អ្នកស្រី មូរ សុខហួរ អ្នកនយោបាយស្ត្រីតស៊ូដើម្បីសិទ្ធិសេរីភាពស្ត្រី និងប្រជាធិបតេយ្យនៅកម្ពុជា
2019.11.30
អ្នកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិបានឆ្លងកាត់ជីវិតតស៊ូផ្នែកនយោបាយអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដើម្បីការផ្លាស់ប្ដូរសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកស្រីជាប់ឈ្មោះក្នុងឆាកអន្តរជាតិថាជាអ្នកដែលប្រឹងប្រែង ដើម្បីការពារសិទ្ធិស្ត្រី និងកុមារីក្នុងសង្គមកម្ពុជា។ ជាមួយគ្នានេះដែរអ្នកស្រី មូរ សុខហួរ ធ្លាប់រងការគំរាមកំហែង ការប្រមាថមើលងាយ ការចាប់ដាក់ពន្ធនាគារ និងចុងក្រោយនេះគឺបង្ខំចិត្តភៀសខ្លួនពីប្រទេសកំណើតម្ដងទៀត ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់លោក ហ៊ុន សែន។
អ្នកស្រី មូរ សុខហួរ ជាអ្នកនយោបាយស្ត្រីបក្សប្រឆាំង ដែលលេចធ្លោមួយរូបនៅកម្ពុជា នៅតែប្រកាន់ជំហរថា នឹងរិះរកមធ្យោបាយវិលត្រឡប់ទៅកម្ពុជាជាស្រុកកំណើត ដើម្បីបន្តជីវិតនយោបាយរបស់អ្នកស្រីតទៅទៀត ដែលសំដៅដល់ការវិលទៅបំពេញការងារ ដើម្បីក្ដីប្រាថ្នារបស់អ្នកស្រី គឺការផ្លាស់ប្ដូរ ដើម្បីកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ បន្ទាប់ពីបានខកខានវិលទៅកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា។
បើទោះជាយ៉ាងណាក្នុងដំណើរវិលទៅកម្ពុជាវិញអ្នកស្រីធ្លាប់បានប្រកាសថា ហ៊ានលះបង់ជីវិតរបស់អ្នកស្រី ដើម្បីដឹកនាំក្រុមពលករចំណាកស្រុកត្រឡប់ទៅស្រុកវិញ។ អ្នកស្រីថា ការរារាំងមិនឱ្យអ្នកស្រីបានត្រឡប់ទៅកម្ពុជាវិញនេះជាការរំលោភបំពានធ្ងន់ធ្ងរចំពោះសិទ្ធិរបស់អ្នកស្រី និងអ្នកគាំទ្រ ដែលបោះឆ្នោតឱ្យអ្នកស្រី៖ «គ្មានពលរដ្ឋណាចង់រស់នៅនិរទេសខ្លួន ហើយជាពិសេសនិរទេសដោយអយុត្តិធម៌ ដោយការបង្ខំចិត្តអយុត្តិធម៌ណាស់ ដូច្នេះខ្ញុំនៅតែឈានជើងទៅមុខ ដើម្បីធ្វើមាតុភូមិនិវត្ត»។
អ្នកស្រីគឺជាតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សប្រឆាំងមកពីមណ្ឌលបាត់ដំបង ប៉ុន្តែត្រូវរបបក្រុងភ្នំពេញបំបិទសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០១៧ និងចេញដីកាតាមចាប់ខ្លួនជាមួយមេដឹកនាំគណបក្សនេះជាច្រើននាក់ទៀត។
ក្នុងជីវិតនយោបាយរបស់អ្នកស្រី នៅឆ្នាំ២០០៩ អ្នកស្រីធ្លាប់តតាំងក្ដីជាមួយបុរសខ្លាំងនៅកម្ពុជា គឺលោក ហ៊ុន សែន ដោយអ្នកស្រីប្ដឹងលោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ ប៉ុន្តែតុលាការសម្រេចតម្កល់សំណុំរឿងទុកឥតចាត់ការ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសដោយប្រយោលថា នៅក្នុងខេត្តកំពតមានស្ត្រីជើងខ្លាំង ដែលពូកែខាងរករឿងនៅក្នុងពេលឃោសនាបោះឆ្នោត លោកស្រីរូបនោះរត់ទៅឱបគេសោះ បែរជាបន្ទោសថា គេធ្វើរបូតឡេវអាវរបស់អ្នកស្រី ហើយបានដាក់ពាក្យប្ដឹងគេថែមទៀត។ ផ្ទុយពីនេះអ្នកស្រី បែរជាចាញ់ក្ដីលោក ហ៊ុន សែន ដែលប្ដឹងបកអ្នកស្រីទៅវិញ។ អ្នកស្រីនៅតែចាត់ទុករឿងនេះថា អយុត្តិធម៌នៅពេលដែលនាយករដ្ឋមន្ត្រីបានមើលងាយស្ត្រីម្នាក់។ អ្នកស្រីក៏ត្រូវចាប់ខ្លួនដាក់ពន្ធនាគារមួយអាទិត្យកាលពីខែកក្កដាឆ្នាំ២០១៤ ពាក់ព័ន្ធអំពើហិង្សានៅទីលានប្រជាធិបតេយ្យ គឺបន្ទាប់ពីអ្នកស្រី និងមន្ត្រីបក្សនេះនាំគ្នាធ្វើយុទ្ធនាការរំដោះទីលានប្រជាធិបតេយ្យ នៅពេលអាជ្ញាធររបបក្រុងភ្នំពេញបិទមិនឱ្យមានការតវ៉ានៅទីលាននេះ។
មកដល់ពេលនេះអ្នកស្រី មូរ សុខហួរ ថា អ្នកស្រីដែលធ្វើដំណើរទៅបណ្ដាកន្លែងជាច្រើនក្នុងពិភពលោក ដើម្បីជួបជាមួយអ្នកដឹកនាំទាំងឡាយ អ្នកស្រីនៅតែមានសកម្មភាពប្រឆាំងនឹងលោក ហ៊ុន សែន ដែលអ្នកស្រីរៀបរាប់ថា ជាមេដឹកនាំផ្ដាច់ការ។ អ្នកស្រីថា អ្វីដែលអ្នកស្រីធ្វើ ដើម្បីយុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍របស់ស្ត្រីរងគ្រោះនឹងមិនអាចបញ្ចប់ឡើយ៖ «ដោយសារយើងជាស្ត្រី យើងត្រូវមានអំណាច យើងមានអំណាចទៅហើយ យើងមានភារកិច្ចទៅហើយ យើងមានតម្លៃទៅហើយ ដូច្នេះយើងប្រើតម្លៃតួនាទី និងអំណាចទាំងនោះ ដើម្បីប្រឈមមុខស្វែងរកយុត្តិធម៌ ហើយយុត្តិធម៌នោះមិនមែនសម្រាប់បុគ្គលម្នាក់ ស្ត្រីម្នាក់ទេ។ ពេលណាស្ត្រីម្នាក់រកបានយុត្តិធម៌ ដោះស្រាយបញ្ហាផ្ទាល់ខ្លួនបាន គឺដូចជាចូលរួមដោះស្រាយបញ្ហាសង្គម ក៏ដូចជាបញ្ហាជាតិដែរ។ ដូច្នេះនៅពេល ដែលខ្ញុំប្រឈមមុខ និងភាពអយុត្តិធម៌គឺខ្ញុំយល់ឃើញថា ជាកាតព្វកិច្ចរបស់ខ្ញុំ ដែលត្រូវបង្ហាញឱ្យស្ត្រីឃើញថា ត្រូវតែហ៊ានតទល់ ទោះបីជាអ្នកនោះមានអំណាចដល់ណាក៏ដោយ»។
ក្នុងវ័យ ៦៥ឆ្នាំ អ្នកស្រី មូរ សុខហួរ ប្រឡូកក្នុងវិស័យនយោបាយនៅកម្ពុជាតែម្នាក់ឯងនៅពេល ដែលកូនស្រីទាំងបីនាក់កំពុងរស់នៅក្រៅប្រទេស ចំណែកប្ដីរបស់អ្នកស្រី ដែលជាអ្នកជ្រោមជ្រែងការងាររបស់អ្នកស្រីតាំងពីដំបូងៗមកនោះ បានទទួលមរណភាពកាលពីឆ្នាំ២០១៦។
នៅមុនពេលឈានចូលក្នុងវិស័យនយោបាយអ្នកស្រី មូរ សុខហួរ បានបង្កើតអង្គការមិនមែនរដ្ឋាភិបាលមួយការពារ លើកស្ទួយសិទ្ធិស្ត្រី ឈ្មោះអង្គការខេមរា (Khemara) ក្នុងឆ្នាំ១៩៩១។ ខេមារា គឺជាអង្គការក្នុងស្រុកដំបូងគេធ្វើការងារជាមួយស្ត្រី និងកុមារី ដែលផ្ដល់ការគាំទ្រដល់ក្រុមអ្នកងាយរងគ្រោះ និងជួយឱ្យសំឡេងរបស់ពួកគេបានឮដល់សង្គមខាងក្រៅ។ អ្នកស្រីប្រឡូកក្នុងវិស័យនយោបាយជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៥ ចាប់ផ្ដើមជាទីប្រឹក្សារបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ គឺបន្ទាប់ពីអ្នកស្រី បានជួបអ្នកនយោបាយអាមេរិកអ្នកស្រី ហីលឡារី គ្លីនតុន (Hillary Clinton) ជាលើកដំបូងនៅទីក្រុងប៉េកាំង៖ «បើសិនជាយើងនៅជួរសង្គមស៊ីវិល ឬមួយក៏នៅក្រៅប្រព័ន្ធរដ្ឋាភិបាល យើងមិនអាចធ្វើគោលការណ៍ជាតិ ហើយយើងក៏មិនអាចមានថវិកាជាតិ ដើម្បីឱ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ស្ត្រី និងការអភិវឌ្ឍ និងលើកស្ទួយស្ត្រី តាមរយៈគោលនយោបាយនៃរដ្ឋាភិបាលទេ»។
ក្នុងឆ្នាំ១៩៩៨ អ្នកស្រីបានជាប់ឆ្នោតជាតំណាងរាស្ត្រ ហើយបានធ្វើជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជន។ អ្នកស្រីគឺជាអ្នកផ្ដួចផ្ដើមឱ្យមានសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារដើម្បីការពារសមាជិកក្នុងគ្រួសារ ជាពិសេសស្ត្រី និងកុមារ ពីអំពើហិង្សាគ្រប់ប្រភេទ រួមនឹងការរំលោភបំពាននានា។
អ្នកស្រីទទួលបានពានរង្វាន់ជាច្រើនពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសស្ថាប័នសំខាន់ៗមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនាមស្ត្រីជាអ្នកដឹកនាំ ជាអ្នកតស៊ូ ដើម្បីសិទ្ធិស្ត្រី និងកុមារីនៅកម្ពុជា។ អ្នកស្រីក៏ធ្លាប់ជាប់ជាបេក្ខភាពស្ត្រីសម្រាប់ពានរង្វាន់ណូប៊ែល សន្តិភាព(Nobel Peace Price) ផង កាលពីឆ្នាំ២០០៥ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា និងនៅក្នុងប្រទេសថៃ។
អ្នកស្រីត្រូវអង្គការជាច្រើនផ្ដល់ឱកាសឱ្យចេញមុខទៅនិយាយបង្ហាញពិភពលោក ពីអ្វីដែលអ្នកស្រីកំពុងទាមទារចង់បាន និងចង់ឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជា ក្នុងពេលអ្នកស្រីត្រូវរារាំងមិនឱ្យវិលទៅកម្ពុជាវិញ។ ជាមួយគ្នាអ្នកស្រីក៏នៅតែមិនភ្លេចលើកឡើងពីទុក្ខសោករបស់ស្ត្រី ដែលរងគ្រោះដោយអំពើហិង្សា និងការរំលោភសិទ្ធិដីធ្លី៖ «យើងជាពលរដ្ឋខ្មែរ មានដីមានស្រែមានចម្ការ មានកេរដំណែលតាំងពីដូនតា មានទឹកមានដី មានព្រៃព្រឹក្សា តែនៅពេលនេះមិនធម្មតា ព្រោះតែរដ្ឋាភិបាល អស់ដីអស់ធ្លី»។
អ្នកស្រី មូរ សុខហួរ បានទៅរៀនបន្តនៅប្រទេសបារាំងក្នុងឆ្នាំ១៩៧២ ហើយបន្តទៅសហរដ្ឋអាមេរិក។ នៅពេលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលអ្នកស្រីបន្តស្នាក់នៅភៀសខ្លួននៅសហរដ្ឋអាមេរិកជាទីដែលអ្នកស្រីបានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យា និងសង្គមកិច្ច។ អ្នកស្រីបានទៅកម្ពុជាវិញក្នុងឆ្នាំ១៩៨៩។ ក្នុងរយៈពេលដែលអ្នកស្រីនៅកម្ពុជា អ្នកស្រីបានជួយជ្រោមជ្រែងក្មេងស្រីជាច្រើនឱ្យចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ។
សកម្មជនបរិស្ថាន កញ្ញា លឹម គីមស័រ ដែលធ្លាប់ធ្វើការងារជាមួយអ្នកស្រី មូរ សុខហួរ ជាច្រើនឆ្នាំដែរនិយាយថា អ្នកស្រីជាអ្នកមានចិត្តល្អ សប្បុរស ក្លាហាន និងផ្ដល់ឱកាសឱ្យយុវជន ជាពិសេស ក្មេងស្រី។ គឹមស័រ ថា ពេលខ្លះអ្នកស្រី មូរ សុខហួរ រងគ្រោះដោយសារតែទឹកចិត្តល្អរបស់អ្នកស្រីនោះក៏មាន។
បើទោះជាយ៉ាងណា គឹមស័រ មើលឃើញដែរថា អ្នកស្រី មូរ សុខហួរ ក៏នៅប្រកាន់គំនិតមនុស្សចាស់ ដែលមិនសូវទទួលយកគំនិតពីក្មេងៗ ដែរ។ បើទោះជាយ៉ាងណាអ្នកស្រី គឺជាស្ត្រីអ្នកនយោបាយគំរូសម្រាប់ស្ត្រីក្មេងស្រីជំនាន់ក្រោយ៖ «ច្បាស់ជាត្រូវយកគំរូពីគាត់ហើយ តែគិតទៅមិនមែនតែមីងទេ ខ្ញុំក៏ចង់បានឱកាសពីថ្នាក់ដឹកនាំ មិនថាពីគណបក្សដទៃទៀត ពីគណបក្សប្រជាជន ឬក៏គណបក្សផ្សេងទៀតទេ គឺខ្ញុំចង់បានឱកាសពីអ្នកធ្លាប់ធ្វើការងារពីដើមមក»។
នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ អ្នកស្រី មូរ សុខហួរ ដែលកាលណោះជាអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ អ្នកស្រីបានប្រឹងប្រែងតស៊ូមតិជាច្រើនក្នុងបក្ស ដើម្បីបញ្ចូលស្ត្រីឱ្យបានច្រើនក្នុងបញ្ជីបេក្ខជនឈរឈ្មោះ ដែលអាចជាប់ឆ្នោតក្លាយជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន។
អតីតនាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ មើលឃើញថា អ្នកស្រី មូរ សុខហួរ មានសក្ដានុពលនៅក្នុងការងាររបស់អ្នកស្រី ក្នុងការចូលរួមការពារសិទ្ធិស្ត្រី និងជាគំរូសម្រាប់ស្ត្រីចូលរួមក្នុងវិស័យនយោបាយ។ ប៉ុន្តែអ្នកស្រីថា អ្នកស្រី មូរ សុខហួរ ក៏មិនខុសពីស្ត្រីខ្មែរផ្សេងទៀតដែលកំពុងឋិតនៅក្នុងវិស័យនយោបាយទេ គឺត្រូវប្រឈមការរើសអើង ពីសំណាក់ក្រុមបុរសនៅក្នុងបក្ស បើទោះជាស្ត្រីរូបនោះមានភាពក្លាហាន និងសមត្ថភាព៖ «គណបក្សប្រឆាំងក៏មានបញ្ហាដូចគ្នាជាមួយនឹងការទទួលស្គាល់ស្នាដៃ និងតួនាទីដឹកនាំរបស់ស្ត្រី វាជារឿងមួយដែលសង្គមយើងជួបប្រទះ»។
សម្រាប់ថ្ងៃអនាគត អ្នកស្រី មូរ សុខហួរ ចង់ឃើញ ការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋចូលរួមវិស័យនយោបាយ ដែលនឹងធ្វើឱ្យចំនួនស្ត្រីកាន់តែច្រើនឡើង បានចូលរួមការងារដឹកនាំ និងធ្វើសេចក្ដីសម្រេច។ អ្នកស្រីសង្ឃឹមថាកម្ពុជា អាចនឹងមានស្ត្រីជាអ្នកដឹកនាំប្រទេសនៅថ្ងៃអនាគត៖ «នាយករដ្ឋមន្ត្រី មិនមែនតែបុរសទេអាចធ្វើបាន ស្ត្រីក៏អាចធ្វើបាន អាចធ្វើជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានជំនឿថា នៅពេលណាមួយស្ត្រីខ្មែរ និងក្លាយជានាយករដ្ឋមន្ត្រី»។
បើទោះជាយ៉ាងណាអ្នកស្រីថា បំណងចម្បងនៅពេលនេះគឺអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ រួមចំណែកធ្វើឱ្យកម្ពុជាទៅជាសង្គមប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ដែលអាចបំពេញតម្រូវការពលរដ្ឋគ្រប់ស្រទាប់ ធ្វើឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវមួយ៕