តុលាការ​សម្រេច​លើក​ពេល​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ទៅ​ដើម​ឆ្នាំ​២០២១

ដោយ សុ ជីវី
2020.11.26
សវនាការ សង្គ្រោះជាតី ២០២០ ទិដ្ឋភាព​ពលរដ្ឋ​តាមដាន​សវនការ​ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ លើ​សំណុំ​រឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
Photo courtesy

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើក​ពេល​ជំនុំជម្រះ​រឿង​ក្តី​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់ ១២០​នាក់ ទៅ​ខែ​មករា និង​ខែ​មីនា ឆ្នាំ​២០២១​ខាងមុខ។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​សវនាការ​ថា ការ​បំពេញ​ការងារ​របស់​តុលា ការ​មាន​ភាព​ថ្លោះធ្លោយ ឬ​កំហុស​ឆ្គង​មួយ​ចំនួន​ដូចជា​បញ្ចូល​លេខ​សំណុំរឿង​ខុស ហើយ​ដីកា​ខ្លះ​ខុស​ឈ្មោះ និង​ជនជាប់ចោទ​ខ្លះ​មិន​ទទួល​បាន​ដីកាកោះ​ពី​តុលាការ​នោះ​ទេ។

យ៉ាងហោច​ណាស់​មាន​មនុស្ស​ជាង ៣០​នាក់​រួមមាន​៖ មន្ត្រី សកម្មជន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ បាន​ចូល​បំភ្លឺ​នៅ​តុលាការ តាម​ដីកា​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

មេធាវី​ម្នាក់​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ លោក ឡោ ជុនធី ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ដែល​តុលាការ​ចោទប្រកាន់ ក្នុង​នោះ​មាន​កូនក្ដី​របស់​លោក​ចំនួន ១២​នាក់​។ លោក​ឱ្យ​ដឹង​ថា តាម​ការ​កត់សម្គាល់​របស់​លោក សវនាការ​ថ្ងៃនេះ​មាន​ជនជាប់ចោទ​ជាង ៣០​នាក់​ចូល​បំភ្លឺ ក្នុង​នោះ​មាន​ជន​ជាប់ឃុំ​ពីរ​នាក់​ផង​ដែរ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។ មេធាវី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា សវនការ​ថ្ងៃ​ដំបូង​នេះ​មិនទាន់​ជជែក​ស៊ីជម្រៅ​នៅឡើយ​ទេ គឺ​មាន​ការ​ជជែក​ត្រឹម​បញ្ហា​កោះហៅ ការ​ពឹង​ពាក់​មេធាវី និង​សំណើ​បញ្ចូល​សំណុំរឿង​។ លោក​ថា ក្រុម​មេធាវី​បាន​ស្នើ​ទៅ​តុលាការ​លើក​ពេល​សវនាការ ដើម្បី​ឲ្យ​ក្រុម​មេធាវី​ពិនិត្យ​សំណុំរឿង​ឡើងវិញ​និង​ទំនាក់ទំនង​ជាមួយ​កូន​ក្ដី ហើយ​តុលាការ​សម្រេច​ដាក់​កាល​បរិច្ឆេទ​លើក ទៅ​ថ្ងៃ​ទី​១៤ ខែ​មករា និង​ថ្ងៃ៤ ខែ​មីនា ឆ្នាំ​២០២១​ខាងមុខ៖ «សវនាការ​ព្រឹក​មិញ​នេះ យើង​បាន​សម្របសម្រួល​គ្នា​ទៅ​រលូន យើង​អត់​មាន​ប្រទាំង​ប្រទើស​គ្នា​ទេ យើង​ជជែក​គ្នា​ម៉ា​ព្រឹក​បាន​ស្រុះស្រួល​គ្នា​ថា បញ្ចូល​សំណុំរឿង​តែ​ពីរ​សំណុំរឿង​វិញ ហើយ​សម្រេច​ដាក់​បរិច្ឆេទ​ត្រឹមត្រូវ»

ចំណែក អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​(VOD) ថា មាន​ជនជាប់ចោទ​ចំនួន ៣៤​រូប​បាន​ចូលរួម​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​។​

រីឯ​ពលរដ្ឋ​មកពី​ខេត្ត​បាត់ដំបង លោក ឡី សុខុន ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ដែរ​នោះ ឱ្យ​អាស៊ីសេរី​ដឹង​ថា តុលាការ​មិនទាន់​សួរដេញដោល​អ្វី​លោក​នោះ​ទេ គ្រាន់តែ​តុលាការ​បាន​ឈ្មោះ​លោក​និង​ពន្យល់​ពី​នីតិវិធី​ច្បាប់​ដល់​លោក។ លោក​ថា មក​ដល់​ពេល​នេះ​លោក​នៅតែ​មិន​ទាន់​ដឹង​ថា ខ្លួន​លោក​ក្បត់ជាតិ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដោយ​របៀប​ណា​នោះ​ទេ៖ «ដល់​ពន្យល់​ពី​នីតិវិធី​ច្បាប់​ហើយ​ទាញ​អង្គហេតុ​ជាមួយ​មេធាវី​របស់ខ្ញុំ​ខ្លះៗ ដើម្បី​លើក​ពេលវេលា​ហើយ​ប្រមែប្រមូល​សំណុំរឿង​ពួក​ខ្ញុំ​យក​មក​សិក្សា​ឱ្យ​បាន​ច្បាស់លាស់»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា សង្កេត​ឃើញ​ថា សវនាការ​ថ្ងៃនេះ​មិន​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នៅ​ឡើយ​ទេ ដោយពេល​ចាប់ផ្ដើម​ដំបូង​មានការ​ខ្ទាស់​គ្នា​រវាង​មេធាវី និង​ព្រះរាជអាជ្ញា។ លោក​ថា ព្រះរាជអាជ្ញា​ទាមទារ​ឱ្យ​ច្របាច់​សំណុំរឿង​ចំនួន​៤ ឱ្យ​មក​ត្រឹមតែ​ពីរ ប៉ុន្តែ​មេធាវី​ការពារ​ជនជាប់ចោទ​ជំទាស់។ លោក​ថា ក្រោយ​ការ​ជជែក​គ្នា​ទើប​មានការ​ឯកភាព​បញ្ចូល​សំណុំរឿង​ពី៤ មក​ត្រឹម ២​សំណុំរឿង​តាម​សំណើ​របស់​ព្រះរាជអាជ្ញា​។ លោក​ថា ដោយសារ​ភាគី​ពាក់ព័ន្ធ​មិនទាន់​ជជែក​ដេញដោល​គ្នា​នៅឡើយ ទើប​តុលាការ​សម្រេច​លើក​សវនាការ​នេះ ទៅ​ជំនុំជម្រះ​នៅ​ឆ្នាំ​២០២១​ខាងមុខ៖ «ដោយសារ​អី​ដែល​ខ្ញុំ​មាន​មិន​ច្បាស់​ហើយ​អាច​មាន​ភាព​មិន​ប្រក្រតី​តាម​នីតិវិធី គឺ​តុលាការ​ដែល​ជន​ចោទ​ខ្លះ​អញ្ជើញ​មក​តុលាការ​ហ្នឹង​គាត់​ទទួល​កោះ​ទេ គាត់​គ្រាន់តែ​បាន​លឺ​គេ​ថា ឬក៏​បាន​ដឹង​ដំណឹង​ថា មាន​សវនាការ​នៅ​ថ្ងៃ​ហ្នឹង​អី​ដឹង​តៗ​គ្នា​អី​គាត់​មក បើ​តាម​នីតិវិធី​គេ​ថា ជនជាប់ចោទ​ត្រូវ​ទទួល​បាន​ដីកាកោះ»

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​ឱ្យ​ដឹង​ទៀត​ថា តាម​ការសង្កេត​របស់​លោក​មាន​ជនជាប់ចោទ​ចំនួន ៣៣​នាក់​បាន​ចូល​បំភ្លឺ​នៅ​តុលាការ ដែល​ក្នុង​នោះ​មាន​មេធាវី​ការពារ​ជនជាប់ចោទ​ចំនួន ៨​នាក់ ហើយ​មេធាវី​០៦​នាក់​ផ្ដល់​ដោយ​គណៈមេធាវី និង ២​រូប​ទៀត ជា​មេធាវី​ជនជាប់ចោទ​ពឹង​ពាក់​គឺ​លោកមេធាវី សំ សុគង់ និង​មេធាវី ឡោ ជុនធី។

លោក នី សុខា សង្កេត​ឃើញ​ថា សំណុំរឿង​យ៉ាង​ធំ​នេះ​មាន​ភាព​ចន្លោះប្រហោង ឬ​ភាព​ខ្វះ​ចន្លោះ​របស់​តុលាការ​ដូចជា​ការ​ចេញ​ដីកា​ខុស​ឈ្មោះ ខុស​អាសយដ្ឋាន ហើយ​អ្នកខ្លះ​ចូល​បំភ្លឺ​ទាំង​គ្មាន​ដីកា​ពី​តុលាការ។

ក្រុម​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជាង ៣០០​នាក់​ដែល​មិន​ជាប់​ក្តីក្តាំ​បាន​នាំគ្នា​ទៅ​តាមដាន​ដំណើរការ​ក្តី​នេះ​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​សន្តិសុខ និង​ប៉ូលិស​ជាច្រើន​នាក់ មិន​ឱ្យ​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា និង​ផ្ដល់​កម្លាំងចិត្ត​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​នៅមុខ​តុលាការ​នោះ​ឡើយ។

កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
Photo courtesy

មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ដែល​មិនមែន​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ កញ្ញា សេង ធារី ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ក្រោយ​ចូល​បំភ្លឺ​ថា តុលាការ​មិន​គួរ​បន្ត​នីតិវិធី​ត​ទៀត​ទេ ដោយ​គួរ​ទម្លាក់​ចោលការ​ចោទ​លើ​កញ្ញា និង​អ្នក​ផ្សេងទៀត៖ «អត់​នឹកស្មាន​ដល់​ថា មាន​ទូត​ច្រើន​ចូលរួម​នេះ​ឆ្លុះ​បង្ហាញ​ថា ចលនា​អន្តរជាតិ​ឆ្លុះ​បង្ហាញ​ពី​លើ​ស្រុក​ខ្មែរ ហើយ​ដាក់​សម្ពាធ​លើ​របប​នេះ និង​ជួយ​ការពារ​ខ្ញុំ​និង​អ្នក​ផ្សេង​ទៀត​ផង ព្រោះ​នេះ​គ្រាន់តែ​ឆាក​នយោបាយ​ទេ»

រីឯ​សមាជិក​ព្រឹទ្ធសភា​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ក្រោយ​ចេញ​ពី​តុលាការ​ថា លោក​នៅតែ​ប្រកាស​មិន​ទទួល​យក​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ ដោយ​លោក​អះអាង​ថា លោក​មាន​ឈាមជ័រ​ខ្មែរ​ក្រោម​ជា​អ្នកស្នេហាជាតិ មិនមែន​អ្នក​ក្បត់ជាតិ​ទេ៖ «មកនេះ​អត់​ដឹង​ថា ខ្ញុំ​មានទោស​អី​ខុស​អី​ចង់​ដឹង​ដែរ​ថា តើ​ខុស​អី​? បើ​ផ្សំ​គិត​ក្បត់​ខ្ញុំ​មិន​ដឹង​ថា ឥឡូវ​ស្រុក​ខ្មែរ​អ្នកណា​ក្បត់ ហើយ​ខ្ញុំ​ផ្សំគំនិត​ជាមួយ​អ្នកណា​?​ហើយ​ក្បត់​អ្នកណា? បើ​ក្បត់​ខ្មែរ​មាន​ចូល​ជាមួយ​បរទេស»

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ចាត់​ទុក​ការ​ជំនុំជម្រះ​ក្ដី​ទ្រង់ទ្រាយ​ធំ​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទំនងជា​កើត​ចេញ​ពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ​ដែល​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា ដំណើរ​ក្តី​របស់​តុលាការ​ទំនងជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បំភិតបំភ័យ និង​បំបាក់មុខ​គូប្រជែង​របស់​រដ្ឋាភិបាល​។ អ្នកស្រី​សម្ដែង​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​នឹង​កើតមាន​ទៅលើ​បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​សិទ្ធិ​មនុស្សលោក នី សុខា សង្កេត​ឃើញ​ថា សំណុំរឿង​ចោទប្រកាន់​បទ​ឧក្រិដ្ឋ និង​ការប៉ុនប៉ង​បើក​ការ​ជំនុំជម្រះ​ទ្រង់ទ្រាយ​ធំ​ដ៏​ស្មុគស្មាញ​នេះ និង​អាច​ប៉ះពាល់​ដំណើរការ​ទទួល​បាន​យុត្តិធម៌​របស់​ជន​ជាប់ចោទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។