ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ដែលទើបត្រូវបានដោះលែងពីពន្ធនាគារថ្មីៗនេះ គឺលោក អ៊ុក ចេត្តនី នៅតែប្ដេជ្ញារក្សាឆន្ទៈ និងជំហរទាមទារឲ្យមានការផ្លាស់ប្ដូរដដែល បើទោះលោកអះអាងថា បានរងទុក្ខវេទនាទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងពេលជាប់ពន្ធនាគារ ២ឆ្នាំមកហើយក្ដី។
ធ្លាប់ជាចៅសង្កាត់ជាប់ឆ្នោត វ័យក្មេង និងមានប្រជាប្រិយភាព នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ លោក អ៊ុក ចេត្តនី បានរៀបរាប់ប្រាប់អាស៊ីសេរី ក្រោយចេញពីពន្ធនាគារ ថា លោក មិនរុញរាទេ ក្នុងសកម្មភាពរិះគន់ដើម្បីស្ថាបនា ការចូលរួមសកម្មភាពសង្គម និងសកម្មភាពនយោបាយ ដើម្បីបម្រើពលរដ្ឋ។ លោកបន្តថា ទោះជីវិតក្នុងពន្ធនាគារ រយៈពេល ២ឆ្នាំ បានផ្ដល់បទពិសោធន៍ និងមេរៀនជូរចត់ ដ៏លំបាកសព្វបែបយ៉ាងក្ដី តែលោក មិនក្បត់ឆន្ទៈពលរដ្ឋទេ៖ « រឿងសង្គម និងរឿងនយោបាយ ខ្ញុំនៅតែមិនបោះបង់ចោលទេ ហើយខ្ញុំនៅតែជឿជាក់ថា ព្រោះខ្ញុំស្អប់សង្គមហ្នឹង ស្អប់របបហ្នឹង។ អ៊ីចឹង ខ្ញុំត្រូវតែតស៊ូទៅមុខទៀត ដើម្បីផ្លាស់ប្ដូររបបហ្នឹង។ មិនថា ក្នុងឆ្នាំនេះ ឬដប់ ម្ភៃឆ្នាំទៅមុខទៀត ចង់និយាយថា តាមជីវិតខ្ញុំ នៅមាន នៅអាចធ្វើទៅកើត គឺខ្ញុំត្រូវតែតស៊ូជាមួយគណបក្សសង្គ្រោះជាតិតទៅទៀត»។
ប៉ូលិសខេត្តព្រះសីហនុ បានចាប់ខ្លួន លោក អ៊ុក ចេត្តនី និងឪពុកក្មេករបស់លោក កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៨ នៅតំបន់ដីមានជម្លោះក្បាលឆាយ។ ប៉ូលិស និងតុលាការខេត្តព្រះសីហនុ បានចោទ ឪពុក និង កូន ពីរនាក់នេះ ពីបទឈូសឆាយដីរដ្ឋមកធ្វើកម្មសិទ្ធិ។ តុលាការ បានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ ២ឆ្នាំ និងព្យួរ ៣ឆ្នាំ។ ចំណែកឪពុកក្មេករបស់លោក គឺតុលាការ តម្រូវឲ្យអនុវត្តទោសជាប់ពន្ធនាគារ ១០ខែគត់។
ក្រោយជាប់ពន្ធនាគារ ២ឆ្នាំ លោក អ៊ុក ចេត្តនី ហៅការចោទប្រកាន់នេះ ថា ជាចេតនាធ្វើបាបផ្នែកនយោបាយ។ លោក អះអាងថា តំបន់ដីក្បាលឆាយ គឺគ្រួសារ ទិញពីពលរដ្ឋ ដើម្បីប្ដូរមុខរបរមកចិញ្ចឹមគោ ព្រោះពេលនោះ តុលាការកំពូល បានហាមឃាត់សិទ្ធិធ្វើនយោបាយរបស់គណបក្សសង្គ្រោះជាតិ។ លោក បន្តថា លោកមិនដឹងថា ដីនោះមានជម្លោះទេ ហើយប៉ូលិស មិនបានចាប់ខ្លួនពលរដ្ឋផ្សេង ដែលលក់ដី និងកំពុងកាន់កាប់ដីនៅតំបន់នោះទេ គឺចាប់ខ្លួន តែមនុស្ស២នាក់គត់ គឺ ឪពុកក្មេក និងរូបលោក។
លោក អះអាង ថា ចាប់ពីចុងឆ្នាំ២០១៧ គឺនៅពេលដែលតុលាការកំពូលរំលាយបក្សប្រឆាំងនោះ មានការអូសទាញលោក ឲ្យចុះចូលនឹងបក្សកាន់អំណាចយ៉ាងខ្លាំង តែលោក មិនព្រម។ លោក សុខចិត្ត លក់ទ្រព្យសម្បត្តិ និងប្រុងចាកចេញពីទីក្រុង ទៅរស់នៅតំបន់ជនបទ ដើម្បីប្រកបមុខរបរសាមញ្ញវិញ រង់ចាំ មានឱកាសល្អ ដើម្បីបន្តជីវភាពនយោបាយ ជាមួយគណបក្សប្រឆាំង។
ចៅសង្កាត់ជាប់ឆ្នោតរបស់បក្សប្រឆាំងរូបនេះ ចាត់ទុកថា ការអនុវត្តច្បាប់ក្រោមរូបភាពគាបសង្កត់នយោបាយថា ជាអំពីទុច្ចរិត និងបានបង្កឲ្យក្រុមគ្រួសាររបស់លោក ទាំងអស់ឈឺចាប់បំផុត។ លោក ចេត្តនី បន្តថា នៅពេលជាប់ពន្ធនាគារ លោករន្ធត់ ពេលឮដំណឹងម្ដាយចាស់ជរា ធ្លាក់ខ្លួនឈឺម្ដងៗ។ លោក ប្រាថ្នាឲ្យ អ្នកដែលមានចេតនា ធ្វើបាបលោក មានកម្មពៀរ ស្គាល់រសជាតិព្រាត់ប្រាស់គ្រួសារ ព្រាត់ម្ដាយ ព្រាត់ប្រពន្ធ ព្រាត់កូន ដើម្បីឲ្យដឹងពីអារម្មណ៍ថា រស់ពិបាកជាងស្លាប់ទៅទៀត៖ « ខ្ញុំឈឺចាប់បំផុត គឺនៅពេលដែលខ្ញុំឃើញរូបភាពបែបនេះ គឺខ្ញុំខឹង។ ខ្ញុំខឹង ដល់ថ្នាក់ដឹកនាំខ្មែរ រាល់ថ្ងៃនេះ ដែលគាត់មិនគោរពសិទ្ធិប្រជាធិបតេយ្យ ក្នុងការបញ្ចេញមតិ ក្នុងការទាមទារអ្វីមួយ។ យើងបាត់អាសិទ្ធិហ្នឹងមួយ ខ្ញុំមិនអាចធ្វើអ្វីបាន។ អ៊ីចឹង ខ្ញុំរងគ្រោះដោយសារ អាការណ៍អស់ហ្នឹង។ ខ្ញុំមិនអស់ចិត្តទេ ព្រោះខ្ញុំអត់បានធ្វើអ្វីខុសទេ ព្រោះដីខ្ញុំយកលុយទៅទិញ។ គ្រាន់តែគេហាមយើង អត់ឲ្យធ្វើផ្ទះតែប៉ិនហ្នឹង។ ប្រជាពលរដ្ឋ ដូចគ្នា ទៅថែរក្សាដូចគ្នា ដូចខ្ញុំដែរ ហេតុអ្វី មិនទៅអនុវត្ត ( ច្បាប់ ) ទាំងអស់គ្នា»។
ចំពោះស្ថានភាពនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ ក៏មានសភាពចង្អៀតណែន មិនខុសពីពន្ធនាគារផ្សេងដែរ។ លោក អ៊ុក ចេត្តនី រៀបរាប់ថា មានតែពាក្យថា ទ្រាំប៉ុណ្ណោះ ព្រោះបន្ទប់ទទឹង ៥ម៉ែត្រ បណ្ដោយ ១០ម៉ែត្រ ត្រូវឃុំមនុស្ស ជួន ៨០នាក់ ជូន ៩០នាក់ តាមពេលវេលាចេញរបស់អ្នកទោស។ លោកត្រូវបានអាជ្ញាធរឃុំក្នុងបន្ទប់មួយ លាយឡំគ្នា ជាមួយអ្នកទោសគ្រឿងញៀន ចោរលួច ចោរប្លន់ និងអ្នកទោសជនជាតិចិន។
លោក បន្តទៀតថា ភាពចង្អៀតណែន ក្នុងពន្ធនាគារនេះបានធ្វើឲ្យសុខភាព និងកម្លាំងកាយ កម្លាំងចិត្តរបស់លោក ទ្រុឌទ្រោមខ្លាំង។ លោកបន្ថែមថា ក្នុងបន្ទប់ឃុំឃាំង អ្នកជាប់ឃុំគេងមិនសូវលក់ ព្រោះហប់ខ្លាំង ខ្វះអុកស៊ីហ្សែន។ លើសពីនេះ លោករៀបរាប់ថា ប្រពន្ធ កូន និង ម្ដាយរបស់លោក មានការឈឺចាប់ និងនៅតែមិនអស់ចិត្តនោះទេ ចំពោះការចាប់ឃុំខ្លួនលោកទាំងគ្មានកំហុស។
ឆ្មាំពន្ធនាគារ បានដោះលែងលោក ឲ្យមានសេរីភាព កាលពីថ្ងៃទី១៩ មិថុនា ដោយសារបានអនុវត្តទោសពន្ធនាគារ២ឆ្នាំរួចរាល់។ តែយ៉ាងណា ចៅសង្កាត់ជាប់ឆ្នោតរូបនេះ មិនទទួលស្គាល់ការចោទប្រកាន់របស់តុលាការរបបក្រុងភ្នំពេញទេ។ បច្ចុប្បន្ន លោក អ៊ុក ចេត្តនី កំពុងពឹងពាក់មេធាវី ប្ដឹងឡើងតុលាការកំពូល ដើម្បីទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់លើរូបលោក៖ « ខ្ញុំបានប្ដឹងទៅ ( តុលាការ ) កំពូលបន្តទៀតដែរ។ ប៉ុន្តែឥឡូវអត់ទាន់មានការកោះ ដើម្បីឡើងទៅ ជំនុំជម្រះនៅតុលាការកំពូល។ ខ្ញុំចង់ឲ្យទម្លាក់ចោលអា ៣ឆ្នាំហ្នឹង ទី១។ ទី២ ចង់ឲ្យផ្ដល់អ្វី ដែលរងគ្រោះ ដោយសារការចោទប្រកាន់របស់គេហ្នឹង។ ខ្ញុំចង់និយាយអ៊ីចឹង ពីព្រោះខ្ញុំអត់បានមានគំនិតចង់ទន្ទ្រានរុករានអ្វីទេ គឺខ្ញុំអត់មានទេ។ ខ្ញុំយកលុយ ដោយកម្លាំងញើសឈាមទៅទិញសុទ្ធៗ គឺអត់បានឲ្យបងប្អូនទៅ ទន្ទ្រានដី គឺខ្ញុំ នៅតែនិយាយថា ខ្ញុំអត់មានគំនិតអ៊ីចឹងទេ»។
លោក អ៊ុក ចេត្តនី មានម្ដាយចាស់ជរា អាយុជាង ៨០ឆ្នាំ និងមានកូនប្រុសស្រី តូចៗ ចំនួន ២នាក់ នៅក្នុងបន្ទុក។ ប្រពន្ធរបស់ អ៊ុក ចេត្តនី គឺ លោកស្រី សំ ស្រីភ័ក្រ ប្រាប់ថា ក្នុងកំឡុងពេលប្ដី ជាប់ពន្ធនាគារ គ្រួសារលោកស្រីរងទុក្ខលំបាកខ្លាំង។ ប៉ុន្តែ លោកស្រីមានមោទនភាពចំពោះប្ដី ដែលមិនបានប្រព្រឹត្តិកំហុស ហើយនៅតែបន្តគាំទ្រពីក្រោយជានិច្ច៖ « ដោយសារ គោលការណ៍របស់គាត់ គាត់ស្រលាញ់ប្រទេសជាតិ។ និយាយទៅ ខ្ញុំជាប្រពន្ធ ខ្ញុំបានត្រឹមតែគាំទ្រគាត់ពីក្រោយប៉ិនហ្នឹង។ គាត់ស្រលាញ់ប្រទេសជាតិ ខ្ញុំទទួលស្គាល់ ណាមួយ ថែមទាំងគេស្រលាញ់គាត់។ ខ្ញុំអត់មានអ្វីទេ មានតែគាំទ្រគាត់ ជំរុញគាត់ លើកទឹកចិត្តគាត់ពីក្រោយហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា ការផ្ដន្ទាទោស ៥ឆ្នាំ លើ លោក អ៊ុក ចេត្តនី គឺទោសធ្ងន់ធ្ងរ ដែលករណីនេះ អ្នកស្រីយល់ថា អាចជាប់ពាក់ព័ន្ធរឿងនយោបាយ ព្រោះលោក អ៊ុក ចេត្តនី គឺជាមនុស្សមានប្រជាប្រិយនៅសង្កាត់លេខ១។ អ្នកស្រីបន្តថា ត្បិតលោក ចេត្តនី ទទួលបានការដោះលែងឲ្យមានសេរីភាព តែសំណុំរឿងនេះ នៅបន្តព្យួរទោស ៣ឆ្នាំ ដែលជាការប៉ះទង្គិចផ្លូវចិត្ត រូបលោក និងក្រុមគ្រួសារ។ តំណាងសង្គមស៊ីវិលរូបនេះ ក៏បារម្ភថា លោក អ៊ុក ចេត្តនី អាចនឹងរងការចោទប្រកាន់ជាថ្មីទៀត ប្រសិនបើហ៊ានធ្វើសកម្មភាពនយោបាយ គាំទ្រគណបក្សសង្គ្រោះជាតិ៖ « នៅពេលដែលគាត់ ត្រូវបានដោះលែងឲ្យមានសេរីភាពមែន តែគាត់ស្ថិតក្រោមការព្យួរទោស ៣ឆ្នាំទៀត។ អ៊ីចឹង ចង់មិនចង់ វាប៉ះទង្គិចអារម្មណ៍ផ្លូវចិត្តសាមីខ្លួន និងក្រុមគ្រួសារដែរ ថាសិទ្ធិសេរីភាពរបស់គាត់មិន ទាន់អាចទទួលបានពេញលេញទេ ព្រោះអ្វី គាត់ស្ថិតនៅក្រោមការព្យួរទោសរយៈពេល ៣ឆ្នាំទៀត»។
ទោះជាបានបានសេរីភាពមកវិញ តែ លោក ចេត្តនី និយាយថា សុខភាពរបស់លោកទ្រុឌទ្រោមដូចមនុស្សវ័យចំណាស់ លោកចេះតែដង្ហក់ ដកដង្ហើមមិនដល់គ្នា ហើយកម្លាំងកាន់តែខ្សោយទៅៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។