សមត្ថកិច្ច​អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​នោះ ជាប់​ពាក់ព័ន្ធ​ករណី​បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម

ដោយ អូន ភាព
2020.03.17
ឃុត ច្រឹក លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ក្រោយ​ពី​បង្ហោះ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម។
រូប៖ ផ្ដល់​ដោយ​លោកស្រី ប៊ុត សាម៉ាក់ ភរិយា​លោក ឃុត ច្រឹក។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង លោក ឃុត ច្រឹក ដែល​បាន​បាត់​ខ្លួន​ចំនួន ៧ថ្ងៃ​មក​ហើយ​នោះ ពេល​នេះ​បាន​រក​ឃើញ​វិញ​ហើយ ដោយ​សមត្ថកិច្ច ចាប់​ដាក់​ពន្ធនាគារ។

សមត្ថកិច្ច​អះអាង​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​កំពុង​ជាប់​ពន្ធនាគារ​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ករណី​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម។

មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៦ ខែ​មីនា​ថា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ហើយ​តុលាការ​បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​លោក ឃុត ច្រឹក រួចហើយ មិន​លោក​មិន​ព្រម​បញ្ជាក់​ថា នៅ​ពន្ធនាគារ​ណា​នោះ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​នគរបាល​រូប​នេះ​ថា លោក​មិន​ចាំ​ថា តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​អ្វី និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ណា​នោះ​ទេ ប៉ុន្តែ​លោក​បង្ហើប​ថា លោក ឃុត ច្រឹក បាន​បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម៖ «គាត់ (ឃុត ច្រឹក) ទៅ​បំផុស​រឿង​ឲ្យ​ជ្រួលច្របល់​ពេញ​ទឹក​ពេញ​ដី​ប្រមាថកាតទាន​ញុះញង់​អ៊ីចឹង​ព័ត៌មាន​ហ្នឹង​មាន​ចេតនា​អី អ៊ីចឹង​សំណូមពរ​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​ពួក​អស់​ហ្នឹង ព្រោះ​រដ្ឋាភិបាល​គេ​បាន​បង្កើត​ប្រព័ន្ធ ដើម្បី​ប្រជា​ពលរដ្ឋ​គាត់​ឆ្ងល់​គាត់​សួរ​ដូច​ក្រសួង​សុខាភិបាល​គេ​បក​ស្រាយ​រហូត​គេ​មាន​ប្រព័ន្ធ​ទូរស័ព្ទ»

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​ថា លោក​គ្មាន​ពេល​វេលា​ច្រើន​សម្រាប់​បក​ស្រាយ​លើ​បុគ្គល ដែល​បំពុល​សង្គម​បែប​នេះ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១០ មីនា ដែល​កាល​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​កោះហៅ​លោក​ឲ្យ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​ករណី​ជំងឺ​កូវីត១៩ នៅ​កម្ពុជា។

លោកស្រី ប៊ុត សាម៉ាក់ ភរិយា​លោក ឃុត ច្រឹក ឆ្ងល់​ថា ហេតុ​អ្វី​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​មិន​បាន​ផ្ដល់​ព័ត៌មាន​ពី​ការ​បញ្ជូន​ស្វាមី​លោកស្រី​ទៅ​ពន្ធនាគារ បើ​ទោះ​ជា​លោកស្រី​បាន​ព្យាយាម​តាម​សួរ​ដំណឹង​ស្វាមី​លោកស្រី​ពី​ក្រុម​សមត្ថកិច្ច​ក្តី។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា លោកស្រី​បាន​ពិនិត្យ​មើល​ហ្វេសប៊ុក​ប្ដី​លោកស្រី​ដែល​ឈ្មោះ Border Khmer គឺ​ស្វាមី​លោកស្រី​មិន​បាន​សរសេរ​ព័ត៌មាន​ក្លែងក្លាយ​រិះគន់​ករណី​ជំងឺ​កូវីត១៩ នៅ​កម្ពុជា​ទេ ប៉ុន្តែ​ស្វាមី​លោកស្រី​បាន​ចែក​រំលែក ឬ​ស៊ែរ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ជំងឺ​កូវីត១៩។ លោកស្រី​បន្ត​ថា ក្រោយ​ដឹង​ពី​ប្ដី​ត្រូវ​ជាប់​ពន្ធនាគារ​បែប​នេះ លោកស្រី​បាន​ពឹងពាក់​មេធាវី ដើម្បី​ជួយ​ការពារ​ក្តី៖ «មាន​ការ​ព្រួយ​បារម្ភ អយុត្តិធម៌​សូម​ឲ្យ​សង្គម​ស៊ីវិល​ជួយ​តាមដាន​ជួយ​គាត់​ផង ហើយ​ស្នើសុំ​រដ្ឋាភិបាល​ជួយ​សម្រាល​ទោស​គាត់ ព្រោះ​រឿង​ជំងឺ​កូវីត​ហ្នឹង​មិន​ធ្ងន់ធ្ងរ​ដល់​ជាប់​ពន្ធនាគារ​អ៊ីចឹង»

លោកស្រី​យល់​ថា ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្តិ​ទោស​កំហុស​ធ្ងន់ធ្ងរ​ទេ ដូច្នេះ​លោកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​លែង​ស្វាមី​លោកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិ​មនុស្ស​លីកាដូ យល់​ថា រដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ផ្លូវ​ច្បាប់​តឹងរ៉ឹង​លើ​ពលរដ្ឋ​ក្នុង​ករណី​ជំងឺ​កូវីត១៩ ពេក​ទេ ដែល​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​កើត​មាន​ផល​អវិជ្ជមាន​ទៅ​វិញ​ទេ គឺ​ពលរដ្ឋ​លែង​ហ៊ាន​បង្ហាញ ឬ​បង្ហោះ​ព័ត៌មាន​ពិត​ទាក់ទង​ជំងឺ​នេះ ដែល​ពួក​គេ​បាន​ដឹង។ ជុំវិញ​ការ​មិន​ផ្ដល់​ដំណឹង​ដល់​សាច់ញាតិ​ជន​សង្ស័យ​ក្នុង​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់ មន្ត្រី​សិទ្ធិ​រូប​នេះ​យល់​ថា ជា​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ក្រុម​គ្រួសារ​ជន​សង្ស័យ៖ «ផ្លូវ​ច្បាប់ គេ​តម្រូវ​ឲ្យ​អ៊ីចឹង​មិន​អាច​យក​ទៅ​ហើយ​លាក់បាំង​ព័ត៌មាន​មិន​ឲ្យ​គ្រួសារ​ដឹង​ជា​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​អំពី​ក្រុម​គ្រួសារ​គេ​ហ្នឹង»

លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​សារ​សួរ​រឿង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១០ មីនា​កន្លង​ទៅ​នេះ ប៉ុន្តែ​ចាប់​ពី​ការ​ពេល​នោះ​មក​សមត្ថកិច្ច​មិន​បាន​ផ្ដល់​ដំណឹង​ដល់​សាច់​ញាតិ ឬ​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ទេ ដែល​ការ​បាត់​ខ្លួន​នេះ​អស់​រយៈ​ពេល ៧ថ្ងៃ​មក​ហើយ។ វិធានការ​លើ​លោក ឃុត ច្រឹក ពេល​នេះ ខណៈ​ជំងឺ​កូវីត១៩ បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ប្រឆាំង​ទៅ​នឹង​អ្នក​ហ៊ាន​និយាយ​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

មន្ត្រី​សិទ្ធិ​មនុស្ស​លោក អំ សំអាត យល់​ថា អាជ្ញាធរ​គួរ​តែ​បង្កើន ការ​ផ្សព្វផ្សាយ​អប់រំ ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង និង​ដឹង​ពី​​វិធី​ការពារ និង​ទប់​ស្កាត់ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ខុស និង​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង ជា​ជាង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ក្នុង​ករណី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។