លោក សម រង្ស៊ី ថា ឥណ្ឌូនេស៊ី​គាំទ្រ​លោក​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា លោក​នឹង​ជួប​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឥណ្ឌូនេស៊ី (Indonesia) ជា​ច្រើន​ទៀត ដើម្បី​ឱ្យ​ពួកគេ​ជួយ​គាំទ្រ​លោក លើ​ការ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​នៅ​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក សម រង្ស៊ី បាន​ជួប​ប្រជុំ​ជាមួយ​តំណាងរាស្ត្រ​ឥណ្ឌូណេស៊ី និង​អនុប្រធាន​គណបក្ស​កាន់អំណាច ក្នុង​ដំណើរ​ស្វះស្វែង​ការ​គាំទ្រ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន នៅ​ខណៈ​ផែនការ​វិល​ត្រលប់​ទៅ​កម្ពុជា​វិញ​របស់​លោក កំពុងតែ​ដំណើរការ​ទៅ​មុខ។

អ្នកវិភាគ​លើកឡើង​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​ចេញមុខ​ជួប​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ទាំងនោះ គាំទ្រ​សកម្មភាព​លោក សម រង្ស៊ី ច្រើន​គាំទ្រ​របប​ក្រុងភ្នំពេញ។

លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​ជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គាំទ្រ​លោក​ក្នុងការ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ពេល​ញ​លេញ​ឡើងវិញ​នៅ​កម្ពុជា។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​បន្ត​ជួប​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ក្រោយពី​លោក​បាន​ជួប​តំណាងរាស្ត្រ​ឥណ្ឌូណេស៊ី និង​អនុប្រធាន​គណបក្ស​កំពុងតែ​កាន់អំណាច កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា។ លោក បញ្ជាក់​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សប្រឆាំង​នៅ​អាណត្តិ​ទី​២​នេះ គឺ​មិន​គាំទ្រ​មេដឹកនាំ​ផ្ដាច់ការ​ឡើយ៖ «»

លោក សម រង្ស៊ី បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សាការតា (Jakarta) នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋសភា​ម៉ាឡេស៊ី (Malaysia) កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា និង​ជួប​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី តាម​ការ​អញ្ជើញ​របស់​តំណាងរាស្ត្រ​ម៉ាឡេស៊ី។

នៅ​ស្រប​ពេល លោក សម រង្ស៊ី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ជាតិ​របស់​ឥណ្ឌូណេស៊ី លោក អាជម៉ាន ឌូហ្វាន់ ដាម៉ានិក (Achuman Taufan Damanik) ស្នើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដើរ​តួនាទី​សំខាន់​ឱ្យ​សកម្ម​បន្ថែម​ទៀ​ត ពិសេស​ត្រូវ​លើក​នៅ​ក្នុង​ប្រជុំ​អាស៊ាន​នៅ​ពេល​ខាងមុខ ដើម្បី​ជំរុញ​លើកស្ទួយ ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន BarnaNews ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ត្រូវតែ​និយាយ​បន្ថែម ពី​ករណី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ផ្ដើម​កិច្ច​សន្ទនា​នយោបាយ​ឡើង​វិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក តឺកួ ហ្វៃហ្សាយ៉ា (Teuku Faizasyah) បាន​ឆ្លើយតប​ថា វេទិកា​ប្រជាធិបតេយ្យ​ប្រចាំ​ឆ្នាំ ដែល​រៀបចំឡើង​នៅ​កោះ​បាលី គឺជា​វេទិកា​ត្រឹមត្រូវ​មួយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រជាធិបតេយ្យ​បែបនេះ​។ លោក​បន្ថែម​ថា វេទិកា​បែបនេះ គេ​ត្រូវ​រៀបចំឡើង ដើម្បី​ចែករំលែក​ទស្សនៈ​និង​បទពិសោធន៍​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​។ ចំពោះ​វត្តមាន លោក សម រង្ស៊ី នៅ​ឥណ្ឌូណេស៊ី​វិញ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​រូប​នេះ បញ្ជាក់​ថា លោក សម រង្ស៊ី មាន​សេរីភាព​ពេញលេញ​ចូល​មក​ឥណ្ឌូណេស៊ី ក្នុងនាម​ជា​អ្នកទេសចរ ហើយ​ដរាបណា​លោក សម រង្ស៊ី មិន​ធ្វើ​អ្វី​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​នេះ​ទេ លោក​មាន​សេរីភាព​ក្នុង​ការ​ជួប​មិត្តភ័ក្ដិ ឬ​មិត្ត​រួម​ការងារ​នៅ​ពេល​វិស្សមកាល​របស់​ពួកគេ គ្មាន​អ្វី​ខុសឆ្គង​ឡើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ហ្សាការតា (Jakarta) លោក ហោ ណាំបូរ៉ា ដែល​ជា​កូនប្រុស​របស់​លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ព្យាយាម​រារាំង​អ្នកស្រី មូរ សុខហួរ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ហ្សាការតា ហើយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បណ្ដេញ​អ្នកស្រី​ចេញពី​ឥណ្ឌូណេស៊ី​ទៀត​ផង ប៉ុន្តែ​សមត្ថកិច្ច​ឥណ្ឌូនេស៊ី​មិន​អនុវត្ត​តាម​ឡើយ។លោក សម រង្ស៊ី អះអាង​ថា ទោះបីជា លោក ហ៊ុន សែន កន្លង​មក​ផ្ញើ​ដីកា​ចាប់ខ្លួន​លោក ទៅកាន់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏ដោយ ក៏ប៉ុន្តែ​លោក មាន​សេរីភាព​ពេញលេញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​។ លោក​បញ្ជាក់​ថា ប្រទេស​ទាំងនេះ គឺ​មាន​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ជា​ប្រទេស​ជា​គំរូ​លើ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​ដែរ ដូច្នេះ​ហើយ​បានជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​មិន​ធ្វើតាម​លោក ហ៊ុន សែន ឡើយ៖ «»

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​នេះ ហាក់​ដូច​ជា​ប្រទេស​ទាំងនេះ ផ្ដល់​ការ​គាំទ្រ​ទៅលើ​លោក សម រង្ស៊ី។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​ខកចិត្ត​ចំពោះ​ប្រទេស​អាស៊ាន​ដែរ ដែល​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ក្រោយពី​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ៖ «»

លោក សម រង្ស៊ី ដែល​កំពុង​មាន​វត្ត​មាននៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី បន្ថែម​ថា សម្ពាធ​ទាំង​ក្នុង និង​ក្រៅ ជាពិសេស​សម្ពាធ​ពី​សហភាព​អឺរ៉ុប កំពុង​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ចាប់ផ្ដើម​ភ្ញាក់ខ្លួន ប៉ុន្តែ​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ចំពោះ​កា​បន្ធូរបន្ថយ ឬ​ការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ។ លោក​បន្ថែម​ថា កា​បន្ធូរបន្ថយ​បន្តិចបន្តួច​នេះ មិនមែន​ជា​ដំណោះស្រាយ​ដែល​សហភាព​អឺរ៉ុប​ចង់បាន​ឡើយ៖ «»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា រដ្ឋាភិបាល​របស់​លោក នៅ​ត្រៀម​បង្ក្រាប​ក្រុម​គណបក្សប្រឆាំង​គ្រប់​ពេល ដែល​លោក សុខ ឥសាន ចោទ​ថា ជា​ក្រុម​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ជា​ក្រុម​បដិវត្ត​ពណ៌​ជាដើម​។ ការ​អះអាង​របស់​លោក សុខ ឥសាន នេះ ធ្វើឡើង​ផ្ទុយ​ទៅ​នឹង​សំដី​របស់​លោក ហ៊ុន សែន ដែល​ទទូច​ឱ្យ​ក្រុម​គណបក្សប្រឆាំង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ស្នើ​កុំ​ឱ្យ​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​ពួកគេ។

លោក សម រង្ស៊ី បន្ថែម​ថា គណបក្ស​ប្រឆាំង នឹង​នៅតែ​បន្ត​តស៊ូ​មតិ និង​ដាក់​សម្ពាធ​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន នៅ​កម្ពុជា​ឱ្យ​ខាង​តែ​បាន ។ លោក​បញ្ជាក់​ជាថ្មី​ទៀត​ថា ផែនការ​វិល​ត្រលប់​ទៅ​កម្ពុជា​វិញ ក៏​ពុំ​មាន​អ្វី​ផ្លាស់ប្ដូរ​ដែរ។ លោក​បង្ហើប​ថា ក្រោយ​បេសកកម្ម​នៅ​ឥណ្ឌូនេស៊ី លោក​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ដែរ លោក​នៅ​រង់ចាំ​ឱកាស ចាំ​ដឹកនាំ​ពលរដ្ឋ​វិល​ចូល​ទៅ​កម្ពុជា​វិញ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។