គ.ជ.ប គ្រោង​ជួប​ក្រសួង​មហាផ្ទៃ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយ យ៉ង ចាន់តារា
2015.11.02
ហង្ស ពុទ្ធា ៦២០ លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ចេញ​ពី​សង្គម​ស៊ីវិល និង​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប​ថ្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កំពុង​ពិភាក្សា​លើ​សំណើ​សុំ​ជួប​ផ្លូវ​ការ​រវាង​ក្រុម​បច្ចេកទេស​របស់​ខ្លួន និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

របៀបវារៈ​ដែល គ.ជ.ប គ្រោង​នឹង​លើក​ឡើង គឺ​ការ​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ និង​គិតគូរ​អំពី​ដំណោះស្រាយ​ផ្សេង​ទៀត បើ​សិន​ជា​អគ្គនាយកដ្ឋាន​មួយ​នេះ​មិន​អាច​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​បាន​ទាន់​ពេលវេលា។

មន្ត្រី គ.ជ.ប លើក​ឡើង​ថា ដំណើរ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន នឹង​មិន​អាច​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់​គ្នា សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

ចំណុច​សំខាន់​ដែល គ.ជ.ប ចង់​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ គឺ​ការ​ពន្លឿន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន​ទាន់​ពេលវេលា។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ថា គម្រោង​ជួប​ប្រជុំ​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ដំណោះស្រាយ​មួយ​ចំនួន សម្រាប់​ដំណើរ​ការ​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦ ខាង​មុខ ក្នុង​ករណី​ដែល​ក្រសួង​មហាផ្ទៃ មិន​អាច​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គ្រប់គ្រាន់ និង​មិន​ទាន់​ពេលវេលា​ដល់​ពលរដ្ឋ៖ «ខាង​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ លោក​ធ្លាប់​បាន​ជម្រាប​ហើយ​ថា រហូត​ដល់​ចុង​ឆ្នាំ​២០១៦ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ធ្វើ​បាន​តែ​ត្រឹម ៧​លាន​សន្លឹក​ទេ។ គម្រោង​ដែល គ.ជ.ប រក​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គឺ​ជិត ១០​លាន​នាក់។ អ៊ីចឹង តួលេខ​នេះ​បង្ហាញ​ថា ក្រសួង​មហាផ្ទៃ នឹង​មិន​អាច​ចេញ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​បាន​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត តម្រូវ​ឲ្យ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ»

ច្បាប់​បោះ​ឆ្នោត​ថ្មី​មាត្រា​៤៦ ចែង​ថា ដើម្បី​បោះ​ឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​ជាតិ​ខ្មែរ ព្រម​ទាំង​មាន​លក្ខខណ្ឌ​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង មាន​ទីលំនៅ​ដែល​សាមី​ខ្លួន​ត្រូវ​បោះ​ឆ្នោត​ជាដើម។ ដោយឡែក​មាត្រា​៤៩ វិញ កំណត់​ថា គ.ជ.ប ត្រូវ​ចេញ​បទបញ្ជា និង​នីតិវិធី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​លំនៅឋាន​ច្បាស់លាស់ ឬ​ចាក​ចេញ​ពី​លំនៅឋាន​ទៅ​ស្នាក់​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ-សង្កាត់ ដែល​សាមី​ខ្លួន​មាន​ទី​សំណាក់​នៅ​ក្នុង​ឃុំ-សង្កាត់​នោះ។

លោក​បណ្ឌិត ហង្ស ពុទ្ធា បញ្ជាក់​ថា កាលបរិច្ឆេទ​នៃ​គម្រោង​សុំ​ជួប​ពិភាក្សា​ដែល គ.ជ.ប ស្នើ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ គឺ​នៅ​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ខាង​មុខ។

ទាក់ទង​នឹង​គម្រោង​ជួប​ពិភាក្សា​គ្នា​នេះ នាយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី គ.ជ.ប នៅ​ឡើយ។ យ៉ាង​នេះ​ក្តី លោក​អះអាង​ថា អង្គភាព​របស់​លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​បច្ចេកទេស គ.ជ.ប៖ «បើ​មាន​សំណើ យើង​ត្រៀម​ខ្លួន​ជានិច្ច។ បាទ! អត់​អី​ទេ យើង​ត្រៀម​ខ្លួន​សម្រាប់​ការ​ជួប​ជជែក​គ្នា មិន​មាន​បញ្ហា​អ្វី​រាំង​ស្ទះ​ទេ»

ឆ្លើយ​តប​ចំពោះ​ក្តី​ព្រួយ​បារម្ភ​របស់ គ.ជ.ប អំពី​ភាព​យឺតយ៉ាវ​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ រូប​នេះ​បញ្ជាក់​ថា លោក​មិន​ចង់​ឃើញ គ.ជ.ប ទម្លាក់​កំហុស​មក​លើ​តែ​អង្គភាព​របស់​លោក​នោះ​ទេ ពីព្រោះ​នេះ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​រួម​គ្នា។ លោក ម៉ៅ ច័ន្ទតារា បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ ផលិត​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បាន​ជិត ៦​លាន​ប័ណ្ណ៖ «ផ្អែក​តាម​ច្បាប់​បោះ​ឆ្នោត គ្មាន​អ្នក​ណា​បដិសេធ​អត្តសញ្ញាណប័ណ្ណ​ចាស់ ឬ​ក៏​ថ្មី​នោះ​ទេ។ វា​មាន​តម្លៃ​ប្រើប្រាស់​ដូច​គ្នា។ គាត់ (គ.ជ.ប) មាន​បាន​សម្លឹង​ឃើញ​ខ្លួន​គាត់​ទេ គាត់​ធ្វើ ១០​លាន​នាក់។ គាត់​ធ្វើ​ទាន់​ទេ ឥឡូវ​នេះ ហើយ​គាត់​ចេះ​តែ​ចោទ​ពី​បញ្ហា​អត្តសញ្ញាណប័ណ្ណ​នេះ យ៉ាង​ម៉េច​នឹង​កើត»

ជុំវិញ​គម្រោង​ជួប​ប្រជុំ​គ្នា​នេះ​ដែរ លោក ស៊ិន ទិត្យសីហា មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្រែ្វល (COMFREL) គិត​ថា វា​ជា​ការ​ប្រសើរ​ដែល​ស្ថាប័ន​ជំនាញ​ទាំង​ពីរ​អាច​សហការ​គ្នា ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ពលរដ្ឋ។ លោក ស៊ិន ទិត្យសីហា យល់​ឃើញ​ថា ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដល់​ពលរដ្ឋ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ។ លោក​ចង់​ឲ្យ​ស្ថាប័ន​ទាំង​ពីរ ត្រូវ​ធ្វើ​ដោយ​មាន​តម្លាភាព ចៀសវាង​ការ​ចេញ​លិខិត​ដោយ​មិន​ត្រឹមត្រូវ​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ឬ​មាន​ការ​រើសអើង​ចំពោះ​សកម្មជន​គណបក្ស​នយោបាយ៖ «យើង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង គ.ជ.ប ពង្រឹង និង​ត្រួត​ពិនិត្យ​ការ​ចេញ​ឲ្យ​មាន​តម្លាភាព ហើយ​នៅ​ពេល​ចេញ ត្រូវ​មាន​របាយការណ៍​ឲ្យ​បាន​ច្បាស់​ថា តើ​នៅ​ឆ្នាំ​២០១៦ ពេល​ចុះ​ឈ្មោះ​ហ្នឹង អាជ្ញាធរ​ចេញ​បាន​ប៉ុន្មាន? ហើយ​គល់​បញ្ជី​ល្អ​បំផុត គឺ​អាច​បើក​ឲ្យ​គណបក្ស​នយោបាយ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល អាច​ធ្វើ​សវនកម្ម​បាន ធ្វើ​ការ​ត្រួត​ពិនិត្យ​បាន»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កំពុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា។ ដោយឡែក​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផ្លូវ​ការ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ គ.ជ.ប នឹង​ផលិត​បាន​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខែ​សីហា ឆ្នាំ​២០១៦។ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។