អាមេរិក​និង​ជប៉ុន​ថា​ខ្លួន​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ផ្លូវការ​ចូលរួម​ការ​បោះឆ្នោត​កម្ពុជា​ទេ

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ កាលពី​ថ្ងៃពុធ ទី​២៥ ខែ​កក្កដា ម្សិលមិញ​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​មិន​បញ្ជូន​ភ្ញៀវ ឬ​អ្នកសង្កេតការណ៍​ផ្លូវការ​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មក​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ជាតិ នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ​ទេ។

អ្នកនាំពាក្យ​ស្ថានទូត​អាមរិក លោក អារ៉ែន ស្វាតជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល​ថា ការសម្រេចចិត្ត​នេះ គឺ​ស្របតាម​សេចក្ដីថ្លែងការណ៍ របស់​សហរដ្ឋអាមេរិក តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក ដែល​បាន​សម្ដែង​នូវ​ក្តី​កង្វល់​យ៉ាង​ជ្រាលជ្រៅ​របស់​ខ្លួន​ចំពោះ​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ទៅ​ឲ្យ​គ.ជ.ប ដោយសារតែ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​រឹតត្បិត​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ។

ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​ជំនួយ​ធំ​មួយ​របស់​ប្រទេស​កម្ពុជា គឺ​ប្រទេស​ជប៉ុន ក៏​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ ទៅ​សង្កេតការណ៍​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា នោះ​ដែរ។

រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ត្រូវ​បាន​ទីភ្នាក់ងារ ព័ត៌មាន​អង់គ្លេស Reuters ដកស្រង់​សំដី ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ជប៉ុន​នឹង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​កម្ពុជា ដូចដែល​ជប៉ុន​ធ្លាប់​ធ្វើ ចាប់​តាំង​កាលពី​ការបោះឆ្នោត​ចាប់ពី​ឆ្នាំ១៩៩៣ រហូតដល់​ការបោះឆ្នោត​ចុងក្រោយ​ឆ្នាំ ២០១៣​នោះ​ទេ។ លោក​មិន​បាន​បញ្ជាក់​ហេតុផល ដែល​ជប៉ុន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​នោះ​ទេ។ ប៉ុន្តែ​លោក​បន្ត​ថា ជប៉ុន​បាន​បង្ហាញ​ក្តី​បារម្ភ​ជាច្រើន​ដង​ហើយ និង​បាន​ស្នើ​ឲ្យ​កម្ពុជា​ស្តារ​ស្ថានការណ៍​នយោបាយ ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ជប៉ុន​បញ្ជាក់​ថា ការសម្រេចចិត្ត​របស់​ជប៉ុន​ចុង​ក្រោយ​នេះ ដោយសារតែ​ជប៉ុន​បាន​ពិចារណា លើ​ស្ថានភាព​ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ​ឯង។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​គ.ជ.ប គឺ​លោក ហង្ស ពុទ្ធា នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។