លោក រ៉ុង ឈុន ធ្លាប់បានលើកឡើងពីការព្រួយបារម្ភ កាលពីលោកនៅមានសេរីភាពករណីកងទ័ពវៀតណាមបោះតង់នៅតំបន់ព្រំដែន ថា អាចនឹងធ្វើឱ្យខាតបង់ទឹកដីកម្ពុជា។ អ្នកឃ្លាំមើលបញ្ហាព្រំដែនរូបនេះក៏ធ្លាប់មានគម្រោងចុះទៅតំបន់វៀតណាមបោះតង់នោះដែរ ប៉ុន្តែលោកត្រូវសមត្ថកិច្ចចាប់ខ្លួនមុនពេលធ្វើដំណើរទៅទីនោះ ខណៈរឿងវៀតណាមបោះតង់នេះ រដ្ឋាភិបាលហាក់មិនទាន់បង្ហាញវិធានការជាក់លាក់ ឬបង្ខំឱ្យវៀតណាមដកតង់ចេញវិញនៅឡើយទេ។
អ្នកឃ្លាំមើលបញ្ហាព្រំដែន និងជាប្រធានសហជីពប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ធ្លាប់លោកឡើងថា អាជ្ញាធរដែនដី ឬក្រសួងមហាផ្ទៃហាក់ដូចជាមិនបានពន្លឿនរបាយការណ៍ស្ដីពីករណីវៀតណាមបោះតង់នៅលើទឹកដីកម្ពុជានោះទេ។ លោកបន្តថា ត្បិតភាគីវៀតណាមលើកហេតុផលថា ការបោះតង់ដើម្បីបង្ការជំងឺកូវីដ១៩ក្ដី ប៉ុន្តែលោកសង្ស័យថា រូបភាពនេះមិនមែនដើម្បីបង្ការ ឬទប់ស្កាត់ជំងឺកូវីដនោះទេ ប៉ុន្តែប្រៀបដូចជាការដាក់ខ្សែត្រៀមដើម្បីប្រុងធ្វើអ្វីមួយគួរឱ្យសង្ស័យ៖ «ក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយើងនឹងចុះទៅពិនិត្យអង្កេតថា តើខាងអាជ្ញាធរយួន ( វៀតណាម ) បានដក ឬមួយរុះរើតង់ក្នុងគោលដៅនីមួយៗហើយឬនៅ ?»។
លោក រ៉ុង ឈុន ថា ករណីវៀតណាមបោះតង់នៅតំបន់ព្រំដែនជាការគំរាមកំហែងលើអធិបតេយ្យភាពកម្ពុជា និងការរំលោភបំពានឈ្លានពានលើដែនដីមិនទាន់ដោះស្រាយ ប៉ុន្តែភាគីវៀតណាមបានបោះតង់លើតំបន់នោះ។ លោកក៏ធ្លាប់បង្ហាញជំហរទៅឃ្លាំមើលតំបន់បោះតង់ទាំងនោះ ដើម្បីឃើញពីស្ថានភាពជាក់ស្ដែង៖ «យើងទៅត្រួតពិនិត្យជាក់ស្ដែងថា តើស្ថានភាពនៃការបោះតង់ហ្នឹងប្រែប្រួល ឬយ៉ាងណាហើយ ពីព្រោះនេះជាការគំរាមកំហែងលើគំរាមកំហែងលើអធិបតេយ្យភាពកម្ពុជាយើង ហើយក៏ចាត់ទុកចាររំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជាយើង»។
ក្នុងពេលមានផ្ទុះឡើងនៃករណីជំងឺកូវីដ-១៩ (Covid-19) កាលពីខែមីនាមកអាជ្ញាធរវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន ២៥៦កន្លែងនៅតាមព្រំប្រទល់វៀតណាម។ ទោះការបោះតង់ត្រូវអ្នកឃ្លាំមើលនិងបក្សប្រឆាំងថា ការរំលោភបំពានឈ្លានពានលើដែនដី ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែបង្ហាញឥរិយាទន់ភ្លន់លើភាគីវៀតណាម ដោយដោះស្រាយត្រឹមកំណត់ទូតប៉ុណ្ណោះ។
ក្រសួងការបរទេសកម្ពុជា កាលពីខែមីនា បានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់ និងទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញនិងបញ្ឈប់សកម្មភាពនានាដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។ ប៉ុន្តែក្រសួងការបរទេសវៀតណាមបានឆ្លើយតបកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ ។ ចាប់ពីពេលនោះមកភាគីរដ្ឋាភិបាល លោក ហ៊ុន សែន ហាក់យល់ព្រមទទួលការពន្យល់របស់វៀតណាមដោយមិនបានប្រើប្រាស់កម្លាំងទ័ពទៅបណ្ដេញកងទ័ពវៀតណាមទាំងនោះដូចដែលខ្លួនបានធ្វើដាក់ការរំលោភបំពានរបស់កងទ័ពថៃ និងកងទ័ពឡាវ ដែលបានចូលមកដែនដីរបស់កម្ពុជានាពេលកន្លងមក។
គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតចំហពីរច្បាប់ផ្សេងគ្នាដោយមួយច្បាប់ជូន លោក ហ៊ុន សែន និងមួយច្បាប់ទៀតជូនកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលមានតួនាទីជាមេដឹកនាំយោធាជាន់ខ្ពស់ឱ្យក្លាហានបណ្ដេញកងទ័ពវៀតណាមដែលកំពុងបានបោះតង់នៅតំបន់ព្រំដែនកម្ពុជា។
ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនគួរនៅស្ងៀមស្ងាត់បន្តទៀតទេលើករណីវៀតណាមបោះតង់នេះ។ តំណាងរាស្ត្រគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ ព្រួយបារម្ភថា ទឹកដីកម្ពុជាអាចប្រឈមនឹងការបាត់បង់នៅកន្លែងកងទ័ពវៀតណាមឈរជើង និងបោះតង់ចំនួន៩ខេត្ត ជិតកន្លែង៣០០កន្លែងនោះ៖ «ទ័ពកម្ពុជាទៅព្រំដែនកន្លែងវៀតណាមបោះតង់ដើម្បីរុញច្រានឱ្យវៀតណាមដកតង់ ទៅវៀតណាមវិញដូចកម្ពុជាបានធ្វើរឿងប្រហាក់ប្រហែលជាមួយថៃជាមួយឡាវ»។
លោក អ៊ុំ សំអាន ឱ្យដឹងទៀតថា តាមព័ត៌មានដែលលោកទទួលបានទាហានវៀតណាមបានប្រែក្លាយពីការបោះតង់ ទៅជាការសាងសង់ប៉ុស្តិ៍យាម ឬប៉ុស្តិ៍យោធា ដែលធ្វើអំពីឈើ ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។ ប៉ុស្តិ៍យាមថ្មីនេះ សាងសង់លើដីខ្មែរ ស្ថិតនៅតំបន់ថ្មបីដុំ ភូមិថ្មបីដុំ ឃុំកណ្តុរជ្រុំ ស្រុកបុរីជលសារ ខេត្តតាកែវ។
របាយការណ៍ចុងក្រោយដែលអាស៊ីសេរីទទួលបានពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន កាលពីចុងខែកក្កដាឱ្យដឹងថា តំបន់ព្រំដែននៃខេត្តទាំង៩ របស់កម្ពុជាដែលវៀតណាមកំពុងបោះរោងតង់នោះរួមមាន៖ ខេត្តកណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងព្រំដែនខេត្តមណ្ឌលគិរី។
អាស៊ីសេរីបានសុំការបំភ្លឺពីការវិវឌ្ឍចុងក្រោយ នៃចំនួនតង់ដែលទាហានវៀតណាមបោះ លោក ឆាយ គឹមខឿន នៅថ្ងៃទី២៦ ខែសីហា ប៉ុន្តែ អ្នកនាំពាក្យរូបនេះ ឱ្យដឹងយ៉ាងខ្លីថា បញ្ហាវៀតណាមបោះតង់មិនទាន់មានការវិវឌ្ឍគួរកត់សម្ភាសនោះទេ។ រីឯករណី លើកឡើងថា ទាហានវៀតណាមបានប្រែក្លាយពីការបោះតង់ ទៅជាការសាងសង់ប៉ុស្តិ៍យាម នៅខេត្តតាកែវ លោក មិនឆ្លើយបំភ្លឺទេដោយជំរុញឱ្យទៅសុំការបញ្ជាក់ពីអាជ្ញាធរខេត្តវិញ។
ទាក់ទងការលើកឡើងនេះ អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
រីឯ នៅខេត្តត្បូងឃ្មុំឯណោះវិញ ពលរដ្ឋជាង ១០៥គ្រួសារ នៅខេត្តត្បូងឃ្មុំ អះអាងថា បាត់ដីស្រែកេរដូនតា ចំនួន ៦០ហិកតារ ក្រោយពីរដ្ឋាភិបាលកំណត់បង្គោលព្រំដែន ជាមួយភាគីវៀតណាម ដែលបញ្ហានេះធ្វើឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ខ្លួនលោក រ៉ុង ឈុន ។
ទោះយ៉ាងណា ក្រោយពីពលរដ្ឋ និងយុវជនរិះគន់ រដ្ឋាភិបាលរឿងបោះបង្គោលព្រំដែនមានភាពមិនប្រក្រតីច្រើនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែសីហា បានបញ្ជាឱ្យប្រធានគណៈកម្មការព្រំដែន លោក វ៉ា គឹមហុង ចុះជួបពលរដ្ឋដោយផ្ទាល់នៅខេត្តត្បូងឃ្មុំ ដែលអះអាងថា បាត់ដីស្រែចម្ការកេរឪពុកម្ដាយរបស់ខ្លួន។ ប៉ុន្តែលោក ហ៊ុន សែន មិនបានលើកឡើងពីបញ្ហាវៀតណាមបោះតង់នៅតំបន់ព្រំដែនមកនិយាយនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងដោយការចរចា។ លោកបន្តថា បញ្ហាវៀតណាមបោះតង់នេះនៅពេលជំងឺកូវីដបានធូរស្រាលគឺវៀតណាមដកតង់ចេញវិញហើយ។ ចំពោះករណីចាប់ខ្លួននិងចោទប្រកាន់លោក រ៉ុង ឈុន អ្នកនាំពាក្យរូបនេះយល់ថាជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៖ «អ៊ីចឹងបានយើងរក្សាបានសន្តិភាពរហូតជាងម្ភៃឆ្នាំនេះគឺដោយសារកម្មវិធីនយោបាយនេះបើយកកម្មវិធីនយោបាយក្រុមឧទ្ទាមក្រៅច្បាប់ គ្មានកម្មវិធីអីទេចង់តែបង្កើតអរិយភាពជាមួយប្រទេសជិតខាង»។
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់អធ្រាត្រថ្ងៃទី៣១ កក្កដា ដោយចោទប្រកាន់និងបន្តឃុំខ្លួនលោកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពេល
អ្នកឃ្លាំមើលបញ្ហាព្រំដែន សហជីព និងគ្រូបង្រៀនរូបនេះចុះឃ្លាំមើល និងផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរីពាក់ព័ន្ធនឹងការចោទថា វៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ។ប៉ុន្តែអ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ការចោទប្រកាន់របស់រដ្ឋាភិបាល ហ៊ុន សែន លើលោក រ៉ុង ឈុន គឺស្មើនឹងការលើកទឹកចិត្តឱ្យវៀតណាមរំលោភបំពានទឹកដីកម្ពុជា។ លោកបន្តថា បើមានការរួមគ្នា កម្លាំងរបស់ក្រុមមហាជននឹងអាចធ្វើឱ្យរដ្ឋាភិបាលដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ៖ «សកម្មភាពសង្កត់ស្មារតីជាតិខ្មែរនិងលើកទឹកចិត្តឱ្យវៀតណាមឈ្លានពានកម្ពុជាកាន់តែខ្លាំង»។
លោក ឆាយ គឹមខឿន ឱ្យដឹងថា រោងតង់របស់កងទ័ពវៀតណាមចំនួន ២៨៧កន្លែង នៅតំបន់ព្រំដែនក្នុងខេត្តចំនួន ៩មិនទាន់រើចេញវិញនៅឡើយទេ។ លោកបន្តថា រោងដែលវៀតណាមបោះតង់នោះមានទំហំ ៤ គុណ ៥ម៉ែត្រ និងមានកងទ័ពវៀតណាមប្រចាំការពីបីនាក់ទៅប្រាំពីរនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។