សកម្មជនគណបក្សប្រឆាំងមួយចំនួនអះអាងថា ពួកគេមិនអាចបញ្ឈប់សកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ និងគម្រោងវិលត្រឡប់របស់ថ្នាក់ដឹកនាំគណបក្សនោះឡើយ។ ជំហរបែបនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន បានប្រកូកប្រកាសឱ្យសកម្មជនបក្សប្រឆាំងដែលរត់ភៀសខ្លួននៅក្រៅប្រទេស វិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែលោកបានហាមប្រាមសកម្មជនទាំងនោះ មិនឱ្យធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិទៀតឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងស្រុកឱ្យដឹងថា ពួកគេនឹងមិនវិលមកកម្ពុជាវិញតាមការប្រកាសរបស់លោក ហ៊ុន សែន ឡើយ ព្រោះពួកគេមិនទុកចិត្តសម្ដីរបស់មេដឹកនាំរបបក្រុងភ្នំពេញរូបនេះ។
សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាមគណបក្សសង្គ្រោះជាតិ អ្នកស្រី គឹន ស្រីអូន ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថ្លែងថា លោក ហ៊ុន សែន ហាក់ដូចជាវង្វេងវង្វាន់ ពីព្រោះម្ដងលោកប្រកាសដោះលែង និងហៅសកម្មជនបក្សប្រឆាំងឱ្យចូលស្រុកវិញ ប៉ុន្តែក្រោយមកលោកព្រមានចាប់ខ្លួនពួកគេឡើងវិញ។ អ្នកស្រីបន្តថា អ្នកស្រីមិនអាចទទួលយកលក្ខខណ្ឌឈប់ធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិជាថ្នូរនឹងការវិលចូលស្រុកវិញនោះឡើយ ពីព្រោះអ្នកស្រីគាំទ្រគណបក្សនេះដោយឆន្ទៈពិតប្រាកដ និងចង់ឱ្យកម្ពុជាមានការផ្លាស់ប្ដូរមេដឹកនាំ៖ «ខ្ញុំភៀសខ្លួននេះ គឺដោយសារនយោបាយ ប៉ុន្តែបើឱ្យខ្ញុំត្រឡប់ទៅស្រុកវិញ គ្រាន់តែទៅនៅតែក្នុងផ្ទះ មិនធ្វើអ្វី ហើយមិនដឹងឮពីរឿងក្នុងសង្គម មិនពាក់ព័ន្ធនឹងរឿងនយោបាយ នាងខ្ញុំមិនអាចធ្វើតាមសំណើរបស់គាត់បានទេ ពីព្រោះនាងខ្ញុំធ្វើកន្លងមកនេះ ខ្ញុំត្រូវការមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជារបស់ខ្ញុំចេញ»។
កាលពីថ្ងៃទី១៤ វិច្ឆិកា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដោះលែងសកម្មជនបក្សប្រឆាំងចំនួន ៧២នាក់ ដែលរបបរបស់លោកបានចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ជាតិ។ លោកក៏បានអំពាវនាវដល់សកម្មជនបក្សប្រឆាំងដទៃទៀតដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស និងរស់នៅលាក់ខ្លួននៅក្នុងប្រទេស ឱ្យត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដោយរបបរបស់លោកនឹងមិនយកទោសពៃរ៍អ្វីនោះទេ ដោយសារលោកចាត់ទុកថា សកម្មជនទាំងនោះចាញ់បោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហើយនេះជាទឹកចិត្តអាណិតអាសូររបស់លោក។
ទោះជាយ៉ាងណា ពីរថ្ងៃក្រោយមក លោក ហ៊ុន សែន ស្រាប់តែខឹងសម្បារ និងព្រមានចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំងនោះមកវិញ ប្រសិនបើពួកគេហ៊ាននិយាយថា ការដោះលែងឱ្យនៅក្រៅឃុំនេះ ដោយសារសម្ពាធពីអន្តរជាតិ។ ជាមួយគ្នានេះ លោកព្រមានថា ប្រសិនបើអ្នកណាហ៊ានបន្តសកម្មភាពគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ពួកគេនឹងប្រឈមការចាប់ខ្លួនជាថ្មីទៀត៖ «ដីកាចាប់ខ្លួននៅបន្ត គឺមេខ្លោង ១៨ នាក់ អត់រួចខ្លួនទេ ហើយបើអ្នកឯងបន្ត អ្នកណាចូលរួម គឺត្រូវចាប់ខ្លួនទៀត ប្រសិនបើអ្នកឯងធ្វើសកម្មភាពបែបដូចកន្លងទៅ ហើយអ្នកដែលមិនទាន់បានកាត់ទោសនេះ ក៏ត្រូវតែប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពឱ្យសោះ។ បើធ្វើសកម្មភាព នឹងត្រូវប្រមូលត្រឡប់មកវិញ»។
សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម អ្នកស្រី គឹន ស្រីអូន បញ្ជាក់ថា មកទល់ពេលនេះ មានសកម្មជនតិចតួចប៉ុណ្ណោះដែលវិលត្រឡប់ទៅកម្ពុជាវិញ ក្រោយការប្រកាសរបស់លោក ហ៊ុន សែន។ អ្នកស្រីអះអាងថា មូលហេតុសំខាន់នៃការវិលទៅវិញនោះទៀតសោត មិនមែនដោយសារពួកគេជឿជាក់លើលោក ហ៊ុន សែន នោះឡើយ ប៉ុន្តែគឺដោយសារពួកគេនឹករលឹកគ្រួសារ និងត្រូវរកចំណូលផ្គត់ផ្គង់គ្រួសារ។ អ្នកស្រីអះអាងបន្តថា សកម្មជនជាច្រើនសុខចិត្តបន្តស្នាក់នៅក្រៅប្រទេស ដើម្បីរង់ចាំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ អ្នកស្រីអះអាងទៀតថា សកម្មជនគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញ ឬអត់នោះ មិនមែនស្ថិតលើការប្រកាសរបស់លោក ហ៊ុន សែន ឡើយ ប៉ុន្តែស្ថិតនៅលើការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគណបក្ស ជាពិសេស គឺលោក សម រង្ស៊ី ពីព្រោះសកម្មជនគ្រប់គ្នាបានតាំងចិត្តរួចហើយថា នឹងជម្នះគ្រប់ឧបសគ្គ ដើម្បីឱ្យកម្ពុជាផ្លាស់ប្ដូរទៅរករបបប្រជាធិបតេយ្យពិតប្រាកដ៖ «លុះត្រាតែមានភ្លើងខៀវពីមេដឹកនាំរបស់ខ្ញុំដែលពួកគាត់ថា ឱ្យពួកខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងត្រឡប់ទៅវិញជាមួយគាត់ ប៉ុន្តែសម្ដីលោក ហ៊ុន សែន ប្រកាសថា ឱ្យពួកខ្ញុំទៅវិញ ពួកខ្ញុំមិនអាចទៅតាមសំណើអ្វីដែលគាត់ស្រែកថា ឱ្យទៅៗ ឱ្យនៅៗ ព្រោះដើម្បីការពារសុវត្ថិភាពខ្លួនឯង»។
ស្រដៀងគ្នានេះ ចៅសង្កាត់សាលាកម្រើក ក្រុងសៀមរាប ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ជិន សុខង៉េង ដែលមានដីកាតាមចាប់ខ្លួនពីតុលាការ អះអាងថា លោកនឹងមិនវិលត្រឡប់ទៅកម្ពុជាវិញក្នុងស្ថានភាពបែបនេះឡើយ ព្រោះលោកមើលឃើញថា ការដោះលែង និងហៅសកម្មជនបក្សប្រឆាំងឱ្យចូលស្រុកវិញនោះ គឺជានយោបាយប្រជាភិថុតិរបស់លោក ហ៊ុន សែន។ លោកបន្តថា លោកជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញពីសំណាក់របបលោក ហ៊ុន សែន ហើយសំណុំរឿងប្រឆាំងនឹងរូបលោក និងសកម្មជនដទៃទៀត មិនទាន់ទម្លាក់ចោលទាំងស្រុងនៅឡើយ ដូច្នេះលោក និងសកម្មជនដទៃទៀតងាយនឹងរងគ្រោះ ពេលរបបក្រុងភ្នំពេញចង់ចាប់ខ្លួនពួកលោកម្តងទៀត។ លោកសង្កត់ធ្ងន់ថា លោកមិនសុខបញ្ឈប់សកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ ជាថ្នូរនឹងការវិលត្រឡប់ទៅកម្ពុជាបាននោះឡើយ ព្រោះនេះជាសិទ្ធិសេរីភាពដែលមានធានាដោយច្បាប់ជាតិ និងអន្តរជាតិ៖ «យើងមិនសុខចិត្តដែលគេបិទសិទ្ធិរបស់យើងមិនឱ្យនិយាយអ្វីទាំងអស់ ហើយគេធ្វើតាមអំពើចិត្តនោះទេ។ ទាំងអស់នោះហើយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស រំលោភសិទ្ធិមនុស្ស រំលោភប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ដូច្នេះយើងខ្ញុំមិនសុខចិត្តអំពីបញ្ហាទាំងអស់ហ្នឹងទេ។ អ៊ីចឹងបានជាពួកខ្ញុំទាមទារ ហើយនៅតស៊ូកៀកស្មាគ្នាដើម្បីឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការហាមឃាត់ពលរដ្ឋមិនឱ្យគាំទ្រគណបក្សនយោបាយណាមួយដែលពួកគាត់ពេញចិត្ត ជាការអនុវត្តផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ លោករិះគន់ថា លក្ខខណ្ឌដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនោះ ប្រៀបបាននឹងការខ្ទប់មាត់ និងបិទដង្ហើមគណបក្សប្រឆាំង ហើយដកដង្ហើមតែខ្លួនឯងយ៉ាងដូច្នេះដែរ។ លោកសង្កត់ធ្ងន់ថា ទង្វើបែបនេះមិនមែនជារឿងត្រឹមត្រូវឡើយ ហើយក៏មិនមែនជាការប្រកួតប្រជែងនយោបាយស្មើភាពតាមគោលការណ៍ប្រជាធិបតេយ្យនោះដែរ៖ «ក្នុងប្រទេសកម្ពុជា ភាគីនយោបាយយកឥទ្ធិពលទៅប្រកួតប្រជែងជាមួយកម្លាំងម្ខាងដោយប្រើមធ្យោបាយដែលមានហ្នឹង គឺទប់ស្កាត់នូវសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញក្ដី នៅក្នុងច្បាប់អន្តរជាតិក្តីហ្នឹង គឺគេទប់ស្កាត់អត់អាចធ្វើអ្វីបាន។ អ៊ីចឹងអាហ្នឹងគេហៅថាសេរីភាពរបៀបយ៉ាងម៉េច ?»។
ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ អាជ្ញាធររបបក្រុងភ្នំពេញបានដាក់ចេញនូវវិធានការមួយចំនួន ដែលមានលក្ខណៈបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ ក្នុងនោះមានការបិទបញ្ចប់នីតិវិធីស៊ើបសួរសំណុំរឿងលោក កឹម សុខា និងបានអនុញ្ញាតឱ្យប្រធានគណបក្សសង្គ្រោះជាតិ មានសេរីភាពដើរហើរពេញស្រុកខ្មែរ ប៉ុន្តែបន្តហាមឃាត់ការសកម្មភាពនយោបាយ និងត្រូវឆ្លើយតបពេលសមត្ថកិច្ចកោះហៅ។ ទន្ទឹមនឹងនេះ របបនេះក៏បានដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការរាប់សិបនាក់ ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែអ្នកដែលត្រូវបានដោះលែងទាំងអស់នោះ គឺសុទ្ធតែជាអ្នកដែលត្រូវបានចាប់ខ្លួនថ្មីៗ ពោលគឺចាប់ពីខែសីហាកន្លងទៅពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានបញ្ចេញមតិគាំទ្រលោក សម រង្សី វិលចូលស្រុក។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា វិធានការទាំងនេះ គឺជាការឆ្លើយតបទៅនឹងកង្វល់របស់សហភាពអឺរ៉ុបជុំវិញស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ក៏ប៉ុន្តែពួកគេយល់ថា ដំណោះស្រាយទាំងនេះមិនទាន់គ្រប់គ្រាន់ទៅនឹងលក្ខខណ្ឌដែលសហភាពអឺរ៉ុបបានដាក់ចេញនោះឡើយ ជាពិសេសការដោះលែងឱ្យចេញពីទ្រុងតែនៅជាប់កន្លុះនេះ។
សហភាពអឺរ៉ុបបានសរសេរនៅក្នុងរបាយការណ៍បឋមរបស់ខ្លួនថា របបក្រុងភ្នំពេញមិនទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបញ្ចៀសការបាត់បង់ការអនុគ្រោះពន្ធ EBA នៅឡើយទេ ផ្ទុយទៅវិញ ក្នុងរយៈពេល៩ ខែនៃនីតិវិធីត្រួតពិនិត្យរបស់សហភាពអឺរ៉ុប របបនេះបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់។ សហភាពអឺរ៉ុបរកឃើញថា របបលោក ហ៊ុន សែន បានរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO)។ សហភាពអឺរ៉ុបបានទុករយៈពេល ១ខែទៀតឱ្យរបបក្រុងភ្នំពេញកែប្រែខ្លួន មុននឹងការសម្រេចចិត្តចុងក្រោយអំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចូលមកដល់ នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ៕