"ព្រះមហាក្សត្រ​មាន​ព្រះរាជ​សិទ្ធិ​ព្រះរាជទាន​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ធ្វើ​នយោបាយ​ឡើងវិញ"

ដោយ ម៉ៅ សុធានី
2019.03.01
Share on WhatsApp
Share on WhatsApp
នរោត្ដម សីហមុនី ២០១៦ ៦២២ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ដែល​ត្រូវ​របប​លោក ហ៊ុន សែន​រំលាយ​ចោល​យល់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​សិទ្ធិ​ពេញលេញ​ដើម្បី​ព្រះរាជទាន​ផ្ដល់​នីតិសម្បទា ដល់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ទាំង ១១៨​នាក់ ឱ្យ​ពួកគេ​អាច​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​មិនបាច់​ឱ្យ​ពួកគេ​ដាក់​លិខិតស្នើ​ក្រសួងមហាផ្ទៃ​ហើយ​បន្ត​បញ្ជូន​ទៅ​លោក ហ៊ុន សែន ដើម្បី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នោះ​ទេ។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១ ខែ​មីនា ថា លុះត្រាតែ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំង ១១៨នាក់ ទើប​ព្រះអង្គ​វិល​ចូល​នយោបាយ​វិញ។ ទ្រង់​ធម្មិកោ លើកឡើង​បែបនេះ​ដោយ​ទ្រង់​យល់ថា ពេលនេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ចរចា​ជាមួយ​សភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​ផ្សេងទៀត​ដើម្បី​បញ្ចៀស​ពី​ការ​ដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA«ការ​ទាមទារ​របស់​មហា​អំណាច​មាន​បី​ចំណុច៖ ដោះលែង​លោក​ប្រធាន កឹម សុខា ផ្ដល់​សិទ្ធិ​ដល់​អ្នក​ទាំង ១១៨​នាក់ ឱ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​ធ្វើ​ឱ្យ​មាន​គណបក្ស​សង្គ្រោះជាតិ​សាជាថ្មី ដូច្នេះ​រឿង ១១៨​នាក់​ហ្នឹង​ចូល​ទៅ​ក្នុង​ការ​ចរចា​រវាង​រដ្ឋាភិបាល និង​មហាអំណាច»

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ទ្រង់​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​គ្មាន​កំហុស​ទេ ដូច្នេះ​ទ្រង់​មិន​ដាក់​លិខិតស្នើ​សុំ​ការ​ប្រោស​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ​ឡើយ។ ព្រះអង្គ​បន្ត​ថា តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​បាន​ចែងថា ព្រះមហាក្សត្រ​មាន ព្រះរាជ​សិទ្ធិ​ពេញលេញ​ដើម្បី​ព្រះរាជទាន​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១៨​នាក់ ឱ្យ​ពួកគេ​អាច​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​មិន​ចាំបាច់​បំពេញ​តាម​នីតិ​តាម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី៖ «ព្រះមហាក្សត្រ​លោក​មាន​សិទ្ធិ​លើកលែងទោស​ដោយ​អត់​មាន​ការ​ស្នើ​ពី​រដ្ឋាភិបាល និង​ពី​នាយករដ្ឋមន្ត្រី»

សមាជិក​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​នាក់ត្ រូវ​បាន​របប​ក្រុងភ្នំពេញ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ក្រោយពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​រំលាយ​តាម​អំណាច​នៃ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ មក​ទល់​ពេល​នេះ មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​ប្ដូរ​ទស្សនៈ​នយោបាយ បាន​សុំ​ព្រះមហាក្សត្រ​ដើម្បី​ស្ដារ​នីតិសម្បទា​ឡើងវិញ។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ពិតជា​បាន​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​មែន ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ការ​ជជែក​នោះ​គឺ​និយាយ​តែ​ពី​នីតិវិធី​របស់​EBA មិន​និយាយ​រឿងរ៉ាវ​ទាំងឡាយ​ណា​ដែល​តុលាការ​កំពុង​ធ្វើ និង​បានសម្រេច​ហើយ​នោះ​ទេ៖ «យើង​ជជែក​គ្នា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ប៉ុណ្ណោះ ពីព្រោះ​ការងារ​EBA​មិន​មាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​សភាជាតិ ជាមួយ​តុលាការ​នោះ​ទេ»

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក បុង ដែត យល់ថា របប​ក្រុងភ្នំពេញ​គួរ​តម្កល់​ផលប្រយោជន៍​ជាធំ កែ​លម្អ​ប្រជាធិបតេយ្យ​ទៅតាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​។ លោក​បន្ត​ថា បើ​ទោះ​បី​របប​នេះ​មិន​ចង់​កែប្រែ​តាម​អន្តរជាតិ​ចង់បាន​ទាំងអស់​ក្ដី ប៉ុន្តែ​គួរ​ព្យាយាម​បំពេញ​ឱ្យ​បាន​យ៉ាង​តិច​ណាស់ ៥០​ភាគរយ​នៃ​ការ​ទាមទារ​របស់​អន្តរជាតិ៖ «ទោះ​ចង់​មិន​ចង់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ចរចា​ជាមួយ​សហគមន៍​អឺរ៉ុប ទទួល​បាន​ប្រយោជន៍​ស្រោចស្រង់​ជាតិ​មកវិញ​ជាពិសេស​ប្រជាពលរដ្ឋ»

ជា​ញឹកញាប់​មន្ត្រី​របស់​សហភាព​អឺរ៉ុប និង​មន្ត្រី​នៃ​ក្រុម​ប្រទេស​ប្រទេស​ប្រជាធិបតេយ្យ​ពេល​ទៅ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពួកគេ​តែង​ប្រាប់​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​កុំ​ឱ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លងទៅ សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​EBAពី​កម្ពុជា។ ដំណើរការ​នេះ​មាន​រយៈពេល​សរុប​ទាំងអស់ ១៨​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១២ កុម្ភៈ​តទៅ ហើយ​ចែកចេញជា​បី​ដំណាក់កាល។ សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​របប​ក្រុងភ្នំពេញ​ចំនួន ៦​ខែ ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស បើ​ពុំ​ដូច្នេះ​ទេ ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​ទៀត អឺរ៉ុប​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAពី​កម្ពុជា។ បើ​មានការ​សម្រេច​ថា ព្យួរ​សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា ៦​ខែ​ទៀត​ដើម្បី​ត្រៀមខ្លួន​មុននឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ចូល​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។