អាមេរិក​នៅតែ​ចាត់​ទុក​ការបោះឆ្នោត​ឆ្នាំ​មុន​ថា មិន​ត្រឹមត្រូវ និង​មិន​ស្រប​តាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ

ដោយ ជុន ច័ន្ទបុត្រ
2019.07.31
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page

តំណាង​រដ្ឋាភិបាល​អាមេរិក​បញ្ចេញ​សារ​ធ្ងន់ៗ​រិះគន់​របប​លោក ហ៊ុន សែន ក្នុងអំឡុងពេល​ខួប​មួយ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា​។ កំពូល​មហាអំណាច​មួយ​នេះ បន្ត​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ដាក់​ចេញ​នូវ​ចំណាត់ការ​ជាក់ស្ដែង​នានា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

សហរដ្ឋអាមេរិក​នៅតែ​ចាត់​ទុក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ថា ជា​ការ​បោះឆ្នោត​គ្មាន​ភាព​សេរី គ្មាន​យុត្តិធម៌ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។ សហរដ្ឋអាមេរិក​បញ្ជាក់​ថា ការបោះឆ្នោត​នោះ មាន​កំហុស​ឆ្គង​យ៉ាង​ខ្លាំង ដោយសារតែ​របប​ក្រុងភ្នំពេញ​បាន​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា ការបោះឆ្នោត​នោះ​កាន់តែ​ធ្វើ​ឱ្យ​បាត់បង់​ថែមទៀត​នូវ​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​ផ្សះផ្សា​នយោបាយ និង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មក។

សហរដ្ឋអាមេរិក​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​។ អាមេរិក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​។ សហរដ្ឋអាមេរិក​សង្កត់​ធ្ងន់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​សម្ដែង​មតិ​ដោយ​សេរី និង​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ព្រមទាំង​ចូលរួម​ក្នុង​ដំណើរការ​កិច្ចការ​សាធារណៈ​ផង​ដែរ។

ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នេះ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និយាយ​ជំនួស​ពលរដ្ឋ​ថា ពលរដ្ឋ​ខ្មែរ​យល់​ច្បាស់​ពី​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ លោក​សរសេរ​បន្ថែម​នៅ​ក្នុង​ហ្វេសប៊ុក​ថា ពលរដ្ឋ​កម្ពុជា ក៏ដូចជា​ពលរដ្ឋ​អាមេរិកាំង​ដែរ គឺ​មិន​ចង់​ឱ្យ​ប្រទេស​ណាមួយ​ឈ្លានពាន​ដែន​អធិបតេយ្យ​របស់​ខ្លួន ប៉ះពាល់​ដល់​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ឡើយ​។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំមុន របប​ក្រុងភ្នំពេញ​បាន​ទទួល​ជោគជ័យ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច បន្ទាប់ពី​របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដៃគូ​ប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន។ ផលវិបាក​ដែល​កើត​ចេញពី​ព្រឹត្តិការណ៍​នេះ គឺ​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​ថ្មី​មួយ​នៅ​លើ​ពិភពលោក និង​កំពុង​ប្រឈម​នឹង​វិបត្តិ​ទណ្ឌកម្ម​ទាំងឡាយ​ពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន ដែល​សុខចិត្ត​លាលែង​ពី​តំណែង​ដោយសារ​មិន​អាច​បំពេញការងារ​បាន​ដោយ​ឯករាជ្យ​ក្រោយ​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ​នោះ គាំទ្រ​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​។ លោក​ថ្លែង​ថា ការបោះឆ្នោត​ឆ្នាំ​២០១៨ មិនមែន​ជា​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើយ ដោយសារតែ​គណបក្សប្រឆាំង​ធំ​ជាងគេ ត្រូវ​បាន​ផាត់​ចោល ហើយ​អ្នកនយោបាយ​បក្ស​នេះ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ៖ «ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ហ្នឹង វា​មិន​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ទាំងស្រុង​នោះ​ទេ​។ ត្រង់​ចំណុច​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ គេ​មើល​ឃើញ​ថា កម្ពុជា​យើង​បាត់បង់​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ ហើយ​ដើរ​ខុស​ទៅ​នឹង​គន្លង​ប្រជាធិបតេយ្យ​។ ក្នុង​នាម​សហភាព​សហជីព​កម្ពុជា យើង​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​បញ្ចៀស​នូវ​រាល់​ការរិះគន់ ការ​ថ្កោលទោស​ពី​សំណាក់​ប្រទេស​លោក​សេរី»

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជឿជាក់​ថា ទំនងជា​បារម្ភ​ខ្លាច​ចាញ់​ឆ្នោត ទើប​របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បំបិទ​សំឡេង​ឯករាជ្យ​នៅមុន​ការបោះឆ្នោត​មកដល់​។ របប​នេះ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន​១១៨ នាក់​។ ជាង​នេះ​ទៅ​ទៀត​នោះ របប​នេះ​បាន​យក​អាសនៈ​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង​៥ ពាន់​អាសនៈ ដែល​ពលរដ្ឋ​ខំ​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ប្រៀប​ដូចជា​គេ​កាត់​នំ​ចែក​គ្នា​ហូប​យ៉ាង​ដូច្នេះ​ដែរ។

ទន្ទឹម​នឹង​នេះ របប​លោក ហ៊ុន សែន បាន​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ប្ដឹងផ្ដល់ និង​ចាប់ខ្លួន​អ្នកកាសែត​មួយ​ចំនួន​ដាក់​ពន្ធនាគារ​។ របប​នេះ​ក៏បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ឯករាជ្យ​ផង​ដែរ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ របប​ក្រុងភ្នំពេញ​កម្រ​អនុញ្ញាត​ឱ្យ​ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល ជួប​ប្រជុំ ឬ​តវ៉ា​ដោយ​សន្តិវិធី​ណាស់ ដោយ​យក​លេស​ថា ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អ្នករងគ្រោះ​ដោយសារ​ស្នាដៃ​របប​ក្រុងភ្នំពេញ​នោះ បាន​ចាត់ទុក​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ប្រារព្ធ​ពិធី​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ថ្ងៃ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​របប​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការដឹកនាំ​បែប​ឯក​បក្ស​ខុសច្បាប់ និង​អ​ធម្មនុញ្ញភាព។ គណបក្ស​នេះ​បាន​ចាត់​ទុក​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បច្ចុប្បន្ន ថា​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់ ហើយ​ថា​ទង្វើ​របស់​របប​ក្រុងភ្នំពេញ​នេះ នឹង​នាំមក​នូវ​ទណ្ឌកម្ម និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា។

ដោយសារ​ការដឹកនាំ​ប្រទេស​ដើរ​ថយក្រោយ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​នេះ​ហើយ ទើប​ពេលនេះ​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ក៏​កំពុង​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ​ផង​ដែរ។ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​ជឿជាក់​ថា មានតែ​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ទេ ទើប​របប​លោក ហ៊ុន សែន និង​ប្រជា​ជាតិខ្មែរ​ទាំងមូល អាច​ចៀស​ផុត​ពី​វិបត្តិ​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។