ស្ថានទូត​អាមេរិក​នៅ​ក្រុងភ្នំពេញ​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន​​នៅ​ថ្ងៃ​បោះឆ្នោត

ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ក្រុងភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ដល់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អោយ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​និង​សន្តិសុខ​របស់​ខ្លួន ក្នុងអំឡុងពេល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែ​កក្កដា​ខាងមុខនេះ។

ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ដែល​ចេញផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) និង​គេហទំព័រ​កាលពី​ថ្ងៃ​ទី​២៤ កក្កដា ថា ស្ថានទូត​សហរដ្ឋអាមេរិក បាន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ឬ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ថា ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៩​ខាងមុខនេះ អាច​មាន​ការ​ជួប​ប្រមូល​ផ្តុំ​ផ្នែក​ន​យាយ​បាយ ការ​ប្រឆាំង​តវ៉ា ឬ​ការ​ចល័ត​កម្លាំង​សន្តិសុខ។ សេចក្ដីជូនដំណឹង​បាន​បន្ត​ទៀត​ថា ទោះបី​កន្លង​មក​ថ្មីៗ​នេះ ការ​ប្រមូល​ផ្តុំ​ផ្នែក​នយោបាយ​ភាគច្រើន​ពុំ​មាន​អំពើ​ហិង្សា​យាង​ណា​ក្តី ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម ឬ​ការ​ប្រមូលផ្តុំ​ផ្សេងៗ អាច​មានការ​ប្រឈម​ដាក់គ្នា​ដោយ​មិន​មាន​សញ្ញា​ព្រមាន​ទុកជាមុន​ឡើយ។

សេចក្ដីជូនដំណឹង​ក៏បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​របស់​ខ្លួន កុំ​អោយ​ទៅ​ក្បែរ​ការ​ប្រមូល​ផ្តុំ​ដែល​មាន​ទ្រង់ទ្រាយ​ធំ ហើយ​ត្រូវ​ចាក​ចេញពី​ទីនោះ​ប្រសិនបើ​មាន​មនុស្ស​ប្រមូល​ផ្តុំ​មក​កាន់តែ​ច្រើន។ ពលរដ្ឋ​អាមេរិក​គួរ​ជៀសវាង​ចូលរួម​សកម្មភាព​នានា​ពាក់ព័ន្ធ និង​បាតុកម្ម​និង​ការបោះឆ្នោត ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​នានា ហើយ​គួរ​ប្រាប់​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​នូវ​គម្រោង​ការ​ធ្វើដំណើរ​របស់​ខ្លួន។

សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​ក៏បាន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ អោយ​តាមដាន​ព័ត៌មាន​ក្នុង​ស្រុក​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​ទៀត ហើយ​ក្នុង​ករណី​ដែល​មាន​បាតុកម្ម​កើតមានឡើង ស្ថានទូត​អាមេរិក​នឹង​បង្ហោះ​ព័ត៌មាន​ថ្មីៗ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។