លោក ហ៊ុន សែន ប្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ធានា​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌

ដោយ តាំង សារ៉ាដា
2016.11.03
ទី​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស ២០១៦ ៨៥៥ ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។
Photo: RFA

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធានា​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ដែល​បំផ្លាញ​នូវ​សេចក្តី​សុខ និង​សន្តិភាព​របស់​ប្រទេស​ជាតិ ហើយ​ត្រូវ​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោក​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​ខិតខំ​លុប​បំបាត់​ភាព​អសកម្ម​របស់​ខ្លួន ហើយ​ត្រូវ​ចូលរួម​កសាង​អំពើ​ល្អ និង​សកម្មភាព​ជួយ​សង្គម​ឲ្យ​បាន​ច្រើន ដូចជា​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ពិសេស​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ បញ្ជី​ជាតិ និង​ប័ណ្ណ​ស្នាក់នៅ ជាដើម។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ថ្ងៃ​បិទ​សិក្ខាសាលា​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា នេះ។

លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​កង​កម្លាំង​គ្រប់​ប្រភេទ ត្រូវ​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ ជាង​នេះ​ទៅ​ទៀត គឺ​ត្រូវ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស អំពើ​ប្លន់​ប្រដាប់​អាវុធ និង​បញ្ហា​សណ្ដាប់ធ្នាប់​សង្គម​ជាច្រើន​ទៀត។

ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៧ តុលា ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​លុប​បំបាត់ និង​ចាត់​វិធានការ​លើ​កម្លាំង​សន្តិសុខ​ខុស​ច្បាប់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើ​ដើម្បី​បង្ក្រាប​លើ​ការ​ជួបជុំ ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី​ពី​លោក ស ខេង ព្រោះ​រាល់​ការ​ប្រើ​អំណាច​របស់​កង​កម្លាំង​សន្តិសុខ​ខណ្ឌ និង​កង​កម្លាំង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ដែល​ត្រូវ​មាន​វិធានការ​លុប​បំបាត់​ជា​បន្ទាន់ ហើយ​ជន​ដែល​ប្រព្រឹត្ត​ហិង្សា ត្រូវ​តែ​យក​ទៅ​ផ្ដន្ទាទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។