មន្រ្តីរដ្ឋាភិបាលថាទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកដាក់លើក្រុមហ៊ុនចិន UDG ប្រាសចាកការពិត

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាសម្តែងការសោកស្ដាយចំពោះទណ្ឌកម្មអាមេរិកលើក្រុមហ៊ុនចិន យូឌីជី (Union Development Group (UDG) ) វិនិយោគគម្រោងអភិវឌ្ឍន៍ខ្នាតធំនៅខេត្តកោះកុង ដោយសារតែក្រុមហ៊ុនចិនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងដីធ្លី។ មន្រ្តីរដ្ឋាភិបាលចាត់ទុកថា របាយការណ៍របស់អាមេរិក ដែលនាំឲ្យមានទណ្ឌកម្មនេះប្រាសចាកពីការពិតទាំងស្រុង។ ទោះបីជាយ៉ាងណាអ្នកឃ្លាំមើលបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលយល់ថានេះជាការជួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិរបស់ក្រុមហ៊ុនបរទេស ដែលមានឥទ្ធិពលមកលើរដ្ឋាភិបាលខ្មែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថារមណីយដ្ឋានរបស់គីរីសាគរ ក្នុងខេត្តកោះកុង ជាវិនិយោគរបស់ក្រុមហ៊ុនចិននេះគ្មានមូលដ្ឋានទ័ពបរទេសនោះទេ។ លោកស្នើឱ្យក្រសួងរតនាគារអាមេរិកពិនិត្យជាថ្មីឡើងវិញ ព្រោះការចោទប្រកាន់នេះ ប៉ះពាល់កិតិ្តយសកម្ពុជា។ លោក ផៃ ស៊ីផាន ថ្លែងបែបនេះ ក្នុងទំព័រហ្វេសបុករបស់ខ្លួន ដែលលោកបង្ហោះនៅថ្ងៃទី១៦ ខែកញ្ញានេះ។ អាស៊ីសេរីបានព្យាយាមទាក់ទង លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះជាច្រើនដង តែលោកមិនលើកទូរស័ព្ទ នៅថ្ងៃទី១៦ កញ្ញា។ ចំណែកតំណាងក្រុមហ៊ុន UDG ក៏អាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថាការដាក់ទណ្ឌកម្មនេះ ជាសិទ្ធិរបស់សហរដ្ឋអាមេរិក មិនប៉ះពាល់ដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះទេ។ លោកថាក្រុមហ៊ុន UDG ទទួលសិទ្ធិវិនិយោគស្របតាមគម្រោងប្លង់ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តរួចហើយ ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារ។ លើសពីនេះទៀត បើទោះបីជា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិននេះក្តីក៏មិនប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងអាមេរិក និងកម្ពុជាដែរ៖ «ក្របខណ្ឌឯករាជ្យ អធិបតេយ្យភាពរបស់យើង គឺយើងធ្វើក្នុងក្របខណ្ឌហ្នឹង ត្រង់ថា បរទេសដាក់ទណ្ឌកម្មពីខាងក្រៅ អាហ្នឹងជារឿងគាត់ ក៏ប៉ុន្តែវាអត់មានប្រសិទ្ធភាពអីទេ ព្រោះដំណើរការអភិវឌ្ឍន៍ទៅមុខ ដំណើរការដដែល អត់មានរាំងស្ទះអីទេ។ ទណ្ឌកម្មលើក្រុមហ៊ុនចិន យ៉ាងណាក៏ដោយ ខ្ញុំយល់ថាទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងអាមេរិកនៅតែដំណើរការទៅមុខដដែលទេ។»
ទោះបីជាយ៉ាងណា មន្រ្តីសង្គមស៊ីវិលឲ្យដឹងថាក្រុមហ៊ុនចិននេះមករកស៊ីនៅស្រុកខ្មែរបង្កការរំលោភបំពានសិទ្ធិមនុស្ស។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក ថោង ច័ន្ទតារា ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះ ប៉ះពាល់ពលរដ្ឋចំនួន២ស្រុក និង៦ឃុំស្ថិតនៅស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ក្នុងខេត្តកោះកុង។ លោកបញ្ជាក់ថាមកទល់ពេលនេះមានពលរដ្ឋជាង១ពាន់គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ នៅមិនទាន់ទទួលបានដំណោះស្រាយសមស្របនៅឡើយទេ ហើយពួកគេកំពុងរង់ចាំដំណោះស្រាយពីស្ថាប័នថ្នាក់ជាតិជាង១០ឆ្នាំមកហើយ៖ «ការអភិវឌ្ឍន៍លុះត្រាណាមានការចូលរួម ហើយយើងផ្សព្វផ្សាយពីគម្រោងហ្នឹងឲ្យច្បាស់លាស់ ការអភិវឌ្ឍន៍របស់យើងភាគច្រើនចេញពីថ្នាក់ជាតិមក ពេលខ្លះពលរដ្ឋគាត់អត់បានយល់ដឹង គាត់អត់បានចូលរួម ការអភិវឌ្ឍន៍វាអត់មានតម្លាភាព។ នៅទាំងអស់អត់មានដំណោះស្រាយអីទេ សរុប៦ឃុំនៅតែទាំងអស់។»
ជាមួយគ្នានេះស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) យល់ថាមូលហេតុ ដែលអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដោយសារមានពាក់ព័ន្ធភូមិសាស្ត្រនយោបាយ ឬបង្កប់មូលដ្ឋានយោធាចិនក្នុងខេត្តកោះកុង។ លោកបញ្ជាក់ថាទណ្ឌកម្មនេះជាសារព្រមានដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហើយនឹងមានដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះគ្រួសារត្រកូលហ៊ុន និងឧកញ៉ាគ្រាក់ក្នុងរបបនេះ ប្រសិនបើនៅបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញធនធានធម្មជាតិជាពិសេសគឺវត្តមានយោធាចិនក្នុងខេត្តកោះកុង៖ «បើសិននៅតែអនុញ្ញាតឲ្យយោធាចិនមកដាក់ទ័ពនៅខ្មែរហ្នឹង មិនមែនត្រឹម UDG មិនមែនត្រឹម ក្រុមហ៊ុន ទ្រី ភាព និង គន់ គីម ទេគឺនឹងថែម ហើយយូរៗទៅប៉ះដល់ត្រកូលហ៊ុនហើយ លី យ៉ុងផាត់ផង ឬក៏ ហ៊ុន ម៉ាណែត ហ្នឹងតែម្ដង។ អាហ្នឹងជាសារមួយរបស់គេ ប្រាប់ថា បើអ្នកឯងមិនថយ តិចទៀតប៉ះអ្នកឯងហើយ ហើយនឹងមានទណ្ឌកម្មតទៅមុខទៀត។»
ក្រៅពីក្រុមហ៊ុនចិន UDG នេះ មកទល់ពេលនេះ មានក្រុមហ៊ុនខ្មែរចំនួន១៦រួចទៅហើយ ដែលអាមេរិកដាក់ទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។