ពលរដ្ឋ​ស្នើ​ព្រះមហាក្សត្រ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ពេល​នយោបាយ​ឡើង​កម្ដៅ

0:00 / 0:00

ខណៈ​ដែល​ប្រជាជាតិ​កម្ពុជា កំពុង​រៀបចំ​ធ្វើ​ព្រះរាជ​ពិធី​គម្រប់​ខួប ១១​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ស្នើ​ព្រះមហាក្សត្រ​ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ក្នុង​រឿង​នយោបាយ។

ការ​ស្នើ​របស់​ពលរដ្ឋ​នេះ គឺ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រឹត​តែ​ឡើង​កម្ដៅ ពិសេស​គឺ​ក្រោយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប ត្រូវ​បាន​បាតុករ​គាំទ្រ​គណបក្ស​កាន់​អំណាច​វាយ​ប្រហារ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​អំពី​ព្រឹត្តិការណ៍​អំពើ​ហិង្សា​នេះ​ដែរ។

នៅ​ក្នុង​ព្រះរាជ​ពិធី​គម្រប់​ខួប ១១​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា សិស្ស និស្សិត គ្រូបង្រៀន មន្ត្រី​រាជការ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចំនួន​មួយ​ថ្ងៃ ដើម្បី​ចូលរួម​អបអរ​នៅ​ក្នុង​ទិវា​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា អាកាប៉េ (AKP) រាយការណ៍​ថា គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​នៅ​តាម​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​លំអ​ដោយ​ភ្លើង​ពណ៌ ដាក់​ទង់ជាតិ និង​ពាក្យ​ស្លោក​ជូន​ពរ​នៅ​តាម​ក្រសួង-ស្ថាប័ន​របស់​ខ្លួន។ ចំណែក​ក្រសួង​ព័ត៌មាន ត្រូវ​ណែនាំ​ចាត់​ឲ្យ​បណ្ដាញ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន តាម​ដាន​យក​ព័ត៌មាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នូវ​ព្រះរាជ​សកម្មភាព និង​ស្នាព្រះហស្ត​នានា​របស់​ព្រះអង្គ។

រីឯ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​ណែនាំ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ គ្រប់​រាជធានី-ខេត្ត ចាត់​តាំង​ក្រុម​តន្ត្រី​សិល្បៈ​បុរាណ​សម័យ សម្ដែង​នៅ​តាម​ទី​សាធារណៈ​ឲ្យ​ពលរដ្ឋ​កម្សាន្ត​សប្បាយ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​រៀបចំ​ឲ្យ​មាន​ការ​អុជ​កាំជ្រួច​នៅ​ពេល​យប់​ផង​ដែរ។

លើស​ពី​នេះ សារ​ថ្វាយ​ព្រះ​ពរ​ព្រះមហាក្សត្រ ក៏​បាន​ចេញ​ជា​ហូរហែ​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បក្ស​ប្រឆាំង និង​ក្រសួង-ស្ថាប័ន​នានា។ ចំណែក​ពលរដ្ឋ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន ថែម​ទាំង​បាន​ដាក់​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួក​គេ​ទៀត​ផង។

យ៉ាង​ណា​ក៏ដោយ ការ​ប្រារព្ធ​ព្រះរាជ​ពិធី​គម្រប់​ខួប​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ពេល​នេះ ជួន​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​ឡើង​កម្ដៅ​បន្ថែម​ទៀត។ ការ​ឡើង​កម្ដៅ​នេះ គឺ​នៅ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា វាយ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។

អំពើ​ហិង្សា​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ-អន្តរជាតិ រិះគន់​យ៉ាង​ខ្លាំង ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជន​ប្រព្រឹត្តិ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

នៅ​ក្នុង​លិខិត​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ចំពោះ​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​បំពេញ​ការងារ​ផ្សេងៗ​ក្នុង​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ។ ពួក​គេ ក៏​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ពី​ការ​បង្ក​អំពើ​ហិង្សា​អនាធិបតេយ្យ និង​ពី​អសមត្ថភាព​របស់​សមត្ថកិច្ច ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ។

ចំណែក​ពលរដ្ឋ​វិញ បាន​ស្នើសុំ​ព្រះមហាក្សត្រ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​អ្នក​នយោបាយ បញ្ឈប់​នូវ​ការ​បង្ក​ហិង្សា​ដាក់​គ្នា ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ។

ពលរដ្ឋ​ឈ្មោះ សុខ សឿន សព្វថ្ងៃ​ជា​ពេទ្យ​សត្វ​នៅ​រាជធានី​ភ្នំពេញ យល់​ឃើញ​ថា ព្រះមហាក្សត្រ គឺ​ជា​តួអង្គ​សំខាន់​តែ​មួយ​គត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ ពិសេស​នៅ​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ចុះ​សម្រុង​គ្នា។ លោក​ថា កន្លង​មក​នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង អ្នក​នយោបាយ​ខ្មែរ ពិសេស​រដ្ឋាភិបាល​ពុំ​សូវ​ទទួល​យក​មតិ​យោបល់​ពី​ភាគី​ដទៃ​ឡើយ ដូចជា​ពី​អង្គការ​សង្គម​ស៊ីវិល ឬ​សហគមន៍​អន្តរជាតិ ជាដើម។

លោក សុខ សឿន មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ភាព​តានតឹង​នយោបាយ​ដូច​បច្ចុប្បន្ន លោក​ចង់​ឃើញ​ព្រះមហាក្សត្រ​កោះ​ហៅ​ទាំង​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង មក​ជជែក​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ជៀសវាង​ការ​ធ្វើ​នយោបាយ​ហិង្សា ដែល​ឈាន​ដល់​ការ​បង្ក​របួស​ស្នាម ដូច​ក្នុង​ករណី​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ជាដើម៖ «សម្រាប់​ខ្ញុំ​ជា​ពលរដ្ឋ ខ្ញុំ​ចង់​ឲ្យ​ព្រះមហាក្សត្រ​យើង​ចូលរួម​ឲ្យ​សកម្ម​រឿង​បញ្ហា​នយោបាយ ដើម្បី​កុំ​ឲ្យ​ខាង​ម្នាក់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ខាង​ផ្សេង ធ្វើ​ម៉េច​ឲ្យ​ស្មើ​ភាព​គ្នា កុំ​អាង​តែ​មាន​អំណាច​ធ្វើ​បាប​គេ​បាន​តាម​ចិត្ត ប្រសិន​បើ​ព្រះមហាក្សត្រ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​រឿង​ហ្នឹង​ល្អ​មែន​ទែន»

បើ​ទោះ​ជា​ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​សម្បត្តិ និង​មិន​កាន់​អំណាច ប៉ុន្តែ​ព្រះអង្គ គឺ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះអង្គ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។ ព្រះមហាក្សត្រ ព្រះអង្គ​ក៏​មាន​តួនាទី​ជា​ព្រះរាជអាជ្ញា​កណ្ដាល ក្នុង​ការ​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​របស់​រដ្ឋ​ឲ្យ​មាន​ភាព​ទៀងទាត់។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ពេល​ដែល​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​មាន​ព្រះជន្ម ព្រះអង្គ​តែង​ចេញ​ព្រះ​ភ័ក្ត្រ​ធ្វើ​ជា​ព្រះរាជអាជ្ញា​កណ្ដាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ ជាពិសេស​នៅ​ពេល​ដែល​មាន​បញ្ហា​ជាប់ គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត ឬ​នៅ​ពេល​មាន​កម្ដៅ​នយោបាយ​កើត​ឡើង​ម្តងៗ។ នៅ​ពេល​មាន​បញ្ហា​មន្ទិល​សង្ស័យ​អ្វី​មួយ ព្រះអង្គ​តែង​កោះ​ហៅ​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ចូល​ជួប ដើម្បី​សាកសួរ រាប់​តាំង​ពី​បញ្ហា​ព្រំដែន បញ្ហា​នយោបាយ ឬ​ការ​ផ្សះផ្សា​ជាតិ។ ព្រះអង្គ​តែង​ណែនាំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ស្រឡាញ់​រួបរួម​គ្នា ដើម្បី​កសាង​ប្រទេស​ជាតិ។ នៅ​មុន​ពេល​ព្រះអង្គ​ចូល​ទិវង្គត ព្រះអង្គ​ក៏​បាន​ថ្លែង​សារ​នយោបាយ​ជា​សាធារណៈ រំឭក​ជា​ចុង​ក្រោយ​ឲ្យ​ជន​រួម​ជាតិ ជាពិសេស​អ្នក​នយោបាយ​ខ្មែរ​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កុំ​ឲ្យ​បរទេស​មើលងាយ។

ពលរដ្ឋ​ខ្មែរ​ក៏​ចង់​ឃើញ​ព្រះមហាក្សត្រ​បច្ចុប្បន្ន ដង្ហែ​ព្រះរាជ​តម្រិះ​តាម​អតីត​ព្រះមហាក្សត្រ។

ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​អាច​ធ្វើ​ដូច​អតីត​ព្រះមហាក្សត្រ​ខ្មែរ​បាន នោះ​បញ្ហា​តានតឹង​នយោបាយ​នៅ​កម្ពុជា អាច​កាត់​បន្ថយ​បាន។ លោក ស៊ូ យាន ជឿជាក់​ថា ក្នុង​នាម​ជា​ព្រះ​ប្រមុខ​រដ្ឋ ព្រះមហាក្សត្រ​អាច​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​បាន ហើយ​លោក​ក៏​ជឿជាក់​ថា អ្នក​នយោបាយ​ខ្មែរ​មក​ពី​គ្រប់​គណបក្ស​នយោបាយ ប្រាកដ​ជា​គោរព​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះអង្គ។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​ច្បាស់​ជា​បាត់បង់​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ៖ «ប្រសិន​ជា​អ្នក​នយោបាយ​ខ្មែរ​មិន​ស្តាប់​ព្រះករុណា​ព្រះអង្គ​ណែនាំ ខ្ញុំ​គិត​ថា អ្នក​នយោបាយ​ទាំងអស់​ហ្នឹង​កំពុង​តែ​នាំ​គ្នា​បំផ្លាញ​ជាតិ​ដោយ​គ្មាន​ការ​គោរព​ទៅ​លើ​ព្រះមហាក្សត្រ​ទេ។ អ៊ីចឹង​ហើយ គួរ​តែ​មាន​ការ​អធ្យាស្រ័យ និង​យោគយល់​គ្នា វា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ខ្មែរ​ស្រឡាញ់​ខ្មែរ កុំ​ដើរ​ទៅ​តាម​គំនិត​បរទេស​ដែល​កំពុង​តែ​ចង់​លេប​ត្របាក់​ទឹក​ដី​ខ្មែរ។ គេ​ចង់​ធ្វើ​ឲ្យ​ខ្មែរ​ក្រ​ដុនដាប ដើម្បី​គេ​មើលងាយ។ អ៊ីចឹង​មាន​តែ​ខ្មែរ​ចេះ​ស្រឡាញ់​ខ្មែរ រួបរួម​គ្នា​ដង្ហែ​ទៅ​តាម​ព្រះរាជ​តម្រិះ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ»

ជា​ការ​ពិត​ណាស់ អ្នក​នយោបាយ​ខ្មែរ​មិន​ថា​មក​ពី​គណបក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​នោះ​ទេ ពួក​គេ​តែង​អះអាង​ថា គោរព​ស្រឡាញ់​ព្រះមហាក្សត្រ និង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះអង្គ។

ចំណែក​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​នយោបាយ​ប្រទេស​ជាតិ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង ដែល​អ្នក​នយោបាយ​មិន​អាច​ដោះស្រាយ​បាន ព្រះមហាក្សត្រ​មាន​សិទ្ធិ​កោះ​ហៅ​អ្នក​នយោបាយ​មក​ជជែក​បង្រួប​បង្រួម​ទៅ​តាម​ឆន្ទៈ​របស់​ព្រះអង្គ៖ «ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​កោះ​ហៅ​អ្នក​នយោបាយ​គ្រប់​ភាគី ដែល​មាន​ជម្លោះ​មក​ដោះស្រាយ​បាន។ ដូច្នេះ​មិន​មាន​បញ្ហា​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​ព្រះអង្គ​ចូល​អន្តរាគមន៍​បាន​ទេ»

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ណា​មួយ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ព្រះមហាក្សត្រ នោះ​មាន​ន័យ​ថា ពួក​គេ​មិន​គោរព​រដ្ឋធម្មនុញ្ញ មិន​គោរព​ព្រះមហាក្សត្រ ហើយ​នៅ​ទីបំផុត ពួក​គេ​នឹង​ទទួល​នូវ​បរាជ័យ​នយោបាយ​ខ្លួន​ឯង តាម​រយៈ​ការ​បាត់​នូវ​ទំនុក​ចិត្ត និង​ការ​ស្រឡាញ់​ពេញ​ចិត្ត​ពី​សំណាក់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។