អ្នកវិភាគយល់ថា ក្រៅពីកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា-វៀតណាមនោះ គឺប្រមុខរដ្ឋវៀតណាម ប្រហែលជាពិនិត្យមើលទំនាក់ទំនងរបស់ខ្លួនដែរ ខណៈកម្ពុជាកាន់តែលម្អៀងទៅរកចិន។ ការលើកឡើងនេះបន្ទាប់ពីប្រមុខរដ្ឋវៀតណាម បំពេញទស្សនកិច្ច នៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ។
អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា គឺមិនមែនគ្រាន់តែដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួននោះទេ។ លោកយល់ថា ប្រមុខរដ្ឋវៀតណាម ប្រហែលជាចង់ពិនិត្យមើលអំពីទំនាក់ទំនងដ៏យូរលង់របស់ខ្លួនជាមួយកម្ពុជា និងអាចមានយុទ្ធសាស្ត្រនយោបាយខំប្រឹងចាប់ដណ្ដើមកម្ពុជាឱ្យជាប់តទៅទៀត ខណៈដែលកម្ពុជា-ចិន កំពុងមានទំនាក់ទំនងយ៉ាងស្អិតល្មួតនោះ៖ «ចិនក៏គេខំប្រឹងប្រែងហើយវៀតណាមក៏គេខំប្រឹងប្រែងដែរ ដើម្បីកុំឱ្យខាតយុទ្ធសាស្ត្ររបស់គេ ហើយគេមកនេះ គេអាចផ្ទៀងផ្ទាត់វាយតម្លៃការវិវឌ្ឍនៃចំណងមិត្តភាពហើយ និងការអនុវត្តនៅកិច្ចព្រមព្រៀងដែលមានរវាងគ្នានិងគ្នានេះ តាំងពីដើមមក»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បារម្ភថា ប្រសិនបើកម្ពុជា មិនប្រុងប្រយ័ត្នទេ គឺកម្ពុជា អាចនឹងស្ថិតក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម និងប្រទេសចិន ហើយកម្ពុជា នឹងបាត់បង់ផលប្រយោជន៍ជាច្រើន៖ «កុំយកច្រមុះអីទៅឈ្ងោកមុខរឿងគេទាល់គ្នា។ យើងចងមិត្តភាពទាំងអស់គ្នា ហើយសហការខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌អីជាហូរហែអ៊ីចឹង»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ក្នុងទស្សនកិច្ចពីរថ្ងៃនោះ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) បានជួបសន្ទនាដោយឡែកពីគ្នាជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បន្ទាប់ពីលោកចូលគាល់ព្រះមហាក្សត្រកម្ពុជា។
សេចក្ដាំថ្លែងការណ៍រួមនៃលទ្ធផលដំណើរទស្សនកិច្ចបង្ហាញថា ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារចំនួន៥ ក្នុងចំណោមនោះ មានដូចជា វៀតណាមសន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន២៥លានដុល្លារអាមេរិក សម្រាប់ស្ថាបនាអគាររដ្ឋបាលនៃរដ្ឋសភារបស់កម្ពុជា និងការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីស្ដីពីការ អនុគ្រោះពន្ធសម្រាប់ឆ្នាំ២០១៩-២០២០។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បាន ឯកភាពគ្នាខំប្រឹងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ឱ្យកាន់តែស៊ីជម្រៅផងដែរ។
អ្នកវិភាគអំពាវនាវឱ្យមេដឹកនាំកម្ពុជា វៃឆ្លាតមានជំហរឯករាជ្យ អព្យាក្រឹត្យ និងមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀតនៅលើពិភពលោកផង កុំស្អិតល្មួតតែជាមួយប្រទេសវៀតណាម និងចិន ដែលជាប្រទេសកាន់លទ្ធិកុម្មុយនិស្តក្រហមឆ្អិនឆ្អៅ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជា ជាតិខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។