អាមេរិក​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ឈប់​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​បក្ស​ប្រឆាំង

ដោយ វ៉ែន សុមេធ
2019.09.19
កឹម សុខា ៦២២ លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

សហរដ្ឋអាមេរិក​សម្ដែង​កង្វល់​ជា​ខ្លាំង​ជុំវិញ​ការគាបសង្កត់​សិទ្ធិ​សេរីភាព​នយោបាយ​​លើ​​ក្រុម​​គណបក្សប្រឆាំង​​នៅ​​កម្ពុជា។ សហរដ្ឋអាមេរិក​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ ឱ្យ​​បញ្ឈប់​​ទង្វើ​គាប​សង្កត់​​នេះ និង​​ប្រឹងប្រែង​​ស្ដារ​​ប្រជាធិបតេយ្យ​ឡើង​​វិញ។

សហរដ្ឋអាមេរិក​អំពាវនាវ​ដល់​របប​ក្រុងភ្នំពេញ​ឱ្យ​បញ្ឈប់​ការ​ចាប់​ចង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) ថ្លែង​​ក្នុង​​វីដេអូ​​ខ្លី​​មួយ​​លើ​​បណ្ដាញ​​សង្គម​​ធ្វីតធ័រ (Twitter) នៅ​ថ្ងៃ​ទី១៨ កញ្ញា​​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​គាបសង្កត់​ផ្នែក​នយោបាយ​​ពី​​សំណាក់​​រដ្ឋាភិបាល​​កម្ពុជា លើ​​គណបក្ស​​សង្គ្រោះ​ជាតិ ក្នុង​​នោះ​​រួម​មាន​ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ៖ «យើង​នៅ​តែ​​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា​​បញ្ឈប់​​ការ​​រឹតត្បិត​​ផ្នែក​នយោបាយ​​ដ៏​​ជ្រុល​ហួសហេតុ លើ​ពលរដ្ឋ និង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងឡាយ​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត ឬ​​ដោយ​​មិន​​ស្រប​ច្បាប់ រួម​ទាំង​លោក កឹម សុខា ផង​ដែរ​។ ជាមួយ​​គ្នា​នេះ យើង​សូម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​​ពហុបក្ស​​ពិត​ប្រាកដ ព្រម​ទាំង​​ការពារ​​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​មនុស្ស​។ ចំណុច​​នេះ រាប់បញ្ចូល​ការបញ្ឈប់​ទង្វើ​រឹតត្បិត​ជ្រុល​ហួសហេតុ​លើ​សកម្មភាព​​នយោបាយ​​របស់​​ក្រុម​​ថ្នាក់​ដឹក​នាំ​​បក្ស​ប្រឆាំង​ចំនួន ១១៨​នាក់»

សហរដ្ឋអាមេរិក​ប្រតិកម្ម​បែបនេះ បន្ទាប់ពី​របប​លោក ហ៊ុន សែន បាន​ចាប់​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ដោយ​ចោទ​ពួកគេ​ថា បាន​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល ឬ​រៀបចំ​គម្រោង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​ជាដើម​។ គិត​ពី​ដើម​ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ អាជ្ញាធរ​បាន​ចាប់​ឃុំខ្លួន​សកម្មជន​មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​ចំនួន ២៧​នាក់​ហើយ ស្រប​ពេល​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​កោះហៅ​បាន​កើន​ឡើង​ដល់ ១៥៧​នាក់ ក្នុង​រយៈពេល​ដូចគ្នា​នេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​ការ​លើកឡើង​​របស់​​សហរដ្ឋ​​អាមេរិក​នេះ​ថា មាន​​ចរិត​​នយោបាយ និង​ធ្វើ​មិន​យល់​អំពី​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​។ លោក​ថា វិធានការ​លើ​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នោះ គឺ​ជា​​ការ​អនុវត្ត​​ច្បាប់ ដែល​​ត្រូវ​​ធ្វើ​ជា​​ចាំបាច់ ដើម្បី​​ការពារ​​សន្តិសុខ និង​សណ្ដាប់ធ្នាប់​​សង្គម៖ «វិធានការ​របស់​សមត្ថកិច្ច​មិនមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​នោះ​ទេ ក៏ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម​កើតឡើង​។ ការសម្រេច​ទម្លាក់​ចោល​បទ​ចោទ ឬមួយ​ក៏​​ដោះ​លែង​ជន​​ណា​មួយ​ ដែល​​ស្ថិត​​ក្នុង​​ដំណើរការ​​នីតិវិធី​​របស់​​តុលាការ គឺ​ជា​​សមត្ថកិច្ច​​របស់​​តុលាការ​ ដែល​​ជា​​ស្ថាប័ន​​ឯករាជ្យ»

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​កត់សម្គាល់​ថា សិទ្ធិ​ពលរដ្ឋ និង​​សិទ្ធិ​​នយោបាយ មាន​ការ​​ធ្លាក់​​ចុះ​​ខ្លាំង ដោយសារ​តែ​​វិបត្តិ​នយោបាយ​ជាប់​គាំង ចំណែក​ការអនុវត្ត​ច្បាប់​វិញ មាន​ចរិត​ជា​រឿង​នយោបាយ​ច្រើនជាង​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​ប្រទេស​កម្ពុជា​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ ទើប​បាន​ជា​កំពូល​មហាអំណាច​មួយ​នេះ តែង​ទាមទារ​ម្ដង​​ហើយ​​ម្ដង​ទៀត ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិ​នយោបាយ និង​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងស្រុក ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ផ្សេងៗ ពី​សហគមន៍​​អន្តរជាតិ៖ «ការអនុវត្ត​ច្បាប់ វា​ទាល់តែ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់ ដែល​គេ​មើល​មក អ្នក​ដែល​ធ្វើ​ខុសច្បាប់ ឃើញ​ខុសច្បាប់​តែម្ដង​។ បើ​គេ​មើល​មក ការអនុវត្ត​ច្បាប់​ហ្នឹង ប៉ុន្តែ​វា​ជាហេតុ​ផល​នៃ​នយោបាយ ឬ​ហេតុផល​អ្វី​ផ្សេង អា​ហ្នឹង​គេ​ថា វា​ជា​ការ​ប៉ះពាល់​ដល់​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ»

កាលពី​សប្ដាហ៍​មុន សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ម្ដង​រួច​មក​ហើយ​ជុំវិញ​ករណី​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ចំណាត់​ការ​លើ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​​ច្បាស់លាស់​នោះ​ថា ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​ជា​ទង្វើ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា។ សហរដ្ឋអាមេរិក​បាន​ទទូច​ដល់​របប​ក្រុងភ្នំពេញ​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​តាម​ទំនើងចិត្ត។

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ សហរដ្ឋអាមេរិក មិន​អាច​ឱប​​​​​​​​​​​​​​ដៃ​ឈរ​មើល​រដ្ឋាភិបាល​កម្ពុជា​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូច​ពេល​បច្ចុប្បន្ន​នេះ​បានទេ​។ ម្យ៉ាងវិញទៀត សំណុំរឿង​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ដោយសារ​របប​លោក ហ៊ុន សែន បាន​ចោទប្រកាន់​អាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​ក៏​ទំនងជា​ចង់​ដាស់តឿន​របប​ក្រុងភ្នំពេញ​ឱ្យ​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ដែរ បើ​ពុំ​ដូច្នេះ​ទេ សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការទូត​លើ​របប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។