សាច់ញាតិ និង​អ្នក​គាំទ្រ បន្ត​ដាក់​ញត្តិ​សុំ​ស្ថានទូត​ជប៉ុន និង​អាល្លឺម៉ង់ អន្តរាគមន៍​ដោះ​លែង​អ្នក​ទោស​មនសិការ​ ៧នាក់

0:00 / 0:00

សាច់ញាតិ និង​ក្រុម​អ្នក​គាំទ្រ បន្ត​ដាក់​ញត្តិ ស្នើសុំ​ស្ថានទូត​ជប៉ុន និង​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​​ទៅ​រដ្ឋាភិបាល ​ដោះលែង មេដឹកនាំ​សហជីព លោក រ៉ុង ឈុន និង​អ្នក​ទោស​មនសិការ​ផ្សេងៗ​ទៀត ដែល​រង​ការ​ចាប់​ខ្លួន ដោយ​សារ​ការ​ឃ្លាំមើល​ព្រំដែន និង​ទាមទារ​យុត្តិធម៌​សង្គម។​ ការ​តវ៉ា និង​ដាក់​ញត្តិ​នេះ ត្រូវ​បាន​កង​សន្តិសុខ និង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ជា​ច្រើ​នាក់ ព្យាយាម​រារាំង និង​តាម​អុកឡុក ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ទេ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ប្រាប់​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​ បាន​រារាំង ក្រុម​អ្នក​គាំទ្រ​អ្នក​ទោស​មនសិការ​​ មិន​ឲ្យ​ដើរ​ថ្មើរ​ជើង​ទៅ​ដាក់​ញត្តិ នៅ​តាម​ស្ថានទូត​​ នៅ​ព្រឹក​ថ្ងៃ​ទី១ កញ្ញា ដោយ​​ប្រើ​ហេតុផល​ថា មិន​បាន​សុំ​ច្បាប់​ដើរ​ដាក់​ញត្តិ​ ពី​​សាលា​ក្រុង​ភ្នំពេញ។ តែ​យ៉ាង​ណា ក្រុម​អ្នក​គាំទ្រ ដែល​មាន​ទាំង​​តំណាង​គ្រូ​បង្រៀន និស្សិត​បញ្ញា​វន្ត កម្មករ និង​យុវជន ប្រហែល ១៥០នាក់ បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​កង់​បី ទៅ​ដល់​ស្ថាន​ទូត​ជប៉ុន និង​អាល្លឺម៉ង់ ដោយ​ជោគជ័យ។

អ្នកស្រី អ៊ុក ឆាយាវី ប្រាប់​ថា ​មន្ត្រី​ស្ថានទូត​ជប៉ុន បាន​ចេញ​មក​ទទួល​ញត្តិ ដោយ​សន្យា​ថា នឹង​ទាក់ទង​ទៅ​តំណាង​អ្នក​ដាក់​ញត្តិ នៅ​ពេល​ក្រោយ ដើម្បី​សួរ​នាំ​បន្ថែម​ទៀត។ ឯ​មន្ត្រី​ទូត​អាល្លឺម៉ង់ បាន​អញ្ជើញ​តំណាង​មួយ​ចំនួន ចូល​ជួប​ជជែក​នៅ​ក្នុង​ស្ថានទូត ហើយ​សន្យា​ភ្លាមៗ ថា យក​ករណី​នេះ ប្រាប់​ទៅ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់។

ក្នុង​ញត្តិ​ដាក់​ជូន​ស្ថានទូត​ជប៉ុន និង​អាល្លឺម៉ង់ ក្រុម​អ្នក​ដាក់​ញត្តិ បាន​ស្នើសុំ​ឲ្យ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ទាំង​ពីរ ជួយ​អន្តរាគមន៍ ដោះ​លែង លោក រ៉ុង ឈុន ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ព្រម​ទាំង​ដោះ​លែ​ង អ្នក​ទោស​មនសិការ​ ចំនួន ៦នាក់​ផ្សេង​ទៀត៖ « ទី១ គឺ​លោក រ៉ុង ឈុន ហើយ។ គោល​ការណ៍​របស់​ពួក​យើង ព្រោះ​ថា លោក រ៉ុង ឈុន ជា​បុរស​ស្អាតស្អំ អ្វី​អ៊ីចឹង ហើយ​ក៏​យើង​សុំ​ឲ្យ​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​អ្វី​ទាំង​អស់ ដែល​ជាប់ ( ពន្ធនាគារ ) ដោយ​សារ​តែ​ការ​តវ៉ា​ទាមទារ​ឲ្យ​លោក រ៉ុង ឈុន នៅ​ក្រៅ​ឃុំ​ហ្នឹង។ យើង​បាន​និយាយ​ជាមួយ​ទូត​គេ​អស់​ហើយ»

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ជា​បន្ត​បន្ទាប់​មក ក្រុម​សាច់​ញាតិ ប្រជា​ពលរដ្ឋ ជា​ពិសេស ក្រុម​យុវជន បាន​នាំ​គ្នា​តវ៉ា និង​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មួយ​ចំនួន​រួច​ហើយ ដូចជា ស្ថានទូត​អាមេរិក បារាំង អឺរ៉ុប ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​អូស្ត្រាលី។ ក្រុម​អ្នក​គាំទ្រ នឹង​បន្ត​ដាក់​ញត្តិ​នៅ ស្ថានទូត​ចំនួន ២ទៀត គឺ​ស្ថាន​ទូត​អង់គ្លេស និង​ស្ថានទូត​ថៃ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ ជាក់លាក់​ទេ។

ក្រុម​អ្នក​គាំទ្រ ក៏​មាន​គម្រោង​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១៥ សីហា ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ដែរ។ ប៉ុន្តែ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​​ ព្រមាន ២ដង​ហើយ​ថា នឹង​បង្ក្រាប ប្រសិន​បើ​នៅ​តែ​ជម្នះ​ធ្វើ​បាតុកម្ម​នេះ។ ចំណែក​ក្រុម​អ្នក​គាំទ្រ​ នៅ​ក្រៅ​ប្រទេស​វិញ ដូចជា នៅ​ប្រទេស​ថៃ កូរ៉េ​ខាងត្បូង​ និង​កាណាដា បាន​ធ្វើ​បាតុកម្ម​ ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ផង​ដែរ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី១ កញ្ញា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​ មន្ត្រី​នាំ​ពាក្យ​ឲ្យ​រាជរដ្ឋាភិបាល​ទាំង​ពីរ​រូប​នេះ​ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ការ​ដាក់​ញត្តិ និង​សកម្ម​ភាព​ស្រប​ច្បាប់​នានា ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​គ្មាន​ឥទ្ធិពល ចំពោះ​សំណុំ​រឿង​នៅ​ក្នុង​តុលាការ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា ការ​ដាក់​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា គឺជា​​​មូលដ្ឋាន​ ដែល​អាច​ធ្វើ​ឲ្យ​មន្ត្រី​ស្ថានទូត និង​រដ្ឋាភិបាល​បរទេស មាន​អំណះអំណាង​ក្នុង​ការ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ​ជឿ​ជាក់​ថា ការ​អន្តរាគមន៍​នានា​របស់​ស្ថានទូត​បរទេស នឹង​​អាច​ជួយ​ឲ្យ​មាន​ការ​ដោះលែង អ្នក​ទោស​មនសិការ​ទាំង​អស់៖ « ខ្ញុំ​គិត​ថា ការ​អះអាង​ថា ( តុលាការ )​ មាន​ឯករាជ​ភាព​ វា​គ្រាន់​តែ​អាច​ថា នៅ​លើ​តែ​សៀវភៅ​ ឬ​ក៏​នៅ​លើ​ច្បាប់ ដែល​មាន​ចែង​តែ​ប៉ិន​ហ្នឹង។ ប៉ុន្តែ​អំពើ​នៃ​ការ​អនុវត្ត​គឺ​ អត់​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​ថា ពិត​ជា​តុលាការ​ បាន​អនុវត្ត​តួនាទី​​របស់​ខ្លួន បាន​ត្រឹមត្រូវ​ និង​ឯករាជ្យ​ទេ»

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​គាំទ្រ​ប្រាប់​ថា ពួក​គាត់​នឹង​នៅ​តែ​តវ៉ា នឹង​ការ​បង្ក្រាប​នេះ​ ហើយ​នៅ​តែ​ព្យាយាម​ស្វែង​រក កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​ទៀត ​ដោយ​រំពឹង​ថា បណ្ដា​ប្រទេស​លោក​សេរី នឹង​មិន​ឱប​ដៃ​ ឈរ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។