សហរដ្ឋអាមេរិក​ប្ដេជ្ញា​បន្ត​ជួយ​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ

សហរដ្ឋអាមេរិក​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ និង​វិបុលភាព​សង្គម​។ ការ​បញ្ជាក់​ជំហរ​បែបនេះ ធ្វើឡើង​នៅ​ក្នុង​អំឡុង​ខួប​លើក​ទី ៧០​ឆ្នាំនៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា កម្ពុជា​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​របស់​ប្រទេស​ជា​មិត្ត។

សហរដ្ឋអាមេរិក​បញ្ជាក់​ជំហរ​ជួយ​គាំទ្រ​កម្ពុជា​ជាថ្មី​ម្តង​ទៀត ក្នុង​ការ​ពង្រឹង​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ជាតិ​។

តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​ស្ថានទូត​អាមេរិក​បាន​បង្ហោះ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​០៣ កក្កដា សហរដ្ឋអាមេរិក​នៅតែ​តាំងចិត្ត​ជួយ​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ ពង្រឹង​វិស័យ​សុខាភិបាល កសិកម្ម អប់រំ និង​ការពារ​បរិស្ថាន​។ ស្ថានទូត​អាមេរិក​បាន​ក៏បាន​រំឭក​ឡើងវិញ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ដែល​ចាប់​ផ្តើម តាំងពី​ឆ្នាំ​១៩៥០ ក្រោម​ការគ្រប់គ្រង​របស់​អតីត​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ៖ «ស្ថានទូត​អាមេរិក​នៅតែ​បន្ត​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ដោយ​បន្ត​ផ្តោត​លើ​ផ្នែក​សុខភាព​សាធារណៈ ការអប់រំ កសិកម្ម លទ្ធិប្រជាធិបតេយ្យ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការ​ការពារ​បរិស្ថាន​។ យើង​នៅតែ​មាន​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​សុខភាព​ល្អ មាន​វិបុលភាព ប្រជាធិបតេយ្យ និង​សុវត្ថិភាព»។

កាលពីពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ចំនួន ៥៦​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ជួយ​ដល់​វិស័យ​សុខាភិបាល អប់រំ កសិកម្ម និង​បរិស្ថាន​។ ចំណែក ជំនួយ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ វិញ សហរដ្ឋអាមេរិក​បាន​ផ្តល់​ឱ្យ​កម្ពុ​ជាជាង ១១ លាន​ដុល្លារ ក្នុង​នោះ​ក៏​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ផង​ដែរ។

ទោះជា​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ក៏ដោយ ក៏​ជា​ញឹកញាប់​កំពូល​មហាអំណាច​មួយ​នេះ​តែងតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ តួយ៉ាង ក្នុង​លិខិត​របស់​សេត​វិមាន​ផ្ញើ​ជូន​លោក ហ៊ុន សែន កាលពី​ចុង​ឆ្នាំ​២០១៩ កន្លងទៅ លោក​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ប្រាប់​ឱ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ត្រង់ៗ​ថា វិធានការ​មួយ​ចំនួន​របស់​របប​ក្រុងភ្នំពេញ កំពុង​ធ្វើ​ឱ្យ​អធិបតេយ្យ ស្ថិរភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​ហានិភ័យ។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​គ្រប់បែប​យ៉ាង​ក្នុង​ការពារ និង​លើកស្ទួយ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ លោក​ថា កម្ពុជា​ស្វាគមន៍​រាល់​កិច្ចសហការ និង​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍ​ពី​ប្រទេស​ជា​មិត្ត៖ «ជាទូទៅ ប្រទេស​ជា​មិត្ត​តែងតែ​ធ្វើការ​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំងអស់​ក្នុង​ការ​អភិវឌ្ឍ ហើយ​កម្ពុជា​គឺ​យើង​ស្វាគមន៍​គ្រប់​ជំនួយ និង​កិច្ច​សហប្រតិបត្តិការ​ពី​គ្រប់​ភាគី​ទាំងអស់​។ ទោះបីជា​ស្ថានភាព​យើង​ប្រសើរ​យ៉ាងណា ក៏​យើង​ត្រូវការ​ជំនួយ និង​កិច្ច​សហប្រតិបត្តិការ​ដើ​ម្បី​ធ្វើ​ម៉េច​ឱ្យ​កាន់តែ​ប្រសើរ​ជាងនេះ​ទៀត»។

ផ្ទុយ​ពី​ការ​អះអាង​នេះ ប្រធាន​កម្មវិធី​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូ​រី ថ្លែង​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ ព្រមទាំង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ទាន់​មាន​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅឡើយ​ទេ​។ លោក​សង្កេត​ឃើញ​ថា លំហ​សេរីភាព​របស់​សង្គម​ស៊ីវិល និង​សហជីព និង​ការអនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​នៅតែ​ស្ថិត​ក្រោម​ការគាបសង្កត់​ពី​រដ្ឋាភិបាល​នៅឡើយ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ថ្លែង​ទៀត​ថា សហរដ្ឋអាមេរិក​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ស្តារ​ស្ថានភាព​កម្ពុជា ព្រោះ​សហរដ្ឋអាមេរិក​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៖ «ការ​រក្សា GSP របស់​សហរដ្ឋអាមេរិក ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​ - ១៩ ហើយ​និង​ការ​ប្តេជ្ញាចិត្ត​ចូលរួម​ជួយ​ស្តារ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ឃើញ​ថា វា​ជា​ចេតនា​មួយ​ដែល​បង្ហាញ​ថា សហរដ្ឋអាមេរិក​មិន​បោះបង់​ប្រទេស​កម្ពុជា ហើយ​នៅតែ​ចង់​ឃើញ​ប្រទេស​កម្ពុជា​ដើរ​ទៅ​រក​របប​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ»។

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ហាក់​មាន​ភាព​រកាំរកូស​ច្រើន ដោយសារតែ​របប​លោក ហ៊ុន សែន បាន​បង្ហា​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន ដែល​ជា​គូប្រជែង​របស់​អាមេរិក​។ ជាងនេះ​ទៅ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ខ្នង​លោក កឹម សុខា ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ក្រុម​អ្នកសង្កេតការណ៍​ជឿ​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ត្រូវ​បាន​ទម្លាក់​ចោល នោះ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា អាច​នឹង​ត្រូវ​បាន​ស្តារ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​។ ជាមួយគ្នា​នេះ ក្រុម​អ្នកសង្កេតការណ៍​អះអាង​ថា វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​អភិវឌ្ឍ​ពី​ប្រទេស​លោក​ខាង​លិច ហើយ​ប្រយោជន៍​ធំ​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ស្ថិតនៅ​ទីនោះ​ដែរ ដូច្នេះ​ការ​ស្តារ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក គឺជា​រឿង​ដ៏​ចាំបាច់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។