ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រូវបានអ្នកស្រឡាញ់ប្រជាធិបតេយ្យកោតសរសើរថា មានទឹកចិត្តក្លាហានមោះមុត ហ៊ានចេញមុខតស៊ូមតិប្រឆាំងរបបក្រុងភ្នំពេញ ដែលពួកគេមើលឃើញថា កំពុងដឹកនាំកម្ពុជាឆ្ពោះទៅរបបផ្ដាច់ការ។
មានស្ថានភាពពីរដែលជំរុញសន្ទុះចិត្តរបស់ពួកគេឱ្យចូលរួមគិតគូរពីវាសនាប្រទេសជាតិខ្លួនយ៉ាងសកម្មបែបនោះ។
តើមានស្ថានភាព ឬកត្តាទាំងពីរយ៉ាងនោះមានអ្វីខ្លះ?
ទោះជារស់នៅសែនឆ្ងាយពីមាតុភូមិរបស់ខ្លួន និងមមាញឹកជាមួយការងារប្រចាំថ្ងៃក្តី ក៏ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងតែងតែខ្វាយខ្វល់អំពីវាសនាអនាគតប្រទេសជាតិរបស់ខ្លួន។
ពួកគេបញ្ចេញសកម្មភាពតស៊ូមតិដោយចំហ ដោយចំណាយធនធាន ដើម្បីឱ្យមានការផ្លាស់ប្តូរនៅប្រទេសកម្ពុជា ដែលពួកគេមើលឃើញថា កំពុងត្រូវគណបក្សកាន់អំណាចចាប់យកធ្វើជាចំណាប់ខ្មាំង។
មានកត្តាចម្បងពីរយ៉ាង ដែលជំរុញទឹកចិត្តពលករខ្មែរចំណាកស្រុកនៅប្រទេសកូរ៉េ ឱ្យហក់ចូលប្រឡូកក្នុងកិច្ចការនយោបាយដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ កត្តាទី១ គឺបរិយាកាសនយោបាយគាបសង្កត់ផ្ទៃក្នុងប្រទេស និងកត្តាទី២ គឺបរិយាកាសនយោបាយអំណោយផលនៅប្រទេសកូរ៉េ។
ការគាបសង្កត់ជំរុញឱ្យមានការតស៊ូ
ពលករមួយចំនួនឱ្យដឹងថា កត្តាចម្បង គឺរបបក្រុងភ្នំពេញតែម្ដងជាអ្នកបង្ខំពួកគេឱ្យចេញមុខតវ៉ាប្រឆាំងរបបហិង្សានិយមរបស់ខ្លួន។ ពលករចំណាកស្រុកនិយាយថា មួយថ្ងៃៗពួកគេធ្វើការហត់នឿយខ្លាំងរហូតស្ទើរគ្មានពេលសម្រាក ដូច្នេះគ្មានទឹកចិត្តឯណាទៅតស៊ូមតិ ធ្វើនយោបាយស្អីគេទៀតនោះទេ។ ប៉ុន្តែដោយសារតែអំពើផ្ដាច់ការរបស់អាជ្ញាធរក្រុងភ្នំញ ដែលប្រើហិង្សាបង្ក្រាប ចាប់ដាក់គុក និងបំបិទសំឡេងអ្នកប្រជាធិបតេយ្យ រួមទាំងកម្មករ ឥតស្រាកស្រាននោះហើយ ទើបបង្ខំពួកគេឱ្យហ៊ានចេញមុខតវ៉ាប្រឆាំងពីក្រៅប្រទេស។
លោក ឃ្លោក លាភ ជាពលករចំណាកស្រុកម្នាក់ក្នុងចំណោមពលករខ្មែរប្រមាណប្រាំមួយម៉ឺននាក់ (៦០.០០០) នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកប្រាប់ថា ពលករចំណាកស្រុកឈឺចាប់នៅពេលឃើញកម្មកររោងចក្រក្នុងស្រុកត្រូវគេធ្វើបាប។
លោក ឃ្លោក លាភ បញ្ជាក់ថា អ្វីដែលដុតកំហឹងពលករចំណាកស្រុកនៅក្នុងប្រទេសកូរ៉េ ឱ្យកាន់តែក្ដៅរោលខ្លាំងឡើងនោះ គឺនៅពេលពួកគេឃើញកម្មកររោងចក្រត្រូវអាជ្ញាធរក្រុងភ្នំពេញបាញ់បង្ក្រាបនៅលើផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤៖ «ឃើញរបបលោក ហ៊ុន សែន បាញ់ប្រហារកម្មករនៅផ្លូវវ៉េងស្រេងស្លាប់ទាំងស្រស់ៗអ៊ីចឹង វាជាចំណុចមួយរឹតតែធ្វើឱ្យពួកគាត់ឈឺចាប់កាន់តែខ្លាំង មើលឃើញការដឹកនាំដ៏ឃោរឃៅរបស់លោក ហ៊ុន សែន គ្រាន់តែសុំតែម៉ារស់ កាលហ្នឹងសុំ១៦០ដុល្លារទេ បាញ់កម្មករនៅផ្លូវវ៉េងស្រេងស្លាប់។ អ៊ីចឹងដុតកំហឹងពួកគាត់ឱ្យស្អប់ខ្ពើមរបបលោក ហ៊ុន សែន កាន់តែខ្លាំងឡើងៗអ៊ីចឹង ពួកគាត់ក៏ក្រោកតវ៉ាប្រឆាំងជាបន្តបន្ទាប់។ ឃើញហើយពួកគាត់ចូលរួមបាតុកម្មច្រើនលើកច្រើនសា កាន់តែមានកំហឹងពុះកញ្ជ្រោល ដែលខុសប្លែកពីលោក ហ៊ុន សែន ថា ពលករខ្មែរមកប្រទេសកូរ៉េគិតតែសប្បាយ គិតតែរកលុយ តែពួកគាត់មិនអ៊ីចឹងទេ ។ ពូកគាត់មកប្រទេសគេ ហើយឈឺចាប់ឃើញការដឹកនាំរបស់លោក ហ៊ុន សែន បាញ់សម្លាប់ពលរដ្ឋខ្លួនឯងអ៊ីចឹងទៅ ឃើញរូបភាពនេះឃោរឃៅណាស់ ឃើញអយុត្តិធម៌នៅក្នុងសង្គមបន្តបន្ទាប់ អ៊ីចឹងពួកគាត់ឈឺចាប់មែនទែនទាំងគេទាំងខ្ញុំបាទ»។
ពលករចំណាកស្រុកនៅប្រទេសកូរ៉េមួយរូបទៀត គឺលោក សំ សូនិច្ច បញ្ជាក់ថា ការប្រើគ្រាប់ពិតបាញ់បង្ក្រាបទៅលើកម្មករនៅលើផ្លូវវ៉េងស្រេង ពិតជាបានដុតកំហឹង និងធ្វើឱ្យកម្មករគ្រប់ទីកន្លែងឈឺចាប់៖ «ក្នុងនាមខ្ញុំក៏ជាពលករម្នាក់មានអារម្មណ៍ឈឺចាប់ណាស់ នៅពេលឃើញឈាមហូរស្រក់ស្រស់ៗនៅផ្លូវវ៉េងស្រេង ពេលគាត់បាញ់ប្រហារទៅលើកម្មករដែលមិនមានការអាណិតអាសូរ ឬខ្លាចញញើតជនជាតិខ្មែរដូចគ្នាសោះ។ នេះជាចំណុចមួយដែលខ្ញុំឈឺចាប់ មិនចង់ឱ្យមានទង្វើនេះកើតមកលើពួកខ្ញុំ ដែលធ្វើសកម្មភាពបញ្ជាក់ថា មិនពិតចិត្តចំពោះទង្វើដែលគាត់ធ្វើ។ ជាការពិត សព្វថ្ងៃបងប្អូនពលករទាមទារហ្នឹងគឺដោយសារឈឺចាប់ទង្វើព្រៃផ្សែដឹកនាំរបស់គាត់មកដល់សព្វថ្ងៃនេះ»។
កាលពីថ្ងៃទី៣ ទី៤ ខែមករា ឆ្នាំ២០១៤ បាតុកម្មរបស់កម្មកររោងចក្រពីរកន្លែងផ្សេងគ្នាបានផ្ទុះឡើង គឺនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ជាយក្រុងភ្នំពេញ និងនៅរោងចក្រយ៉ាកជីន (Yak Jin) នៅកំបូលខេត្តកណ្តាល ដើម្បីទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ។ បាតុកម្មនោះផ្ទុះឡើងស្របពេលកម្ពុជាកំពុងមានវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣។ កម្មករ៤នាក់ត្រូវបានបាញ់សម្លាប់ ម្នាក់បាត់ខ្លួន និងជិត៤០នាក់រងរបួស។

បន្ថែមពីលើនេះ ថ្នាក់ដឹកនាំសហជីព និងកម្មករជាង២០នាក់ ត្រូវបានចាបខ្លួន វាយដំ និងបញ្ជូនទៅដាក់ពន្ធនាគារនៅត្រពាំងផ្លុងអស់រយៈពេលជិត៥ខែ ដោយរងការចោទពីបទញុះញង់កម្មករ។
អង្គការសិទ្ធិមនុស្ស រួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊េឌី (Sorya Subedi) ហៅការបាញ់ប្រហារលើកម្មករនៅលើផ្លូវវ៉េងស្រេង ជាការប្រើកម្លាំងច្រើនហួសហេតុ មិនចាំបាច់ និងមិនសមមាត្រកម្លាំងគ្នាជាមួយកម្មករដែលប្រើដុំថ្ម បន្ទាប់ពីកម្លាំងប្រដាប់អាវុធក្រុងភ្នំពេញ បានប្រើអំពើហិង្សាលើពួកគេ នៅខណៈកម្មករទាំងនោះកំពុងប្រើធុងបាសច្រៀងចម្រៀងទាមទារដំឡើងប្រាក់ខែគោល។ មកទល់ពេលនេះ គ្មានជនដៃដល់ណាម្នាក់ត្រូវបាននាំខ្លួនមកជំនុំជម្រះទាក់ទងនឹងការបាញ់ប្រហារកម្មករទាំងនោះនៅឡើយទេ។
ប្រជាធិបតេយ្យកូរ៉េរឹងមាំអំណោយផលដល់ពលករខ្មែរ
កត្តាទី២ ដែលលើកទឹកចិត្តពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យក្លាហាន ហ៊ានថ្កោលទោសរបបក្រុងភ្នំពេញដោយចំហនោះ គឺដោយសារបរិយាកាសនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង ដែលអំណោយផលដល់ពួកគេ។ កូរ៉េខាងត្បូងជាប្រទេសនីតិរដ្ឋ យកច្បាប់ជាធំ ប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ស្ថាប័នស្រាវជ្រាវវាស់ស្ទង់សន្ទស្សន៍ ប្រជាធិបតេយ្យអន្តរជាតិមួយឈ្មោះ The Economist Intelligence Unit's (Index of Democracy) ហៅកាត់ថា អ៊ី.អៃ.យូ (EIU) បានចាត់ចំណាត់ថ្នាក់ប្រទេសកូរ៉េខាងត្បូង ថា ជាប្រទេសមួយមានប្រជាធិបតេយ្យល្អខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ី ហើយនៅក្នុងលំដាប់ពិភពលោកវិញ ប្រជាធិបតេយ្យនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្ថិតក្នុងចំណាត់ថ្នាក់ល្អខ្ពស់ជាងប្រទេសបារាំង ប្រទេសបែលហ្សិក និងសហរដ្ឋអាមេរិក ទៅទៀត។
ពាក្យស្លោកមួយឃ្លាពោលថា «ការឮគេនិយាយមួយពាន់ដង មិនស្មើនឹងការឃើញផ្ទាល់ភ្នែកមួយដងនោះទេ»។ របបប្រជាធិបតេយ្យនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមនុស្សគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ បានជះឥទ្ធិពលខ្លាំងក្លាលើយុវជនខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជឿនលឿនមួយនេះ។ ពលករខ្មែរដែលចាកចេញពីស្រុកកំណើតរបស់ខ្លួនទាំងបង្ខំចិត្ត ទាំងប្រថុយប្រថាន បន្ទាប់ពីមិនអាចរកការងារធ្វើបាននៅក្នុងប្រទេសរបស់ខ្លួននោះ មានចិត្តរំភើបស្រឡាញ់របៀបរស់នៅក្នុងប្រទេសកូរ៉េ ហើយចង់ឃើញមាតុភូមិរបស់ខ្លួនយកគំរូតាមរបៀបដឹកនាំនៅក្នុងប្រទេសរីកចម្រើនរុងរឿងមួយនេះ។

យុវជន ឃ្លោក លាភ បញ្ជាក់ថា ពលករខ្មែរនៅប្រទេសកូរ៉េប្រៀបដូចសត្វកង្កែបដែលបានចេញផុតពីអណ្ដូងទឹក ហើយឃើញផ្ទៃមេឃទូលំទូលាយពោរពេញដោយសេរីភាព៖ «ពួកគាត់អត់ដែលចេញមកក្រៅស្រុកអ៊ីចឹង មើលឃើញថា ស្រុកខ្មែរប៉ុណ្ណឹងអស្ចារ្យហើយ តែពេលពួកគាត់មកដល់ប្រទេសកូរ៉េឃើញប្រទេសគេអភិវឌ្ឍន៍ហើយសន្តិសុខសន្តិភាពពិតមួយរយភាគរយ មិនមែនដូចស្រុកខ្មែរសន្តិភាពនៅតែលើបបូរមាត់អ៊ីចឹង ដើរហើរអីអសន្តិសុខរស់នៅដោយភាពភ័យខ្លាច បើមិនចោរឆក់ចោរប្លន់ ឬគ្រោះថ្នាក់ចរាចរណ៍។
រស់ សារឿន ជាពលការិនីម្នាក់កំពុងធ្វើការងារក្នុងប្រទេសកូរ៉េ។ ដូចពលករខ្មែររាប់ពាន់នាក់ផ្សេងទៀតដែរ សារឿន បានធ្វើដំណើរជាច្រើនម៉ោងទៅចូលរួមមហាបាតុកម្មភ្លើងទៀននៅទីក្រុងក្វាងជូ (Qwangju) ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា។ សា រឿន ថា នាងពេញចិត្តនឹងរបៀបរបបរស់នៅក្នុងប្រទេសកូរ៉េ ហើយថា សម្រាប់យុវជនខ្មែរ ប្រសិនបើពួកគេមិននាំគ្នាក្រោកឡើងតស៊ូដើម្បីប្រទេសជាតិខ្លួនទេ កូនចៅជំនាន់ក្រោយរបស់ពួកគេនឹងជួបជីវភាពកាន់ពិបាកជាងសព្វថ្ងៃនេះទៅទៀត៖ «ចំពោះខ្ញុំដូចបងប្អូនទាំងអស់គ្នាអ៊ីចឹង មិនមែនជាអ្នកនយោបាយទេ តែអ្វីដែលពួកខ្ញុំមានគឺក្តីស្រឡាញ់ចំពោះប្រទេសជាតិ។ និយាយរួមទៅ ពេលឃើញប្រទេសជាតិយើងអ៊ីចឹងឈឺចាប់ណាស់ ព្រោះអីមកធ្វើការស្រុកគេតាំងពីច្បាប់ទម្លាប់ តាំងពីការរស់នៅ តាំងពីប្រជាជនគេ និយាយរួមទៅគឺគេល្អម៉ាចប់ តែបើស្រុកខ្មែរខ្ញុំវិញអត់ដឹងថា ត្រូវធ្វើម៉េចដើម្បីផ្លាស់ប្ដូរបាន អ៊ីចឹងយើងត្រូវតែខំទាំងអស់គ្នា ស៊ូទាំងអស់គ្នាដើម្បីប្រទេសជាតិយើង ដើម្បីកូនចៅយើងជំនាន់ក្រោយ។ គ្រាន់តែជំនាន់យើងៗដឹងប៉ុណ្ណឹងហើយយើងនៅតែស្ទើរតែធ្វើមិនបាន ចុះទម្រាំកូនចៅយើងជំនាន់ក្រោយ ដប់ម្ភៃឆ្នាំទៅមុខទៀត ? ប្រទេសជាតិយើងបើយើងមិនក្រោកឈរទេ រលាយអស់ហើយបងប្អូន»។
ការរួមគ្នាក្រោកឈរឡើងដើម្បីរំដោះខ្លួនចេញពីរបបផ្ដាច់ការតាមការអំពាវរបស់ពលការិនី សា រឿន ទាមទារឱ្យមានការលះបង់។
ប្រជាធិបតេយ្យនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានអង្គការអ៊ីអៃយូ (EIU) ដាក់ចំណាត់ថ្នាក់ថា ល្អខ្ពស់ជាងប្រជាធិបតេយ្យនៅក្នុងប្រទេសបារាំង ប្រទេសបែលហ្សិក និងសហរដ្ឋអាមេរិកទៅទៀតនោះ មិនមែនបានមកដោយទទេៗ ដោយគ្មានការតស៊ូលះបង់នោះទេ។
ហេតុអ្វីទីក្រុងក្វាងជូ
ទីក្រុងក្វាងជូ ដែលចលនាយុវជនខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េ ជ្រើសរើសជាកន្លែងប្រមូលផ្តុំធ្វើសមាជអ្នកប្រជាធិបតេយ្យ និងមហាបាតុកម្មភ្លើងទៀននោះ គឺជាទីកន្លែងនិមិត្តរូបនៃការក្រោកតស៊ូដោយដំណក់ឈាមរបស់ប្រជាជនកូរ៉េ កាលពីឆ្នាំ១៩៨០ ប្រឆាំងនឹងរបបផ្ដាច់ការយោធា។
ស្ថានភាពនយោបាយនៅប្រទេសកូរ៉េខាងត្បូងក្នុងគ្រានោះ គឺស្រដៀងគ្នានឹងស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន។ មេបក្សប្រឆាំងលោក គិម ឌេជុង (Kim Dae-jung) ត្រូវបានរដ្ឋអំណាចយោធាចាប់ដាក់គុកពីបទឃុបឃិត និងញុះញង់ពលរដ្ឋឱ្យងើបប្រឆាំងរដ្ឋាភិបាលផ្ដាច់ការ ដែលពេលនោះប្រើច្បាប់អាជ្ញាសឹក ហាមការធ្វើបាតុកម្ម និងបិទទ្វារសាកលវិទ្យាល័យស្ទើរគ្រប់ទីកន្លែង មិនឱ្យនិស្សិតប្រមូលផ្តុំ ក្នុងនោះមានសាកលវិទ្យាល័យឆុនណាម (Chonnam University) ស្ថិតក្នុងទីក្រុងក្វាងជូផងដែរ។

ប៉ុន្តែបម្រាមនោះ មិនអាចរារាំងនិស្សិតនៅសាកលវិទ្យាល័យឆុនណាមបានទេ។ ពួកគេបានចេញតវ៉ាទាមទារឱ្យរដ្ឋាភិបាលយោធា រំសាយច្បាប់អាជ្ញាសឹក និងដោះលែងមេបក្សប្រឆាំងលោក គិម ឌេជុង ដែលមានស្រុកកំណើតនៅក្នុងទីក្រុងក្វាងជូ ដែរនោះឱ្យមានសេរីភាពឡើងវិញ។
ប៉ុន្តែការតវ៉ារបស់និស្សិតដោយសន្តិវិធីត្រូវបានក្រុមទាហានវាយដំ និងបាញ់សម្លាប់ប្រមាណ ១០០នាក់នៅក្នុងថ្ងៃដំបូង។ ការបង្ក្រាបយ៉ាងហិង្សានេះ បានដុតកំហឹងប្រជាជនកូរ៉េឱ្យពុះកញ្ជ្រោលកាន់តែខ្លាំង ជំរុញឱ្យកម្លាំងបាតុករកើនឡើងយ៉ាងគំហុករហូតដល់ជាង ១០.០០០ (មួយម៉ឺននាក់) ។
ការប្រឈមមុខតតាំងរបស់បាតុករ ប្រឆាំងក្រុមទាហានដែលប្រដាប់ដោយអាវុធពេញដៃ រយៈពេល១០ថ្ងៃ គឺពីថ្ងៃ១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨០ នោះ បណ្ដាលឱ្យបាតុករជាងប្រាំមួយរយនាក់ (៦០០) បានស្លាប់បាត់បង់ជីវិត។

ទោះជាយ៉ាងណាក៏ដោយចុះ ក្រោយមក មេរដ្ឋប្រហារយោធា និងមេក្លោងពាក់ព័ន្ធក្នុងការបាញ់សម្លាប់ក្រុមបាតុករ ត្រូវបានផ្ដន្ទាទោសដោយរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែដោយយោងលើស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ទណ្ឌិតទាំងអស់ត្រូវបានលើកលែងទោសជាបន្តបន្ទាប់ដោយប្រធានាធិបតីជាប់ឆ្នោត។
រីឯមេបក្សប្រឆាំងលោក គិម ឌេជុង (Kim Dae-jung) ដែលរបបយោធាចាប់ដាក់ពន្ធនាគារ បានជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ១៩៩៨។
បូជនីយដ្ឋានបញ្ចុះសព និងសារមន្ទីរបាតុករប្រជាធិបតេយ្យ
ដើម្បីរលឹក និងគោរពវិញ្ញាណក្ខន្ធអ្នកលះបង់ជីវិតដើម្បីបុព្វហេតុប្រជាធិបតេយ្យ ទីលានបញ្ចុះសាកសពវារៈបាតុករជាតិ ត្រូវបានសាងសង់និងបើកសម្ពោធនៅឆ្នាំ១៩៩៧ នៅក្នុងទីក្រុងក្វាងជូ បន្ទាប់ពីរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់បានបង្កើតឡើង។

នៅទីក្រុងក្វាងជូដដែលនេះ មជ្ឈមណ្ឌលវប្បធម៌អាស៊ី (Asia Culture Center) ដែលមានការដាក់បង្ហាញឯកសាររូបថត និងហ្វិមនៃសកម្មភាពប្រើហិង្សា និងការបង្ក្រាបរបស់ក្រុមទាហានទៅលើក្រុមបាតុករនោះ ក៏ត្រូវបានបង្កើត និងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០១៥ ។ សារមន្ទីរនេះ ក៏មានដាក់តាំងឯកសារប្រវត្តិសាស្ត្រកម្ពុជាផងដែរ។
ដូច្នេះ ការជ្រើសរើសទីក្រុងក្វាងជូ ធ្វើជាទីកន្លែងជួបជុំធ្វើមហាបាតុកម្មភ្លើងទៀនឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដើម្បីប្រជាធិបតេយ្យនៅប្រទេសកម្ពុជា រៀបចំដោយចលនាយុវជនខ្មែរនៃគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េ សហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េ និងដោយមានគាំទ្រពីសមត្ថកិច្ចកូរ៉េនៃទីក្រុងប្រវត្តិសាស្ត្រមួយនេះ មិនមែនជារឿងចៃដន្យនោះទេ។ ទីក្រុងក្វាងជូ គឺជាទីក្រុងនិមិត្តរូបនៃភាពក្លាហាន និងការតស៊ូ ដើម្បីសេរីភាព និងប្រជាធិបតេយ្យ ដែលប្រជាជនកូរ៉េចង់ឃើញលទ្ធិប្រជាធិបតេយ្យរីកដុសដាលនៅក្នុងប្រទេសផ្សេងៗទៀត ពីព្រោះពួកគេយល់ថា ប្រជាធិបតេយ្យនេះឯងដែលធ្វើឱ្យប្រទេសកូរ៉េរបស់ខ្លួនរឹងមាំទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកយោធា។

ពលករ សំ សូនិច្ច បញ្ជាក់ថា បើទោះជាខ្លួនឃ្លាតចាកឆ្ងាយពីស្រុកកំណើតក្ដី លោកពេញចិត្តរស់នៅក្នុងប្រទេសកូរ៉េជាងរស់នៅក្នុងប្រទេសកម្ពុជា។ លោកថា នៅកម្ពុជាឃើញតែរដ្ឋអំណាចចាប់ចង សម្លុតគំរាមកំហែងអ្នកមានមតិផ្ទុយពីខ្លួន ហើយសូម្បីតែពលករចំណាកស្រុកដូចពួកលោកក៏មិនលើកលែងដែរ៖ «ពួកខ្ញុំជាពលករតែងចូលរួមសកម្មភាពរឿងទាក់ទងប្រទេសជាតិ ស្នេហាជាតិស្រលាញ់ជាតិ តែនៅពេលពួកគាត់ឃើញពួកខ្ញុំធ្វើសកម្មភាពតែងគំរាមកំហែងចាប់ចងប្ដឹងផ្ដល់ពួកខ្ញុំហ្នឹងមិនឱ្យចូលស្រុក ឬនៅបានស្រួល ដូចប្រទេសដែលពួកខ្ញុំនៅរាល់ថ្ងៃហ្នឹង គឺរស់នៅស្រួលជាងប្រទេសខ្មែរបាទ»។
នៅខណៈពលករខ្មែរក្នុងប្រទេសកូរ៉េកំពុងរៀបចំមហាបាតុកម្មភ្លើងទៀនជាលើកទី២ ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា កាលពីខែមេសាកន្លងទៅ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ចេញសារនៅលើហ្វេសប៊ុកគំរាមចាប់មេដឹកនាំពលករនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបន្តិចក្រោយមកសារគំរាមនោះត្រូវបានដកចេញ។
ពលករ សំ សូនិច្ច ចង់ឃើញអ្នកនយោបាយខ្មែរ និងថ្នាក់ដឹកនាំប្រទេសកម្ពុជា យកគំរូដឹកនាំជាតិតាមប្រទេសកូរ៉េខាងត្បូង ពីព្រោះលោកចង់ឃើញកម្ពុជារុងរឿងដូចប្រទេសរីកចំរើនមួយនេះ។ ជាពលករចំណាកស្រុកម្នាក់ក្នុងចំណោមពលករខ្មែរប្រមាណប្រាំមូយម៉ឺននាក់ (៦០០០)នៅប្រទេសកូរ៉េ ពលកររូបនេះ ទទូចឱ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការសម្លុតគំរាមកំហែងពលករដែលមានឈាមជ័រជាខ្មែរ ដូចគ្នានេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។