លោក ហ៊ុន សែនបានបញ្ចេញសារជាច្រើនអួតអាងប្រាប់ទៅពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនៅថ្ងៃទី០៣កុម្ភៈនេះ។តើលោកបានថ្លែងសារជាវោហារសព្ទនយោបាយអ្វីខ្លះស្របពេលដែលលោកកំពុងដឹកនាំមន្ត្រីរបស់លោកទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ពីថ្ងៃទី០៣ដល់ថ្ងៃទី០៥កុម្ភៈនោះ? តើសាររបស់លោកទាំងនោះមានការពិតកម្រិតណាខ្លះ?
មានចំណុច ៤ ដែលលោក ហ៊ុន សែនបានលើកយកមកនិយាយជាមួយពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងក្នុងពេលដែលលោកជួបសំណេះសំណាលជាមួយពួកគេ។
លោកនិយាយអួតអាងថាលោកជាស្ថាបនិកនៃទំនាក់ទំនាក់ទំនងកូរ៉េខាងត្បូងនិងរក្សាតុល្យភាពល្អរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។
លោកនិយាយថាលោកនឹងទៅសួរទុក្ខពលរដ្ឋខ្មែរកំពុងជាប់នៅក្រុងវូហានប្រទេសចិនដោយសារការផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី។
លោកនិយាយពីរឿងដែលថាប្រសិនបើបិទជើងហោះហើរគឺត្រូវបិទគ្រប់ប្រទេសទាំងអស់។
លោកនិយាយថាការជួបសំណេះសំណាលនេះមិនតម្រូវឲ្យមានការចោទសួរសំណួរទៅលោកនោះទេព្រោះនេះមិនមែនជាសន្និសីទកាសែត។
- ទំនាក់ទំនងកូរ៉េខាងត្បូង
ចំពោះ បញ្ហាទំនាក់ទំនងកូរ៉េខាងត្បូង លោក ហ៊ុន សែននិយាយអួតអាងថាលោកទទួលបានជោគជ័យក្នុងទំនាក់ទំនងនេះនិងថាប្រសិនបើលោកមិនផ្ដួចផ្ដើមឲ្យមានទំនាក់ទំនងនេះទេនោះពលរដ្ឋខ្មែរនឹងមិនអាចមានឱកាសបានធ្វើការនៅកូរ៉េដូចសព្វថ្ងៃនេះឡើយ។
« ខ្ញុំអាចនិយាយបានថា ក្នុងឋានៈ ជាស្ថាបនិក នៃទំនាក់ទំនងជាមួយសាធារណៈរដ្ឋកូរ៉េ ហើយដែលមានការគាំទ្រពីព្រះមហាក្សត្រ ចាត់ទុកថាយើងមានជោគជ័យធំណាស់ ក្នុងការទំនាក់ទំនងការទូតជាមួយប្រទេសមួយនេះ ។ ក្មួយៗអាចចោទជាសំណួរមួយថា ប្រសិនបើពេលនោះពូមិនសម្រេចចិត្តឲ្យចុះហត្ថលេខា និងមកទស្សនកិច្ចនៅកូរ៉េ ដើម្បីបង្កើតឲ្យចាប់ផ្តើមនៅដំណើរការការទូត ហើយយើងមានទំនាក់ទំនងជាមួយកូរ៉េខាងជើងតែមួយ សួរថា ក្មួយៗអាចមានវត្តមាននៅប្រទេសកូរ៉េខាងត្បូងទេ បើយើងអត់មានទំនាក់ទំនងការទូតជាមួយគេផងហ្នុង រឿងអីដែលគេមកជាមួយយើង ? វាមិនអាចទេ។ »
✔ ការពិត
ជាការពិតលោកបានរួមចំណែកក្នុងការបង្កើតទំនាក់ទំនងនេះឡើង។ក៏ប៉ុន្តែលោក ហ៊ុន សែនតែម្នាក់ឯងមិនអាចធ្វើឲ្យកម្ពុជារក្សាតុល្យភាពល្អក្នុងទំនាក់ទំនងកម្ពុជា-កូរ៉េ នេះឡើយ។បើទោះជាគ្មានលោក ហ៊ុន សែន ហើយកម្ពុជាមានមេដឹកនាំដទៃគួបផ្សំនឹងកត្តាពេលវេលានៃការបិទបញ្ចប់សង្គ្រាមត្រជាក់កាលពីដើមទសវត្សទី៩០កត្តាការវិវឌ្ឍន៍នៃសាកលភាវូបនីយកម្មកត្តាភូមិសាស្ត្រនយោបាយនិងកត្តាប្រវត្តិសាស្ត្រក្រោមការផ្ដួចផ្ដើមរបស់សម្ដេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុសុទ្ធតែជាការពិតដែលតម្រូវឲ្យកម្ពុជារក្សាតុល្យភាពបានល្អរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ។
-ទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅក្រុងវូហាន ប្រទេសចិន
លោក ហ៊ុន សែន និយាយថាលោកនឹងទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅក្រុងវូហាន(Wuhan) ប្រទេសចិនប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតឲ្យលោកទៅទីនោះ។
« មានអ្នកចូលមកឌឺថា សូមឲ្យលោក ហ៊ុន សែន ដែលយកចិត្តទុកដាក់ប្រជាជនគ្រប់ទីកន្លែងទៅសួរសុខទុក្ខ ប្រជាជនខ្មែរនៅក្រុងវូហាន ប្រទេសចិន ។ សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនបាច់ចាំឌឺជាមួយ ហ៊ុន សែន ទេ ។ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីការឯកភាពជាតិបញ្ចប់សង្គ្រាម ។ រឿងអី ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដែលកំពុងរៀននៅក្រុង វូហាន ។ កុំចង់សាកជាមួយ ហ៊ុន សែន ឲ្យសោះ បើស្គាល់ ហ៊ុន សែន មិនច្បាស់កុំនិយាយ។ »
✔ ការពិត
លោក ហ៊ុនសែន បានដាក់លក្ខខណ្ឌស្រេចទៅហើយថាទាល់តែចិនអនុញ្ញាត។លោកអួតអាងយ៉ាងដូច្នេះទាំងដែលលោកដឹងច្បាស់នូវចម្លើយរួចទៅហើយថាចិននឹងមិនអនុញ្ញាតព្រោះតំបន់នោះត្រូវអាជ្ញាធរចិនកាត់ផ្ដាច់និងបិទមិនឲ្យមានទំនាក់ទំនងនឹងប្រភពពីខាងក្រៅនោះឡើយហើយសូម្បីតែការប្រារព្ធពិធីបុណ្យសព ចំពោះអ្នកដែលស្លាប់ដោយសារមេរោគនោះក៏អាជ្ញាធរចិនមិនអនុញ្ញាតឲ្យធ្វើជាធំដុំដោយមានការជួបប្រជុំមហាជនច្រើននោះឡើយ។
-បិទជើងហោះហើរពីចិន
លោក ហ៊ុន សែន បានលើកពីរឿងបិទជើងហោះហើរទៅចិនដែលលោកថាគឺបិទគ្រប់ប្រទេសទាំងអស់ដោយសារតែប្រទេសទាំងនោះបានឆ្លងមេរោគនេះរួចហើយដែលបច្ចុប្បន្នលើកលែងតែប្រទេសឡាវមួយនោះទេ។
« ឥឡូវថាឲ្យបិទផ្លូវហោះហើរ។ យើងដាក់ជាសំណួរថា បើសិនជាបិទផ្លូវហោះហើរ យើងនៅសល់តែឡាវមួយទេ ដែលអាចហោះហើរមកកម្ពុជាបាន ព្រោះប្រទេសទាំងអស់បានឆ្លងមេរោគហ្នុងរួចស្រេចទៅហើយ ។ អ៊ីចឹង ត្រូវតែបិទទាំងអស់ ។ កូរ៉េមាន១៥ករណី ចឹងត្រូវបិទកូរ៉េដែរ។ បិទកូរ៉េ មិនប៉ះពាល់ពីណា ? ប៉ះពាល់ក្មួយៗ ? ក្មួយៗជួនកាលត្រូវការទៅស្រុក អត់មានយន្តហោះជិះ ? ប៉ះភ្លាម ទេសចរណ៍កូរ៉េទៅខ្មែរ វិនិយោគទុនកូរ៉េ ប៉ះភ្លាម ។ យើងត្រូវបិទទាំងអស់បើគ្រប់ប្រទេសវាឆ្លងទៅហើយ ។ ប្រទេសចិន តំបន់វូហាន គេបានម្ចាស់ការបិទខ្លួនគេ ដោយការទទួលខុសត្រូវទៅហើយ ។ មិនមែនបិទតែផ្លូវអាកាសទៅក្រៅប្រទេសទេ បិទផ្លូវអាកាសទៅក្នុងប្រទេសខ្លួន បិទផ្លូវដែក បិទផ្លូវគោក ... ។ »
✔ ការពិត
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺជាការនិយាយខុសពីការពិតទាំងស្រុង។ បើគេក្រឡេកទៅមើលប្រទេសផ្សេងៗដែលបានបើកយុទ្ធនាការជម្លៀសនិងបិទជើងហោះហើរតើក្រុមប្រទេសទាំងនោះដែលមានដូចជាអាមេរិកបារាំង អង់គ្លេសកាណាដា កូរ៉េខាងជើង ឥណ្ឌូនេស៊ីជាដើមនោះមានបិទជើងហោះហើរទាំងអស់ដូច លោក ហ៊ុន សែនលើកឡើងដែរឬទេ? ជាការពិតប្រទេសទាំងនោះបិទជើងហោះហើរទាំងឡាយណាដែលមានប្រភពមកពីឬទៅកាន់ចិនដីគោកតែប៉ុណ្ណោះ។
-សំណេះសំណាល
ចំណុចចុងក្រោយដែលគេអាចចាប់អារម្មណ៍គឺលោក ហ៊ុន សែនមិនអនុញ្ញាតឲ្យមានការសួរឆ្លើយរវាងពលរដ្ឋខ្មែរដែលលោកជួបទាំងនោះ។ លោកថានេះដោយសារជាជំនួបសំណេះសំណាលមិនមែនជាសន្និសីទកាសែត។
« តាំងទៀតហើយ គេថា ហ៊ុន សែន មកនិយាយតែឯង មិនឲ្យគេនិយាយផង។ ឥឡូវ ប្រសិនបើមិនឲ្យខ្ញុំនិយាយ ហើយទុកឲ្យអ្នកទាំងអស់គ្នានិយាយ អ៊ីចឹងស្រួលតែម្តង ខ្ញុំមកដល់អង្គុយស្តាប់តែម្តង ។ ណេះមួយម៉ាត់ ណោះមួយម៉ាត់ ។ ព្រោះនេះមិនមែនជាសន្និសីទសារព័ត៌មានទេ ។ ដូចកន្លងទៅ ខ្ញុំទៅជួបជាមួយនឹងអ្នកសារព័ត៌មាន អាមួយសន្និសីទសារព័ត៌មាន អាមួយជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន គឺវាខុសគ្នា ។ អាជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និយាយតែខ្ញុំតើស ? រដ្ឋមន្ត្រីក្រសួងព័ត៌មានរាយការណ៍ទៅសភាពការណ៍វាយ៉ាងម៉េច អីយ៉ាងម៉េច ? មានសំណូមពរអី រួចហើយនាយករដ្ឋមន្ត្រីឡើងថ្លែងការណ៍ទៅ និយាយទៅ ដោះស្រាយអី គឺលើកតាមរយៈហ្នុង ។ ប៉ុន្តែ បើសន្និសីទកាសែត សន្និសីទសារព័ត៌មាន អាហ្នុងទើបគេបើកឲ្យសួរ។ ប៉ុន្តែថ្ងៃនេះ យើងសំណេះសំណាលសួរសុខទុក្ខគ្នាទេតើ ?»
✔ ការពិត
តាមការពិត លោក ហ៊ុន សែន ប្រហែលជាមិនហ៊ានតតាំងឆ្លើយនឹងសំណួររបស់ពលរដ្ឋខ្មែរនៅទីនោះដោយយកលេសថានេះគ្រាន់តែជាការសំណេះសំណាលមិនមែនជាសន្និសីទកាសែត។បើគេពិនិត្យមើលការជួបសំណេះសំណាលរវាងមេដឹកនាំនៅប្រទេសនានានៅលើពិភពលោកដរាបណាមេដឹកនាំមានឆន្ទៈពិតប្រាកដក្នុងការជួយដោះស្រាយបញ្ហាសុខទុក្ខរបស់ពលរដ្ឋខ្លួន នោះ ក្នុងពិធីណាក៏ដោយក៏គេសង្កេតឃើញមេដឹកនាំទាំងនោះ អនុញ្ញាត និងបើកឲ្យពលរដ្ឋខ្លួនសួរឆ្លើយនោះដែរ។
ជារួមទៅគេអាចនិយាយបានថាលោក ហ៊ុន សែន ថ្លែងសារនៅថ្ងៃនេះទំនងគ្រាន់តែជាវោហារសព្ទនយោបាយតែប៉ុណ្ណោះ៕
