"រលកនៃការបំភិតបំភ័យសកម្មជនបក្សប្រឆាំងគឺជាជំងឺភ័យខ្លាចរបស់លោក ហ៊ុន សែន"
2019.05.24
អ្នកវិភាគនយោបាយ និងសង្គមចាត់ទុករលកនៃការកោះហៅសកម្មជនបក្សសង្គ្រោះជាតិ និងការរំខានការជួបជុំញ៉ាំនំបញ្ចុករបស់ពួកគេ ពីសំណាក់នគរបាល និងតុលាការថា ជាការធ្វើទុក្ខបុកម្នេញនិងការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកអ្នកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកទង្វើរបស់នគរបាល និងតុលាការកម្ពុជានេះថា ខ្វះវិជ្ជាជីវៈ និងជាជំងឺភ័យខ្លាច ខ្វះទំនុកចិត្តលើខ្លួនឯងរបស់មេដឹកនាំក្រុងភ្នំពេញ។
ការជួបជុំគ្នាទទួលទាននំបញ្ចុកដែលជាចំណីពេញនិយមរបស់ពលរដ្ឋខ្មែរតាំងពីបូរាណកាលមក ឥឡូវនេះហាក់ក្លាយជាប្រធានបទនយោបាយដ៏រសើបមួយ នៅក្នុងសង្គមកម្ពុជា។
មកដល់ពេលនេះ មានសកម្មជន និងមន្ត្រីបក្សសង្រ្គោះជាតិនៅតាមខេត្តរាប់សិបនាក់ហើយ ដែលត្រូវអាជ្ញាធរប៉ូលិស និងតុលាការសួរនាំ ឃ្លាំមើល រំខាន និងកោះហៅ ដោយសារតែការជួបជុំគ្នាញ៉ាំនំបញ្ចុករបស់ពួកគេ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មានតែការរបបកុម្មុយនិស្ត និងរបបផ្ដាច់ការទេ ដែលតាមដានឃ្លាំមើល និងរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្លួនឯងបែបនេះ៖ «អានេះយើងធ្លាប់ឆ្លងកាត់ហើយតើស គឺសម័យខ្មែរក្រហម។ ឈ្លបវាលួចលាក់យកការណ៍ទាំងម្ដាយឪពុកខ្លួនឯង។ អាហ្នឹងវានៅតែក្នុងរបបកុម្មុយនិស្តផ្ដាច់ការ ដែលត្រួតត្រាដល់ជីវភាពរស់នៅ ដែលគ្នាប្រកបអាជីវកម្មអីហ្នឹង គឺមិនត្រូវទេ របបប្រជាធិបតេយ្យមិនអ៊ីចឹងទេ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ទទួលស្គាល់ថា គ្មានច្បាប់ឯណាហាមឃាត់ការជួបជុំគ្នាទទួលទាននំបញ្ចុកនោះទេ ប៉ុន្តែលោកថា ខ្លាចមានអ្វីច្រើនជាងនោះ៖ «គ្មានច្បាប់ណាហាមការជួបជុំគេទេ! ជាធម្មតាក្រែងមានសកម្មភាពអ្វីផ្សេងទៀតដែលយើងមិនដឹងរឿងផ្ទៃក្នុង។ សមត្ថកិច្ចណាគេឃាត់នឹងគេមានអង្គហេតុរបស់គេត្រឹមត្រូវហើយ។ អាហ្នឹងទាល់តែយើងទៅសួរអ្នកឃាត់ហ្នឹង!»។
ទោះជាយ៉ាងណា បណ្ឌិតឡៅ ម៉ុងហៃ បញ្ជាក់ថា បើទោះជាពលរដ្ឋជួបជុំគ្នា និយាយពីរឿងនយោបាយក៏ដោយចុះ ក៏ជាសិទ្ធិរបស់ពួកគាត់ដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា បើមិនឱ្យគេនិយាយពីរឿងនយោបាយទេ រដ្ឋសភាត្រូវប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នទៅ៖ «គ្មានច្បាប់ណាហាមធ្វើអ៊ីចឹងទេ។ ប៉ុន្តែក្រែងមានសកម្មភាពអីទៀតដែលយើងមិនដឹងផ្ទៃក្នុង។ ទាល់តែសមត្ថកិច្ចណាដែលគេឃាត់ហ្នឹង ច្បាស់ជាមានអង្គហេតុរបស់គេត្រឹមត្រូវហើយ»។
គិតមកត្រឹមថ្ងៃទី២៣ ឧសភា សកម្មភាពឃ្លាំមើល សាកសួរ និងរំខានដល់ការជួបជុំទទួលទាននំបញ្ចុករបស់សកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិ ពីសំណាក់អាជ្ញាធរមូលដ្ឋានកើតមាននៅក្នុងបណ្ដាខេត្តមួយចំនួន ដូចជាខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។
ក្រៅពីនេះ ក៏មានមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សសង្គ្រោះជាតិយ៉ាងតិច ៧០នាក់ ដែលក្នុងនោះ ៣៥នាក់ពីខេត្តបាត់ដំបង និង៣៥នាក់ទៀតពីខេត្តកំពង់ធំ ត្រូវបានតុលាការ និងនគរបាលកោះហៅទៅសាកសួរពីរឿងហូបនំបញ្ចុកនិយាយរឿងនយោបាយ និងសួរនាំពីរឿងប្រឆាំងជំទាស់សាលដីកាតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧។ នៅខេត្តកំពង់ឆ្នាំងឯណោះវិញ មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាគ្រូបង្រៀន មួយរូបគឺ លោក ប៉ុល ទិត្យធានី ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៧ ឧសភា ដោយគ្មានដីកាពីតុលាការ ដោយនគរបាលចោទថា បានបើកគ្លីនិកមើលជំងឺគ្មានអាជ្ញាប័ណ្ណ។ ប៉ុន្តែអ្នកស្រី ហៃ ធារី ជាភរិយាថា កូនស្រីរបស់អ្នកស្រីជាអ្នកមានឈ្មោះក្នុងអាជ្ញាប័ណ្ណ។
ទោះជាយ៉ាងណាក៏ដោយចុះ សកម្មភាពសួរនាំ ឃ្លាំមើល និងកោះហៅធ្វើឡើងស្របគ្នាដោយនគរបាល និងតុលាការនេះ គឺបន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យកម្ទេចនិងបញ្ចប់ជីវិតគណបក្សសង្គ្រោះជាតិ៖ «គឺរឹតអាពួកប្រឆាំងដែលនៅសេសសល់ ឱ្យវារលំរលាយឱ្យឆាប់ ព្រោះគ្មានអ្នកណានឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើដាក់ខ្ញុំដូច្នេះហើយ! ដូច្នេះគឺជាឱកាសលុតពួកខាងក្នុង ផ្ដាច់ខ្សែសង្វាក់វាឱ្យអស់។ ឥឡូវវាកំពុងដើរប្រជុំតាមហាង នានា ដែលខ្ញុំសុំយកឱកាសនេះ ខ្ញុំនឹងបញ្ជូននូវបញ្ហានេះ សម្រាប់អភិបាលខេត្ត សម្រាប់ការណែនាំនានាទៅតាមគ្រប់កន្លែងផងដែរ។ ព្រោះយើងមិនអាចឱ្យពួកអាក្រុមនេះរស់ទេ»។
មេធាវីសិទ្ធិមនុស្សអន្តរជាតិ និងជានាយកប្រតិបត្តិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប្រែដ អាដាម (Brad Adams) និយាយថា ជាក់ស្ដែងណាស់ រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមគំរាមកំហែងអ្នកគាំទ្របក្សប្រឆាំងទាំងអស់ បង្ខំពួកគេឱ្យចាកចេញពីគណបក្សសង្គ្រោះជាតិ ឈប់ជួបជុំគ្នា និងឈប់គាំទ្របក្សប្រឆាំងមួយនេះ៖ «ហេតុផលដែលអាជ្ញាធរងាកចេញពីក្រុងភ្នំពេញទៅធ្វើទុក្ខបុកម្នេញខ្លាំងលើអ្នកគាំទ្របក្សប្រឆាំងនៅតាមបណ្ដាខេត្តវិញនោះ ប្រហែលជាពួកគេមិនចង់ឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកការទូតបរទេសនៅក្នុងរាជធានី។ ប៉ុន្តែកម្ពុជាសម័យនេះ មានហ្វេសប៊ុក និងអ៊ីនធឺណិតគ្រប់ទីកន្លែង ពួកគេមិនអាចលាក់បាំងទង្វើរបស់ខ្លួនបានទេ។ ការកោះហៅមន្ត្រីបក្សប្រឆាំងដោយនគរបាល និងតុលាការជាបន្តបន្ទាប់នេះ គឺមានចេតនាធ្វើឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិភ័យតក់ស្លុត ហើយហក់ទៅគាំទ្របក្សកាន់អំណាចវិញ។ នៅពេលណារដ្ឋាភិបាលបញ្ចេញសកម្មភាពរបៀបនេះ វាបង្ហាញពីការភ័យខ្លាច និងការគ្មានទំនុកចិត្តលើខ្លួនឯងរបស់លោក ហ៊ុន សែន។ វាជាទម្លាប់របស់លោក ហ៊ុន សែន ទៅហើយដែលតែងប្រើល្បិចនយោបាយបំបែកបំបាក់ដើម្បីគ្រប់គ្រងលើគ្រប់គណបក្សប្រឆាំងទាំងអស់។ ប៉ុន្តែពេលនេះ ខ្ញុំយល់ថា លោក ហ៊ុន សែន ដឹងខ្លួនឯងច្បាស់ថា គាត់បរាជ័យក្នុងការប្រើនយោបាយបំបែកបំបាក់ដើម្បីគ្រប់គ្រងនេះ។ អស់រយៈពេលជិត២ឆ្នាំហើយដែលគាត់បានព្យាយាមបំបែកបំបាក់លោក សម រង្សី ចេញពីលោក កឹម សុខា និងធ្វើឱ្យអ្នកគាំទ្របក្សសង្គ្រោះជាតិប្រឈមមុខដាក់គ្នា ឱ្យបែកខ្ញែកគ្នា ឱ្យបង្កើតជាក្រុមនេះ ឬក្រុមនោះ។ ប៉ុន្តែលោក ហ៊ុន សែន បរាជ័យ ពីព្រោះមនុស្សភាគច្រើននៃបក្សប្រឆាំងមួយនេះនៅតែរួមសាមគ្គីគ្នាដដែល។ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំយល់ថា គាត់កំពុងព្យាយាមបំបែកបំបាក់កម្លាំងបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋានវិញម្ដង»។
លោក ប្រែដ អាដាម បន្តថា ពួកមន្ត្រីទូតបរទេសនៅទីក្រុងភ្នំពេញដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស មិនត្រូវនៅស្ងៀមចំពោះការរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋកម្ពុជា ដែលកំពុងកើតឡើងយ៉ាងខ្លាំងក្លានេះទេ៖ «វាជារឿងសំខាន់ណាស់ដែលមន្ត្រីទូតបរទេសទាំងនោះធ្វើអន្តរាគមន៍ជួយដល់អ្នកដែលកំពុងរងការធ្វើទុក្ខបុកម្នេញនៅតាមមូលដ្ឋាន ពីសំណាក់អាជ្ញាធរ ដូចជានៅខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀត ។ ខ្ញុំយល់ថា មន្ត្រីទូតទាំងនោះ ត្រូវជួយដល់ពួកគេ បើទោះជាអ្នកគាំទ្របក្សប្រឆាំងទាំងនោះ ជាមន្ត្រីថ្នាក់មូលដ្ឋាន មិនសូវមានឈ្មោះបោះសំឡេងល្បីដូចសកម្មជនបក្ស ឬមន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះក៏ដោយ ក៏មិនមានន័យថា ពួកគេមានហានិភ័យទាបដែរ។ ដូច្នេះ មន្ត្រីទូតបរទេសទាំងនោះត្រូវតែហាមាត់និយាយចេញមកឱ្យខ្លាំង ប្រាប់ទៅលោក ហ៊ុន សែន ថា ទង្វើដែលគាត់កំពុងធ្វើនេះមិនអាចទទួលយកបានទេ»។
ងាកមករឿងនំបញ្ចុកជ័យខ្ញុំវិញម្ដង។ បណ្ឌិតឡៅ ម៉ុងហៃ កោតសរសើរប្រជាពលរដ្ឋមូលដ្ឋានដែលជួបជុំគ្នាញ៉ាំនំបញ្ចុកនិយាយរឿងនយោបាយ ថាជារឿងល្អទេតើ។ លោកថា រឿងល្អគឺត្រង់ថា ប្រជាពលរដ្ឋខ្មែរយល់ដឹងស្គាល់សិទ្ធិរបស់ខ្លួន ហើយចេះប្រើប្រាស់សិទ្ធិទាំងនោះដោយមិនប៉ះពាល់ដល់ច្បាប់ទៀតផង៖ «ខ្ញុំឃើញអ្នកទាំងអស់ហ្នឹងជាពលរដ្ឋធម្មតា ដូចខ្ញុំដែរ ហើយប្រើប្រាស់សិទ្ធិរបស់គេដោយវិធីសាស្ត្រល្អ គឺពលរដ្ឋផ្ទាល់យល់ដឹងពីសិទ្ធិសេរីរបស់ពួកគេតាមរដ្ឋធម្មនុញ្ញ...»។
បណ្ឌិតឡៅ ម៉ុងហៃ ថា ដើមចមនៃការជំរុញឱ្យមានការជួបជុំគ្នាញ៉ាំនំបញ្ចុករបស់អ្នកគាំទ្របក្សសង្គ្រោះជាតិកាន់តែច្រើនឡើងនេះ ដោយសាររដ្ឋអំណាចខ្លួនឯងតែម្ដង គឺបន្ទាប់ពីពួកគេទៅយាយីរំខានដល់ការលក់ដូរនំបញ្ចុករបស់ចៅសង្កាត់អូរចារនៃបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅខេត្តបាត់ដំបង។
បណ្ឌិតឡៅ ម៉ុងហៃ យល់ឃើញថា ប្រសិនបើអាជ្ញាធរក្រុងភ្នំពេញនៅតែបន្តរំខានអុកឡុកដល់ការជួបជុំគ្នាញ៉ាំនំបញ្ចុករបស់អ្នកគាំទ្របក្សសង្គ្រោះជាតិទៀត ការជួបជុំគ្នាញ៉ាំបែបនេះរបស់បក្សប្រឆាំងនឹងអាចបន្តរីកសាយភាយទៅកន្លែងផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ពីព្រោះកម្ពុជាគ្មានច្បាប់ណាហាមឃាត់ការជួបជុំគ្នាញ៉ាំនំបញ្ចុកហើយសន្ទនាគ្នាពីរឿងនយោបាយនោះទេ។ ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញកម្ពុជា មានតែជំរុញលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរឱ្យចូលរួមចំណែកក្នុងវិស័យនយោបាយ និងវិស័យផ្សេងទៀតដើម្បីជួយគ្នាកសាងប្រទេសជាតិឱ្យរីកចំរើន។
មាត្រា៣៤នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ៕