អស់រយៈពេល ២៣ឆ្នាំមកហើយដែលប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ ទោះបីជាយ៉ាងនោះក្តី អំពើឃាតកម្ម និងការសម្លាប់ក្រៅច្បាប់នៅតែកើតមានជាហូរហែមកទល់នឹងបច្ចុប្បន្ន ហើយភាគច្រើននៃករណីទាំងនោះ មិនត្រូវបានអាជ្ញាធរវែកមុខចាប់ជនប្រព្រឹត្តិ ឬស្វែងរកអ្នកទទួលខុសត្រូវបាននៅឡើយ។ សង្គមស៊ីវិល និងគណបក្សប្រឆាំង ចាត់ទុកករណីទាំងនេះជាអំពើនិទ្ទណ្ឌភាពដែលជះឥទ្ធិពលអាក្រក់ដល់ដំណើរកសាងនីតិរដ្ឋរបស់កម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៩៣ មក យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ត្រូវបានគេធ្វើឃាត ដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ការធ្វើសកម្មភាពនយោបាយ និងហេតុផលដទៃទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ មេដឹកនាំសហជីព កម្មកររោងចក្រ និងអ្នកវិភាគនយោបាយ។

របាយការណ៍របស់អង្គការលីកាដូ (LICADHO)ដែលមានចំណងជើងថា យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានចេញផ្សាយកាលពីឆ្នាំ២០១៣ បានរាយនាមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ១១នាក់ដែលត្រូវបានឃាតកសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ ដោយមូលហេតុនៃការរាយការណ៍ព័ត៌មានរិះគន់រដ្ឋាភិបាល និងបរិហារការធ្វើជំនួញខុសច្បាប់របស់មន្ត្រីមានអំណាច និងឈ្មួញទុច្ចរិត។ ក្នុងចំណោមអ្នកសារព័ត៌មានដែលត្រូវគេសម្លាប់នោះ អ្នកដែលលេចធ្លោជាងគេ គឺលោក ឃឹម សំបូរ ដែលជាអ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរ ដែលស្និទ្ធនឹងគណបក្ស សម រង្ស៊ី។ លោក ឃឹម សំបូរ និងកូនប្រុសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខែកក្កដា ឆ្នាំ២០០៨។ ជាញឹកញាប់ លោក ឃឹម សំបូរ សរសេរអត្ថបទទាក់ទងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល និងតែងរិះគន់ចំៗទៅលើលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
ឃាតកម្មទាំងអម្បាលម៉ានលើក្រុមអ្នកសារព័ត៌មាន មិនដែលត្រូវបានសមត្ថកិច្ចវែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ឡើយ។ ភាគច្រើន សមត្ថកិច្ចឆ្លើយថាមិនអាចកំណត់អត្តសញ្ញាណជនដៃដល់ ឬមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។
ក្រៅពីអ្នកសារព័ត៌មាន សកម្មជនបក្សប្រឆាំង និងក្រុមសហជីព ក៏ទទួលរងនូវការវាយប្រហារ និងបាញ់សម្លាប់ដូចគ្នា។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)ចេញផ្សាយកាលពីឆ្នាំ២០១៣ បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់សកម្មជនបក្សប្រឆាំង និងសហជីព កើតមានជាច្រើនករណីនៅចន្លោះការបោះឆ្នោតជាតិអាណត្តិទី២ និងទី៣។
នៅខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានមនុស្សមួយក្រុមគប់ចូលក្នុងហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខអតីតវិមានរដ្ឋសភា។ ការវាយប្រហារដោយហិង្សាទៅលើបាតុករដែលទាមទារឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌នេះ បានធ្វើឲ្យមនុស្ស ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។

៤ខែក្រោយមក គឺនៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋប្រហារបង្ហូរឈាមបានផ្ទុះឡើងកក្រើកក្រុងភ្នំពេញ។ អង្គការសហប្រជាជាតិរកឃើញថា មានមន្ត្រីបក្សនយោបាយប្រមាណពី ៤០នាក់ទៅ ៦០នាក់ ត្រូវបានសម្លាប់។ អ្នករងគ្រោះភាគច្រើនជាកងកម្លាំងរបស់ហ៊្វុនស៊ិនប៉ិច ហើយក្នុងនោះមន្ត្រីជាន់ខ្ពស់ខាងយោធា និងស៊ីវិលជាច្រើនរូបដូចជា លោក ចៅ សម្បត្តិ ក្រូច យឿម និងលោក ហូ សុក ជាដើម ត្រូវបានគេបាញ់សម្លាប់។
អាជ្ញាធររដ្ឋាភិបាលមិនបានវែកមុខចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងករណីហិង្សាទាំងពីរយកមកផ្ដន្ទាទោសតាមច្បាប់នោះទេ។ ផ្ទុយទៅវិញ អ្នកដែលគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាទាំងនោះ បែរជាត្រូវបានដំឡើងឋានៈ និងតួនាទីនៅក្នុងជួររដ្ឋាភិបាលទៅវិញ។
ករណីឃាតកម្មលើសកម្មជនគណបក្សនយោបាយ បានកើតឡើងជាបន្តបន្ទាប់។ ចាប់ពីដើមឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ សកម្មជនគណបក្ស សម រង្ស៊ី នៅមូលដ្ឋាន ១៧នាក់ ត្រូវបានឃាតកបាញ់សម្លាប់។
អំពើឃាតកម្មទៅលើសកម្មជននយោបាយបក្សប្រឆាំង មិនបានបញ្ឈប់ត្រឹមនោះទេ។ នៅអំឡុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០០៣ មន្ត្រីគណបក្ស សម រង្ស៊ី ចំនួន ៧នាក់ផ្សេងទៀត ត្រូវបានឃាតកសម្លាប់។ នៅឆ្នាំដដែលនោះ ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច លោ ឱម រដ្ឋសាឌី ក៏ត្រូវបានគេបាញ់សម្លាប់នៅរាជធានីភ្នំពេញ ដែលអំពើឃាតកម្មនេះត្រូវបានចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយចំពោះគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី។

ក្រោយពីការបោះឆ្នោតឆ្នាំ២០០៣ អំពើឃាតកម្មត្រូវបានធ្វើឡើងសំដៅក្រុមសហជីពវិញម្តង។ ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលស្និទ្ធនឹងគណបក្ស សម រង្ស៊ី ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា នៅខែមករា ឆ្នាំ២០០៤។ ក្រោយឃាតកម្មនេះ ឃាតកសិប្បនិម្មិត ២រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវបានអាជ្ញាធរនាំមកកាត់ទោស និងឃុំខ្លួនអស់រយៈពេលសរុបជិត ៦ឆ្នាំដោយគ្មានទោសកំហុស។ អ្នកទាំងពីរត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យមានសេរីភាពវិញនៅឆ្នាំ២០១៣។
ជាង ៤ខែក្រោយឃាតកម្មលើលោក ជា វិជ្ជា មេដឹកនាំសហជីពមួយរូបទៀត គឺលោក រស់ សុវណ្ណារ៉េត ត្រូវបានគេសម្លាប់ ហើយនៅឆ្នាំ២០០៧ ថ្នាក់ដឹកនាំសហជីពម្នាក់ទៀត គឺលោក ហ៊ី វុទ្ធី ក៏ត្រូវបានគេសម្លាប់ដូចគ្នា។ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងសមាសភាពពិសេសក្នុងគណៈកម្មការអន្តរក្រសួង ដើម្បីស៊ើបអង្កេតលើករណីឃាតកម្មលើមេដឹកនាំសហជីពទាំងបីរូបនេះ។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន គណៈកម្មការពិសេសមួយនេះមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួនដល់សាធារណជននៅឡើយ។
អំពើឃាតកម្មមិនត្រឹមតែកើតមានទៅលើអ្នកសារព័ត៌មាន សកម្មជនបក្សប្រឆាំង និងមេដឹកនាំសហជីពប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមានទៅលើព្រះសង្ឃដែរ។ នៅដើមខែកុម្ភៈ ឆ្នាំ២០០៣ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន អធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់ប្រហារនៅវត្តលង្កា ក្រុងភ្នំពេញ។ ព្រះអង្គបានសុគតនៅមន្ទីរពេទ្យកាល់ម៉ែត នៅពីរថ្ងៃបន្ទាប់ ក្នុងព្រះជន្ម ៤៧ព្រះវស្សា។
ព្រះគ្រូ សំ ប៊ុនធឿន មានព្រះកិត្តិនាមល្បីល្បាញខាងការអប់រំផ្លូវចិត្តតាមរយៈការធ្វើវិបស្សនា និងការទូន្មានពុទ្ធបរិស័ទ និងសាវ័ករបស់ព្រះអង្គឲ្យសាងតែអំពើល្អ ចៀសវាងអំពើអាក្រក់ ហើយសេចក្តីបង្រៀនរបស់ព្រះអង្គសុទ្ធតែឆ្លុះបញ្ចាំងការពិតក្នុងសង្គមខ្មែរ ដែលពោរពេញដោយអំពើពុករលួយ និងអំពើបាប។ ជាង ១០ឆ្នាំកន្លងទៅនេះ គ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួន ឬនាំខ្លួនមកកាត់ទោស ទាក់ទងនឹងការធ្វើគតព្រះតេជព្រះគុណ សំ ប៊ុនធឿន ឡើយ។
ឃាតកម្មទៅលើសកម្មជននយោបាយ និងអ្នករិះគន់រដ្ឋាភិបាល ហាក់មានការថយចុះនៅអាណត្តិទី៣ ពោលគឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈច្រើនលើសលប់ដល់ទៅ ៩០អាសនៈក្នុងរដ្ឋសភា។ ប៉ុន្តែនៅក្រោយពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់អំណាចពេញដៃនៅគ្រានោះ ហេតុការណ៍ដែលសំខាន់ជាងគេ គឺការងើបតវ៉ាប្រឆាំងរបស់ពលរដ្ឋស្ទើរគ្រប់ខេត្ត-ក្រុងចំពោះគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន។ ហើយជាញឹកញាប់ សកម្មជនដីធ្លីនៅតាមបណ្ដាខេត្ត ត្រូវរងការគំរាមកំហែង និងសម្លាប់ជាច្រើនករណី។
នៅខែមេសា ឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ និងបរិស្ថានដ៏សកម្មមួយរូប គឺលោក ឈុត វុទ្ធី ត្រូវបានកងរាជអាវុធហត្ថដែលដើរតួជាសន្តិសុខរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយ បាញ់សម្លាប់នៅក្នុងព្រៃក្នុងខេត្តកោះកុង នៅពេលរូបលោកចុះពិនិត្យសកម្មភាពកាប់ព្រៃឈើដោយខុសច្បាប់ជាមួយអ្នកសារព័ត៌មាន។
ការបាញ់សម្លាប់បានកក្រើកឡើងវិញជាថ្មីទៀតនៅក្រោយការបោះឆ្នោតអាណត្តិទី៥ ពោលគឺនៅពេលមានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងនៅពេលកម្មកររោងចក្រជាច្រើនបាននាំគ្នាចេញតវ៉ាដំឡើងប្រាក់ខែ។
យុវជនម្នាក់ឈ្មោះ ម៉ៅ សុខចាន់ ដែលជាកម្មករសំណង់ ត្រូវបានសមត្ថកិច្ចបាញ់ចំក្បាល និងស្លាប់ភ្លាមៗនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងបាតុករនៅម្តុំស្ពានអាកាសក្បាលថ្នល់ ស្របពេលនៃការធ្វើបាតុកម្មថ្ងៃទីមួយរបស់គណបក្សសង្គ្រោះជាតិ ដែលប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ។ យុវជន ម៉ៅ សុខចាន់ មិនមែនជាបាតុកររបស់គណបក្សសង្គ្រោះជាតិ នោះទេ តែជាកម្មករសំណង់ដែលទើបត្រឡប់មកពីធ្វើការនៅរាជធានីភ្នំពេញ ទៅលំនៅឋានវិញ។

២ខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ២០១៣ អ្នកលក់បាយនៅមុខសាលារៀនស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវបានសមត្ថកិច្ចបាញ់ឲ្យស្លាប់នៅអំឡុងពេលការប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មកររោងចក្រ អែស.អិល (SL) នៅមុខវត្តស្ទឹងមានជ័យ។ ហេតុការណ៍ដ៏ហិង្សានៅពេលនោះ កើតឡើងពេលក្រុមកម្មករជិត ១ពាន់នាក់ នាំគ្នាដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងការងារ ដើម្បីទាមទារឲ្យថៅកែរោងចក្រអនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងជាមួយគ្នាកាលពីពេលមុន ប៉ុន្តែក្បួននេះត្រូវបានរារាំងដោយសមត្ថកិច្ចរាប់រយនាក់ដែលប្រដាប់ដោយខែល ដំបង និងកាំភ្លើង រួមជាមួយឡានទឹកជាច្រើនគ្រឿងផង។
ជាបន្តបន្ទាប់ ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករមានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ នៅដើមឆ្នាំ២០១៤ កម្មករ ៤នាក់បានស្លាប់ និងម្នាក់ទៀតបានបាត់ខ្លួន ក្នុងការបាញ់បង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចរាជធានីភ្នំពេញ ទៅលើក្រុមកម្មករនៅផ្លូវវ៉េងស្រេង ដែលធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
គ្មានអ្នកណាត្រូវបាននាំយកមកកាត់ទោស ចំពោះហេតុការណ៍បាញ់សម្លាប់ក្នុងពេលការបង្ក្រាបរបស់អាជ្ញាធរនេះឡើយ ហើយភាគីសមត្ថកិច្ចតែងឆ្លើយថា នេះជាការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងជាការបង្ក្រាបក្រុមដែលបង្កចលាចលក្នុងសង្គម។
ហេតុការណ៍ឃាតកម្មចុងក្រោយបង្អស់ បានកើតឡើងលើបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព។ លោកត្រូវបានឃាតកបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ កក្កដា ក្នុងហាងលក់ទំនិញស្ដារម៉ាត (Star Mart) នៅក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ ជាច្រើនខែក្រោយឃាតកម្ម មានមនុស្សតែម្នាក់គត់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនដោយជាប់សង្ស័យថា ជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី នោះ គឺឈ្មោះ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិតថា អឿត អាង។ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនទាន់បង្ហាញភស្តុតាង ឬព័ត៌មានអ្វីទៀតអំពីជនសង្ស័យនេះឡើយ។
នៅចំពោះមុខឃាតកម្មជាបន្តបន្ទាប់បែបនេះ រដ្ឋាភិបាលកម្ពុជា បានរងនូវការរិះគន់ពីសាធារណមតិជាតិ និងអន្តរជាតិ ថាបរាជ័យក្នុងការការពារសន្តិសុខជូនពលរដ្ឋ និងរកយុត្តិធម៌ជូនជនរងគ្រោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិនបដិសេធនឹងការលើកឡើងបែបនេះឡើយ។ លោកថា សមត្ថកិច្ចទទួលស្គាល់អ្វីដែលមិនទាន់ធ្វើបាន ហើយនិងបន្តស៊ើបអង្កេតករណីឧក្រិដ្ឋកម្មទាំងនេះតទៅមុខទៀត ដោយមិនបិទបញ្ចប់សំណុំរឿងជាដាច់ខាត៖ « យើងស្រាវៗ ( ស្រាវជ្រាវ ) ទៅ រឿងវាដាច់តែម្តង។ វាតែលតោលមិនដឹងទៅឯណាទៀត។ យើងមិនបិទសំណុំរឿងហ្នឹងជាដាច់ខាត ដរាបណាជនល្មើសមិនទាន់ត្រូវបាននាំខ្លួនទៅកាន់តុលាការ »។
លោកស្នើឲ្យពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយសមត្ថកិច្ច ដើម្បីជំរុញដំណើរការអនុវត្តច្បាប់ឲ្យមានយុត្តិធម៌៖ « ចង់បានយុត្តិធម៌ លុះត្រាតែផ្តល់ព័ត៌មានមកសមត្ថកិច្ច។ គាត់រត់ចោលប្រទេសតែអ៊ីចឹង ប៉ូលិសដឹងទាល់តែមានសាក្សី។ ខ្ញុំជឿថាវាមិនដែលខ្មែរគ្នាឯងទៅសម្លាប់គ្នាទេ »។

ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ឃើញថា ការដែលអាជ្ញាធរមិនអាចរកឃើញឃាតក និងអ្នកពាក់ព័ន្ធដែលសម្លាប់អ្នកសារព័ត៌មាន ព្រះសង្ឃ សកម្មជន និងអ្នកវិភាគនាពេលកន្លងទៅ អាចធ្វើឲ្យគេគិតថា ករណីទាំងនោះជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។ លោកជំរុញឲ្យសមត្ថកិច្ចបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបំបាត់មន្ទិលរបស់សាធារណជន៖ « ពេលណាដែលមានឱកាស ខ្ញុំនឹងប្រើប្រាស់តួនាទីរបស់ខ្ញុំជាប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង ដើម្បីជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើកិច្ចការងារហ្នឹង វែកមុខឃាតក និងអ្នកនៅពីក្រោយខ្នងដែលបានធ្វើឃាតអ្នកល្បីៗ អ្នកកាសែត អ្នកនយោបាយ អ្នកការពារបរិស្ថាន និងចុងក្រោយនេះទៅលើបណ្ឌិត កែម ឡី »។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ហៅការសម្លាប់សកម្មជននយោបាយ បរិស្ថាន សង្គម និងអ្នកសារព័ត៌មាន ថាជាឃាតកម្មខាងនយោបាយ។ លោកថា ដោយសារតែមូលហេតុនេះហើយដែលធ្វើឲ្យសមត្ថកិច្ចពិបាកនឹងវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់៖ « យើងឃើញរឿងឃាតកម្មធំៗមួយចំនួនទៀតដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយ ឃាតក ឬក៏អ្នកពាក់ព័ន្ធ គឺគេរកឃើញភ្លាម។ អ៊ីចឹងខ្ញុំគិតថារឿងទាំងអស់នេះ សមត្ថកិច្ចគាត់មិនមែនអសមត្ថភាពទេ ប៉ុន្តែគាត់មិនហ៊ានក្នុងការបញ្ចេញការពិត បញ្ចេញរបាយការណ៍នៃការស៊ើបអង្កេតការពិតទេ ពីព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកស៊ើបអង្កេតផ្ទាល់ហ្នឹងតែម្តង បើសិនជាគាត់បង្ហាញការពិតទាំងអស់ហ្នឹង។ អ៊ីចឹងហើយបានជារឿងហ្នឹងវាត្រូវកប់ »។
លោក អំ សំអាត ហៅយុត្តិធម៌ក្នុងសំណុំរឿងទាំងនេះថាជាយុត្តិធម៌ស្រមោល ដែលស្ថិតនៅជើងមេឃ ពោលគឺជនរងគ្រោះ និងគ្រួសារបានត្រឹមតែរង់ចាំដោយគ្មានលទ្ធផល។ លោកថា នេះជានិទ្ទណ្ឌភាព ហើយវានឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការនីតិរដ្ឋនៅកម្ពុជា និងជាពិសេសរួមចំណែកឲ្យមានការប្រព្រឹត្តអំពើឃាតកម្មបែបនេះទៀតនៅពេលខាងមុខ៖ « ការរិះគន់ដោយត្រង់ៗ ដោយចំៗតែម្តង ហើយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកកាន់អំណាច អ្នកមានអំណាច ឬគណបក្សកាន់អំណាច។ យើងមើលឃើញហើយ គាត់ត្រូវមានការបាញ់សម្លាប់ជាហូរហែ ដែលធ្វើឲ្យអ្នកដទៃទៀតដែលមានឆន្ទៈក្នុងការបញ្ចេញគំនិត ចង់និយាយការពិត ចង់បញ្ចេញមតិដើម្បីធ្វើការរិះគន់ គឺមានការប្រុងប្រយ័ត្ន ហើយស្ថិតក្នុងសភាពភ័យខ្លាចដែរ។ នេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា »។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អំពាវនាវដល់រដ្ឋាភិបាល ជាពិសេសសមត្ថកិច្ច ឲ្យចាត់វិធានការបន្ថែមដើម្បីពង្រឹងសន្តិសុខ និងធានាសុវត្ថិភាពជូនពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ លោកក៏ទទូចដល់អាជ្ញាធរឲ្យវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងទាំងនោះមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកសាងទំនុកចិត្តរបស់ពលរដ្ឋទៅលើថ្នាក់ដឹកនាំ និងដើម្បីកុំឲ្យមានការចោទប្រកាន់ថា ឃាតកម្មសំខាន់ៗដែលកើតមានកន្លងទៅ គឺជាឃាតកម្មនយោបាយ៕
វីដេអូ៖ ឃាតកម្មនិងការសម្លាប់មនុស្សក្រៅច្បាប់កើតមានលើសពី១០០ករណីរយៈពេល២៣ឆ្នាំ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។