មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចាត់ទុកថា សមាជិកបក្សដែលសុំសិទ្ធិធ្វើនយោបាយបាយក្បត់ឆន្ទៈរាស្ត្រដែលជាម្ចាស់សន្លឹកឆ្នោតដែលបានបោះឆ្នោតគាំទ្រជាងកន្លះប្រទេស។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បែរជាស្វាគមន៍ចំពោះមន្ត្រីបក្សប្រឆាំងណាចាកចេញពីបក្ស និងបង្កើតគណបក្សថ្មី។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ចំពោះមន្ត្រីបក្សប្រឆាំងណាដែលសុំសិទ្ធិធ្វើនយោបាយ មានន័យថា ទទួលយកសេចក្ដីសម្រេចរបស់តុលាការរបបក្រុងភ្នំពេញដែលបានសម្រេចរំលាយបក្សសង្រ្គោះជាតិកន្លងមក ថា គឺជារឿងត្រឹមត្រូវ។ អ្នកស្រីថា ការសម្រេចចិត្តនេះ គណបក្សមិនអាចទទួលយកបានទេ ដោយសារតែម្ចាស់ឆ្នោតជាង ៣លាននាក់បានបោះឆ្នោតឲ្យ បក្សប្រឆាំងដើម្បីការពារសិទ្ធិរបស់ពលរដ្ឋ។ គណបក្សសង្គ្រោះ ជាតិមិនទទួលយកបានជាដាច់ខាត៖ «យើងមិនទុកឲ្យអ្នករំលោភ យើងហើយរំលោភទៀតនៅតែមានសិទ្ធិ ធ្វើសេចក្តីសម្រេចឲ្យយើង ឲ្យពលរដ្ឋអោយប្រទេសជាតិ ហើយមនុស្សម្នាក់ ឬក្រុមមួយធ្វើសេចក្ដីសម្រេច ជូនប្រទេសជាតិបានទេ»។
ការលើកឡើងរបស់អ្នកស្រី មូរ សុខហួរ នេះបានកើតឡើងក្រោយពី អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៣នាក់ដែលរួម មានលោក សុន ឆ័យ លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ដែលមានឈ្មោះក្នុងបញ្ជីហាមឃាត់ធ្វើនយោបាយក្នុងចំណោម មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១១៨នាក់ បានសម្រេចចិត្តដាក់លិខិតទៅក្រសួងមហាផ្ទៃ ស្នើសុំលើកបម្រាមសិទ្ធិធ្វើនយោបាយ ដើម្បីផ្ដល់នីតិសម្បទាឡើងវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់អាស៊ីសេរីថា ក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង៣នាក់នោះហើយ កាលពីរសៀលថ្ងៃទី២៧ សីហា។
លោកបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជូនលិខិតនេះទៅអគ្គនាយកដ្ឋានរដ្ឋបាល ក្រុមប្រឹក្សាអ្នកច្បាប់នៃក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិដើម្បីពិនិត្យ និងលើកសំណើស្នើសុំទៅលោក ស ខេង មុននិងស្នើសុំយោបល់ចុងក្រោយទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសម្រេច។
លោកបន្ថែមថា ឥឡូវនេះស្ថាប័នទាំងបីកំពុងប្រជុំ ហើយលោកសង្ឃឹមថា នឹងសម្រេចក្នុងពេលឆាប់ៗខាងមុខ។
ទាក់ទិននឹងលិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង៣នាក់នេះ។ អាស៊ីសេរី មិនអាចទាក់ទងលោក សុន ឆ័យ និងមន្ត្រីពីរនាក់ផ្សេងទៀតបានទេ កាលពីថ្ងៃទី២៨ សីហា។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ជាមនុស្សសំខាន់មួយក្នុងចំណោមក្បាលម៉ាស៊ីន ដឹកនាំរបស់គណបក្សប្រឆាំង។ លោក សុន ឆ័យ តែងតែចេញមុខខាងផ្លូវច្បាប់ការពារដល់ជនរងគ្រោះដោយសារការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញកន្លងមក។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា កន្លងមកលោក សុន ឆៃ និងមន្ត្រីគណបក្សមួយចំនួនទៀត ធ្លាប់បានមកពិភាក្សាជាមួយលោក ដើម្បីរកវិធីសាស្ត្រ សម្រាប់អនាគត នយោបាយបន្តទៅទៀត។
លោកថា មកដល់ពេលនេះលោកមិនទាន់មានគម្រោងបង្កើតគណបក្សថ្មីនៅឡើយទេ៖ «ជាទូទៅ យើងបានជជែកគ្នាពីរឿងដំណើរការទៅមុខ គួរពិចារណា ដោះស្រាយបញ្ហានយោបាយរបៀបម៉េច ឬក៏រកយុទ្ធសាស្ត្របែបណាដើម្បីស្តាលទ្ធិប្រជាធិបតេយ្យ ឡើងវិញ ឬក៏បង្រួបបង្រួមកម្លាំង អ្នកដែលមាននិន្នាការ ប្រជាធិបតេយ្យរបៀបណា។អ្នកប្រឆាំងរបៀបណា ឡើងវិញ។ យើងមិនទាន់បានគិតថា នឹងត្រូវធ្វើអ្វីនៅឡើយទេ មែនទែនទៅ»។
តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចហាមឃាត់សិទ្ធិធ្វើនយោបាយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ១១៨រូប ដែលរួមមានលោក សម រង្ស៊ី និងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បើកទូលាយសម្រាប់ឥស្សរជន នយោបាយរបស់អតីតគណបក្សប្រឆាំងដែលត្រូវ ហាមឃាត់ដោយតុលាការកំពូល។ បើចង់បាននីតិសម្បទា ធ្វើនយោបាយឡើងវិញត្រូវបំពេញបែបបទតាមច្បាប់ និងតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃជាមុនសិន។
លោកបន្ថែមថា រដ្ឋាភិបាលស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ ហើយការចាកចេញនេះឆ្លុះបញ្ចាំងឲ្យឃើញថា មន្ត្រីជាន់ខ្ពស់ទាំងនោះលែងស្ដាប់បញ្ជាមេដឹកនាំរបស់ខ្លួនទៀតហើយ៖ «ឥឡូវនេះគេលែងខ្លាចហើយ ទោះបីជាទណ្ឌិតសម្ភាសន៍ ទណ្ឌិត រត់ចោលស្រុកមើលគេថាម៉េចទៀត បើបីនាក់ហ្នឹងមកហើយ។ ចំពោះគណបក្សប្រជាជនគឺស្វាគមន៍ ឲ្យបងប្អូនចូលរួមក្នុងឆាកនយោបាយនៅក្នុងទីលាន ប្រជាធិបតេយ្យ នៅកម្ពុជាអត់មានរារាំង ចង្អៀតចង្អល់អ្វីទេ»។
គិតមកដល់ថ្ងៃទី២៩ សីហានេះ មានមន្ត្រីជាន់ខ្ពស់ និងសមាជិកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួនជាង ១០នាក់ហើយ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។