ពលរដ្ឋ​ខ្មែរ​គ្រោង​តវ៉ា​មុខ​ស្ថានទូត​ចិន​នៅ​អាមេរិក​កុំ​ឲ្យ​គាំទ្រ​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​នឹង​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី វ៉ាស៊ីនតោន នៅ​ថ្ងៃ​សុក្រ​ទី​២៧ ខែ​កក្កដា ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​ប្រទេស​ចិន ដែល​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​របប​លោក ហ៊ុន សែន ឲ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ និង​ការ​បោះឆ្នោត​បែប​អាម៉ាស់ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។

បាតុកម្ម​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កុំ​បង្កើត​របប​វាល​ពិឃាដ​នៅ​កម្ពុជា​ជា​លើក​ទី​២ អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ប្រទេស​ចិន​ជា​ម្ចាស់​ហត្ថលេខី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​បញ្ឈប់​ការ​គាំទ្រ​របប​លោក ហ៊ុន សែន កុំ​ឲ្យ​មានការ​បោះឆ្នោត​ក្លែងក្លាយ។

ជាងនេះទៅទៀត ពួកគេ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​កុំ​ទទួលស្គាល់​ភាព​ស្របច្បាប់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​បែប​អាម៉ាស់ និង​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​នេះ​ឲ្យ​សោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។