អ្នកវិភាគ​ថា របប​ក្រុង​ភ្នំពេញ រឹតតែ​ហាម​មិន​ឲ្យ​តំណាង​រាស្ត្រ​ចូល​ជួប​លោក កឹម សុខា រឹត​តែ​ខាត​បង់​សម្រាប់​គណបក្ស​កាន់​អំណាច

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​យល់​ថា ការ​ដាក់​បំរាម​ហាម​មិន​ឲ្យ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​បាន​ចូល​ជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ «ម​៣» ត្រពាំង​ផ្លុង នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច និង​របប​ក្រុង​ភ្នំពេញ​ចំណេញ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​វិភាគ​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ការ​ខាត​បង់​សម្រាប់​របប​ក្រុង​ភ្នំពេញ​ទៅ​វិញ​ទេ។

តុលាការ​ក្នុង​របប​ក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​សម្រេច​មិន​អនុញ្ញាត​ឲ្យ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក កង គឹមហាក់ ដែល​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​យក​អាសនៈ​ទាំង​បំពាន​ច្បាប់​នោះ ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​បាន​ទេ។ ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី បាន​លើក​ហេតុផល​ថា សំណុំ​រឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ពី​សំណាក់​តុលាការ​នៅ​ឡើយ។

លើក​នេះ ក៏​ដូច​រាល់​លើក​មុនៗ ដែរ គឺ​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី ប្រាប់​ថា មាន​តែ​ក្រុម​មេធាវី និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ ទើប​ត្រូវ​បាន​អនុញ្ញាត​ឲ្យចូលសួរសុខទុក្ខលោក កឹម សុខា ក្នុង​ពន្ធនាគារ «ម៣» បាន។

បើ​ទោះ​ជា ដឹង​ថា ការ​ហាម​មិន​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ចូល​ជួប​លោក កឹម សុខា កំពុង​ជាប់​ឃុំ ត្រូវ​រង​ការ​រិះគន់​ថា ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ឃុំ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​របប​មួយ​នេះ ហាក់​មិន​បាន​អើពើ​នឹង​ការ​រិះគន់​ទាំង​នេះ​ទេ ដោយ​នៅ​តែ​បន្ដ​ធ្វើ​មិន​ដឹង និង​ចាត់​ទុក​ថា ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​ច្បាប់ ខណៈ​របប​មួយ​នេះ បាន​ចាត់​ឋានៈ​លោក កឹម សុខា ថា ជា​ជន​ជាប់​ឃុំ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាក​សួរ សំណុំ​រឿង​ក្បត់​ជាតិ។

អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង លោក ហង្ស វិទូ ហៅ​ការ​ហាម​ឃាត់​បែប​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​គណបក្ស​កាន់​អំណាច​ទេ។ លោក ហង្ស វិទូ យល់​ថា សកម្មភាព​របស់​របប​ក្រុង​ភ្នំពេញ​នេះ អាច​ជា​ការ​បង្ហាញ​ថា របប​មួយ​នេះ កំពុង​មាន​ភាព​ភ័យ​ខ្លាច ក្នុង​ការ​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​គិត​ថា កាល​ណា​យើង​ហាម​បែប​ហ្នឹង ខ្ញុំ​យល់​ឃើញ​ថា វា​ជា​ការ​ខាត​បង់​មួយ ខាត​ម្តង​ហើយ​ម្តង​ទៀត។ រឹត​តែ​ហាម​រឺត​តែ​ខាត ព្រោះអី ប្រជា​ពលរដ្ឋ​គាត់​តាម​ដាន​ព័ត៌មាន​ច្រើន ជា​ពិសេស ស្តាប់​វិទ្យុ​ផ្សេងៗ ព័ត៌មាន​តាម​ទស្សនាវដ្តី​ច្រើន​ជាង​ពេល​មុនៗ។ បើ​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​អញ្ចឹង​ទេ រដ្ឋាភិបាល​ទេ ដែល​ជា​អ្នក​ខាត​បង់។ សព្វថ្ងៃ​ប្រជា​ពលរដ្ឋ​មាន​គិត​គូរ​ច្រើន​ណាស់។ បើ​រដ្ឋាភិបាល​ប្រើ​ស្តាយ​ដដែល​នោះ គឺ​ខាត​បង់​ច្រើន​ណាស់ បាទ »

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ចាម ​មក​ពី​​គណបក្ស​សង្គ្រោះ​ជាតិ លោក កង គឹមហាក់ ​ កាល​ពី​ថ្ងៃ​ទី​៥ មេសា បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ចូល​សួរ​សុខ​ទុក្ខ​ប្រធាន​​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃទី​១២ មេសា។ កន្លង​មក តំណាង​រាស្ត្រ​ជា​ច្រើន​របស់​គណបក្ស​ប្រឆាំង មាន​លោក អ៊ូ ច័ន្ទរ័ត្ន លោក ម៉ៅ មុនីវណ្ណ ជា​ដើម សុទ្ធតែ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បដិសេធ​មិន​ឲ្យ​ចូល​ពន្ធនាគារ «ម៣» សួរ​សុខ​ទុក្ខ​លោក កឹម សុខា ក្រោម​ហេតុផល​ដូច​គ្នា គឺ​ថា លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្រាវជ្រាវ និង​ស៊ើប​អង្គេត ដែល​ត្រូវ​ហាម​ឃាត់​រាល់​បុគ្គល​មិន​ឲ្យ​បាន​ចូល​ជួប វៀរលែង​តែ​ក្រុម​មេធាវី និង​ក្រុមគ្រួសារ។

ទោះ​ជា​មេ​ដឹក​នាំ និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​ក្រុង​ភ្នំពេញ អះអាង​ថា រឿង​ក្ដី​លោក កឹម សុខា ស្ថិត​ក្នុង​អំណាច​តុលាការ ហើយ​គ្មាន​សិទ្ធិ​បញ្ជា​លើ​តុលាការ ប៉ុន្ដែ​នរណា​ក៏​ដឹង​ថា តុលាការ​គ្រាន់​តែ​ជា​ឧបករណ៍​បម្រើ​ឲ្យ​របប​ក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង​៧ ដែល​កំពុង​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី ប្រាប់​ថា កូន​ក្ដី​របស់​អ្នកស្រី ពិត​ជា​ចង់​ជួប​សហការី​របស់​គាត់​ណាស់។ អ្នកស្រី ម៉េង សុភារី ប្រាប់​ថា តាំង​ពី​​មាន​ការ​ចាប់​ខ្លួន​មក លោក កឹម សុខា មិន​ដែល​បាន​ជួប​នរណា​ទាល់​តែ​សោះ។ មេធាវី​ថា រឿង​ក្ដី​របស់​លោក កឹម សុខា ហាក់​ដូច​ជា​មាន​ការ​រំលោភ​លើ​សិទ្ធិ​ជន​ជាប់​ឃុំ ដោយសារ​រឿង​ក្ដី​កន្លង​មក បើ​ទោះ​ជា​ជន​ជាប់​ឃុំ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្រាវជ្រាវ និង​ស៊ើប​អង្កេត ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង​ប្អូន មិត្តភក្ដិ បាន​ចូល​ជួប​ជន​នោះ​ដែរ៖ «ធម្មតា​គាត់​នៅ​ក្នុង​ពន្ធគារ គាត់​ចង់​ជួប​មិត្តភិក្ត​អី​គាត់​ដែរ ហើយ​គាត់​ឯកការ​បន្តិច​ហើយ ព្រោះ​អី​ក្រៅ​ពី​ក្រុម​គ្រួសារ​គាត់ សាច់ញាតិ​គាត់ និង​មេធាវី​ការពារក្តី​ឲ្យ​គាត់ គាត់​មិន​បាន​ជួប​អ្នក​ណា​ទេ​ចា »

របប​ក្រុង​ភ្នំពេញ​បាន​រឹតត្បឹត​សិទ្ធិ​របស់​លោក កឹម សុខា ខុស​ពី​ជន​ជាប់​ឃុំ​ដទៃ។ ប្រធាន​បក្ស​ប្រឆាំង ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​មក​ដល់​ថ្ងៃ​នេះ ធ្លាប់​បញ្ជូន​ឲ្យ​មក​ស្ដាប់​សវនាការ​ក្នុង​សាលា​ជម្រះ​ក្ដី​តែ​ម្ដង​គត់ គឺ​កា​ពី​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ នៅ​សាលាឧទ្ធរណ៍។ សវនាការ​លើក​ក្រោយៗ មក​ទៀត សុទ្ធតែ​ជា​សវនាការ ដែល​ចៅក្រម​ស៊ើបសួរ បាន​ទៅ​សាកសួរ​លោក កឹម សុខា ដល់​ក្នុង​ពន្ធនាគារ «ម៣» ឬ​ជា​សវនាការ ដែល​មាន​តែ​ក្រុម​មេធាវី ដោយ​អវត្តមាន​លោក កឹម សុខា នៅ​​សា​លាជម្រះ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។