អតីត​ និង​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​បន្ត​ទាមទារ​​យុត្តិធម៌​​សម្រាប់​អ្នក​ស្លាប់​ក្នុង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ ខែកក្កដា

ដោយ យាង សុជាមេត្តា
2017.07.04
រដ្ឋ​ប្រហារ ១៩៩៧ ៨៥៥ ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។
AFP Photo

អតីត និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់ និង​កង​កម្លាំង​របស់​បក្ស​រាជា​និយម​មួយ​នេះ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ កណ្ដាល​រាជធានី​ភ្នំពេញ។

អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចន្លោះ​ពី ៤១ ដល់ ៦០​នាក់ ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​កាល​ពី​ពេល​នោះ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយតប​ថា នឹង​មិន​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ទាំងនេះ​ឡើយ។

បើ​ទោះ​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ១៩៩៧ បាន​កន្លង​ផុត​ទៅ​រយៈពេល ២០​ឆ្នាំ​ហើយ​ក្តី អតីត និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​នឹក​ស្រណោះ​ដល់​មិត្តភ័ក្ដិ និង​យុទ្ធមិត្ត​របស់​ពួក​គេ ដែល​ត្រូវ​បាន​ទាហាន​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្លាប់​នៅ​ពេល​នោះ ជាពិសេស​ អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​បន្ទាប់​ពី​បាន​ទម្លាក់​អាវុធ និង​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​យក​ទៅ​សម្លាប់​ខណៈ​ព្យាយាម​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា។

សាកសព​ទាហាន​ស្មោះ​ត្រង់​នឹង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា រក​ឃើញ​នៅ​ក្នុង​រណ្ដៅ​នៅ​តំបន់​ពេជ្រនិល។ សាកសព​ភាគច្រើន​ស្ថិត​ក្នុង​ដៃ​ជាប់​ចំណង​ស្លាប​សេក​ទៅ​ក្រោយ និង​មាន​ក្រណាត់​ចង​រុំ​ភ្នែក​ទាំង​សងខាង។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ចូលរួម​វេទិកា​សួរ​ដេញដោល​តំណាង​គណបក្ស​នយោបាយ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ចូលរួម​វេទិកា​សួរ​ដេញដោល​តំណាង​គណបក្ស​នយោបាយ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី មាន​ប្រសាសន៍​ថា យុត្តិធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​ទាមទារ​ចង់​បាន។ លោក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​បំភ្លេច​រឿង​នេះ​ចោល​ឡើយ ហើយ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ចំពោះ​ការ​សម្លាប់​ទាំងនេះ។

លោក យូ ហុកគ្រី៖ «យើង​មិន​បាន​បំភ្លេច​រឿង​ហ្នឹង​ចោល​ទេ យើង​នៅ​តែ​ចងចាំ ហើយ​យើង​នៅ​តែជំរុញ​ឲ្យមាន​ការស៊ើប​អង្កេតឲ្យ​ដល់​ទីដៅ ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ»

លោក យូ ហុកគ្រី ដែល​ជា​អតីត​សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ​បាន​ឋិត​នៅ​ក្នុង​រាជ​ដំណាក់​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្បែរ​អនុវិទ្យាល័យ​ចតុមុខ ជាមួយ​លោក ហូ សុក លោក លី ធុច លោក កៀង វ៉ាង និង​លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នោះ។

នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​រដ្ឋ​ប្រហារ អ្នក​ទាំងអស់​នេះ​បាន​លប​រត់​ចេញ​ពី​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បំណង​ចូល​ស្ថានទូត​ម៉ាឡេស៊ី ដែល​នៅ​ក្បែរ​នោះ ប៉ុន្តែ​ដោយ​ខ្លាច​កង​កម្លាំង​របស់​លោក ហ៊ុន សែន ស្ទាក់​ចាប់​បាន ពួក​គេ​ក៏​រត់​ចូល​ស្នាក់នៅ​ក្នុង​និវាសដ្ឋាន​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ដែល​នៅ​ក្បែរ​នោះ​ដែរ។ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៧ កក្កដា ពួក​គេ​មួយ​ចំនួន​រួម​មាន លោក កៀង វ៉ាង និង​លោក យូ ហុកគ្រី ជាដើម ត្រូវ​បាន​លោក ស ខេង ជួយ​សង្គ្រោះ​ជីវិត។ ចំណែក​លោក ហូ សុក ត្រូវ​បាន​កម្លាំង​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​បាន រួច​បញ្ជូន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ហើយ​លោក​ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ទីនោះ។ សាកសព​របស់​លោក ត្រូវ​បាន​គេ​នាំ​យក​ទៅ​បូជា​នៅ​វត្ត​លង្កា ស្ងាត់ៗ​នៅ​ថ្ងៃ​បន្ទាប់។

ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហូ សុក ដែល​ពេល​នោះ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ត្រូវ​ឃាតក​បាញ់​សម្លាប់​ខណៈ​ស្ថិត​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ក្នុង​ក្រសួង​មហាផ្ទៃ។ ២០​ឆ្នាំ​ក្រោយ​ពី​ឃាតកម្ម មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ធ្វើ​ឡើង​ដើម្បី​វែក​មុខ​ឃាតក និង​អ្នក​បញ្ជា​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក យូ ហុកគ្រី មិន​សូវ​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក ហូ សុក នោះ​ទេ។

យ៉ាង​នេះ​ក្តី លោក យូ ហុកគ្រី នៅ​តែ​ចាត់​ទុក​លោក ហូ សុក ដែល​កាលណោះ​មាន​តំណែង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែរ​នោះ គឺ​ជា​វីរជន​ដែល​បាន​បូជា​ជីវិត​ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០០​បាត់បង់​ជីវិត។ ក្រៅ​ពី​នោះ មនុស្ស​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នោះ។ ពួក​គេ​ភាគច្រើន​គឺ​ជា​មន្ត្រី និង​ជា​កង​កម្លាំង​ស្មោះ​ស្ម័គ្រ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ។ ក្រៅ​ពី​លោក ហូ សុក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​រូប​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន រួច​សម្លាប់​ចោល​ដែរ​នោះ​រួម​មាន លោក ចៅ សម្បត្តិ និង​លោក ក្រួច យឿម។

រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។
AFP Photo

លោក ចៅ សម្បត្តិ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ងូវ គឺ​ជា​អតីត​អគ្គមេបញ្ជាការ​ចារកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ ខណៈ​ដែល​លោក ក្រួច យឿម គឺ​ជា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

របាយការណ៍​របស់​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ផ្សព្វផ្សាយ​នៅ​ខែ​សីហា ឆ្នាំ​១៩៩៧ បញ្ជាក់​ថា លោក​ទាំង​ពីរ រួម​នឹង​កូន​ចៅ​ប្រមាណ ៣០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងទ័ព​ឆត្រ​យោង​៩១១ នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៧។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ មិន​មាន​ការ​បាញ់​តដៃ​គ្នា​នោះ​ទេ។ ក្រោយ​មក លោក​ទាំង​ពីរ​ត្រូវ​បាន​បំបែក​ឲ្យ​នៅ​ឆ្ងាយ​ពី​កូន​ចៅ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៨ កក្កដា ដដែល​នោះ លោក​ត្រូវ​បាន​គេ​នាំ​ទៅ​បាញ់​ចោល​នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​វត្ត​ក្រាំងសុវណ្ណ ក្នុង​ឃុំ​វាលពង់ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ លោក​ទាំង​ពីរ​ត្រូវ​បាន​គេ​បាញ់ ៣​គ្រាប់​ចំ​ក្បាល។ ចំណែក​លោក ក្រួច យឿម ត្រូវ​បាន​គេ​បាញ់​ចំនួន ៤​គ្រាប់​បន្ថែម​ទៀត​នៅ​ត្រង់​ដើមទ្រូង។ សព​អ្នក​ទាំង​ពីរ ក្រោយ​មក​ត្រូវ​បាន​អ្នក​ភូមិ​យក​ទៅ​បូជា​នៅ​ក្នុង​វត្ត។

ក្រៅ​ពី​នោះ នៅ​មាន​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជាច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​បន្តបន្ទាប់ មាន​ដូចជា លោក លី សេងហុង លោក ម៉ែន ប៊ុនថន លោក សុខ វីរៈ លោក ថ្លាំង ចាន់សុវណ្ណារិទ្ធ លោក ហូវ សម្បត្តិ និង​លោក សៅ សុផល ជាដើម។ អ្នក​ទាំងអស់​នេះ ភាគច្រើន​សុទ្ធតែ​មាន​តួនាទី​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​មិន​បាន​ថ្លែង​ចំៗ​ទាមទារ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទាំងអស់​នេះ​ក្តី តែ​លោក​ថា ប្រទេស​នីតិរដ្ឋ​ត្រូវ​តែ​មាន​យុត្តិធម៌។

លោក ញ៉េប ប៊ុនជិន៖ «រៀន​មក​ចឹង គេ​ថា​ប្រទេស​នីតិរដ្ឋ​ជា​ប្រទេស​ដែល​មាន​ច្បាប់ ប្រទេស​មាន​ច្បាប់ត្រូវ​តែ​មាន​យុត្តិធម៌ យុត្តិធម៌​រក​បានពេល​ណាមិន​ដឹង តែ​ត្រូវ​រក​យុត្តិធម៌ មិន​មែន​ច្បាប់​ហ្នឹង​សម្រាប់​អ្នក​តូច អ្នក​ធំ​អត់ អ្នក​ណា​ធ្វើ​ខុស​ត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

ភ្លាមៗ​ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ មាន​ព្រះ​បន្ទូល​ថា ព្រះអង្គ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច ហើយ​ព្រះអង្គ​ក៏​បាន​ថ្កោលទោស​ចំពោះ​រដ្ឋ​ប្រហារ​នោះ។ ក្នុង​ពេល​ជាមួយ​គ្នា អតីត​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ពេល​នោះ គឺ​លោក ថូមម៉ាស់ ហាំម៉ាប៊ឺក (Thomas Hammarberg) ក៏​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នោះ​ថា​ជា​រដ្ឋ​ប្រហារ​ដែរ។ ប៉ុន្តែ​ក្រោយ​រដ្ឋ​ប្រហារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ថា គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទេ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ប៉ុនប៉ង​ដក​អំណាច​ពី​លោក។

រីឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋ​ប្រហារ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ មិន​មែន​ជា​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ទេ តែ​វា​ជា​រដ្ឋ​ប្រហារ​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​បក្សពួក​ជិតស្និទ្ធ​របស់​លោក រួម​មាន​លោក គន់ គីម លោក ម៉ុល រឿប លោក សៅ សុខា លោក ហុក ឡង់ឌី លោក កែវ ពង្ស និង​លោក ចាប ភក្តី ជាដើម ដើម្បី​ដក​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​១។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាម (Brad Adams) អះអាង​ថា ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្រោយ​ថ្ងៃ​រដ្ឋ​ប្រហារ បាន​កើត​ឡើង​ជាច្រើន ជាពិសេស​គឺ​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​លោក ចាប ភក្តី ជា​មេ​បញ្ជាការ។ លោក​ថា នៅ​ទីនោះ អ្នក​ចាប់​ខ្លួន​ត្រូវ​បាន​កូន​ចៅ​របស់​លោក ចាប ភក្តី ធ្វើ​ទារុណកម្ម​ដោយ​វាយ​នឹង​ខ្សែ​ក្រវាត់ ដោយ​ជើង​តុ ដោយ​ក្ដារ​បន្ទះ ទាត់​នឹង​ស្បែកជើង​ទាហាន អុក​នឹង​ជង្គង់ ដាល់​ចូល​ផ្ទៃ​មុខ ឬ​គំរាម​សម្លាប់​ដោយ​ភ្ជង់​កាំភ្លើង​លើ​ក្បាល ហើយ​គំរាម​បាញ់​បំបែក​ក្បាល ជាដើម។

យ៉ាង​ណា​ក៏ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​ទទួល​ស្គាល់​ថា ពួក​លោក​ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ ហើយ​ថា​គឺ​ខាង​ភាគី​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទៅ​វិញ​ទេ ដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម តាម​រយៈ​ការ​នាំ​អាវុធ​ចូល​ខុស​ច្បាប់ ការ​ចល័ត និង​ការ​បង្កើត​មូលដ្ឋាន​ទ័ព​ខុស​ច្បាប់​ក្បែរ​ក្រុង​ភ្នំពេញ។ ម្យ៉ាង ក្នុង​ពេល​ផ្ទុះ​អាវុធ​នោះ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​កំពុង​តែ​លំហែ​កាយ​នៅ​មាត់​សមុទ្រ វុង តាវ (Vung Tau) ក្នុង​ប្រទេស​វៀតណាម នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា កើត​ឡើង​ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នាំ​ក្រុម​ខ្មែរ​ក្រហម​ខុស​ច្បាប់​ចូល​ស្រុក ដែល​បង្ក​ការ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ក្នុង​ពេល​ជាមួយ​គ្នា ក៏​នាំ​អាវុធ​ចូល​ខុស​ច្បាប់​ផង​ដែរ។ លោក​ថ្លែង​ការពារ​ថា ទំនាស់​នេះ​គឺ​កើត​ឡើង​រវាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​ជាមួយ​កម្លាំង​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​នាំ​ចូល​កម្លាំង​ខ្មែរ​ក្រហម។

លោក សុខ ឥសាន៖ «ខ្ញុំ​យល់​ថា តែ​រឿង​ច្បាំង​គ្នា​ហើយ គឺ​វា​កើត​ដល់​ស្លាប់​ហើយ ពីព្រោះ​ម្ខាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ ម្ខាង​កម្លាំង​របស់​ខ្មែរ​ក្រហម និង​ឃុបឃិត​នឹង​ខ្មែរ​ក្រហម។ អ៊ីចឹង​វា​តែង​មាន​ការស្លាប់​រស់​រៀង​ខ្លួន​ហើយ វា​មិន​មែន​តែ​ម្ខាង​ទេ​ដែល​ស្លាប់ ខាង​កង​យោធពល​ខេមរភូមិន្ទ​ក៏​មាន​បាត់បង់​ជីវិត​ដូច​តែ​គ្នា​ដែរ គ្រាន់​តែ​ចំនួន​តិច​ជាង»

ប៉ុន្តែ​នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​មន្ត្រី​ធំៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​គេ​ចាប់​ខ្លួន រួច​បាញ់​សម្លាប់​ទាំង​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ? លោក សុខ ឥសាន ឆ្លើយ​ថា លោក​មិន​ដឹង​នោះ​ទេ ដូច្នេះ​លោក​មិន​អាច​និយាយ​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា ផ្ទុយ​ពី​លោក សុខ ឥសាន នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាម (Brad Adams) ដែល​ក្នុង​ពេល​រដ្ឋ​ប្រហារ​នោះ លោក​គឺ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ថា ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត​ដូចជា លោក ជា ស៊ីម លោក ស ខេង លោក ទៀ បាញ់ និង​លោក កែ គឹមយ៉ាន ជាដើម មិន​បាន​គាំទ្រ​ចំពោះ​រដ្ឋ​ប្រហារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត កម្លាំង​ដែល​លោក ហ៊ុន សែន បញ្ចេញ​ប្រយុទ្ធ​ពេល​នោះ គឺ​មិន​មែន​មាន​តែ​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​តែ​មួយ​នោះ​ទេ តែ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រោម​ការ​បញ្ជា​របស់​លោក សៅ សុខា និង​កង​ឆត្រ​យោង​អង្គភាព​៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី ដែល​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន បាន​ចេញ​ប្រយុទ្ធ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា រដ្ឋាភិបាល​មិន​មាន​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា​បើ​មិន​មាន​ព្រឹត្តិការណ៍​ពេល​នោះ កម្ពុជា ក៏​គ្មាន​សន្តិភាព​ដូច​បច្ចុប្បន្ន​នេះ​ដែរ

លោក ខៀវ សុភ័គ៖ «ចង់​និយាយ​ថា​វា​គឺ​ជា​ព្រឹត្តិការណ៍ ៥-៦ កក្កដា តុល្យការ​កម្លាំង​រវាង​បក្ស​ទាំង​ពីរ ប្រសិន​ជា​អត់​មាន​ព្រឹត្តិការណ៍​ថ្ងៃ​នោះ ប្រហែល​ជា​ស្រុក​ខ្មែរ​អត់​មាន​សន្តិភាព​ពេញ​ផ្លូវ​ទេ»

ចំណែក​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា លោក​មិន​អាច​បំភ្លេច​មិត្ត​ចាស់​របស់​លោក​បាន​ទេ។ តែ​ពេល​និយាយ​ដល់​យុត្តិធម៌​សម្រាប់​អ្នក​ទាំងអស់​នោះ​វិញ អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​មិន​មាន​សង្ឃឹម​ឡើយ ប៉ុន្តែ​លោក​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​កាន់​អំណាច​បាន​មួយ​ជីវិត​នោះ​ទេ

លោក លឺ ឡាយស្រេង៖ «លឺ ឡាយស្រេង ហេង​ហើយមិន​បាន​ស្លាប់ ព្រោះ​ខ្ញុំ​ដេក​ជាមួយ​ពួក​ហ្នឹង​យប់ ៥- យើង​ដេក​តែ​ថ្ងៃ​៧ យើង​បែក​គ្នា ប៉ុន្តែ​គ្រាន់​តែ​ថា ទៅ​រក​យុត្តិធម៌​អី​ស្រុក​ខ្មែរ​នោះ មនុស្ស​ងាប់​ប៉ុន្មាន​នាក់​ហើយ​ដែល​គ្មាន​យុត្តិធម៌»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យល់​ឃើញ​ថា ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​ការ​លុប​បំបាត់​នូវ​សុបិន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​តែ​មាន​ក្តី​សង្ឃឹម​ថា វាសនា​អនាគត​ប្រទេស​ជាតិ​របស់​ពួក​គេ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣ ត​ទៅ​មុខ នឹង​ត្រូវ​សម្រេច​ដោយ​សន្លឹកឆ្នោត គឺ​មិន​មែន​ដោយ​គ្រាប់​កាំភ្លើង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។