សង្គម​ស៊ីវិល​ខ្មែរ​​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​ជួយ​ជំរុញ​ឱ្យ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ចេញ​ឆាប់

ដោយ មួង ណារ៉េត
2019.03.09
ទូច វិបុល ៦១០ ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Taing Sarada

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​-​អាមេរិក ជួយ​ជំរុញ​ឱ្យ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ចេញ​ឆាប់។ ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង​លោក ទូច វិបុល ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃទី៩ ខែ​មីនា ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មាន​ករណីយកិច្ច ក្នុង​ការ​ទាមទារ​ឱ្យ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ប្រញាប់​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ទាំងឡាយ ដែល​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​ដាក់​ស្នើ​រួចហើយ ប៉ុន្តែ​រង់ចាំ​ការ​អនុម័ត៖ «សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង សរសេរ​ជា​លិខិតស្នាម​ទៅកាន់​តំណាងរាស្ត្រ​របស់​ខ្លួន ព្រឹទ្ធសភា​របស់​ខ្លួន ឱ្យ​គាំទ្រ​ទៅលើ​សេចក្ដី​ព្រាងច្បាប់​ទាំងអស់​នេះ។ នេះ​ហើយ​ជា​ការងារ​ដែល​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ត្រូវ​ធ្វើ​។ គឺ​អាច​នឹង​ជំរុញ​ឱ្យ​សេចក្ដី​ព្រាងច្បាប់​នេះ​អនុម័ត»

សារ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក បាន​ដាក់​ស្នើ​ច្បាប់​ចំនួន​បី​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ សេចក្ដី​ស្នើ​ច្បាប់​ទី​មួយ​គឺ H.R 526 ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ ២០១៩ ដែល​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ទណ្ឌកម្ម​មាន​ពីរ​ធំៗ គឺ​ទី​មួយ​បិទ​ទិដ្ឋាការ និ​ទី​ពីរ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់ របស់​ជន​ទាំងនោះ។ ចំណែក​សេចក្ដី​ព្រាង​ច្បាប់​ពីរ​ទៀត គឺ​ច្បាប់ H.R 1376 របស់​សមាជិកសភា និង​ច្បាប់ S.34 របស់​សមាជិក​ព្រឹទ្ធសភា ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩។ ច្បាប់​ទាំងនេះ មាន​គោលដៅ​រួម គឺ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​អាមេរិក។ឮ

ឥឡូវនេះ ច្បាប់​នេះ​បាន​ឆ្លង​ផុត​ដំណាក់កាល​ទី​មួយ​ហើយ​។ ដំណាក់កាល​ទី​ពីរ និង ទី​បី គឺ​ការ​អនុម័ត​វា នៅ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​អាច​ប្រព្រឹត្តទៅ​ឆាប់ ឬ​យូរ អាស្រ័យ​ទៅ​លើ​ការ​ជំរុញ​ពី​តំណាងរាស្ត្រ ដែល​ស្នើ​ច្បាប់ និង​តំណាងរាស្ត្រ​ដែល​គាំទ្រ​សេចក្ដី​ស្នើ​ច្បាប់​នេះ។ ក្រោយ​សភា​ទាំងពីរ​ថ្នាក់​អនុម័ត​រួច ប្រធានាធិបតី​នឹង​ចុះហត្ថលេខា ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។