នយោបាយ​ការទូត​របស់​សម្ដេច​ព្រះ នរោត្ដម សីហនុ

សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចាត់​ទុក​ថា ជា​អង្គ​ព្រះមហាក្សត្រ​ដ៏​ឆ្នើម​មួយ​អង្គ។ ព្រះអង្គ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​មួយ​ចំនួន​ចាត់​ទុក​ថា ជា​អ្នក​ការទូត​ដ៏​ប៉ិន​ប្រសព្វ​មួយ​ព្រះអង្គ​ផង​ដែរ។

0:00 / 0:00

តាម​រយៈ​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ទំនាក់ទំនង​ការទូត សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ​ខ្មែរ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ទាមទារ​យក​ប្រាសាទ​ព្រះវិហារ ដែល​ប្រទេស​ថៃ កាន់​កាប់​ត្រឡប់​មក​អោយ​ខ្មែរ​វិញ​ដោយ​សន្តិភាព ហើយ​ព្រះអង្គ​ក៏​បាន​ព្យាយាម​បញ្ចៀស​មិន​អោយ​កម្ពុជា ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​វៀតណាម ក្នុង​ទសវត្ស​៦០ តាម​រយៈ​នយោបាយ​អព្យាក្រឹត។

តើ​ដំណើរ​ការ​នយោបាយ​ការទូត​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​លក្ខណៈ​យ៉ាង​ដូចម្តេច​ក្នុង​ព្រឹត្តិការណ៍​ទាំង​នេះ?

ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​ថា​ចាស់ ឬ​ក្មេង សុទ្ធតែ​បាន​ទទួល​ស្គាល់​ស្នាព្រះហស្ត​របស់​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ប្រគល់​អោយ​ខ្មែរ​វិញ។ អ្វី​ដែល​ពិសេស​នោះ គឺ​ខុស​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​បាន​ប្រើ​ការ​តស៊ូ​ប្រដាប់​អាវុធ ដើម្បី​ទទួល​បាន​ឯករាជ្យ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទាមទារ​យក​ឯករាជ្យ​ប្រគល់​អោយ​ប្រជាពលរដ្ឋ​ព្រះអង្គ​វិញ ដោយ​សន្តិវិធី និង​មិន​មាន​ការ​បង្ហូរ​ឈាម។

ក្នុង​ការ​ទាមទារ​ឯករាជ្យ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ធ្វើ​នយោបាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ នៅ​ក្នុង​ប្រទេស ព្រះអង្គ​បាន​បំផុស​អោយ​ពលរដ្ឋ​មាន​ភាព​ក្លាហាន ប្ដេជ្ញា​ទាមទារ​ឯករាជ្យ​ពី​បារាំង អោយ​ទាល់​តែ​បាន។ ក្នុង​ន័យ​នេះ ព្រះអង្គ​បាន​បង្កើត​អោយ​មាន​ចលនា​យុវជន និង​នារី​ក្លាហាន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ ចំណែក​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​បារាំង និង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន ដើម្បី​ថ្លែង​ប្រាប់​មេ​ដឹក​នាំ​ប្រទេស​ទាំង​នេះ ពី​ការ​ស្រែក​ឃ្លាន​ឯករាជ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ មាណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា សម្ដេច​ព្រះ នរោត្តម សីហនុ បាន​រៀប​ចំ​យន្តការ​ទាមទារ​ឯករាជ្យ​តាំង​តែ​ពី​ពេល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៩៤១ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ដែល​មាន​លក្ខណៈ​ស្រទន់ និង​អហិង្សា។ លោក​បន្ត​ថា បើ​ទោះ​ជា​កម្ពុជា ត្រូវ​តស៊ូ​ជា​ជា​បន្តបន្ទាប់ ដើម្បី​ឯករាជ្យ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ ក៏​សម្ដេច​ព្រះ នរោត្តម សីហនុ បន្ត​រក្សា​ជានិច្ច​នយោបាយ​ការទូត​ស្រទន់​របស់​ព្រះអង្គ។

លោក សំបូរ មាណ្ណារ៉ា៖ «ទោះ​បី​ជា​មាន​ការ​ប្ដូរ ដើម្បី​ឯករាជ្យ​ម្តង​នៅ​ឆ្នាំ​១៩៤៥ ហើយ​ត្រូវ​បារាំង ត្រឡប់​មក​វិញ ក៏​ព្រះអង្គ​នៅ​រក្សា​បាន​នយោបាយ​ការទូត ក្នុង​ន័យ​ធ្វើ​អោយ​ពលរដ្ឋ​របស់​ព្រះអង្គ ទទួល​បាន​សេចក្តី​សុខ និង​សន្តិភាព​ដដែល។ ចំណុច​នេះ ជា​ចំណុច​ដ៏​សំខាន់​មួយ ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ ដែល​មគ្គទេសក៍​ទាំង​ឡាយ​គួរ​តែ​មាន​មេ​រៀន​ចំពោះ​បញ្ហា​នេះ។ សូម​ជ្រាប​ថា ការ​ធ្វើ​ដំណើរ​ព្រះអង្គ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្តី ក៏​ដូច​ជា​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​ក្តី គឺ​មិន​បាន​នាំ​គ្នា​បង្កើត​អោយ​មាន​ចលនា​សង្គ្រាម​ឡើយ តែ​គ្រាន់​បង្ហាញ​អំពី​ទឹក​ចិត្ត​ក្លាហាន ក្នុង​ការងារ​ទាមទារ​ឯករាជ្យ​តែ​ប៉ុណ្ណោះ»

ក្រោយ​ពេល​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពេញ​លេញ ក្នុង​ឆ្នាំ​១៩៥៣ សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​អោយ​ដឹក​នាំ​ប្រទេស ក្នុង​ឆ្នាំ​១៩៥៥ បាន​ខិត​ខំ​កសាង​ប្រទេស​របស់​ព្រះអង្គ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ រហូត​ត្រូវ​បាន​ពិភពលោក​ប្រសិទ្ធិនាម​ថា ជា​កោះ​សន្តិភាព​នៅ​អាស៊ី នៅ​ក្នុង​ទសវត្ស​ទី​៦០។

ក្រៅ​ពី​ការងារ​អភិវឌ្ឍ​ប្រទេស​អោយ​រីក​ចម្រើន ព្រះអង្គ​បាន​បង្កើត​ស្នាព្រះហស្ត​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត សម្រាប់​ប្រទេស​របស់​ព្រះអង្គ នោះ​គឺ​ការ​ឈ្នះ​ក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​បណ្ដឹង​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ ដែល​កាន់​កាប់​ដោយ​ប្រទេស​ថៃ ប្រគល់​អោយ​ប្រជាជាតិ​របស់​ព្រះអង្គ​វិញ នៅ​ឆ្នាំ​១៩៦២។ ជា​ថ្មី​ម្តង​ទៀត ការ​ទាមទារ​យក​ប្រាសាទ​បុរាណ​ដ៏​ល្អ​ប្រណីត​មួយ​នេះ មិន​បាន​ធ្វើ​អោយ​ពលរដ្ឋ​របស់​ព្រះអង្គ​រង​ទុក្ខ​វេទនា ដោយសារ​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ឡើយ។

តែ​ទោះ​ជា​យ៉ាង​ក៏ដោយ កម្ពុជា ដែល​គេ​ប្រសិទ្ធិនាម​ថា ជា​កោះ​សន្តិភាព បាន​រង​បន្តិច​ម្តងៗ​នូវ​ចំហាយ​សង្គ្រាម​មនោគមវិជ្ជា ដែល​កើត​ឡើង​នៅ​ក្បែរ​ជញ្ជាំង​ផ្ទះ​របស់​ខ្លួន នោះ​គឺ​សង្គ្រាម​រវាង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង គាំទ្រ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អតីត​សហភាព​សូវៀត និង​រដ្ឋាភិបាល​សេរី​វៀតណាម​ខាង​ត្បូង គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

ដើម្បី​ទប់ទល់​នឹង​ចំហាយ​កម្ដៅ​សង្គ្រាម​កុំ​អោយ​រីក​រាល​ដាល​ចូល​ក្នុង​ទឹក​ដី​របស់​ព្រះអង្គ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ប្រកាស​ប្រាប់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត មាន​ន័យ​ថា កម្ពុជា មិន​ចូល​បក្ស​សម្ព័ន្ធ​ជាមួយ​មហា​អំណាច​ណា​មួយ​ឡើយ។ តែ​គោល​នយោបាយ​អព្យាក្រឹត​របស់​ព្រះអង្គ ត្រូវ​បាន​រិះគន់​ដោយ​សហរដ្ឋ​អាមេរិក ព្រោះ​មហា​អំណាច​លោក​សេរី​មួយ​នេះ ចង់​អោយ​កម្ពុជា ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​គេ​នៅ​ក្នុង​តំបន់។

បើ​ទោះ​ជា សម្ដេច​ព្រះ នរោត្តម សីហនុ ប្រកាស​ថា កម្ពុជា ជា​រដ្ឋ​អព្យាក្រឹត​ក៏ដោយ ប៉ុន្តែ​គេ​ដឹង​ថា ព្រះអង្គ​មាន​ទំនាក់ទំនង​សម្ងាត់​ជាមួយ​វៀតណាម​ខាង​ជើង ដោយ​ព្រះអង្គ​បាន​អនុញ្ញាត​អោយ​មាន​វត្តមាន​ទ័ព​កុម្មុយនីស្ត​វៀតណាម ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា ព្រម​ទាំង​អនុញ្ញាត​អោយ​ទ័ព​កុម្មុយនីស្ត​វៀតណាម បង្កើត​ផ្លូវ​លំ​ហូជីមិញ ឆ្លង​កាត់​ទឹក​ដី​ខ្មែរ និង​អនុញ្ញាត​អោយ​ពួក​កុម្មុយនីស្ត​ប្រើប្រាស់​កំពង់ផែ​ក្រុង​ព្រះសីហនុ ដើម្បី​ដឹក​អាវុធ​ពី​ចិន អោយ​ទ័ព​វៀតណាម​ខាង​ជើង វាយ​ជាមួយ​កងទ័ព​អាមេរិក នៅ​ប្រទេស​វៀតណាម​ខាង​ត្បូង។

ទាក់ទង​នឹង​នយោបាយ​រេរា​របស់ សម្ដេច​ព្រះ នរោត្តម សីហនុ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​១៩៦៣ កម្ពុជា បាន​ចាប់​ផ្ដើម​លម្អៀង​បន្តិច​ម្តងៗ​ទៅ​កាន់​ប្រទេស​ចិន កុម្មុយនីស្ត។ ក្រោយ​មក កម្ពុជា ក៏​បាន​អនុញ្ញាត​អោយ​ទ័ព​កុម្មុយនីស្ត​វៀតណាម ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន​ដឹក​ជញ្ជូន​ស្បៀង និង​អាវុធ​យុទ្ធភណ្ឌ​ផ្សេងៗ​ទៀត ដើម្បី​ប្រយុទ្ធ​នឹង​ទ័ព​វៀតណាម​ខាង​ត្បូង និង​អាមេរិក។ លោក​ថា កម្ពុជា មាន​ជើង​ម្ខាង​ជាន់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​នៅ​វៀតណាម រួច​ទៅ​ហើយ នៅ​មុន​ឆ្នាំ​១៩៧០។

លោក ឡៅ ម៉ុងហៃ៖ «ប្រកាន់​ជំហរ​អព្យាក្រឹត​កុំ​ទៅ​ជួយ​គេ តែ​ជួយ​ភាគី​ខាង​ណា​ដូច​យើង​បាន​ជួយ​អ៊ីចឹង យើង​ថ្លោះធ្លោយ​ខ្លួន​យើង ហើយ​មួយ​ទៀត ក្នុង​ការ​ជួយ​គេ​ដូច​ជា​អនុញ្ញាត​អោយ​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង​កុម្មុយនីស្ត​ហ្នឹង គេ​ចូល​មក​ស្នាក់​នៅ​តាម​តំបន់​ព្រំប្រទល់​ដែន​យើង​មិន​បាន​ដក​អាវុធ​គេ អា​ហ្នឹង​ខុស​ធ្ងន់។ ម៉្លោះ​ហើយ គេ​ចេះ​តែ​នៅៗ​ទៅ យើង​ដេញ​គេ​លែង​ចេញ​ទៅ។ យើង​មិន​បាន​ប្រកាន់​អោយ​ខ្ជាប់​នូវ​គោល​នយោបាយ​អព្យាក្រឹត ហើយ​គឺ​រេ​ឡើង​រេ​ចុះ តាម​ពិត​ទៅ ដើម្បី​រក​ផល​ប្រយោជន៍ ប្រទេស​យើង ក៏ប៉ុន្តែ​ដូរ​ឡើង​ដូរ​ចុះ ទី​បំផុត​ទៅ យើង​អត់​បាន​សម្រេច​ផល​មាន​ទាំង​ពិបាក​វេទនា​ខ្លួន​ឯង​ទៅ​ទៀត បាន​ផល​ប្រយោជន៍​បញ្ច្រាស​មក​វិញ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដដែល សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា វត្តមាន​នៃ​ពួក​កុម្មុយនីស្ត​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា មាន​តាំង​ពី​សម័យ​ខ្មែរ​ឥស្សរៈ រហូត​ដល់​ការ​បង្កើត​គណបក្ស​នយោបាយ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦៣ ដែល​ដឹក​នាំ​ដោយ ប៉ុល ពត គឺ​សុទ្ធតែ​មាន​ចំណែក​របស់​ក្រុម​កុម្មុយនីស្ត​វៀតណាម ផង​ដែរ។ លោក​បន្ថែម​ថា សង្គ្រាម​ដែល​បាន​ឆាបឆេះ​នៅ​ប្រទេស​ឡាវ និង​វៀតណាម បាន​ជះ​ចំហាយ​ក្តៅ​ដល់​ប្រទេស​កម្ពុជា បើ​ទោះ​ជា​កម្ពុជា ខ្លួន​ឯង មិន​ចង់​រង​នូវ​ចំហាយ​នេះ​ក្តី។ លោក​ថា អ្វី​ដែល សម្ដេច​ព្រះ នរោត្តម សីហនុ ព្យាយាម​ដោះស្រាយ​នៅ​ពេល​នោះ គឺ​ធ្វើ​យ៉ាង​ណា​មិន​អោយ​ភ្លើង​សង្គ្រាម​ឆាបឆេះ​ដល់​កម្ពុជា។

លោក សំបូរ មាណ្ណារ៉ា៖ «ការ​ក្តៅ​បន្តិចបន្តួច វា​ជា​រឿង​ធម្មតា​របស់​ចំហាយ​ភ្លើង ប៉ុន្តែ​ការ​ប្រឹង​មិន​អោយ​ឆេះ គឺ​ជា​រឿង​សំខាន់ ព្រះករុណា​ព្រះអង្គ​បាន​ប្រឹង​មិន​អោយ​ឆេះ​រហូត​ដល់​ឆ្នាំ​១៩៦៩ ១៩៧០ ស្រាប់​តែ​ប្រទេស​យើង​ឆេះ​តែ​ម្តង។ អ៊ីចឹង ទាំងអស់​នេះ​យើង​សួរ​ឡើង​វិញ​ថា តើ​ព្រះករុណា​អង្គ​ឯង​ឬ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ភ្លើង​សង្គ្រាម? តើ​ព្រះករុណា​អង្គ​ឯង​ឬ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​វត្តមាន​កងទ័ព​វៀតណាម នៅ​កម្ពុជា? ចំណុច​ទាំងអស់​នេះ គឺ​សុទ្ធតែ​កើត​ចេញ​ពី​ភាព​ស្នេហា​ជាតិ​ទាំងអស់ ព្យាយាម​ធ្វើ​យ៉ាង​ម៉េច ដើម្បី​កុំ​អោយ​ប្រជាពលរដ្ឋ​ព្រះអង្គ​ក្តៅ កុំ​អោយ​ប្រជាពលរដ្ឋ​ព្រះអង្គ​ឆេះ»

មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន បាន​មើល​ឃើញ​ថា សម្ដេច​ព្រះ នរោត្តម សីហនុ ពិត​ជា​មាន​ជម្រើស​ដ៏​លំបាក​ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម។ លោក ដេវីដ ឆែនល័រ (David Chandler) អ្នក​ប្រវត្តិសាស្ត្រ​បរទេស​ដែល​បាន​សរសេរ​សៀវភៅ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា (A History of Cambodia) បាន​លើក​ឡើង​ក្នុង​សៀវភៅ​របស់​គាត់​ថា "សម្ព័ន្ធភាព​ជាមួយ​វៀតណាម​ខាង​ជើង ប្រហែល​ជា​ជម្រើស​ដែល​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​អាច​ជៀស​រួច​នោះ​ទេ"។ លោក​បន្ថែម​ថា "ប្រសិន​បើ​ព្រះអង្គ​ហាម​មិន​អោយ​ទ័ព​កុម្មុយនីស្ត​វៀតណាម ផ្លាស់​ទី​ចូល​កម្ពុជា ពួក​គេ​នឹង​ចូល​ដោយ​ខ្លួន​ឯង ហើយ​នឹង​សម្លាប់​កងទ័ព​ខ្មែរ​ដែល​ហ៊ាន​ទៅ​រារាំង​ពួក​គេ"។ លោក​បន្ត​ថា "ប្រសិន​បើ​ព្រះអង្គ​មាន​សម្ព័ន្ធភាព​ជាមួយ​វៀតណាម​ខាង​ត្បូង​វិញ សង្គ្រាម​ស៊ីវិល​នៅ​វៀតណាម នឹង​ហូរ​ចូល​មក​ប្រទេស​កម្ពុជា។ ដូច្នេះ មិត្តភាព​របស់​ព្រះអង្គ​ជាមួយ​ប្រទេស​ចិន គឺ​ជា​ការ​ព្យាយាម​ដើម្បី​អោយ​មាន​តុល្យភាព​អំណាច​រវាង​វៀតណាម​ខាង​ត្បូង និង​ជា​ឥទ្ធិពល​ដើម្បី​ទប់ស្កាត់​ការ​រុល​ចូល​របស់​កងទ័ព​កុម្មុយនីស្ត​វៀតណាម ចូល​ក្នុង​ទឹក​ដី​កម្ពុជា"។

អ្នក​ស្រាវជ្រាវ​បរទេស​ខ្លះ​ទៀត ដូច​ជា អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​បណ្ដាញ​សារព័ត៌មាន ញីវស្វីក (Newsweek) លោក ប៊ែរណាដ៏ គ្រីស័រ (Bernard Krisher) បាន​កោត​សរសើរ​ចំពោះ​នយោបាយ​ការទូត​របស់ សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម។ លោក ប៊ែរណាដ៏ គ្រីស័រ បាន​និយាយ​សរសើរ​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង សម្ដេច​ព្រះ នរោត្តម សីហនុ រំលឹក​ប្រវត្តិ​រឿង​ដើម​ជាមួយ​មេ​ដឹក​នាំ​ខ្លះ​នៅ​លើ​ពិភពលោក ថា "កូនសោ​សម្រាប់​យល់​ពី​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​នៅ​ពេល​អ្នក​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដ៏​តូច ដែល​គ្មាន​អ្វី​ការពារ ហើយ​ត្រូវ​ការ​ជំនួយ​បរទេស​នៅ​ពេល​ប្រកួត​ប្រជែង និង​មហា​អំណាច គឺ​មាន​តែ​ចូល​ដៃ​ខាង​ពួក​គេ។ ដូច្នេះ យុទ្ធសាស្ត្រ​ដែល​អាច​ដំណើរ​ការ​ទៅ​បាន មាន​តែ​រេរា​ចូល​ខាង​ម្ខាង​ទៀត ហើយ​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មាន​ការ​ងឿង​ឆ្ងល់។ នេះ គឺ​ជា​សិល្បៈ​ដ៏​ទន់ភ្លន់ ហើយ សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ជា​អ្នក​សម្ដែង"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។