មន្រ្តី​បក្ស​ប្រឆាំង​ថា ពលរដ្ឋ​​​មាន​​សិទ្ធិ​សម្រេច​​នៅ​​ផ្ទះ ទោះ​​ព្រះមហាក្សត្រ​​អំពាវនាវ​ឲ្យ​​ចេញ​​ទៅ​​បោះឆ្នោត​ក្ដី

0:00 / 0:00

​ព្រះ​រាជសារ​ចេញ​ពី​ព្រះ​បរមរាជវាំង ឡាយព្រះហស្ត​លេខា​ដោយ​ព្រះ​មហា​ក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​​មាន​​សិទ្ធិ​បោះ​ឆ្នោត ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ប្រើ​​សិទ្ធិ​សេរីភាព​បោះ​​ឆ្នោត​​ទៅ​​តាម​សតិ​សម្បជញ្ញៈ​របស់​​ខ្លួន​​ម្នាក់ៗ ​ដើម្បី​​​ជ្រើសរើស​​អ្នក​​​ដឹក​​នាំ​​​ប្រទេស​​ជាតិ។

នៅ​ក្នុង​ព្រះ​រាជសារ ដែល​ឡាយ​ព្រះ​ហស្ថ​លេខា​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ពោល​​​គឺ​បួន​​ថ្ងៃ​ក្រោយ គ.ជ.ប បិទបញ្ជី​​គណ​បក្ស​​​នយោបាយ និង​បេក្ខជន​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត ព្រះ​មហា​ក្សត្រ​​ចាត់​​ទុក​ការ​​បោះ​​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​​មុខ​ថា​ ជា​ការ​​​បោះ​​ឆ្នោត​​ដោយ​​សេរី ត្រឹម​ត្រូវ យុត្តិធម៌ ស្មើ​ភាព និង​ដោយ​​សម្ងាត់ ស្រប​​តាម​​គោល​ការណ៍​​លទ្ធិ​​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

ព្រះ​អង្គស្នើ​សុំ​ឲ្យ​​ពលរដ្ឋ​កុំ​​មាន​​ការ​ព្រួយ​​បារម្ភ​ពី​ការ​គាប​​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​​ម្នាក់ ឬ​គណ​បក្ស​​​នយោបាយ​​ណា​មួយ​​ឲ្យ​​សោះ។

មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាត់​​ទុក​​ព្រះ​រាជសារ​ព្រះ​មហា​ក្សត្រ​ថា ជា​​រឿង​​ធម្មតា ជា​ប្រពៃណី ដែល​ព្រះ​អង្គ​ធ្វើ​រៀង​រាល់​អាណត្តិ​ដូច្នេះ។ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ខែមិថុនា ពី​ការ​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ ពីការគាប​សង្កត់ គំរាម​កំហែង ឬ​សម្លុតបំភ័យ​នេះ ជា​ឱកាស​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ អនុ​វត្ត​​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​សម្រេច​ទាំង​ការ​សម្រេច​នៅ​ផ្ទះ មិន​ទៅ​បោះ​ឆ្នោត​ផង​ដែរ។ លោក អេង ឆៃអ៊ាង បន្ត​ទៀត​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​គ្មាន​​វត្ត​មាន​គណ​បក្ស​​ប្រឆាំង​ចូល​រួម​បែប​នេះ ពលរដ្ឋ​ម្ចាស់​​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង បាន​បាត់​បង់​សិទ្ធិ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេ​ដឹក​នាំ និង​គណ​បក្ស​​​នយោបាយ ដែល​​ខ្លួន​​ពេញ​​ចិត្ត​​រួច​ទៅ​​ហើយ។ ដូច្នេះ​ការ​សម្រេច​នៅ​ផ្ទះ ក៏​ជាការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ម្នាក់ៗ ​ដែរ៖ «ការបោះឆ្នោត​ខាង​មុខ​នេះ គឺ​ការ​បោះឆ្នោត​មិន​សេរី មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​រាស្រ្ត​ ដែល​ជាការ​ដក​ជម្រើស​របស់​ប្រជាពលរដ្ឋ ទោះបី​មាន​អ្វីជាការ​អំពាវនាវ ឬ​ការ​​ដាក់​សម្ពាធ​យ៉ាង​ម៉េច​​ ក៏លោកនឹង​ធ្វើ​ទៅតាម​ឆន្ទៈ​របស់ខ្លួន​ដែរ»។​

លោក សម រង្ស៊ី នា​ពេល​ថ្មីៗ ​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ថ្វាយ​ព្រះ​មហា​ក្សត្រ ​ស្នើ​សុំ​ព្រះ​អង្គថា កុំ​អោយ​ព្រះ​អង្គ​ធ្វើ​តាម​អ្វី ដែល​រដ្ឋាភិបាល និង​គណ​បក្ស​​ប្រជាជន​កម្ពុជា កំពុង​តែស្នើ​សុំ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍ ដើម្បី​​ជម្រុញ​ប្រជា​ពលរដ្ឋ ឲ្យ​ទៅ​​បោះ​​ឆ្នោត ថ្ងៃ​ទី២៩ ខែកក្កដា​ខាង​​មុខ​​នេះ។ លោក សម រង្ស៊ី ថា​ព្រះ​មហា​ក្សត្រ ដែល​ជាទី​គោរព​របស់​ប្រជា​ពលរដ្ឋ​ជាទូ​ទៅ មិន​ត្រូវ​ចូល​រួម​ដាក់​សម្ពាធ​បែប​នេះ ទៅ​លើ​ប្រជា​ពលរដ្ឋ​​នោះ​ឡើយ។

ស្ថាប័ន​ព្រះ​មហា​ក្សត្រ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​មើល​ឃើញ​ថា រង​សម្ពាធ​ពី​បក្ស​កាន់​អំណាច ដោយ​សារ​លោក ហ៊ុន សែន ធ្លាប់​បាន​គម្រាម​ផ្លាស់​ប្តូរ​របប​រាជា​និយម​ថា បើ​អតីត​ព្រះ​មហា​ក្សត្រ​ព្រះ​បាទនរោត្តម សីហនុ លំបាក​ក្នុង​ការ​ចុះ​ហត្ថ​លេខា លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី រឿង​ព្រំដែន​ជា​មួយ​វៀត​ណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។