ព្រះរាជសារចេញពីព្រះបរមរាជវាំង ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។
នៅក្នុងព្រះរាជសារ ដែលឡាយព្រះហស្ថលេខាតាំងពីថ្ងៃទី១៨ ខែឧសភា ពោលគឺបួនថ្ងៃក្រោយ គ.ជ.ប បិទបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រះមហាក្សត្រចាត់ទុកការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ព្រះអង្គស្នើសុំឲ្យពលរដ្ឋកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឲ្យសោះ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចាត់ទុកព្រះរាជសារព្រះមហាក្សត្រថា ជារឿងធម្មតា ជាប្រពៃណី ដែលព្រះអង្គធ្វើរៀងរាល់អាណត្តិដូច្នេះ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ខែមិថុនា ពីការយល់ឃើញថា ខ្លឹមសារនៃការអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភ ពីការគាបសង្កត់ គំរាមកំហែង ឬសម្លុតបំភ័យនេះ ជាឱកាសធ្វើឲ្យពលរដ្ឋខ្មែរ អនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចទាំងការសម្រេចនៅផ្ទះ មិនទៅបោះឆ្នោតផងដែរ។ លោក អេង ឆៃអ៊ាង បន្តទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ន ដែលគ្មានវត្តមានគណបក្សប្រឆាំងចូលរួមបែបនេះ ពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រគណបក្សប្រឆាំង បានបាត់បង់សិទ្ធិក្នុងការសម្រេចជ្រើសរើសមេដឹកនាំ និងគណបក្សនយោបាយ ដែលខ្លួនពេញចិត្តរួចទៅហើយ។ ដូច្នេះការសម្រេចនៅផ្ទះ ក៏ជាការបង្ហាញឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ដែរ៖ «ការបោះឆ្នោតខាងមុខនេះ គឺការបោះឆ្នោតមិនសេរី មិនឆ្លុះបញ្ចាំងពីឆន្ទៈរាស្រ្ត ដែលជាការដកជម្រើសរបស់ប្រជាពលរដ្ឋ ទោះបីមានអ្វីជាការអំពាវនាវ ឬការដាក់សម្ពាធយ៉ាងម៉េច ក៏លោកនឹងធ្វើទៅតាមឆន្ទៈរបស់ខ្លួនដែរ»។
លោក សម រង្ស៊ី នាពេលថ្មីៗ នេះ បានសរសេរលិខិតមួយច្បាប់ ថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះអង្គថា កុំអោយព្រះអង្គធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើសុំព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ លោក សម រង្ស៊ី ថាព្រះមហាក្សត្រ ដែលជាទីគោរពរបស់ប្រជាពលរដ្ឋជាទូទៅ មិនត្រូវចូលរួមដាក់សម្ពាធបែបនេះ ទៅលើប្រជាពលរដ្ឋនោះឡើយ។
ស្ថាប័នព្រះមហាក្សត្រ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា រងសម្ពាធពីបក្សកាន់អំណាច ដោយសារលោក ហ៊ុន សែន ធ្លាប់បានគម្រាមផ្លាស់ប្តូររបបរាជានិយមថា បើអតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ លំបាកក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមថ្មី រឿងព្រំដែនជាមួយវៀតណាម៕
