តុលាការខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកញ្ញា ប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង ៧នាក់ឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ៧ឆ្នាំពីបទរួមគំនិតក្បត់ ដែលជាសំណុំរឿងចាស់ កាលពីឆ្នាំ២០១៩។ មេធាវី និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកសេចក្ដីសម្រេចនេះថា អយុត្តិធម៌ និងមានចរិតនយោបាយ។
មេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំង គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា ក្នុងចំណោមកូនក្តីរបស់លោកទាំង ៧នាក់នោះ គឺមាន ៥នាក់ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនឡើងវិញ ចំណែកពីរនាក់ទៀត ផ្ដន្ទាទោសឲ្យជាប់៥ឆ្នាំ តែព្យួរទោសសាកល្បង។ លោក សំ សុគង់ បញ្ជាក់ថា កូនក្តីរបស់លោកទាំង ៥នាក់នោះ មាន៣នាក់កំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស ហើយសកម្មជនម្នាក់ទៀតដែលកំពុងកូនខ្ចី គឺលោកស្រី មាន ឡា កំពុងភៀសខ្លួនក្នុងប្រទេស រីឯសកម្មជនម្នាក់ទៀត គឺលោក គង់ សំអាន ត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី៦ ខែកញ្ញា មុនការប្រកាសសាលក្រមនេះ។ ដោយឡែកសកម្មជនពីរនាក់ទៀត ដែលតុលាការព្យួរទោសនោះ គឺលោក វ៉ាន់ សុផាត និងលោក ជឹម វណ្ណៈ មិនបានរត់គេច ខ្លួនឡើយ ប៉ុន្តែលោក ជឹម វណ្ណៈ ត្រូវបានគេអះអាងថា បានសារភាពចុះចូលជាមួយគណបក្សកាន់អំណាច។
ទោះយ៉ាងណាលោកមេធាវី សំ សុគង់ ចាត់ទុកថា សេចក្ដីសម្រេចរបស់តុលាការនេះ គឺជារឿងអយុត្តិធម៌ និងធ្វើឡើងផ្ទុយពីខ្លឹមសារច្បាប់ ដោយសារកូនក្តីរបស់លោក មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ៖ «ខ្ញុំយល់ឃើញថាការផ្ដន្ទាទោសនៅថ្ងៃនេះ គឺមិនទាន់អាចទទួល យកបានទេ ដោយសារចៅក្រមផ្ដន្ទាទោសហើយចេញដីកាចាប់ខ្លួនទៀតជាពិសេសកូនក្តីរបស់ខ្ញុំ ឈ្មោះ មាន ឡា ដែលជាស្ត្រីទន់ខ្សោយ ហើយជាស្ត្រីទើបឆ្លងទន្លេ ហើយមានជីវភាពលំបាកខ្លាំង»។
តុលាការ បានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ នឹងការបញ្ចេញមតិ តាមបណ្ដាញសង្គមហ្វេសប៊ុក( Facebook) ពីឆ្នាំ២០១៨ រហូតដល់ខែតុលា ឆ្នាំ២០១៩ ក្នុងនោះមានដូចជាសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជាដើម។
អាស៊ីសេរី មិនអាចសុំឆ្លើយតបពីចៅក្រមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ឈិត វិនា និងអ្នកនាំពាក្យនិងព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំលោក ហាក់ សៀកលីម បានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
សកម្មជនបក្សប្រឆាំងលោកស្រី មាន ឡា ថ្លែងថា លោកស្រី ឈឺចាប់បំផុតដែលតុលាការចោទប្រកាន់លោកស្រីទាំងគ្មានមូលដ្ឋានបែបនេះ។ លោកស្រី មាន ឡា រៀបរាប់ទាំងក្ដុកក្ដួលថា លោកស្រី ធ្លាប់ជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌រយៈពេល ២ខែម្ដងហើយកាលពីចុងឆ្នាំ២០១៩ ទាំងកាលនោះមានផ្ទៃពោះជិត ២ខែ ដូច្នេះតុលាការ មិនគួរផ្ដន្ទាទោសឲ្យលោកស្រី ត្រូវជាប់គុក ៧ឆ្នាំម្ដងទៀតទាំង ដែលលោកស្រីកំពុងមានកូនខ្ចីបីខែនោះទេ៖ « សាលក្រមផ្ដន្ទាទោសមកលើនាងខ្ញុំ ៧ឆ្នាំនេះ គឺអយុត្តិធម៌បំផុតដែលខ្ញុំមិនទាន់ទាំងយល់ថា ពាក្យថាក្បត់ជាតិនេះផង។ វាគឺជារឿងនយោបាយសុទ្ធសាធ វាមិនមែនជារឿងអនុវត្តច្បាប់នោះទេ » ។
ការប្រកាសសាលក្រមនៅថ្ងៃទី២២ ខែកញ្ញា មានក្រុមគ្រួសារសាច់ញាតិរបស់សកម្មជនបក្សប្រឆាំង ប្រមាណ ១០០នាក់ បាននាំគ្នាឈរតវ៉ា និងកាន់បដាទាមទារយុត្តិធម៌នៅខាងមុខសាលាដំបូងខេត្តត្បូងឃ្មុំ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សេចក្ដីសម្រេចរបស់តុលាការនេះ មិនមែនជាការអនុវត្តច្បាប់នោះទេ គឺជារឿងនយោបាយ ដើម្បីធ្វើ ទុក្ខបុកម្នេញទៅលើសកម្មជនបក្សប្រឆាំង ខណៈរដ្ឋាភិបាល កំពុងបង្កើនយុទ្ធនាការបង្ក្រាបអ្នក ប្រឆាំងឡើងវិញ៖ « បើស្ថានភាពនយោបាយនៅតែតានតឹងបែបនេះ សិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋ និងសកម្មជននយោបាយដែលគាត់ចង់ចូលរួមជីវភាពនយោបាយ គឺមិនអាចធ្វើទៅរួច ទេ ទាល់តែស្ថានភាពនយោបាយធូរស្រាលហើយបើចង់ឲ្យធូរស្រាល ទាល់តែមេដឹកនាំនយោបាយ ទាំងអស់ចរចាគ្នា ឲ្យមកគោរពសិទ្ធិមនុស្ស និងគោរពតាមគោលការណ៍ប្រជាធិបតេយ្យឲ្យបានត្រឹម ត្រូវពិតប្រាកដឡើងវិញ ដូច្នេះស្ថានភាពនឹងធូរស្រាល ហើយអាចស្ដារនូវផលប្រយោជន៍របស់ប្រទេសយើងបានទៀតផង ក្រោយពីមានវិបត្តិកូវីដ » ។
មេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំង អះអាងថា នឹងដាក់បណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ដើម្បីឲ្យតុលាការជាន់ខ្ពស់ច្រានចោលការចោទដោយគ្មានមូលដ្ឋានលើកូនក្តីរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។