អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសការបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងការថតសំឡេងសន្ទនាឯកជនមកផ្សព្វផ្សាយ ប្រព្រឹត្តដោយរបបលោក ហ៊ុន សែន។ អង្គការអន្តរជាតិមួយនេះអះអាងថា ទង្វើទាំងអស់នេះសុទ្ធសឹងជារំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋ ផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការចាប់ខ្លួនតាមអំពើចិត្ត ការយាយី និងការគំរាមកំហែងលើសកម្មជនគណបក្សសង្គ្រោះជាតិ ដែលចូលរួម និងរៀបចំការតវ៉ាដោយសន្តិវិធីនៅថ្ងៃខួបកិច្ចព្រមព្រៀងក្រុងប៉ារីស។ ការទាមទារបែបនេះ គឺបន្ទាប់ពីរបបក្រុងភ្នំពេញបានចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាបន្តបន្ទាប់ ហើយលោក ហ៊ុន សែន ផ្ទាល់ បានគំរាមធ្វើបាបក្រុមគ្រួសារមន្ត្រីបក្សប្រឆាំងថែមទៀត។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា របបក្រុងភ្នំពេញ និងលោក ហ៊ុន សែន ផ្ទាល់ កំពុងរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ លោកបន្តថា ការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីនោះ វាអាក្រក់ណាស់ទៅហើយ ប៉ុន្តែកាន់តែអាក្រក់ហួសថ្លែងទៀតនោះ គឺលោក ហ៊ុន សែន បានរំលោភលើភាពថ្លៃថ្នូររបស់មនុស្ស តាមរយៈការគំរាមកំហែងលើគ្រួសារមន្ត្រីបក្សប្រឆាំង៖ «វាពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់ដែលលោក ហ៊ុន សែន ធ្វើរឿងដ៏អាប់អោន ដោយបំភិតបំភ័យប្រពន្ធកូនមន្ត្រីគណបក្សសង្គ្រោះជាតិបែបនេះ។ គ្រប់គ្នាធ្លាប់បានដឹងហើយអំពីឥរិយាបថរំលោភសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន ប៉ុន្តែលើកនេះគាត់ធ្លាក់ដល់កម្រិតអន់ហួស។ ការគំរាមកំហែងជាសាធារណៈបែបនេះ គួរតែទទួលបានការថ្កោលទោសពីក្រុមមេដឹកនាំលើពិភពលោក។ វាជារឿងគួរឱ្យរន្ធត់ និងមិនអាចទទួលយកបានទេ ហើយនេះក៏បង្ហាញអំពីកម្រិតធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ»។
កាលពីថ្ងៃទី២៣ តុលា ដែលជាខួប២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាជ្ញាធររបបក្រុងភ្នំពេញបានបង្ក្រាប និងចាប់ខ្លួនពលរដ្ឋ៣ នាក់ ដែលជួបជុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតចិនប្រចាំកម្ពុជា។ ការចាប់ខ្លួននេះ ធ្វើឡើងតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជារឿយៗចេញមុខការពារផលប្រយោជន៍ និងឥទ្ធិពលចិននៅកម្ពុជា។ អំឡុងការបង្ក្រាប និងចាប់ខ្លួនពលរដ្ឋនេះ អាជ្ញាធរក៏បានគំរាមកំហែង ព្រមទាំងដកហូតទូរស័ព្ទដៃ និងម៉ាស៊ីនថតរូបរបស់អ្នកសារព័ត៌មានដែលចុះទៅយកព័ត៌មាននៅទីនោះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសកម្មភាពតវ៉ាដោយសន្តិវិធីនេះថា ជាការបំផុសចលនាប្រឆាំងចិន ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ លោកបានបញ្ចេញខ្សែអាត់សំឡេងរបស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ អំពីការរៀបចំគម្រោងតវ៉ានោះទៀតផង។ លោក ហ៊ុន សែន បានសម្ដែងការខឹងសម្បារ និងហៅលោក ហូរ វ៉ាន់ ដែលមានវ័យចាស់ជាងលោក ដោយប្រើភាសាអាមឹង។ លើសពីនេះ លោកបានគំរាមធ្វើបាបក្រុមគ្រួសារលោក ហូរ វ៉ាន់ និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៃគណបក្សសង្គ្រោះជាតិ បើពួកគេនៅតែបន្តសកម្មភាពប្រឆាំងនឹងរបបរបស់លោក៖ «អាវ៉ាន់ ថា ហូ ! ប៉ូលិស៣០ នាក់ហ្នឹងដាក់នៅម្ខាងហ្នឹង កុំទៅខ្លាច ព្រោះអាហ្នឹងធម្មតាគេការពារទូត។ ដល់ពេលចូលអត់បាន វាថា ហូ ! ទៅទូតអាមេរិកវិញ ហើយទូតអាមេរិក អានោះបញ្ជាមកទៀត កុំអាលប្រគល់ញត្តិ អានញត្តិហ្នឹងសិន ទុកឱ្យគេថត។ អាវ៉ាន់អើយ អាវ៉ាន់ ល្មមបានហើយ ! ហ្អែងស្រែកបញ្ជាយ៉ាងម៉េច អ្វីយ៉ាងម៉េច នៅផ្លូវវ៉េងស្រេងកាលពីឆ្នាំ២០១៣ ហ្អែងអត់រួចខ្លួនទេ។ ហ្អែងកុំរុញកូនហ្អែង ប្រពន្ធហ្អែង ឱ្យចូលគុកថែម»។
ទោះជាហេតុការណ៍ចាប់ចងពលរដ្ឋនៅមុខស្ថានទូតចិន បានកន្លងផុតទៅជាច្រើនថ្ងៃទៅហើយក្តី ក៏អាជ្ញាធរមិនបានបញ្ឈប់ការចាប់ខ្លួនក្រុមអ្នកតវ៉ាត្រឹមនេះឡើយ។ នៅថ្ងៃទី២៧ តុលា អាជ្ញាធរបានបន្តចាប់ខ្លួនពលរដ្ឋម្នាក់ទៀតគឺលោកស្រី សាត ផា និងតាមចាប់ខ្លួនសកម្មជនមួយចំនួនទៀត ដែលបានចូលរួមក្នុងបាតុកម្មដោយសន្តិវិធីនោះ។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន បកស្រាយថា ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជាការអនុវត្តច្បាប់ដើម្បីធានាសណ្ដាប់ធ្នាប់សាធារណៈ។ លោកទទួលស្គាល់ថា រដ្ឋធម្មនុញ្ញធានានូវសិទ្ធិសេរីភាពរបស់ពលរដ្ឋ ប៉ុន្តែលោកថា ការប្រើប្រាស់សិទ្ធិទាំងនោះត្រូវកំណត់ក្នុងច្បាប់ដោយឡែកផ្សេងទៀត។
ទាក់ទងនឹងការលបស្តាប់កិច្ចសន្ទនាឯកជនវិញ លោក កត្តា អ៊ន អះអាងថា រដ្ឋាភិបាលមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការលបស្ដាប់កិច្ចសន្ទនាឯកជន បើសង្ស័យថា កិច្ចសន្ទនាទាំងនោះមានជាប់ពាក់ព័ន្ធនឹងរឿងសន្តិសុខជាតិ៖ «បើមានភស្តុតាងថា ក្រុមគ្រួសារលោក ហូរ វ៉ាន់ ពាក់ព័ន្ធនឹងសកម្មភាពលោក ហូរ វ៉ាន់ នោះក្រុមគ្រួសារក៏ជាជនសមគំនិតនៅក្នុងសកម្មភាពហ្នឹងដែរ។ អ៊ីចឹង ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ជាប្រសាសន៍ក្នុងនាមជាអ្នកនយោបាយ ក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិ ដើម្បីឱ្យបងប្អូនទាំងអស់នោះពិចារណានូវសកម្មភាពរបស់ខ្លួនឡើងវិញ ហើយបញ្ឈប់សកម្មភាពខុសឆ្គងនេះ ជាជាងការប្រឈមមុខនឹងច្បាប់»។
ការបកស្រាយបែបនេះរបស់មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាល ត្រូវបានច្រានចោលដោយអ្នកជំនាញច្បាប់សិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន។
លោក ហ្វីល រ៉ូបឺតសុន ពន្យល់ថា រដ្ឋាភិបាលអាចស្ដាប់កិច្ចសន្ទនាឯកជនបានទាល់តែមានដីកាពីតុលាការ ឬក៏ភស្តុតាងរឹងមាំបង្ហាញពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ លោកថា ករណីនៅកម្ពុជា អាជ្ញាធរស្ដាប់កិច្ចសន្ទនាឯកជនស្រេចតែអំពើចិត្ត ដូចជាកិច្ចសន្ទនារបស់មន្ត្រីបក្សប្រឆាំង សកម្មជន និងអង្គការសង្គមស៊ីវិល ជាដើម។ ចំណែកប្រព័ន្ធតុលាការវិញ លោកថា គ្រាន់តែជាឧបករណ៍លេងសើចរបស់ក្រុមលោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែនជាស្ថាប័នរកយុត្តិធម៌ឱ្យពលរដ្ឋនោះទេ៖ «នេះគឺជាការរំលោភសិទ្ធិឯកជនយ៉ាងច្បាស់ក្រឡែត។ នេះជាតឹងតាងមួយទៀតដែលបង្ហាញថា កម្ពុជាកំពុងក្លាយជារដ្ឋគ្រប់គ្រងដោយពួកកងឈ្លប ដែលមិនខ្វល់ទាល់តែសោះពីរឿងសិទ្ធិពលរដ្ឋ។ យើងមើលឃើញទាំងអស់គ្នាហើយថា រដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះមិនមែនជារឿងត្រឹមត្រូវឡើយ ហើយជាទង្វើរំលោភសិទ្ធិមនុស្សជាក់ស្ដែង ដែលត្រូវតែថ្កោលទោស»។
ចាប់តាំងពីខែមករា រហូតដល់ខែចុងខែតុលានេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីបក្សសង្គ្រោះជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ក៏ជាង ៣០នាក់ដែរ។ ពួកគេភាគច្រើនត្រូវអាជ្ញាធរចោទប្រកាន់ពីបទញុះញង់ ហើយសកម្មបក្សសង្គ្រោះជាតិច្រើនជាប់ចោទមួយករណីទៀត គឺបទរួមគំនិតក្បត់ ដោយសារគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់រដ្ឋាភិបាលទាំងឡាយដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចេញមុខការពារប្រជាពលរដ្ឋខ្មែរដែលកំពុងរងការវាយប្រហារឥតស្រាកស្រាន្តពីរបបលោក ហ៊ុន សែន។ អង្គការអន្តរជាតិមួយនេះ ក៏ស្នើដល់សហគមន៍អន្តរជាតិ ទាមទារឱ្យរបបក្រុងភ្នំពេញអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ស្របតាមកាតព្វកិច្ចរបស់ខ្លួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។