លោក សម រង្ស៊ី រក្សា​ជំហរ​វិល​ចូល​ស្រុក​ទោះបីជា​របប​ភ្នំពេញ​បង្កើន​ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង

ដោយ ហេង រស្មី
2019.10.13
សម រង្ស៊ី ៦២២ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

មេដឹកនាំ​គណបក្សប្រឆាំង រក្សា​ជំហរ​វិល​ចូល​ប្រទេស​កម្ពុជា តាម​ការកំណត់​នៅ​ថ្ងៃទី៩ វិច្ឆិកា​ដដែល បើ​ទោះ​ជា​របប​ក្រុងភ្នំពេញ កំពុង​បង្កើន​យុទ្ធនាការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ក៏ដោយ​។ បក្ស​កាន់អំណាច​ស្វាគមន៍​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​ឱ្យ​បាន​លឿន ខណៈ​អ្នកវិភាគ​យល់ថា ការ​វិល​ចូល​តាម​​កាលកំណត់ នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី អះអាង​ថា លោក និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង គ្មាន​ការ​រួញរា ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ បើ​ទោះ​មានការ​គំរាមកំហែង និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់ថ្ងៃ​ក៏ដោយ​។ លោក សម រង្ស៊ី បង្ហោះ​សារ​តាម ​ហ្វេសប៊ុក (faecebook) នៅ​ថ្ងៃ​ទី​១២ តុលា ថា ការ​ធ្វើទុក្ខបុកម្នេញ សកម្មជន​បក្ស​ប្រឆាំង​រាល់ថ្ងៃ​នេះ ដោយសារ​របប​ក្រុងភ្នំពេញ ភ័យខ្លាច​វត្តមាន​របស់​លោក វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ​។

លោក សម រង្ស៊ី អះអាង​ទៀត​ថា សកម្មជន ដែល​ចេញមុខ​សារភាព ឬ​វាយប្រហារ​គឺ​ដោយសារ​ពួកគេ​ត្រូវ​របប​ក្រុងភ្នំពេញ បង្ខិត​បង្ខំ​។ លោក​ប្រៀបធៀប​របប​លោក ហ៊ុន សែន ថា បង្ខំ​មនុស្ស​ស្លូតត្រង់​ឲ្យ​សារភាព​ទាំង​គ្មាន​កំហុស តាម​ការ​ចង់បាន​របស់​ខ្លួន ដូច​របប ប៉ុល ពត។ ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​កងទ័ព ត្រៀមខ្លួន​ចូលរួម​ជាមួយ​ពលរដ្ឋ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​កម្ចាត់​របប​ក្រុងភ្នំពេញ ដែល​លោក​ហៅថា ជា​របប​ខុសច្បាប់ និង​ផ្ដាច់ការ។ «»

ស្រប​ពេល លោក សម រង្ស៊ី បញ្ជាក់​ជំហរ​វិល​ចូល​ស្រុក និង​បន្ត​អំពាវនាវ​ដល់​កងទ័ព ឲ្យ​គាំទ្រ​ពលរដ្ឋ​នេះ របប​ក្រុងភ្នំពេញ​ឯណោះ​វិញ កំពុង​បង្កើន​យុទ្ធនាការ​ឃោសនា​គំរាមកំហែង​ពលរដ្ឋ កុំ​ឲ្យ​ជឿ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។ មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​នៃ​របប​ក្រុងភ្នំពេញ បាន​ចុះទៅ​មូលដ្ឋាន​បក្ស​រៀង​ៗ​ ខ្លួន ដើម្បី​ពង្រឹង​ការ​គាំទ្រ និង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​ការឃោសនា​លោក សម រង្ស៊ី។ ចំណែក​​សមត្ថកិច្ច​​វិញ ក៏​បង្កើន​ការ​ចាប់ខ្លួនសកម្មជន​បក្ស​ប្រឆាំង តាម​មូលដ្ឋាន និង​អះអាង​ពី​ការ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​១៣ តុលា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ច្រើនដង​ហើយ​ថា លោក​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​លោក រង្ស៊ី វិល​ចូល​ស្រុក​វិញ ឲ្យ​ឆាប់​ទេ ដើម្បី​បាន​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។ «»

ក្រៅ​ពី​នេះ​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​ពលរដ្ឋ ដែល​ហ៊ាន​បង្ហោះ​សារ គាំទ្រ​ការ​វិល​ត្រឡប់ លោក សម រង្ស៊ី ទៀត​ផង​។ លោក​បាន​បញ្ជា​ឲ្យ​ប៉ូលិស​ចាប់​ឃុំ​ខ្លួន ពលរដ្ឋ​ណា ដែល​សង្ស័យ​ថា គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ចាំបាច់​មាន​ដីកាចាប់ខ្លួន ពី​តុលាការ​ឡើយ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា លោក សម រង្ស៊ី ចាំបាច់​ត្រូវតែ​វិល​ចូល​ស្រុក​វិញ តាម​ការ​សន្យា ដើម្បី​បុព្វហេតុ​ជាតិ បើ​មិន​ដូច្នេះ​ទេ លោក​ថា នេះ​ជា​ការ​សម្លាប់​ទឹកចិត្ត​អ្នក​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ថ្វីបើ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី បង្ក​ឲ្យ​មាន​ភាព​តានតឹង ចម្រូងចម្រាស និង​ហានិភ័យ ក៏​គម្រោង​នេះ​អាច​នឹង​ធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ រង​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។ «»

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​តុលា ការសន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​សល់​តែ​២៧ ទៀត​ប៉ុណ្ណោះ ដែល​ទំនងជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​កាន់តែ​អន្ទះសា​ចង់​ទៅ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។