គណបក្ស​នយោបាយ​ពីរ​ផ្សេង​គ្នា​រៀបចំ​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​កក្កដា

ដោយ ម៉ម មុនីរតន៍
2016.07.06
ញឹក ប៊ុនឆៃ កឹម សុខា ៨៥៥ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ (រូប​ឆ្វេង) នា​វត្ត​ចំបក់មាស ខណ្ឌ​ជ្រោយចង្វារ និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​​លោក កឹម សុខា (ស្ដាំ) នា​​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្លួន ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA
RFA

គណបក្ស​នយោបាយ​ពីរ​ផ្សេង​គ្នា បាន​រៀបចំ​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​ពេល​តែ​មួយ។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បដិសេធ​ថា រូប​លោក​មិន​ដែល​ក្បត់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​រឿង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-៦ កក្កដា ម្ដង​ណា​ទេ។ ដោយឡែក​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​វិញ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​គោលការណ៍​ធម៌​អហិង្សា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ។

ទាំង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដូច​គ្នា​កាល​ពី ១៩​ឆ្នាំ​មុន​ដែរ​នោះ មិន​ចាប់​អារម្មណ៍​អ្វី​ឡើយ​ចំពោះ​ការ​រំឭក​ព្រឹត្តិការណ៍ ឬ​ធ្វើ​បុណ្យ​បញ្ជូន​កុសល​ដូច​គណបក្ស​នយោបាយ​ពីរ ដែល​បាន​រៀបចំ​រំឭក​ខួប​នៅ​ពេល​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ខាង​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល នៅ​តែចងចាំ​អ្នក​បូជា​ជីវិត​មួយ​ចំនួន​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នោះ ប៉ុន្តែ​មិន​បាន​រំឭក​ដូច​បក្ស​ដទៃ​កំពុង​ធ្វើ​នា​ពេល​នេះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​បក្ស​កាន់​អំណាច​មិន​រៀបចំ​នេះ ដោយសារ​ហេតុការណ៍​នោះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ ដែល​ចង់​បង្កើត​ឲ្យ​ទៅ​ជា​របប​ខ្មែរ​ក្រហម​ទី​២ ឡើង​វិញ។ លោក​ថា ហេតុ​នេះ​គេ​មិន​ត្រូវ​រំឭក ឬ​ត្រូវ​តែ​កប់​ចោល​វិញ​ជា​ជាង​រក្សា​ទុក។ លោក​បន្ត​ថា «ដឹង​គុណ​អំពី​គុណ​បំណាច់​បង​ប្អូន​អ្នក​ដែល​ខិតខំ​បូជា​ជីវិត ប៉ុន្តែ​នេះ​ក៏​គួរ​តែ​បំភ្លេច​ចោល ពីព្រោះ​រឿង​ហ្នឹង​វា​ជា​បទពិសោធន៍​មិន​ល្អ»

ជុំវិញ​រដ្ឋ​ប្រហារ​ដោយ​យោធា​កាល​ពី ១៩​ឆ្នាំ​មុន អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ លោក គឹម សុខ ចោទ​ប្រកាន់​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​នេះ គឺ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ពី​កម្លាំង​ដែល​ស្មោះ​ត្រង់​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន។ ក្រៅ​ពី​បំណង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ហើយ គឺ​នៅ​មាន​ការ​លូក​ដៃ និង​មាន​ភាព​មិន​ស្មោះ​ត្រង់​នឹង​បក្ស​ដោយ​លោក ញឹក ប៊ុនឆៃ មួយ​ជាន់​ថែម​ទៀត​ផង។ លោក គឹម សុខ ថ្លែង​កាល​ពី​ថ្ងៃ​ទី​២ កក្កដា ថា មូលហេតុ​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​ដែល​បង្កើត​ឲ្យ​មាន​រដ្ឋ​ប្រហារ​នេះ ក្នុង​នោះ​គឺ​លោក ញឹក ប៊ុនឆៃ ក៏​ជា​ដើម​ចម​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​នេះ​ដែរ។ លោក​បន្ត​ថា «គេ​សួរ​ដោយ​ឆ្ងល់ តើ​លោក ញឹក ប៊ុនឆៃ ជា​មេទ័ព​នៅ​ពេល​នោះ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិត​ជា​អ្នក​ប្រយុទ្ធ​របស់​ហ៊្វុនស៊ិនប៉ិច​មែន ឬ​ក៏​មាន​អី​ដែល​ឃុបឃិត​នឹង​គេ​ដែរ។ ទាំង​នេះ​ជា​ចំណុច​ឆ្ងល់។ មាន​ចំណុច​ច្រើន​ដែល​យើង​ឆ្ងល់។ ចំណុច​ទី​១ ដែល​យើង​មើល​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ឯកឧត្ដម ញឹក ប៊ុនឆៃ គាត់​ដែល​មាន​បញ្ហា​អី​ទេ​រហូត​ដល់​ខ្ញុំ​ស្គាល់​កូន​ចៅ​គាត់។ គាត់​ថា​ឯកឧត្តម ញឹក ប៊ុនឆៃ ហ្នឹង​ចង់​និយាយ​អី​ជាមួយ​សម្ដេច​នាយក​ហ្នឹង តេ​ទៅ​ស្មើ​ណា​ក៏​បាន និយាយ​រឿង​អី និង​កិច្ចការ​របៀប​ម៉េច​គឺ​បាន»

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា នៅ​វត្ត​ចំបក់មាស ក្នុង​ខណ្ឌ​ជ្រោយចង្វារ ដោយ​បដិសេធ​ថា រូប​លោក​មិន​ដែល​ក្បត់​នឹង​របប​រាជា​និយម ហើយ​ក៏​មិន​ដែល​ក្បត់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ការ​ចោទ​ប្រកាន់​នេះ​ដែរ។ បន្ថែម​ពី​លើ​នេះ អ្វី​ដែល​កម្លាំង​របស់​លោក សម្រេច​ចិត្ត​ដក​ថយ​វិញ​កាល​ណោះ គឺ​ដើម្បី​កុំ​ឲ្យ​មាន​ឈ្មោះ​អាក្រក់​ចំពោះ​ប្រវត្តិសាស្ត្រ​ថា​បំផ្លាញ​សន្តិភាព ជាពិសេស​មិន​ចង់​ឃើញ​ខ្មែរ​បង្ហូរ​ឈាម​ឡើង​វិញ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មិន​មាន​អី​ទៅ​ក្បត់​សម្ដេច​ក្រុម​ព្រះ​ទេ។ គ្រាន់​តែ​ថា​ខ្ញុំ​ជា​មេទ័ព​មួយ ខ្ញុំ​មាន​បទពិសោធន៍។ ខ្ញុំ​សិក្សា និង​មើល​ពី​បទពិសោធន៍​ពី​ប្រទេស​ផ្សេងៗ​ជាច្រើន​ណាស់។ ឧទាហរណ៍​ថា បើ​ថ្ងៃ​នោះ​ខ្ញុំ​ប្រយុទ្ធ​យក​ស្លាប់​រស់​ទៅ​ប្រហែល​ភ្នំពេញ។ ហើយ​បើ​ឆេះ​ខ្ទេច​ទៅ គឺ​ខ្ញុំ​ប្រហែល​អាច​ត្រូវ​ព្យួរ​ក ឬ​ប្រហារ​ជីវិត​ហើយ ព្រោះ​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​ងាប់​អាយុ​ជីវិត​ប្រជាពលរដ្ឋ ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ទ្រព្យ​ប្រជាពលរដ្ឋ​ច្រើន​ណាស់ មិន​អាច​មាន​ថ្ងៃ​នេះ​ដែល​ខ្ញុំ​អាច​មក​ឈរ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បាន​ទេ។ ខ្ញុំ​គិត​ថា បើ​ទោះ​ជា​ខ្ញុំ​ខ្លាំង​ប៉ុណ្ណោះ​ក៏ដោយ ចុង​បញ្ចប់​ខ្ញុំ​ត្រូវ​ចាញ់​នៅ​ភ្នំពេញ ព្រោះ​កងទ័ព​ទូទាំង​ប្រទេស​មក​វាយ​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ភ្នំពេញ​មាន​តែ​កង​អង្គរក្ស​សម្ដេច​ក្រុម​ហ្នឹង»

ជុំវិញ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៥-៦ កក្កដា អតីត​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ អាច​បណ្ដាល​មក​ពី​មិន​ទុក​ចិត្ត​គ្នា​រវាង​បក្ស​ទាំង​ពីរ​នៅ​ពេល​នោះ។ ម្យ៉ាង​វិញ​ទៀត ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​រវាង​កម្លាំង​យោធា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដំណឹង​អំពី​ការ​មិន​បែង​ចែក​អំណាច​ស្មើ​គ្នា និង​ការ​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ ជាដើម គឺ​ជា​ដើម​ចម​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​នេះ​ឡើង។

ដោយឡែក​គណបក្ស​ប្រឆាំង​ឯណេះ​វិញ ក៏​រំឭក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា ដូច​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នេះ​ដែរ នៅ​ក្នុង​ទីស្នាក់ការ​នា​សង្កាត់​ចាក់អង្រែលើ ក្នុង​ថ្ងៃ​តែ​មួយ។ ពិធី​ដែល​រៀបចំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​នេះ លោក កឹម សុខា ពុំ​បាន​និយាយ​អ្វី​ច្រើន​ឡើយ ក្រៅ​ពី​សារ​នយោបាយ​ផ្ដោត​សំខាន់​រឿង​ព្រះ​ធម៌​ទៅ​វិញ​នោះ។ ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​លើក​ទី​២ នេះ លោក កឹម សុខា បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​គោលការណ៍​អហិង្សា និង​មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​ឡើយ ជាពិសេស​នឹង​មិន​ដឹក​នាំ​ប្រទេស​ទៅ​រក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដូច​ថ្ងៃ​ទី​៥-៦ កក្កដា នោះ​ដែរ

ក្រៅ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ប្រារព្ធ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី ១៩​ឆ្នាំ​មុន​នោះ គេ​សង្កេត​ឃើញ​ថា ពុំ​មាន​បក្ស​ដទៃ​ណា​មួយ​ក្រៅ​ពី​នេះ រំឭក​ព្រឹត្តិការណ៍​ដូច​នេះ​ឡើយ ជាពិសេស​គណបក្ស​នយោបាយ​ដែល​ដិតដាម និង​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​នៅ​ពេល​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ងំ​ឈឹង​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា។

ស្រប​ពេល​នេះ លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ថា កម្លាំង​រណសិរ្ស​តស៊ូ​ដែល​ស្មោះ​ត្រង់​នឹង​របប​រាជា​និយម គិត​ចាប់​ពី​ទសវត្សរ៍​ទី​៨០ បូក​រួម​ទាំង​ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ផង គឺ​មាន​នាយ​ទាហាន នាយ​ទាហាន​រង និង​ពលរដ្ឋ​បាន​ពលី​ជីវិត​ប្រមាណ​ជាង ៤​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។