រដ្ឋាភិបាលស៊ុយអែត (Sweden) ប្រកាសបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខ។ អ្នកវិភាគយល់ថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ទំនងជាប្រទេសស៊ុយអែតខកចិត្តនឹងបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ក្រសួងការបរទេសស៊ុយអែតប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកាថា នៅពេលដែលស្ថានទូតបិទចាប់ពីចុងឆ្នាំ២០២១ តទៅនោះ នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ដោយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជា ត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃវិញ។
ចំណែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ ក្រសួងការបរទេសស៊ុយអែតបញ្ជាក់ថា នឹងនៅតែបន្តអនុវត្តតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ថា ស៊ីដា (Sida)។ ក្រសួងការបរទេសស៊ុយអែតបកស្រាយថា ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការសម្របខ្លួនជាបន្តរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី។ ក្រសួងការបរទេសឱ្យដឹងទៀតថា ដំណើរការផ្លាស់ប្ដូរបើក ឬបិទស្ថានទូត និងស្ថានកុងស៊ុលនេះ តែងកើតឡើងជាប្រចាំ។
ក្រសួងការបរទេសស៊ុយអ៊ែតបន្ថែមថា ទោះបីជាស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ នឹងត្រូវបិទទ្វារនៅចុងឆ្នាំ២០២១ក្តី ក៏ស៊ុយអែត នៅតែមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយទំនាក់ទំនងនេះ នឹងបន្តតាមមធ្យោបាយថ្មីទៀត។
ទាក់ទងនឹងករណីនេះ អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានទេ ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការរុះរើស្ថានទូតទៅទីក្រុងបាងកកនេះ គឺជាការសម្រេចចិត្តផ្ទៃក្នុងរបស់ប្រទេសស៊ុយអែត ឬអាចជាផែនការសន្សំសំចៃក្រោយរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ។ លោកអះអាងថាគ្មានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងស៊ុយអែតនោះទេ ព្រោះគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជា មិនយកប្រទេសណាមួយជាសត្រូវឡើយ។ លោក បន្តថា ស៊ុយអែត បានប្រកាសខ្លួនឯងរួចហើយថា ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នា ប៉ុន្តែលោកសោកស្ដាយដែលមានមតិមួយចំនួនលើកឡើងអំពីចំណុចអវិជ្ជមានរបស់កម្ពុជា៖ « ស៊ុយអែត និយាយប្រាប់ច្បាស់អ្វីដែលប្រទេសស៊ុយអែត បាននិយាយថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅតែបន្តទៅមុខទៀត។ គេនិយាយខ្លួនគេហ្មង » ។
ទោះជាយ៉ាងណា ក្នុងដំណើរទស្សនកិច្ចនៅភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៧ ឯកអគ្គរាជទូតស៊ុយអែតទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋអ្នកស្រី អ៊ែនីកា ប៊ែន ដេវីដ (Annika Ben David) បានបញ្ជាក់ប្រាប់តំណាងរដ្ឋាភិបាលកម្ពុជាហើយថា បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ រឿងនេះនឹងបង្ខំឱ្យរដ្ឋាភិបាលស៊ុយអែត គិតគូរឡើងវិញពីទំនាក់ទំនងជាមួយកម្ពុជា។ លើសពីនេះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗ នេះ រដ្ឋាភិបាលស៊ុយអែត បានសម្រេចជាផ្លូវការបញ្ឈប់ផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលកម្ពុជា ដោយសារតែមើលឃើញថា លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងទទួលរងការរឹតត្បិតខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាហេតុធ្វើឱ្យស៊ុយអែតពិបាកក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានទូលំទលាយ និងជិតដិតជាមួយរដ្ឋាភិបាលកម្ពុជា។ ប្រទេសប្រជាធិបតេយ្យនៅតំបន់អឺរ៉ុបមួយនេះ បញ្ជាក់ថា ខ្លួននឹងងាកមកផ្ដោតលើការលើកកម្ពស់វិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋវិញ ក្នុងនោះ ស៊ុយអែត នឹងនៅតែបន្តគាំទ្រសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា។
សហស្ថាបនិកនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត រ៉ូ វណ្ណៈ ថ្លែងថា ស៊ុយអែត គឺជាប្រទេសមួយ ដែលពង្រឹង និងពង្រីកយន្តការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសកល ប៉ុន្តែការដែល ប្រជាធិបតេយ្យកម្ពុជា នៅតែដើរថយក្រោយបែបនេះអាចជាមូលហេតុមួយនៃដកស្ថានទូតទៅទីក្រុងបាងកក។ លោក បន្តថា ការដែលប្រទេសប្រជាធិបតេយ្យគំរូ និងមានសមានចិត្តមួយនេះ បិទស្ថានទូតនៅកម្ពុជាបែបនេះ មិនមែនជារឿងល្អនោះទេ ហើយអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាផងដែរ៖ « ស៊ុយអែតចង់បន្តគោលនយោបាយការបរទេសអនុត្តរភាពសេរី ដែលមានអាមេរិកដឹកមុខ ប៉ុន្តែស៊ុយអែតមានផលប្រយោជន៍រួមជាមួយសណ្ដាប់ធ្នាប់សេរីគឺថា ពង្រឹង និងពង្រីកប្រជាធិបតេយ្យគ្រប់ច្រកល្ហកទាំងអស់នៅលើពិភពលោក ដូច្នេះនេះជាថ្នូរមួយនៃអាហ្នឹង។ ដល់ពេលគាត់ឃើញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាមួយស៊ុយអែត មានភាពរកាំរកូសតាមរយៈបស្ចិមប្រទេស ជាពិសេស ស៊ុយអែត គាត់ប្រកាន់រដ្ឋាភិបាលកម្ពុជារឿងរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតប្រជាធិបតេយ្យជាដើម ដែលធ្វើឲ្យអាក់អន់ស្រពន់ចិត្ត ប៉ុន្តែយ៉ាងណា ក៏ស៊ុយអែត មិនផ្ដាច់ខ្លួនចេញពីកម្ពុជាទាំងស្រុងដែរ បានន័យថា គាត់ទៅបាងកក តែនៅតែផ្តល់ជំនួយជួយដល់វិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ដទៃទៀត តាមរយៈជាដៃគូរបស់គាត់ » ។
រីឯនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (FacebooK) ថា ស៊ុយអែត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកិច្ចការជាច្រើនដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងតួអង្គដទៃទៀត ដោយឈរលើគោលការណ៍គោរព និងការពារសិទ្ធិមនុស្ស។ អ្នកស្រីជឿថាការចាកចេញនេះនឹងប៉ះពាល់ខ្លាំងដល់ នីតិវិធីនិងការឆ្លើយតបរបស់ស៊ុយអែតចំពោះកិច្ចគាំទ្រដល់កម្ពុជា។ ស៊ុយអ៊ែត បង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៦១មក ប៉ុន្តែដំបូងឡើយស្ថានទូតស៊ុយអ៊ែតផ្នែកទំនាក់ទំនងជាមួយកម្ពុជា ក៏មានមូលដ្ឋាននៅប្រទេសថៃដែរ។ លុះដល់ឆ្នាំ២០១០ ទើប ប្រទេសមួយនេះ បានសម្រេចបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។
ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ប្រទេសនេះ ក៏បានផ្តល់ជំនួយឥតសំណង ក្នុងទឹកប្រាក់ប្រមាណ ១២៥លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើវិស័យអភិបាលកិច្ច យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ និងវិស័យប រិស្ថាន។ ទោះជាយ៉ាងនេះក្ដី ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលស៊ុយអែត តែងតែចេញមុខរិះគន់ខ្លាំងៗ ចំពោះរបបក្រុងភ្នំពេញ ជុំវិញការរំលោភគោលការណ៍ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។