សមាជិកសភាអូស្ត្រាលី មកពីគណបក្សពលករលោក ជូលៀន ហ៊ីល (Julian Hill) ស្នើយ៉ាងទទូច ឲ្យរដ្ឋាភិបាលអូស្រ្តាលី ត្រូវតែចាត់វិធានការណ៍ក្តៅ ឥឡូវនេះ ព្រោះស្ថានការណ៍អាក្រក់ នៅកម្ពុជា កាន់តែអាក្រក់ខ្លាំងណាស់ហើយ។ លើកឡើងនៅក្នុងកិច្ចប្រជុំរបស់សមាជិកសភា កាលពីថ្ងៃទី២២ ខែតុលានេះ លោក ជូលៀន ហ៊ីល រម្លឹករដ្ឋាភិបាលអូស្រ្តាលី ឲ្យចេះរក្សាកេរដំណែល នៃការខិតខំរបស់ប្រទេសអូស្រ្តាលី ក្នុងកិច្ចខិតខំប្រឹងប្រែង ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា។
ក្នុងន័យនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី ត្រូវតែពិនិត្យវិធានការដាក់ទណ្ឌកម្មនានា លើមន្រ្តីរបបលោក ហ៊ុន សែន រួមទាំងការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិអ្នកទាំងនោះផង៖ «ពេលខ្ញុំលើកបញ្ហានេះលើកមុន ស្ថានការណ៍ស្រុកខ្មែរអាក្រក់ណាស់ទៅហើយ ប៉ុន្តែមកដល់ពេលនេះ ស្ថានការណ៍នោះកាន់តែអាក្រក់ខ្លាំងជាងនោះទៅទៀត។ ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ត្រូវឃុំខ្លួននៅក្នុងផ្ទះ ទោះបីការបោះឆ្នោតក្លែងក្លាយ បានចប់សព្វគ្រប់ទៅហើយក្តី។ ការបោះឆ្នោតដ៏អាម៉ាស់នោះ គឺធ្វើឲ្យគណៈបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កើបយកអាសនៈសភាទាំងអស់ គឺទាំង ១២៥កៅអី»។
លោក ជូលៀន ហ៊ីល បន្ថែមទៀតថា អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺ អ្នកថតភាពយន្តជនជាតិអូស្រ្តាលីលោក ជេមស៍ រ៊ីឃីតសុន (James Ricketson) ត្រូវរបបនេះ ផ្តន្ទាទោសដោយផ្អែកលើការចោទប្រកាន់ បែបប្រឌិត។ លោក ហ៊ុន សែន ហ៊ានដាក់គុកជនជាតិអូស្រ្តាលី។ តើប៉ុណ្ណឹងហើយ រដ្ឋាភិបាលអូស្រ្តាលី នៅជល់កែវ និងក្រេបស្រាជាមួយរបបនេះ ទៅរួចដែរឬ?
លោកថា ចំពោះជនជាតិអូស្រ្តាលី ដែលមិនបានដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា អាចចោទសួរថា តើរឿងខ្មែរ មានអ្វី ពាក់ព័ន្ធនឹងអូស្រ្តាលី? ប៉ុន្តែ លោកសង្កត់ធ្ងន់ថា រឿងកម្ពុជា និង អូស្រ្តាលី ពាក់ព័ន្ធគ្នា ព្រោះអូស្រ្តាលីផ្តល់ឱកាសឲ្យជាតិសាសន៍ដទៃ បានចូលសញ្ជាតិអូស្រ្តាលី និង ធ្វើជាពលរដ្ឋល្អរបស់អូស្រ្តាលី។ ប៉ុន្តែ ឥឡូវអូស្រ្តាលី ចាប់មានបញ្ហាកាន់តែធំហើយ ជាពិសេសក្នុងសហគមន៍ខ្មែរ-អូស្រ្តាលី ដោយសារតែភាពព្រងើយកន្តើយរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការចាត់ការមន្រ្តីនៃរបបលោក ហ៊ុន សែន៖ «មន្រ្តីរបបនេះតិរច្ឆាននេះ បានរីករាលដាល មកដល់ទីប្រជុំជនរបស់យើងទៅហើយ។ វត្តមានអ្នកទាំងនេះ ធ្វើឲ្យមានបញ្ហាដល់នយោបាយរបស់ប្រទេសជាតិយើង។ មិនតែប៉ុណ្ណោះ អ្នកទាំងអស់នេះ ប្រព្រឹត្តបទឧក្រិដ្ឋនៅទីនេះ និងកំពុងកេងប្រវ័ញ្ចប្រយោជន៍យើង និង បង្កការគម្រាមកំហែង ដល់ពលរដ្ឋអូស្រ្តាលីទូទៅ»។
លោក ជូលៀន ហ៊ីល លើកឡើងទៀតថា ទណ្ឌកម្មបែបនេះ នឹងមានប្រសិទ្ធភាព ដោយសម្អាងថា ពលរដ្ឋខ្មែរដែលតស៊ូដើម្បីប្រជាធិបតេយ្យ យល់ស្របគ្នាថា ចំណាត់ការរបស់អូស្រ្តាលី នឹងមានឥទ្ធិពលលើរបបលោក ហ៊ុន សែន ព្រោះនៅអូស្រ្តាលីមានមន្រ្តីជាន់ខ្ពស់របបនេះ ច្រើនណាស់ ដែលចេញចូល កកើតជាក្រុមគ្រួសារ និង មានទ្រព្យសម្បត្តិនៅទីនេះ។ លោកបានរាយនាមបុគ្គលសំខាន់ៗ មួយចំនួន ដែលត្រូវដាក់ទណ្ឌកម្ម ដូចជាបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិ ដើម្បីដាក់សម្ពាធលើរបបលោក ហ៊ុន សែន៖ «លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន មកអូស្រ្តាលីច្រើនសាហើយ ដើម្បីមកបញ្ជ្រាបគោលការណ៍បក្ស និងបង្កើតបណ្តាញបក្សកាន់អំណាចនៅទីនេះ និង នៅប្រទេស នូវ៉ែលហ្ស៊េឡង់។ លោក ហ៊ុន តូ ក្មួយលោក ហ៊ុន សែន មានកូន និងមានទ្រព្យនៅទីក្រុងម៊ែលប៊ន គាត់ត្រូវរងការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជូញដូរគ្រឿងញៀន និងលាងលុយកង្វក់ ក្នុងបណ្តាញឧក្រិដ្ឋកម្មនៅអូស្រ្តាលី។ លោក ឌី វិជ្ជា កូនប្រសារលោក ហ៊ុន សែន និងជាអគ្គស្នងការរងនគរបាលជាតិ ដែលជាក្រុមមនុស្សហិង្សា ដែលសង្ស័យថាមានមុខជំនួញអាឋ៌កំបាំងនៅអូស្រ្តាលី កម្ពុជា និងនៅចិន។ ចំណែកឯលោក គង់ វិបុល វិញជាប្រធានអគ្គនាយកដ្ឋានពន្ធដារ ដែលចូលដៃក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានទ្រព្យរាប់លានដុល្លារនៅអូស្រ្តាលី រួមទាំងដីនិងផ្ទះ នៅក្នុងតំបន់មណ្ឌលបោះឆ្នោតរបស់ខ្ញុំផង។ គាត់ទំនងជាក្លែងបន្លំឯកសារ រឿងអះអាងថា គាត់មានសញ្ជាតិអូស្រ្តាលីផង។ ចំណែកឯលោក គឹម សន្តិភាព ជាមន្រ្តីក្រសួងយុត្តិធម៌ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់គណៈបក្សប្រជាជនកម្ពុជានៅអូស្រ្តាលី ដោយបុគ្គលនេះ តែងតែអមដំណើរជាមួយ ហ៊ុន ម៉ាណែត។ លោក គឹម សន្តិភាព ជាមន្រ្តីបក្សដាច់ខាតមួយរូប»។
តំណាងរាស្រ្តអូស្រ្តាលីដដែល ថាមន្រ្តីគណៈបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានការបែកបាក់ក្នុងសហគមន៍ខ្មែរ នៅអូស្រ្តាលី និង នៅបណ្តាទីក្រុងធំៗ ដោយមនុស្សសំខាន់ៗរបស់បក្សនេះ ដែលជាបុគ្គលឈានមុខ ក្នុងការបង្កឲ្យមានការបែកបាក់នេះ។ ក្នុងនោះក៏មានអគ្គរាជទូតខ្មែរ ប្រចាំទីក្រុង កង់បេរ៉ា គឺលោក កុយ គួង ផងដែរ ដែលលោក កុយ គួង ក៏ជាប្រធានបក្សប្រជាជនកម្ពុជាប្រចាំអូស្រ្តាលី និង នូវែលហ្សេឡង់។ លោក ជូលៀន ហ៊ីល បន្ថែមថា ស្ថានទូតខ្មែរនៅអូស្រ្តាលី ជាប់ឈ្មោះក្នុងព័ត៌មានថា រត់ពន្ធគ្រឿងស្រវឹង និងបារី។
ស្របពេលដែលមុខជំនួញជាច្រើន ត្រូវបានមន្រ្តីជាន់ខ្ពស់របបលោក ហ៊ុន សែន កំពុងកាន់កាប់នៅប្រទេសអូស្រ្តាលី ភាពមន្ទិលពាក់ព័ន្ធនឹងប្រតិបត្តិការសាច់ប្រាក់ក្នុងមុខជំនួញនេះ ក៏ចោទជាបញ្ហា។ ពាក់ព័ន្ធនឹងការចោទប្រកាន់ អំពីការលាងលុយកង្វក់វិញ លោកថា ជូលៀន ហ៊ីល ថាធនាគារអូស្រ្តាលី អាចជាប់ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ និង ប្រតិបត្តិការសាច់ប្រាក់ជាមួយបុគ្គលទាំងអស់នេះ ដែលចំណុចនេះចោទជាបញ្ហាខ្លាំង ពាក់ព័ន្ធនឹងការណ៍ដែលធនាគារទាំងនេះ អាចរំលោភគោលការណ៍ប្រតិបត្តិរបស់ធនាគារ ក្រោមច្បាប់អូស្រ្តាលី។ បញ្ហាទាំងនេះ តម្រូវឲ្យរដ្ឋាភិបាល អូស្រ្តាលី ចាត់ការជាបន្ទាន់៖ «ការបន្តបរាជ័យមួយលើកជាពីរលើក របស់រដ្ឋាភិបាលអូស្រ្តាលី ដោយនៅស្ងៀមស្ងាត់មិនព្រមចាត់ការលើមន្រ្តីនៃរបបនេះ គឺជាការអ៉ាមាស់បំផុតមួយ ស្របពេលដែលរដ្ឋាភិបាលអូស្រ្តាលី ចំណាយលុយរាប់សិបលានដុល្លារ ជួយរបបលោក ហ៊ុន សែន ក្នុងកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួននោះ។ ដូច្នេះ ដល់ពេលហើយ ដែលរដ្ឋាភិបាលអូស្រ្តាលី ត្រូវភ្ញាក់ខ្លួនក្នុងរឿងនេះ»។
ជុំវិញសារខ្លាំងៗនេះ មន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ចាត់ទុកថា ជារឿងឥតប្រយោជន៍។ លោក ផៃ ស៊ីផាន ចោទលោក ជូលៀន ហ៊ីល ថាថ្លែងសារបែបនេះ គឺគ្រាន់តែបង្កើតព្រឹត្តិការណ៍ ដើម្បីវាយប្រហាររបបលោក ហ៊ុន សែន ប៉ុណ្ណោះ ហើយលោកមិនជឿថាប្រទេសអូស្រ្តាលី ជ្រើសរើសយកវិធានការណ៍បិទទិដ្ឋាការ ឬ បង្កកទ្រព្យសម្បត្តិនេះទេ ព្រោះមិនដែលឮ និង មិនធ្លាប់មានពីមុនមក៖ «ពីព្រោះកម្ពុជាមិនមែនជារដ្ឋភេរវកម្ម។ កម្ពុជាអត់មានធ្វើខុសច្បាប់ទេ។ មន្រ្តីរបស់ចិន នៅតែអាចចុះឡើងប្រទេសអូស្រ្តាលីបានដែរ ទោះចិនជារដ្ឋកុម្មនីស្តក៏ដោយ»។
ចំណែកសមាជិកសភាអូស្រ្តាលី ដែលជាជនជាតិខ្មែរអូស្រ្តាលី និងកំពុងត្រៀមចូលនិវត្តនៅខែ វិច្ឆិកា ខាងមុខនេះ គឺលោក ហុង លីម យល់ស្របថា វត្តមានរបស់មន្រ្តីគណៈបក្សប្រជាជនកម្ពុជា នៅក្នុងសហគមន៍ខ្មែរអូស្រ្តាលី បានធ្វើឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋខ្មែរដែលនិយមប្រជាជាធិបតេយ្យ និង បង្កបរិយាកាសឲ្យអាប់អួរ ខ្វះភាពសុខុដុមរមនានឹងគ្នា។ លោក ហុង លីម បន្ថែមថា អ្នកទាំងនោះ ធ្វើឲ្យលែងមានការយកចិត្តទុកដាក់ ក្នុងការកសាងសង្គមរមនាជាមួយគ្នា ព្រោះពីដើមខ្មែរធ្លាប់តែនាំគ្នាធ្វើបុណ្យរួមគ្នាសស្រាក់ស្រស្រាំ ប៉ុន្តែ ឥឡូវលែងសូវមានដូចមុនទៀតហើយ ដោយសារតែការបង្កើតឲ្យមានភាពមិនទុកចិត្តគ្នា។ មិនតែប៉ុណ្ណោះលោក ថាមន្រ្តីខ្មែរទាំងនោះ នាំភាពអាប់ឱនដល់ជាតិសាសន៍ខ្មែរ ដោយសារប្រព្រឹត្តិគម្បី ដូចជាមន្រ្តីទូតខ្មែរ ដែលយកតួនាទីជាតំណាងទូត ទៅបម្រើប្រយោជន៍សួនតួរបស់បក្សជាដើម៖ «វាខុសពីប្រពៃណីទូត ព្រោះទូតជាតំណាងឲ្យខ្មែរទាំងអស់គ្នា មិនមែនតំណាងគណៈបក្សនោះទេ។ មិនត្រឹមតែប៉ុណ្ណឹង គឺប្រព្រឹត្តអំពើមិនសមរម្សខុសច្បាប់ ដូចជាការទិញបារី ទិញស្រាលក់ខុសច្បាប់។ នេះជាការគួរឲ្យអាម៉ាស់មុខ ជាការធ្វើឲ្យខ្មែរខូចឈ្មោះ មានលក្ខណៈពាល គ្មានកិត្តិយស»។
ទោះជាយ៉ាងនេះ ក្តីលោក ហុង លីម បញ្ជាក់ថា ពលរដ្ឋខ្មែរដែលស្រលាញ់ប្រជាធិបតេយ្យ មិនរាថយ ក្នុងការរួមគ្នាតស៊ូ ទប់ទល់នឹងឥទ្ធិពលអាក្រក់នេះឲ្យបាន។
រដ្ឋាភិបាលអូស្ត្រាលី ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួន រួចទៅហើយថា រដ្ឋាភិបាលនេះ មានជម្រើសច្រើន ដែលកំពុងពិចារណា ដើម្បីតបតទៅនឹងស្ថានការណ៍ នៅកម្ពុជា ហើយនឹងពិគ្រោះគ្នា ជាមួយប្រទេសជាមិត្តដើម្បីពិចារណា រកចំណាត់ការទាំងឡាយ ដែលមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
