សមាជិកសភាអាមេរិកលោក ថិត យ៉ូហូ (Ted YOHO) ថា លោក ហ៊ុន សែន ជាមេដឹកនាំអាក្រក់បំផុត ដោយសាររំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ដើម្បីដាក់សម្ពាធឲ្យមេដឹកនាំបែបនេះ ឲ្យងាកមករកគន្លងប្រជាធិបតេយ្យវិញ គឺមានតែរួមគ្នាដាក់សម្ពាធ និងទណ្ឌកម្ម។
នេះជាបទសម្ភាសន៍របស់លោក មួង ណារ៉េត នៃវិទ្យុអាស៊ីសេរី ជាមួយលោក ថិត យ៉ូហូ ជុំវិញជំហររបស់សភាអាមេរិក ដូចតទៅ៖
មួង ណារ៉េត៖ ជាដំបូងខ្ញុំបាទ ចង់ដឹងថាតើសេចក្ដីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ដែលសភាអាមេរិក អនុម័តកាលពីខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែ ព្រឹទ្ធសភាមិនទាន់បានអនុម័តនោះ នឹងត្រូវស្នើជាថ្មីនៅពេលណា?
ថិត យ៉ូហូ៖ សេចក្ដីស្នើច្បាប់នេះ នឹងត្រូវស្នើជាថ្មីនៅសប្ដាហ៍ក្រោយនេះ។ ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជានេះ ត្រូវបានតាក់តែងឡើង ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្ត្រីរបបនេះ រួមទាំងជនទាំងឡាយណា ដែលបានចូលដៃ ក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសូមរម្លឹកថា ច្បាប់នេះធ្លាប់បានអង្គសភាទាំងមូលរបស់អាមេរិក អនុម័តជាឯកច្ឆន្ទរួចហើយ កាលពីសភាអាណត្តិមុន។ ដូច្នេះ ច្បាប់នេះក៏នឹងត្រូវសភាអនុម័តជាឯកច្ឆន្ទទៀតដែរ។ ម្យ៉ាងទៀត យើងមានសហភាគីរបស់យើង នៅខាងព្រឹទ្ធសភា ដែលនឹងយល់ព្រមតាមសំណើនេះដែរ។ ហើយចុងក្រោយ ច្បាប់នេះនឹងចូលជាធរមាន។
មួង ណារ៉េត៖ តាំងពីសំណើច្បាប់នេះ ត្រូវបានអនុម័តដោយរដ្ឋសភាអាមេរិក កាលពីខែកក្កដា ឆ្នាំ ២០១៨ របបលោក ហ៊ុន សែន បានបន្ទន់ឥរិយាបថខ្លះ ក៏ប៉ុន្តែ ថ្មីៗនេះ ក្រោយមិនមានមន្ត្រីបក្សប្រឆាំង សុខចិត្តសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅតាមការចង់បានរបស់លោក ហ៊ុន សែន ស្រាប់តែលោកគំរាមធ្វើបាបបក្សប្រឆាំង កាន់តែខ្លាំងក្លាឡើងថែមទៀត បើអន្តរជាតិ ហ៊ានដាក់ទណ្ឌកម្មរបបនេះ។ សម្ដីលោក ហ៊ុន សែន៖ «ការដាក់ចំពោះកម្ពុជា មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង។ ការសម្លាប់កម្ពុជាតាមរូបភាពណាមួយ មានតម្លៃស្មើនឹងសម្លាប់ក្រុមដែលអ្នកឯងគាំទ្រឲ្យប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន។ ខ្ញុំមិនលើកលែងឲ្យទេ។ បានតែជ្រុលលេងគ្នាហើយ វាត្រូវតែលេងអ៊ីចឹង! អាហ្នឹងល្បែងមានទៅមានមក»។ តើលោកយល់ថា ច្បាប់នេះមានប្រសិទ្ធភាព លើរបបលោក ហ៊ុន សែន ដែរឬទេ?
ថិត យ៉ូហូ៖ បាទ! ខ្ញុំយល់ថាមានប្រសិទ្ធភាព! សហគមន៍ខ្មែរយ៉ាងច្រើនលើសលប់នៅសហរដ្ឋអាមេរិក ចង់បានឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ពួកគាត់ជាច្រើន បានមកជួបខ្ញុំនៅកន្លែងធ្វើការរបស់ខ្ញុំ។ ពួកគាត់គាំទ្រច្បាប់នេះ ព្រោះគាត់ប្រាប់យើងខ្ញុំ ថាច្បាប់ដាក់ទណ្ឌកម្មនេះ ពិតជាមានប្រសិទ្ធភាព អាចជួយឲ្យកម្ពុជា ស្ដារស្ថានការណ៍អាក្រក់នៅកម្ពុជាបាន។ ដូចលោកដឹងស្រាប់ហើយ ការបោះឆ្នោតកន្លងទៅ គឺជាការបោះឆ្នោតក្លែងក្លាយ និងគួរឲ្យអាម៉ាស់ ដែលមេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន រម្លាយសំឡេងប្រឆាំង រួចហើយរៀបចំការបោះឆ្នោត ដោយគ្មានបក្សប្រឆាំងថែមទៀត។ ក្រោយបោះឆ្នោតរួច លោក ហ៊ុន សែន បែរជាបន្ទន់ឥរិយាបថ ចង់បើកចំហសេរីភាពវិញខ្លះ។ ប៉ុន្តែ ជិតដល់បោះឆ្នោតទៀត គាត់ធ្វើដដែលនេះទៀត។ លោក ហ៊ុន សែន កាន់អំណាចតាំងពីឆ្នាំ ១៩៨៥ ប៉ុន្តែ បើមើលកម្រិតជីវភាពប្រជាពលរដ្ឋខ្មែរវិញ នៅតែរកប្រាក់ចំណូល បានទាបជាងគេ នៅលើពិភពលោក។ នេះគឺដោយសារតែលោក ហ៊ុន សែន គាត់ខ្វល់តែបុគ្គល ហ៊ុន សែន មិនខ្វល់ពីប្រជាពលរដ្ឋខ្មែរទូទៅទេ។ ឥឡូវគាត់ក្លាយជាកូនជឹងរបស់ចិនទៀត។ ឲ្យតែចិនឲ្យធ្វើអ្វី គាត់ធ្វើតាមហ្នឹង។ គួរឲ្យអនិច្ចាណាស់ រឿងនេះ!
មួង ណារ៉េត៖ លោក ហ៊ុន សែន រងការរិះគន់ថា ហ៊ានផ្គើនដាក់សហគមន៍អន្តរជាតិ ដោយសារតែអាងចិននេះឯង។ មិនតែប៉ុណ្ណោះ លោកហ៊ានរហូតដល់គំរាមសហភាពអឺរ៉ុប ថា មានតែការចរចាទេទើបល្អ ព្រោះបើហ៊ានដកការអនុគ្រោះពន្ធ អ្នកដែលស្លាប់គឺបក្សប្រឆាំង។ សម្ដីលោក ហ៊ុន សែន៖ «បើចង់ឲ្យពួកប្រឆាំង អាហ្នឹងកាត់ទៅ! បើចង់ឲ្យពួកប្រឆាំងរស់ អាហ្នឹងកុំធ្វើ។ មកជជែកគ្នា ពិភាក្សាគ្នា កែលម្អសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា»។ ក្រោយសារគំរាមនេះភ្លាម លោកថានឹងស្នើច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបបនេះភ្លាមដែរ។ តើធ្វើដូច្នេះ លោកមិនបារម្ភថា នឹងរឹតតែធ្វើឲ្យលោក ហ៊ុន សែន ឆេះដុំកាន់តែខ្លាំងទេឬ?
ថិត យ៉ូហូ៖ គ្មានអ្វីចម្លែកទេ បើគាត់ឆេះដុំកាន់តែខ្លាំងនោះ។ ប៉ុន្តែ រឿងសំខាន់ គឺលោក ហ៊ុន សែន បានគំរាមកំហែងដល់សិទ្ធិសេរីភាពពលរដ្ឋខ្មែរ ហើយអំណាចដែលគាត់មានសព្វថ្ងៃ ក៏បានដោយសារតែអំណាចយោធា ផ្ដាច់ការ ប្លន់ឆន្ទៈរាស្ត្រខ្មែរ និងបង្ក្រាបសំឡេងប្រឆាំងឥតស្រាកស្រាន្ត។ ពលរដ្ឋខ្មែរទូទៅ មិនគាំទ្ររបបនេះទេ។ លោក ហ៊ុន សែន អាចព្រហើន ហ៊ានគំរាមសហភាពអឺរ៉ុប។ ប៉ុន្តែ គាត់ត្រូវចាំថា ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា។ តើគាត់ហ៊ានឲ្យបាត់បង់ទីផ្សារទាំងនេះដែរឬទេ? គាត់ស្មានថា ចិនអាចជួយស្តារបញ្ហាសេដ្ឋកិច្ចកម្ពុជាបាន បើអត់ទីផ្សារធំនេះអ្ហ៊ៃ? ខ្ញុំថាសាររបស់លោក ហ៊ុន សែន មិនចំណេញអ្វី ទល់តែសោះដល់កម្ពុជា។
មួង ណារ៉េត៖ លោក ហ៊ុន សែន អួតអាងថា របបលោកពេលនេះ កំពុងត្រៀមខ្លួនទប់ទល់ស្ថានការណ៍អាក្រក់ នៃការដាក់ទណ្ឌកម្មទាំងនេះហើយ។ លោក ហ៊ុន សែន អះអាងថា កំពុងកែទម្រង់សេដ្ឋកិច្ច ដើម្បីទប់ទល់បញ្ហានេះ។ តើលោកយល់ថា របបលោក ហ៊ុន សែន ពិតជាបានត្រៀមខ្លួន ដើម្បីទប់ទល់ស្ថានភាពអាក្រក់នេះ ទៅរួចឬទេ?
ថិត យ៉ូហូ៖ ទៅមិនរួចទេ! លោក ហ៊ុន សែន អះអាងថា របបនេះត្រៀមខ្លួនទប់ទល់ស្ថានការណ៍អាក្រក់។ ប្រវត្តិសាស្ត្រចារទុករួចទៅហើយ ថាតើនរណាដែលធ្វើឲ្យស្ថានការណ៍នេះអាក្រក់? គឺលោក ហ៊ុន សែន ខ្លួនឯង។ លោក ហ៊ុន សែន ជាមេដឹកនាំអាក្រក់បំផុត។ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺមានតែបង្ក្រាបសំឡេងប្រឆាំង។ យកល្អ លោក ហ៊ុន សែន ត្រូវតែស្តារស្ថានការណ៍អាក្រក់នេះឡើងវិញ ដោយរៀបចំឲ្យមានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ លោក ហ៊ុន សែន ត្រូវក្លាហាន ហ៊ានបើកចំហឲ្យពលរដ្ឋខ្មែរទូទៅ មានសិទ្ធិពេញលេញ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត។ មិនមែនបង្ខំឲ្យគេបោះឆ្នោតឲ្យគាត់ ដូចរបៀបគាត់ធ្វើនោះទេ។
មួង ណារ៉េត៖ ប៉ុន្មានខែចុងក្រោយនេះ ពោលគឺក្រោយពេលមានសម្ពាធពីអន្តរជាតិ លោក ហ៊ុន សែន ហាក់ដូចជាបន្ទន់ឥរិយាបថខ្លះ ដូចជាដោះលែងអ្នកទោសនយោបាយ សកម្មជនដីធ្លី បង្គាប់ឲ្យតុលាការប្រញាប់ពន្លឿនរឿងក្តី លើមេដឹកនាំសហជីពកម្មករ និងបានសន្យាផ្ដល់សិទ្ធិសេរីភាព ដល់អង្គការសង្គមស៊ីវិល ហើយចុងក្រោយនេះទៀត គាត់ធ្វើច្បាប់ប្រញាប់មួយ ដោយអះអាងថា ដើម្បីផ្ដល់សិទ្ធិធ្វើនយោបាយ ដល់មន្ត្រីបក្សប្រឆាំង។ តើលោកយល់ថា លោក ហ៊ុន សែន ធ្វើប៉ុណ្ណឹងល្មមគ្រប់គ្រាន់ ហើយឬនៅ?
ថិត យ៉ូហូ៖ អត់គ្រប់គ្រាន់ទេ! លោក ហ៊ុន សែន ធ្វើអ្វីតាមតែអំពើចិត្តគាត់ ដោយសារតែអំណាចផ្ដាច់ការ។ អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គឺគ្រាន់តែជាបន្លំភ្នែក ដើម្បីគេចផុតពីទណ្ឌកម្មអន្តរជាតិប៉ុណ្ណោះ។ នេះជាសញ្ញាណបញ្ជាក់ថា សម្ពាធអន្តរជាតិ ពិតជាមានប្រសិទ្ធភាពលើរបបនេះ ដែលបង្ខំចិត្តឲ្យលោក ហ៊ុន សែន ដោះលែងមន្ត្រីបក្សប្រឆាំងខ្លះ រួចហើយប្រកាសធ្វើដូចជាចិត្តល្អ ចង់បើកចំហសេរីភាពសារព័ត៌មានឯករាជ្យជាដើម។ តែតាមធាតុពិត នរណាក៏ស្គាល់ចរិតលោក ហ៊ុន សែន ដែរ។ កុំស្មានឲ្យសោះ ថាសភាអាមេរិក ល្ងង់ជឿតាមល្បិចលោក ហ៊ុន សែននោះ។ សភាអាមេរិក ដែលមូលមាត់គ្នាទាំងពីរគណបក្ស នឹងនៅតែដាក់សម្ពាធលោក ហ៊ុន សែន រហូតដល់របបនេះ អនុញ្ញាតឲ្យមានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ឲ្យខាងតែបាន។ យើងនឹងធ្វើយ៉ាងណា ឲ្យរបបនេះ ឈប់ធ្វើទុក្ខបុកម្នេញសំឡេងបក្សប្រឆាំង និងឈប់រំលោភសិទ្ធិមនុស្សតទៅទៀត។
មួង ណារ៉េត៖ នេះជាសំណួរចុងក្រោយ តើលោកមានសុទិដ្ឋិនិយមប៉ុនណា ថាសេចក្ដីស្នើច្បាប់ ដែលលោកគ្រោងដាក់ស្នើនៅសប្ដាហ៍ក្រោយនេះ នឹងចូលជាធរមានឆាប់ប៉ុនណា?
ថិត យ៉ូហូ៖ ខ្ញុំសង្ឃឹមរហូតដល់ ១០០% ថាសេចក្ដីស្នើច្បាប់នេះ នឹងត្រូវរដ្ឋសភាទាំងមូលអនុម័ត។ ខ្ញុំសង្ឃឹមរហូតដល់ ៩៨% ថាព្រឹទ្ធសភានឹងអនុម័តច្បាប់នេះដែរ។ ខ្ញុំជឿជាក់ថា ច្បាប់នេះនឹងចូលជាធរមាន នៅចន្លោះពី ៦ខែ ទៅមួយឆ្នាំ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាពេលខាងមុខនេះ។
មួង ណារ៉េត៖ ខ្ញុំសូមអរគុណលោក ថិត យ៉ូហូ (Ted YOHO) យ៉ាងជ្រាលជ្រៅ ដែលបានផ្តល់ឱកាស ឲ្យខ្ញុំបានសម្ភាសជុំវិញរឿងនេះ។
ថិត យ៉ូហូ៖ សូមអរគុណលោក ណារ៉េត ដែរ និងសូមផ្ញើសេចក្ដីនឹករលឹកទៅពលរដ្ឋខ្មែរទាំងអស់ផង!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។