សវនាការជំនុំជម្រះក្តីករណីចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ត្រូវពន្យារពេលជាថ្មីម្តងទៀត ដោយគ្មានបញ្ជាក់មូលហេតុច្បាស់លាស់។ តុលាការបានលើកសវនាការទីពីរហើយ ក្រោយមេធាវីការពារក្តីលោក កឹម សុខា ខ្វែងយោបល់គ្នាខ្លាំងជាមួយខាងភាគីចោទប្រកាន់ ជុំវិញការដាក់ភស្តុតាងថ្មី។
សំណុំរឿងលោក កឹម សុខា ដែលរងការរិះគន់ពីសង្គមស៊ីវិល ថាមានចរិតនយោបាយ តាំងពីដំបូងទីនោះ ឥឡូវកាន់តែបង្កើនភាពមន្ទិល និងភាពមិនច្បាស់លាស់ ថានឹងត្រូវអូសបន្លាយយូរដល់ពេលណា ទើបកាត់ក្ដីចប់ ឬត្រូវបន្តអូសបន្លាយពេលគ្មានទីបញ្ចប់ ព្រោះតុលាការបន្តពន្យារពេលសវនាការញឹកញាប់បែបនេះ។
កាលពីមុន ការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះនេះ គឺធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ និងតក់ក្រហល់ កាលពីគណៈកម្មការអឺរ៉ុប មិនទាន់សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA។
សវនាការ ៥ សប្ដាហ៍ដំបូង តាំងពីថ្ងៃទី ១៥ ខែមករា ប្រព្រឹត្តទៅដោយគ្មានការលើកពេលនោះទេ ទោះជាភាគីក្នុងរឿងក្តី រួមទាំងចៅក្រមជំនុំជម្រះផង តឹងសរសៃកដាក់គ្នា ជុំវិញកិច្ចដំណើរការនីតិវិធីក្នុងសវនាការ។
ប៉ុន្តែ ក្រោយគណៈកម្មការអឺរ៉ុប ប្រកាសដកប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីថ្ងៃទី១២ ខែកុម្ភៈ នោះភ្លាម តុលាការចាប់ផ្ដើមលើកពេលសវនាការភ្លាម។ សវនាការសប្ដាហ៍ទី ៦ ដែលត្រូវធ្វើនៅថ្ងៃទី១៩ និង ២០ ខែ កុម្ភៈ ត្រូវលើកទៅធ្វើកាលពីថ្ងៃទី២៦ និង ២៧ ខែ កុម្ភៈ វិញ។ ឥឡូវ សវនាការសប្ដាហ៍ក្រោយ ដែលត្រូវធ្វើនៅថ្ងៃទី៤ និង៥ ខែមីនា ត្រូវលើកពេលទៅធ្វើនៅថ្ងៃទី១១ និង ១២ ខែមីនាវិញ ដោយគ្មានបញ្ជាក់មូលហេតុច្បាស់លាស់។
សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក អាង ឧត្ដម ប្រាប់អាស៊ីសេរីកាលពីរាត្រីថ្ងៃទី២៧ ខែ កុម្ភៈ ថាការបន្តលើកពេលសវនាការបែបនេះ គឺបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ការចោទប្រកាន់ថា ក្រុមមេធាវីការពារក្តីលោក កឹម សុខា មានចេតនាពន្យារសវនាការនោះ គឺជាចោទប្រកាន់គ្មានមូលដ្ឋាន ព្រោះខាងក្រុមការពារក្តីលោក កឹម សុខា បានទាមទារឱ្យតុលាការបន្ថែមម៉ោងសវនាការ ដោយបើកសវនាការមួយសប្ដាហ៍ ៥ ថ្ងៃ និងបើសវនាការ ៦ ម៉ោងក្នុងមួយថ្ងៃ ដើម្បីពន្លឿនកិច្ចដំណើរការនីតិវិធីនេះ ប៉ុន្តែ ត្រូវបានខាងតុលាការជំទាស់។
លោក អាង ឧត្តម ថាការជំទាស់នេះទៀតសោត គឺឈរលើការដោះសា ដែលថាតុលាការមានសំណុំរឿងច្រើនផ្សេងទៀត ដែលត្រូវយកមកជំនុំជម្រះ និងត្រូវការបន្ទប់សវនាការនេះ ដើម្បីបើកសវនាការរឿងក្តីផ្សេងទាំងនោះ។ លោក អាង ឧត្តម ថា តុលាការមិនខ្វះបន្ទប់សម្រាប់ធ្វើសវនាការនោះទេ បើតុលាការមានឆន្ទៈចង់ពន្លឿនសំណុំរឿងនេះ៖ «ករណីពិសេស ករណីវិសាមញ្ញអ៊ីចឹងបន្ទប់មួយហ្នឹង ត្រូវតែផ្ដាច់មក៍ ! បន្ទប់មានប៉ុន្មានទៀត វាអត់ខ្វះទេ តែគាត់សម្រេចអ៊ីចឹង តាមការសម្រេចរបស់តុលាការ គ្រាន់តែយើងយល់ថា ការសម្រេចនោះអត់សមរម្យ អត់សមស្រប អត់ត្រឹមត្រូវ»។
លោក អាង ឧត្តម ដាក់ការសង្ស័យទៅបង្ហាញអ្វី ដែលអាចនៅពីក្រោយ នៃការបន្តពន្យារពេលសវនាការញឹកញាប់ និងមិនព្រមទទួលយកសំណើ ដែលសុំឱ្យបើកសវនាការញឹកញាប់ជាងនេះនោះ។
ស្របពេលគ្នាដែរ ភាគីខាងការពារក្តីឱ្យលោក កឹម សុខា កាន់តែព្រួយបារម្ភខ្លាំងអំពីសុចរិតភាពនៃដំណើរការក្តីនេះ ដោយសារតែលោកអះអាងថា មានភាពមិនប្រក្រតី និងភាពមិនត្រឹមត្រូវ នៃការដាក់ភស្តុតាងថ្មី ដែលខាងព្រះរាជអាជ្ញា ដាក់បន្ថែម ដើម្បីដាក់បន្ទុកលើលោក កឹម សុខា នៅក្នុងដំណាក់កាលជំនុំជម្រះនេះ។
មេធាវីការពារក្តីលោក កឹម សុខា ថា ដាក់ភស្តុតាងថ្មី ដែលដាក់បន្ទុកលោក កឹម សុខា នៅក្នុងដំណាក់កាលនេះ ដែលព្រះរាជអាជ្ញាទើបតែដាក់ គឺផ្ទុយទៅនឹងគោលការណ៍ច្បាប់ និងបង្ហាញពីការខ្វះភស្តុតាង ក្នុងការដាក់បន្ទុកលើលោក កឹម សុខា តាំងពីមុនបញ្ជូនសំណុំរឿងទៅជំនុំជម្រះមកម្ល៉េះ។
លោក អាង ឧត្តម បន្ថែមថា ព្រះអាជ្ញាមិនអាចដាក់ភស្តុតាងថ្មីនៅក្នុងដំណាក់កាលនេះទេ ព្រោះបើភស្តុតាងនេះខ្វះតាំងពីមុន មានន័យថា តុលាការគ្មានមូលដ្ឋានក្នុងការចោទប្រកាន់លោក កឹម សុខា និងបញ្ជូនរឿងមកជំនុំជម្រះបែបនេះនោះទេ គឺត្រូវទម្លាក់ចោលបទចោទនេះ តាំងពីពេលនោះមកម្ល៉េះ មិនមែននឹកឃើញចង់ដាក់ ចេះតែដាក់បន្ថែមស្រេចតែនឹងចិត្តនោះទេ៖ «តាមពិតនៅពេលដែលខ្លួនឯងយល់ថា វាគ្រប់គ្រាន់ហើយ ស្រាប់តែក្រោយមកយល់ឃើញថា អត់គ្រប់គ្រាន់វិញ ខ្លួនឯងរដ្ឋអាជ្ញាតំណាងអយ្យការនេះ ត្រូវតែធ្វើការលើកលែងការចោទប្រកាន់ ដោយយល់ឃើញថា ភស្តុតាងដាក់បន្ទុក អត់គ្រប់គ្រាន់។ មិនមែនដើរស្វែងរកភស្តុតាងដាក់បន្ទុកថែមទៀត ឱ្យគ្រប់គ្រាន់ ឱ្យលើសពីវិមតិសង្ស័យទេ។ ដូច្នេះ បើក្នុងករណីអត់មានភស្តុតាងគ្រប់គ្រាន់ វាចូលក្នុងគោលការណ៍វិមតិសង្ស័យហើយ។ ក្នុងករណីមានវិមតិសង្ស័យបែបនេះ ត្រូវបានជាប្រយោជន៍របស់ជនជាប់ចោទហើយ តាមច្បាប់រដ្ឋធម្មនុញ្ញ។ នេះជាគោលការណ៍ច្បាប់អន្តរជាតិថែមទៀតផង មិនមែនត្រឹមតែច្បាប់ជាតិទេ»។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងបាននៅឡើយទេ។
ប៉ុន្តែ ថ្មីៗនេះលោក ហ៊ុន សែន បានថ្លែងសារ ប្រកាសកាត់ទោសលោក កឹម សុខា ឱ្យខាងតែបាន ដោយមិនលើកលែងនោះទេ។ លោក ហ៊ុន សែន បានហៅលោក កឹម សុខា ថាជាជនក្បត់ជាតិ ទោះជារដ្ឋធម្មនុញ្ញ ការពារការសន្មតទុកជាមុនថា ជនណាម្នាក់មានទោស នៅមុនតុលាការសម្រេចសេចក្តីយ៉ាងណាក្តី។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថា សំណុំរឿងលោក កឹម សុខា គឺជាសំណុំរឿងនយោបាយ ដែលមិនត្រូវយកប្រព័ន្ធតុលាការមកដោះស្រាយ ដែលនាំឱ្យប៉ះពាល់ដល់សុចរិតភាពរបស់តុលាការនោះទេ។
ចំណែកឯលោក អាង ឧត្ដម ថា បើតុលាការនេះ ឈរលើគោលការណ៍សច្ចៈយុត្តិធម៌ពិតប្រាកដ កូនក្តីរបស់លោក នឹងត្រូវតុលាការរកឃើញថា គ្មានកំហុសអ្វីទាំងអស់។
តែទោះជាយ៉ាងនេះក្តី ក្រុមមេធាវីការពារក្ដី មិនផ្ដេកផ្ដួលទៅតាមនិន្នាការនយោបាយនោះឡើយ គឺត្រូវតស៊ូការពារក្ដី ទៅតាមគោលការណ៍យុត្តិធម៌ និងគោលការណ៍ច្បាប់ គ្រប់ដំណាក់កាលនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។