្វើយុទ្ធនាការបញ្ចុះបញ្ចូល ឬឡប់ប៊ី (lobby) កុំឱ្យអាមេរិកធ្វើច្បាប់ដាក់ទណ្ឌកម្មខ្លួននោះ។
ភ្លាមៗក្រោយការធ្លោយសម្ដីរបស់លោក ផៃ ស៊ីផាន នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកឯណោះវិញ សារស៊ីវិល័យរបស់លោក ផៃ ស៊ីផាន នេះ បាននាំឱ្យក្រុមអ្នកលេងហ្វេសប៊ុក ចេញមុខមកប្រតិកម្មខ្លាំងៗ រិះគន់លោក ផៃ ស៊ីផាន យ៉ាងចាស់ដៃ។
អ្នកលេងហ្វេសប៊ុកមួយរូបដាក់ឈ្មោះថា រុន ពិសិទ្ធ ត្អូញត្អែរថា សម្ដីលោក ផៃ ស៊ីផាន នេះ ធ្វើឱ្យជាតិធ្លាក់ក្នុងក្ដីវិនាស និងមិនមានប្រយោជន៍ដល់ជាតិនោះទេ។ លោកសរសេរក្នុងសំណេរដើមថា «ក្នុងនាមយើងជាម្ចាស់ប្រទេសម្នាក់ យើងពិតជាមិនពេញចិត្តទាល់តែសោះ រាល់សម្ដីណា ដែលនាំឱ្យជាតិធ្លាក់ក្នុងភាពអន្តរាយបែបនេះ ហើយយើងក៏មិនចង់មានមន្ត្រីដែលអសមត្ថភាពបែបនេះទៀត»។
អ្នកលេងហ្វេសប៊ុកមួយរូបទៀតដាក់ឈ្មោះថា តុង ចាន់ណប់ ក៏យល់ស្របនឹងការរិះគន់នេះដែរ។ លោកសរសេរថា « ប្រទេសជាតិមួយ បើយកអ្នកនាំពាក្យមនុស្សធន់អ៊ីចឹងៗ នោះនឹងអន្តរាយដល់ប្រទេសជាតិជាមិនខាន ! ល្មមដូរទាំងឬសទាំងគល់ចេញទាំងអស់ហើយ !»។
រីឯអ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបទៀត ដាក់ឈ្មោះគណនីថា «ខ្ញុំប្រជាជនកម្ពុជា កម្ពុជាប្រទេសខ្ញុំ» សរសេរថា « កុំគ្រាន់បើពេក អ៊ុំឯងតែម្នាក់មិនអីទេ តែនេះ ប្រជាជនខ្មែរទូទាំងប្រទេស។ អ៊ុំឯងគួរគិតមើលផង អុំឯងគ្រាន់តែជាអ្នកនាំពាក្យទេ កុំក្អេងក្អាងពេក ហើយអ៊ុំឯងក៏មិនមែនជានាយករដ្ឋមន្ត្រីដែរ»។
អ្នកប្រើប្រាស់ហ្វេសប៊ុកដាក់ឈ្មោះថាប៉េង លន រិះគន់ថា «នេះមិនមែនសារដែលចេញពីបេះដូងប្រជាជនខ្មែរឡើយ មេត្តានិយាយអ្វីដែរមានប្រយោជន៍សម្រាប់ខ្មែរ មិនមែនសម្រាប់បក្សពួកឡើយ»។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ តេង តេង ឯណោះវិញ សរសេរសារឌឺដងថា «ល្មមចេះខ្មាសគេខ្លះទៅ កុំធ្វើជាកង្កែបក្នុងអណ្ដូង មើលប្រទេសជិតខាង គេអភិវឌ្ឍដល់ណាដល់ណីហើយ ឯងអាល័យតែឈ្លោះប្រកែកគ្នា»។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ចាន់យុទ្ធូ វាសនា បញ្ចេញមតិក្នុងន័យរំឮកលោក ផៃ ស៊ីផាន ថា «មិនគួរប្រើបែបសម្ដីហ្នឹងនោះទេ ទោះបីយើងខឹងយ៉ាងណា ក៏ត្រូវតែមានអំណត់ និងភាពទន់ភ្លន់នូវចំពោះមុខភ្ញៀវដែរ ព្រោះរាល់ពាក្យសម្ដីរបស់យើងគ្រប់ម៉ាត់ គេសុទ្ធតែកត់ត្រាទុកទាំងអស់ ...»។ លោក ចាន់យុទ្ធូ សរសេរបន្តថា « បើមិនចង់ឱ្យមន្ត្រីការទូតនៃបណ្តាប្រទេសផ្សេងៗវាយតម្លៃថា យើងជាខ្មែរមានចរិតច្រឡោតខាង»។
ក្រៅពីនោះ មតិអ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនខ្លះទៀត សុទ្ធតែសំណូមពរព្រមៗគ្នា សុំឱ្យសហរដ្ឋអាមេរិកដកហូតសញ្ជាតិអាមេរិកាំងពីលោក ផៃ ស៊ីផាន ទៀតផង។ លោក ចាប ប៊ុនហេង សរសេរយ៉ាងខ្លីថា « បើខ្លាំងណាស់លាលេងពីសញ្ជាតិអាមេរិកទៅ»។
ក្រៅពីសាររបស់លោក ផៃ ស៊ីផាន ហៅមន្ត្រីការទូតអាមេរិកាំងជា «មនុស្សព្រៃ» និងជាមន្ត្រី «រម៉ិករម៉ក់» នេះ កាលពីថ្ងៃទី០១ សីហា លោក ផៃ ស៊ីផាន ដែលទើបឡើងតំណែងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងនោះ ក៏បានប្រើវេទិកាសន្និសីទព័ត៌មានស្ដីអំពី «សមិទ្ធផល១ឆ្នាំក្រោយការបោះឆ្នោត» វាយប្រហារមកលើវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ថា មិនហ៊ានរាយការណ៍អំពីរឿងថៃឈ្លានពានកម្ពុជាក្នុងរឿងវិវាទប្រាសាទព្រះវិហារកាលពីពេលកន្លងទៅ។ លោក ផៃ ស៊ីផាន ផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទថា វិទ្យុទាំងពីរមិនហ៊ានផ្សព្វផ្សាយព័ត៌មានរឿងនេះ ដោយសារតែភាគីថៃ ជាសម្ព័ន្ធមិត្តរបស់អាមេរិក៖ «អ្នកទាំងអស់គ្នានោះនៅពេលហ្នុង មិនមានហ៊ាននិយាយមួយម៉ាត់ទេ។ អត់និយាយមួយម៉ាត់។ ខ្ញុំសួរទៅខាង វិទ្យុសំឡេងសហរដ្ឋអាមេរិក ក៏ដូចជាវិទ្យុអាស៊ីសេរី គេថាសម្ព័ន្ធមិត្តរបស់អាមេរិកាំង។ គេមិនហ៊ានផ្សព្វផ្សាយទេ។ ខ្មាសគេទេ ? តាំងខ្លួនជាប្រជាពលរដ្ឋខ្មែរនឹងគេ ខ្ញុំឈរស្រក់ទឹកភ្នែកនៅកន្លែងព្រំដែន។ ... វិទ្យុដែលគេតាំងខ្លួនជាអ្នកស្រលាញ់ខ្មែរខ្លះ គេអត់ទាំងហ៊ាននិយាយពីការឈ្លានពានរបស់ថៃនាពេលនោះ គេថា នេះជាសម្ព័ន្ធមិត្ររបស់អាមេរិកាំង ដូច្នេះគេការពារផលប្រយោជន៍របស់អាមេរិកាំងជាងផលប្រយោជន៍ខ្មែរ។ ... បើគេនិយាយថា គេជាអ្នកស្នេហាជាតិ ខ្ញុំអត់ជឿពួកហ្នុង ... បើឧបករណ៍របស់បរទេស ការពារផលប្រយោជន៍របស់បរទេសខ្ញុំជឿ»។
ផ្ទុយពីការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ អាស៊ីសេរីបានផ្សព្វផ្សាយព័ត៌មានជាច្រើនអំពីរឿងរំលោភព្រំដែនពីសំណាក់ភាគីថៃនៅខេត្តព្រះវិហារ និងនៅតាមខេត្តតាមបណ្ដោយព្រំដែនជាប់កម្ពុជា-ថៃ ស្ទើរតែជាប្រចាំ នៅពេលដែលកម្ពុជា និងថៃមានបញ្ហា ជុំវិញរឿងព្រះវិហារនៅមុន និងក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៨ និងនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣។ ព្រោះតែអាស៊ីសេរី បានផ្សាយព័ត៌មានពិតអំពីការឈ្លានពានរបស់ថៃនៅតាមព្រំដែលនោះហើយ កាលពីដើមឆ្នាំ២០១៣ កន្លងទៅ លោក ផៃ ស៊ីផាន ខ្លួនឯងថែមទាំងគំរាមប្ដឹងអាស៊ីសេរីទៅតុលាការយោធា ក្រោមបទថា បង្កអសន្តិសុខជាតិ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានជុំវិញរឿងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ។ លោក ផៃ ស៊ីផាន កាលណោះ បានចាត់ទុកការផ្សាយព័ត៌មានរបស់អាស៊ីសេរី រឿងការរិះគន់របស់ពលរដ្ឋថា ប្រទេសថៃរំលោភព្រំដែនខ្មែរនោះ ថា ជារឿងបំពុលបរិយាកាសនៅតាមព្រំដែន និងផ្ទុយពីការពិត។ នេះជាប្រសាសន៍របស់លោក ផៃ ស៊ីផាន ខ្លួនឯង កាលពីទី២៨ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ៖ «យើងនឹងអាចប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីរក្សានូវអ្វីជាសន្តិសុខជាតិ។ យើងធ្វើនេះ មិនមែនចម្លែកជាងសហរដ្ឋអាមេរិក ឬមិនមែនចម្លែកជាងប្រទេសនានាជាប្រទេសលោកសេរីទេ គឺសន្តិសុខជាតិ ជាកត្តាអាទិភាពមួយ ដែលត្រូវតែប្រយ័ត្ន»។
លើសពីនេះទៀត កាលពីពេលកន្លងទៅ អាស៊ីសេរី ក៏បានរៀបចំគេហទំព័រពិសេសមួយផ្តោតលើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃនេះ នៅលើគេហទំព័រអាស៊ីសេរី ផងដែរ។ ដើម្បីជ្រាបច្បាស់ពីបញ្ហានេះ លោកអ្នកនាងក៏អាចចូលមើលគេហទំព័រអាស៊ីសេរី www.rfa.org/khmerរួចនៅត្រង់ផ្នែកខាងស្តាំ សូមចុចលើជំពូក «បញ្ហាព្រំដែនកម្ពុជា-ថៃ»។ លោកអ្នកនាង នឹងអាចអានព័ត៌មាន និងអត្ថបទចាស់ៗ ដែលអាស៊ីសេរីបានរាយការណ៍អំពីរឿងព្រំដែនកម្ពុជា-ថៃនេះ ដែលផ្ទុយពីការថ្លែងរបស់លោក ផៃ ស៊ីផាន ប្រាសចាកពីការពិតនេះ។
សាររបស់លោក ផៃ ស៊ីផាន នេះ ហាក់គ្មានអ្វីចំឡែកនោះទេ។ មន្ត្រីគ្រាក់ៗរបស់លោក ហ៊ុន សែន ម្នាក់ៗ សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ លោក ឈាង វុន ធ្លាប់ហៅក្រុមមន្ត្រីបក្សប្រឆាំងក្នុងសភាជាតិ កាលពីអាណត្តិទី៥ថាជា «ពួកព្នង (ពូនង)» ក្នុងន័យរើសអើងដល់ក្រុមជនជាតិភាគតិច។ សម្ដីរបស់លោក ឈាង វុន កាលណោះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរទូទៅ ជាពិសេសក្នុងចំណោមជនជាតិដើមភាគតិច ហើយទីបំផុតទៅលោក ឈាង វុន បានបង្ខំចិត្តសុំទោសពួកគេ។ រីឯលោក ជាម យៀប វិញ ក៏ធ្លាប់បើកឡានបុកពលរដ្ឋស្លាប់នៅកៀនស្វាយ រួចបើករត់ ដោយយកលេសថា ដើម្បីការពារខ្លួនខ្លាចពលរដ្ឋដេញ វាយប្រហារសងសឹកប្រឆាំងនឹងលោក។ លោក ទៀ បាញ់ ល្បីឈ្មោះ ក្រោយព្រមានវាយបំបាក់ធ្មេញពលរដ្ឋខ្មែរខ្លួនឯងណា ដែលចង់ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ខណៈលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានគំរាមវាយពលរដ្ឋនឹងគល់ឫស្សី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ»។ ដោយឡែក ចៅហ្វាយនាយរបស់មន្ត្រីគ្រាក់ៗទាំងនោះ គឺលោក ហ៊ុន សែន ខ្លួនឯង ក៏ជាប់ឈ្មោះ រឿងប្រើសារអសុរោះរាប់ភ្លេច ពិសេសក្នុងរឿង «ស្ដាយមិនបានសម្លាប់» ពលរដ្ឋខ្មែររួមឈាមខ្លួនឯង កាលពីអំឡុងពេលបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។