ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​វាយ​បែក​ក្បាល​រង​របួស​ធ្ងន់

ដោយ ខែ សុណង
2019-09-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្សប្រឆាំង​និង ជា​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្តា ដែល​ត្រូវ​ជន​មិន​ស្គាល់​ពីរ​នាក់​ វាយ​ពីក្រោយ​ចំក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ២០១៩។
សកម្មជន​គណបក្សប្រឆាំង​និង ជា​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្តា ដែល​ត្រូវ​ជន​មិន​ស្គាល់​ពីរ​នាក់​ វាយ​ពីក្រោយ​ចំក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ២០១៩។
Photo Provided

សកម្មជន​គណបក្សប្រឆាំង​និង ជា​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​ជន​មិន​ស្គាល់​ពីរ​នាក់​យក​ដំបង​ដែក​លួច វាយ​ពីក្រោយ​ចំក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ។ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ស្នើ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ ដោយ​កុំ​ប្រកាន់​និន្នាការ នយោបាយ។

ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្ដា ដែល​រង​ការ​វាយ​ធ្វើបាប ចាត់​ទុក​ករណី​នេះ ជា​ការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក។ ហេតុការណ៍​ហិង្សា​នេះ កើតឡើង​នៅ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក ពូក ចន្តា ប្រាប់​អាស៊ីសេរី​ថា ជន​មិន​ស្គាល់​មុន​ទាំងនោះ បាន​លួច​វាយ​លោក ពេល​លោក​ដើរ​ពី​ផ្សារ​បម្រុង​ទៅផ្ទះ រួច​ពួកគេ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ទៅ​។ លោក​ថា របួស​នេះ​ធ្វើ​ឱ្យ​លោក​ដេរ​អស់​ប្រាំ​ថ្នេរ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ លោក​បាន​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​រួចរាល់​អស់​ហើយ៖ «វាយ​តែមួយ​ដំបង​ទេ វាយ​រួចហើយ​គេ​ជិះ​ម៉ូតូ​រត់​ទៅ ពេល​អ៊ីចឹង​ទៅ​យើង​ត្រូវ​ដាក់​ប្ដឹង​ទៅ​ប៉ូលិស​ដឹង​សិន ខ្ញុំ​ប្ដឹង​ពី​បទ​មនុស្សឃាត ខ្ញុំ​ថា​ខ្មែរ​ដូច​មិន​ត្រូវ​លួច​ធ្វើឃាត ឬ​លួច​វាយ​ពីក្រោយ​ខ្នង​ទេ»

លោក ពួក ចន្តា បញ្ជាក់​ថា លោក​មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នកណា​ទេ ហើយ​សព្វថ្ងៃ​លោក​ក៏​មិន​បាន​ធ្វើ​សកម្ម​អ្វី​ទាក់ទង​នឹង​រឿង​នយោបាយ​ឡើយ​។ លោក​​ថា សព្វថ្ងៃ​នេះ លោក​គ្រាន់តែ​អ្នក​ជួយ​មើលថែ​ផ្ទះ​ឲ្យ​លោក សម រង្ស៊ី ប៉ុណ្ណោះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​កើតមាន​មាន​បញ្ហា​នេះ គឺ​សមត្ថកិច្ច​នឹង​ដោះស្រាយ។ នៅ​ពេល​មាន​ការ​​ចោទសួរ​ហេតុអ្វី​ករណី​បង្ក​ហិង្សា​លើ​សកម្មជន​គណបក្សប្រឆាំង នៅ​រយៈពេល​ចុងក្រោយ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ជន​ប្រព្រឹត្ត អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា សំណុំរឿង​តិច​ណាស់​ដែល​សមត្ថកិច្ច មិន​ទាន់​ស្វែងរក​ជន​ប្រព្រឹត្ត​ឃើញ៖ «កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ដោះស្រាយ ប៉ុន្តែ​លោក​យក​ពីរ​បី​ករណី​ទៅ​ប្រៀបធៀប​​មួយ​ពាន់​ករណី ក្នុង​មួយ​ឆ្នាំ​អីចឹង​ទៅ​មិន​អាច​ឆ្លើយ​បាន​ទេ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើ​សមត្ថកិច្ច​នៅតែ​មិន​អាច​ស្វែងរក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ សាធារណជន នឹង​រិះគន់​ថា ករណី​ហិង្សា​នេះ​គឺជា ការ​ធ្វើទុក្ខបុកម្នេញ និង​ជា​ការ​គំរាមកំហែង​លើ​សកម្មជន​គណបក្ស​ប្រឆាំង​។ លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​ស្វះស្វែង​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ៖ «អ៊ីចឹង​អាជ្ញាធរ​ត្រូវតែ​ផ្ដល់​កិច្ចការពារ​ផ្ដល់​ការ​ស្រាវជ្រាវ​ ដើម្បី​រក​ជន​ដៃដល់​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ជា​យុត្តិធម៌​ក្នុង​សង្គម»

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចោទ​ប្រកាន់​ថា ករណី​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ គឺជា​រឿង​នយោបាយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណី​នេះ​ដោយ​ចិត្ត​ទុកដាក់ និង​ស្នើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជួយ​ឃ្លាំមើល​ករណី​នេះ៖ «ខ្ញុំ​សូម​ឲ្យ​របប​ក្រុងភ្នំពេញ​ចាប់​វែកមុខ​ជន​ដៃដល់​ចាប់​មក​ផ្ដន្ទាទោស​និង​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​គំរាមកំហែង​បំភិតបំភ័យ​គ្រប់​រូបភាព​​លើ​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ»

នៅ​រយៈពេល​ចុងក្រោយ​នេះ ករណី​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ធ្វើបាប សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​រាជធានី​ភ្នំពេញ កើតឡើង​ជាង ១០​ករណី​ហើយ។ ក្នុង​នោះ មាន​បី​ករណី​ជន​ប្រព្រឹត្ត​សុទ្ធតែ​វាយ​សំដៅចំ​ក្បាល​សកម្មជន​គណបក្ស​សង្គ្រោះជាតិ។ រហូត​​មក​​ដល់​​ពេល​​នេះ សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​មិនទាន់​វែក​មុខ​ចាប់​បាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ទេ ស្រប​​ពេល​​សកម្មជន​បក្ស​​ប្រឆាំង​​ចំនួន ២៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល