រដ្ឋាភិបាល​បារាំង​នឹង​ផ្ដល់​ឯកសារ​​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​តាម​ការ​ស្នើសុំ

ដោយ យាង សុជាមេត្តា
2014.11.16
ខ្មែរ​ក្រោម តវ៉ា ៦២០ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឈរ​កាន់​ញត្តិ​រង់ចាំ​ដាក់​ជូន​ស្ថានទូត នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ២០១៤។
RFA/Mom Sophon

រដ្ឋាភិបាល​បារាំង​អះអាង​ថា នឹង​ប្រគល់​ឯកសារ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី កម្ពុជា​ក្រោម ទៅ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​តាម​ការ​ស្នើសុំ។ ការ​អះអាង​នេះ ធ្វើឡើង​ប្រមាណ​ជាង​១​ខែ បន្ទាប់ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​ញត្តិ​ទៅ កាន់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដើម្បី​ឲ្យ​អតីត​ប្រទេស​គ្រប់គ្រង និង​ធ្វើ​អាណានិគម នៅ​ឥណ្ឌូចិន​មួយ​នេះ បង្ហាញ​ឯកសារ​នានា ពាក់ព័ន្ធ​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម។

ការ​អះអាង​របស់​រដ្ឋាភិបាល​បារាំង​នៅ​ពេល​នេះ អាច​ចាត់ទុកថា​ជា​ដំណឹង​ល្អ​សម្រាប់ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ការ​ប្រមូល​ឯកសារ​ភស្តុតាង​បន្ថែម​ទៅលើ​ឯកសារ ដែល​មាន​ស្រាប់ ដើម្បី​ធ្វើជា​មូលដ្ឋាន បង្ហាញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដឹង​ថា​ទឹកដី​កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​របស់​ខ្មែរ ដែល​ទើប​ត្រូវ​បាន​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ឆ្នាំ ១៩៤៩ គឺ​មិន​មែន​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរ​ណាស់​មក​ហើយ ដូច​ការ​អះអាង របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា កាលពី​កន្លងមក​នោះ​ឡើយ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ឆ្លើយតប​ថា ប្រទេស​បារាំង យល់ព្រម​ប្រគល់​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ទៅតាម​ការ​ស្នើសុំ។ ទោះជា​យ៉ាងណា លោក​ថា​ពួក​លោក ត្រូវ​ធ្វើ​ដំណើរ​ទៅ​យក​ឯកសារ​ទាំងនោះ​ដោយ​ផ្ទាល់ នៅ​ប្រទេស​បារាំង គឺ​ទៅតាម​ការ​ចង្អុលបង្ហាញ​របស់​រដ្ឋាភិបាល​បារាំង។

លោក ថាច់ សេដ្ឋា ចាត់​ទុក​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​បារាំង​នៅ​ពេល​នេះ ថា​ជា​រឿង ប្រវត្តិសាស្ត្រ​ដំបូង​បំផុត​មួយ​សម្រាប់​ខ្មែរ​ក្រោម ហើយក៏​ជា​កិត្តិយស​មួយ​សម្រាប់​ខ្មែរ​ក្រោម និង​ក្រុម​យុវជន​កម្ពុជា​ផង​ដែរ។ លោក​ថា​ក្រុម​លោក​នឹង​រៀបចំ​គណៈប្រតិភូ​ផ្លូវការ ដើម្បី​ទៅ​យក​ឯកសារ​ទាំងនោះ ពី​ប្រទេស​បារាំង។ ទោះ​យ៉ាងណា លោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​នៅឡើយ​ទេ ដោយ​លោក​ថា​​មាន​បញ្ហា​កង្វះខាត​ថវិកា៖ «ដោយសារ​បញ្ហា​ថវិកា វា​ទាក់ទិន​នឹង​ការ​ស្នាក់នៅ ហូបចុក សំបុត្រ​យន្តហោះ ទាំងអស់ អ៊ីចឹង​យើង​មានការ​ខ្វះខាត អ៊ីចឹង​កំពុង​ប្រជុំ​គ្នា​ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​អ៊ីចឹង មានតែ​អំពាវនាវ​ដល់​សប្បុរស​ជន ដែល​គាំទ្រ​ក្នុង​ស្មារតី​ហ្នឹង សូម​ឲ្យ​លោក​ជួយ​វិភាគទាន តាម​លទ្ធភាព​ដើម្បី​យើង​មានឱកាស យើង​មានលទ្ធភាព​ក្នុង​ការ​ទៅ តាំងពី​សំបុត្រ យន្តហោះ ក៏​ដូចជា​ការ​ស្នាក់នៅ ដូច​បងប្អូន​យើង​នៅ​ស្រុក​បារាំង​អីចឹង យើង​អាច​ស្នើ​គាត់ សុំ​ជួយ​ដល់​ការ​ស្នាក់នៅ ហូបចុក ឬក៏​ដឹកជញ្ជូន ឬ​ជួយ​ទៅដល់​ការស្រាវជ្រាវ​បកប្រែ​អី​ទាំង អស់ហ្នឹង»

កាលពីដើម​ខែ​តុលា ឆ្នាំ​២០១៤ លោក ថាច់ សេដ្ឋា និង​ក្រុម​សម្ព័ន្ធ​យុវជន បាន​ដង្ហែ​ញត្តិ ទៅ​ដាក់​នៅ​ស្ថានទូត​បារាំង ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​បញ្ជាក់​អំពី​កិច្ចព្រមព្រៀង​នានា រវាង​បារាំង និង​វៀតណាម ដែល​ឈាន​ដល់​ធ្វើ​ច្បាប់​លេខ ៤៩/៧៣៣ ក្នុង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម។

លោក ថាច់ សេដ្ឋា ថ្លែង​នៅ​ពេល​នេះ​ថា ឯកសារ​ដែល​ពួក​លោក​នឹង​ទទួល​បាន​ពី រដ្ឋាភិបាល​បារាំង​ក្នុង​ពេល​ខាងមុខ នឹង​ក្លាយ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់។ លោក​ថា លោក​នឹង​យក​ឯកសារ​ទាំងនោះ មក​សិក្សា​ជាមួយ​អ្នកច្បាប់ ដើម្បី​ស្វែង​យល់​ថា​តើ ឯកសារ​ដែល​នឹង​ទទួល​បាន ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​បែប​ណា។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា ឯកសារ​ដែល​បារាំង​ប្រុង​ប្រគល់​ឲ្យ​ខ្មែរ​ក្រោម​នេះ នឹង​ក្លាយ​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ព្រោះ​លោក​ថា​បារាំង​ខ្លួនឯង​ផ្ទាល់​ជា ដើរ​តួនាទី ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម៖ «ទី​១​បារាំង​ចង់​បង្ហាញ​ថា​នៅ​ក្នុង​សម័យ​អាណានិគម​ខ្លួន​បាន​ធ្វើ​កិច្ចការ​ហ្នឹង ដោយសារ​មាន​ហេតុការណ៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ឯកសារ ទី​២​បើ​បារាំង​មិន​បង្ហាញ​ឯកសារ ទេ ខ្ញុំ​ជឿជាក់​ថា​ខាង​ខ្មែរ​កម្ពុជា​ក្រោម ឬ​ទំនាក់ទំនង​កម្ពុជា​ទៅ​ថ្ងៃ​អនាគត នៅ​ពេល​ដែល មានការ​ដោះដូរ​អ្នកនយោបាយ ហាក់បីដូចជា​ល្អក់កករ​ជាមួយ​ប្រទេស​កម្ពុជា ចំណុច​ទី​៣ បើ​សិន​ជា​បារាំង​នៅតែ​បន្ត​អាថ៌កំបាំង​ទេ ខ្ញុំ​ជឿជាក់​ថា​ដំបៅ​មហារីក​នៅ​កម្ពុជា​ក្រោម​កាន់តែ​ផ្ទុះ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ ពោល​គឺ​បន្ទាប់ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាន​អះអាង​ថា ទឹកដី​កម្ពុជា​ក្រោម គឺជា​ទឹកដី​របស់ វៀតណាម​តាំងពី​យូរយារ​ណាស់​មក​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ខ្មែរ​ក្រោម​និង​យុវជន យល់ថា​វៀតណាម​មាន​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ជា​ការ​ប្រមាថ​មើលងាយ​ទៅ លើ​ប្រជាពលរដ្ឋ​ខ្មែរ។ ពួកគេ​បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ចំនួន​៤​លើក​រួច​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ប្រកាស​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​។

ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ រដ្ឋាភិបាល​វៀតណាម នៅ​មិន​ទាន់​បាន​ឆ្លើយតប​យ៉ាងណា ចំពោះ​ការ​ទាមទារ​របស់​ខ្មែរ​ក្រោម និង​យុវជន​នៅឡើយ។

ទោះជា​យ៉ាងណា លោក ថាច់ សេដ្ឋា បញ្ជាក់​ជាថ្មី​ថា ក្រុម​លោក​នឹង​មិន​បោះបង់​ចោលការ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​នោះ​ទេ។ លោក​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​មិន​ទាមទារ​នៅ​ពេល​នេះ​ទេ រដ្ឋាភិបាល​វៀតណាម​នឹង​បន្ត បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បន្ត​ប្រមាថ​មើលងាយ​ទៅលើ​ប្រជាជាតិ​ខ្មែរ​នៅ​ថ្ងៃ​ខាងមុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។