មន្រ្តីបក្សប្រឆាំង៖ របប​លោក ហ៊ុន សែន មិន​អាច​កុហក​អន្តរជាតិ រឿង​បំផ្លាញ​ប្រជាធិបតេយ្យ

0:00 / 0:00

អនុប្រធានគណបក្ស​សង្គ្រោះជាតិលោក អេង ឆៃអ៊ាង ក្រើន​រម្លឹក​របបលោក ហ៊ុន សែន រៀន​សូត្រ​តាម​សុភាសិត​ខ្មែរ ពាក់ព័ន្ធ​នឹង​​វិបត្តិ​នយោបាយ​ដ៏​ធំ ដែលកំពុង​នាំ​ប្រទេសកម្ពុជា ទៅ​រក​មាត់​ជ្រោះនៃ​មហន្តរាយ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​​ទំនាក់ទំនង​អន្តរជាតិ។ លោកបន្តថា រឿងរ៉ាវដែលជាការពិត ស្តីពីការរំលោភសិទ្ធិតំណាងរាស្រ្ត និង​​ការរំលោភ​សិទ្ធិមនុស្ស​ជា​ទូទៅ​របស់​របប​លោក ហ៊ុន សែន និង​ពី​សំណាក់​សភា​ឯក​បក្ស​របស់​របប​នេះ មិន​អាច​បាំង​ភ្នែក​សហគមន៍​អន្តរជាតិ​បាន​នោះ​ទេ៖ «ព្រះអាទិត្យ​ទោះបី​ជាវានៅ​ឆ្ងាយពីផែនដី ក៏វាធំ ហើយវាបំភ្លឺភពផែនដី​ទាំងមូលបាន។ ដូច្នេះ គ្មាននរណា​អាច​យក​​បាត​ដៃ​​ទៅ​បាំង​ព្រះអាទិត្យ​​បាន​​ទេ។ នោះ​ជា​សុភាសិត​​ខ្មែរ​មួយ។ ម្យ៉ាង​ទៀត ដំរីស្លាប់​ មិនអាច​យកចង្អេរ​ទៅបាំងជិតទេ ព្រោះចង្អេរ​ធំប៉ុនណា ក៏មិនអាច​បាំង​ខ្មោច​ដំរីបានដែរ»។

ប្រតិកម្ម​របស់​មន្រ្តីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយគណៈកម្មាធិការសិទ្ធិមនុស្ស នៃ​​សហភាព​​អន្តរសភា IPU ចេញ​ សេចក្តីសម្រេច​ ក្រោយ​ការ​​បិទ​បញ្ចប់​​មហាសន្និបាត​​លើក​ទី​ ១៣៩ របស់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា។ សហភាព​អន្តរសភា សម្រេច​តម្កល់​សេចក្តី​សន្និដ្ឋាន​​លើក​មុន​​របស់​​ខ្លួន ដោយ​នៅតែចាត់ទុកថា សិទ្ធិរបស់​តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ ត្រូវ​​បាន​​អាជ្ញាធរ​​នៃ​​របប​លោក ហ៊ុន សែន រំលោភបំពាន​យ៉ាងកម្រោល។ មិនតែប៉ុណ្ណោះ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិ​បង្កើត​​អង្គការ​​សមាគម និង​សិទ្ធិ​ជួបជុំ​គ្នា ​ដើម្បី​​តវ៉ា​​ដោយ​​សន្តិវិធី ក៏​ត្រូវ​​បាន​​រំលោភ​បំពាន​ខ្លាំងក្លា​ផង​ដែរ។

ប្រធាន​សហភាពអន្តរសភាអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បាន​​គូស​​បញ្ជាក់​​នៅ​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​ថា អ្នកស្រី​​ពិត​ជា​បាន​ជួប​ទាំង​គណៈប្រតិភូ​សភា​​ឯក​បក្ស​​នៃ​​របប​លោក ហ៊ុន សែន និង​​ជួប​​តំណាង​គណបក្ស​ប្រឆាំង។ ក្នុង​ពេល​ជួប​​ជាមួយ​​ប្រតិភូសភារបបលោក ហ៊ុន សែន អ្នកស្រី​បាន​បង្ហាញ​អំពី​ការ​​ថ្កោលទោស​យ៉ាង​​ដាច់​អហង្ការ ចំពោះ​​ការ​​រំលោភ​សិទ្ធិមនុស្ស​នេះ។ មិន​តែ​ប៉ុណ្ណោះ អ្នកស្រី​បាន​ស្នើឲ្យ​របបលោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​បេសកកម្ម​​របស់​សហភាព​អន្តរសភា ចុះ​ទៅ​ជួប​​លោក កឹម សុខា ដែល​កំពុង​​ត្រូវ​​របប​នេះ​ ឃុំ​ខ្លួន​​ក្នុង​​ផ្ទះ។

សេចក្តីសម្រេចរបស់​សហភាព​អន្តរសភា IPU នេះ ធ្វើ​ឲ្យ​គណៈប្រតិភូសភា​ឯកបក្ស​របស់របបលោក ហ៊ុន សែន សម្តែងការ​ខកចិត្ត​យ៉ាង​ខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍​ ដែលចេញភ្លាមៗ​ក្រោយ​សេចក្តីសម្រេចនេះ គណៈប្រតិសភាឯកបក្សកម្ពុជា ថា​ការខក​ចិត្ត​​យ៉ាង​ខ្លាំង​នេះ គឺដោយសារ​ ស្ថាប័ននេះ​​បាន​ផ្តល់​ជូនព័ត៌មាន ដ៏ច្រើនសន្ធឹកសន្ធាប់​ជាច្រើនលើកច្រើនសារ តែ​គណៈកម្មាធិការ​​សិទ្ធិ​មនុស្ស​​សហភាពអន្តរសភា នៅ​តែ​សម្រេច​ប្រឆាំង​ និង ថ្កោលទោស​របបនេះ​ដដែល។ គណៈប្រតិភូ​ដដែល​​ចោទ​​ស្ថាប័ន​សភា​អន្តរជាតិ​មួយ​នេះ​ថា លាបពណ៌កម្ពុជាឲ្យ​ខ្មៅងងឹត ហើយ​ថា​សេចក្តី​សម្រេច​នោះ​លម្អៀង ដោយ​​មើលរំលង​​ភាព​​ចាស់​ទុំ​​ខាង​​សិទ្ធិមនុស្ស​​របស់​ពលរដ្ឋ​នៃ​របបនេះ។ មិនតែប៉ុណ្ណោះ សភាឯកបក្សកម្ពុជា​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ដែល​សហភាព​​អន្តរសភា នៅតែទទួលស្គាល់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរបបលោក ហ៊ុន សែន អះអាង​ថា លែង​​ជា​​​សមាជិក​​​សភា​​​ទៀត​​​ហើយ។ ជាចុងក្រោយ សភាឯកបក្ស​នេះ បដិសេធសេចក្តី​សម្រេច​របស់​សហភាព​អន្តរសភា​នេះ។

អ្នកវិភាគ អ្នកតាមដាន​សង្គម និង ពលរដ្ឋទូទៅ​ យល់ឃើញថា របបលោក ហ៊ុន សែន រងការ​អាម៉ាស់​ផ្ទួន​ៗ​លើ​ឆាកអន្តរជាតិ ជាពិសេស​នៅ​ក្នុងមហាសន្និបាតសហភាពអន្តរសភានេះ។ ការ​អាម៉ាស់ទីមួយ គឺការណ៍ដែល​គណៈប្រតិភូ​សភា​ឯក​បក្ស​កម្ពុជា ដែលដឹកនាំដោយ​អនុប្រធានទីពីរ​រដ្ឋសភា អ្នកស្រី ឃួន សុដារី និង លោក ឈាង វុន ព្រមទាំងមន្រ្តីរបបលោក ហ៊ុន សែន មួយចំនួនទៀត បំភ្លៃពត៌មានអំពីជំហ​ររបស់​ប្រធានសហភាពអន្តរសភា គឺអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ដោយ​អះអាងថា អ្នកស្រីគាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង អបអរសាទរ​​លទ្ធផល​​បោះ​ឆ្នោត​​នៅ​​កម្ពុជា។ ការ​ពិត​នេះ បាន​​លាត​ត្រដាង​​ជា​សាធារណៈ ក្រោយ​អ្នកស្រី ហ្កាប្រ៊ីឡា សរសេរលើ​បណ្តាញ​សង្គម Twitter របស់​អ្នកស្រី ដោយបដិសេធយ៉ាង​ដាច់​អហង្ការ ទៅនឹងការ​បំផ្លើស​ព័ត៌មាន ដែល​នាំ​ឲ្យ​មានការ​យល់​ច្រឡំ។

ការ​អាម៉ាស់ទីពីរ គឺការណ៍​ដែល​គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ចេញ​សេចក្តី​​សម្រេច​ថ្កោលទោស​របប​លោក ហ៊ុន សែន និង​ទាមទារ​​ឲ្យ​​របប​នេះ ដោះលែង​​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ទាំង​អស់ និង​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ។

របបលោក ហ៊ុន សែន កំពុង​ប្រឹងប្រែង​រកភាព​ស្របច្បាប់ និង​ការ​​ទទួលស្គាល់ពី​សហគមន៍អន្តរជាតិ ដោយ​​ខិតខំ​​បង្ហាញ​​ខ្លួន​​ក្នុង​កិច្ច​ប្រជុំ​​អន្តរជាតិ​​នានា ដើម្បី​​បង្ហាញ​អំណះអំណាងរបស់ខ្លួន ថា​របបនេះ​ស្របច្បាប់ ស្របតាមឆន្ទៈរាស្រ្ត​ ក្រោយ​ការ​រៀបចំ​​ការ​បោះ​ឆ្នោត ដែល​​រង​ការ​​រិះគន់​ជុំទិស​ថា​ ជា​ការ​បោះឆ្នោត​​ក្លែង​ក្លាយ​​នោះ។

ប៉ុន្តែ​លោក អេង ឆៃអ៊ាង ថា ដើម្បី​រកភាព​ស្របច្បាប់ និង​ស្តារវិបត្តិនយោបាយ​បច្ចុប្បន្ន​បាន របបលោក ហ៊ុន សែន មិនចាំបាច់​​ធ្វើ​អ្វី​ច្រើន​នោះ​ទេ គឺ​គ្រាន់​តែ​​ស្តារ​ស្ថានភាព​អាក្រក់​ឲ្យ​វិល​ទៅ​រក​សភាព​ដើម​វិញ ដោយ​ដោះលែង​លោក កឹម សុខា ផ្តល់​នីតិសម្បទា​​ដល់​​គណបក្សសង្គ្រោះជាតិវិញ អនុញ្ញាត​ឲ្យ​​អង្គការ​សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយ​​ឯករាជ្យ​ដំណើរ​ការ​​ឡើង​វិញ ឈប់​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​លើ​​សំឡេង​​ប្រឆាំង និង​រៀបចំ​​ការ​បោះឆ្នោត​​ឡើងវិញ​ឲ្យ​មានភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​ជា​ការ​ស្រេច៖ «របបលោក ហ៊ុន សែន បើ​ចង់ស្តារ​មុខ​មាត់​កម្ពុជា​ឡើង​វិញ វាអត់​មានអ្វីលំបាកធ្វើទេ។ យើង​​​វិល​​មក​​ផ្សះផ្សារ​​​ជាតិ អនុវត្ត​​នយោបាយ​​បង្រួប​ម្រួម​ជាតិ ហើយ​យើង​ជជែក​គ្នា​ក្នុង​រង្វង់គ្រួសារខ្មែរ ដើម្បី​ដោះស្រាយ​សម្រាប់​​ប្រយោជន៍​​ជាតិ​ វា​អាច​​​ទៅ​​រួ​ច​​ហើយ។ ប៉ុន្តែ បើ​របបលោក​ ហ៊ុន សែន នៅតែគិតខិតខំការពារ​អំណាច​ផ្តាច់​ការ​របស់​ខ្លួន គឺ​​គ្មាន​​មុខ​​មាត់​​​អ្វី​​​លើ​​ឆាក​​​អន្តរជាតិ​​​ទៀត​​ទេ»។

​រហូតមកដល់ពេលនេះ របបលោក ហ៊ុន សែន កំពុង​រងសម្ពាធយ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ ដែល​ទាមទារ​​ឲ្យ​​របប​នេះ ស្តារ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ។ បន្ថែមលើការ​ថ្កោលទោស​របស់​សហភាព​អន្តរសភា សហរដ្ឋអាមេរិក ក៏​កំពុង​​​ដាក់​​​ទណ្ឌកម្ម​របប​នេះ​​ជា​បណ្តើរៗ ស្របពេលដែលសភា​អាមេរិក បាន​អនុម័តច្បាប់​ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ ដើម្បី​​ដាក់​​​ទណ្ឌកម្ម​​​​មន្រ្តី​របប​នេះ។ ចំណែក​​ឯ​​​សហភាព​អឺរ៉ុប បានជូនដំណឹង​រួច​ទៅហើយ អំពីការ​ចាប់ផ្តើមនីតិវិធី បញ្ឈប់​ការ​ផ្តល់​​ការ​​អនុគ្រោះ​​ពន្ធ​​ទៅ​កម្ពុជា។

អ្នកវិភាគ និង អ្នកឃ្លាំមើលសង្គម ព្រមានថា របបលោក ហ៊ុន សែន ពិតជាមិនអាច​ចៀសផុត ពី​ទណ្ឌកម្មបន្ថែមពី​សហគមន៍​អន្តរជាតិ នោះឡើយ​ បើ​របបនេះ នៅតែ​រឹងទទឹង​ មិនព្រមគោរពគោលការណ៍​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។