អាជ្ញាធរខេត្តកណ្ដាលអះអាងថា វៀតណាមបានរុះរើតង់កៅស៊ូចេញ ដោយដាក់ជំនួសមកវិញសំណង់រឹងមាំមានសរុប ១០កន្លែងហើយ នៅតំបន់មិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែនឋិតក្នុងស្រុកកោះធំ និងស្រុកលើកដែកខេត្តកណ្ដាល។ អ្នកឃ្លាំមើលព្រំដែនរិះគន់គណៈកម្មការព្រំដែនកម្ពុជាថា មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ហើយតែងតែឆ្លើយដោះសាយករួចខ្លួន។
អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ ខែកញ្ញាថា តំបន់ដែលវៀតណាមបោះតង់ចំនួន ២៧ទីតាំង ដែលក្នុងនោះមានតង់ ១០កន្លែង ឥឡូវវៀតណាមបានកសាងជាសំណង់រឹងមាំធ្វើពីឥដ្ឋចាក់គ្រឹះក្រវាត់សសរថ្មដំបូលស័ង្កសីមានកម្ពស់ ៣ម៉ែត្រ និងទំហំ ៥ម៉ែត្រឆ្ងាយពីខ្សែបន្ទាត់ព្រំដែនមិនទាន់ឯកភាពគ្នា ១២០ម៉ែត្រ ឋិតក្នុងស្រុកលើកដែក និងស្រុកកោះធំ។
លោក គង់ សោភ័ណ មានប្រសាសន៍បញ្ជាក់ថា សំណង់រឹងទាំង ១០កន្លែងនោះ គឺវៀតណាមសង់នៅទីតាំងចាស់ដដែល ដើម្បីការពារទឹកភ្លៀង។ រីឯយោធាកម្ពុជាមិនអាចចូលទៅតំបន់នោះ ដោយថ្មើរជើងបាននោះទេ ព្រោះមានទឹកជំនន់នៅរដូវភ្លៀងនេះ។ លោកបញ្ជាក់ទៀតថា យោធា និងសមត្ថកិច្ចកម្ពុជា បានហាមវៀតណាមម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ការសង់សំណង់រឹងមាំទាំងនោះ តែភាគីវៀតណាម បានអង្វរឱ្យកម្ពុជា អនុញ្ញាតឱ្យពួកគេសង់ ដើម្បីការពារជំងឺកូវីដ១៩៖ «យើងនៅតែបញ្ជាក់ថា សុំមិនទទួលស្គាល់ទេ ហើយទី២ សុំឱ្យរុះរើឱ្យបានឆាប់ ទី៣ សុំបង្កើនការយកចិត្តទុកដាក់ជាប្រចាំ លើការដើរល្បាតចំណុច ដែលដើរល្បាតរួមគ្នា ហើយនឹងជំរុញឱ្យការសង់ទាំងអស់នេះ មិនឱ្យមកក្បែរបន្ទាត់ផ្លូវ ដែលយើងដើរល្បាត រួមគ្នានោះទេ។ កងកម្លាំងយើង បន្ថែមការយកចិត្តទុកដាក់នៅអ្វីដែលចេញចូល ឬទប់ស្កាត់បទល្មើសផ្សេងៗ យើងរឹតតែយកចិត្តទុកដាក់ថែមទៀត » ។
ពាក់ព័ន្ធសកម្មភាពរបស់វៀតណាមនេះ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង និយាយយ៉ាងខ្លីថា គណៈកម្មការព្រំដែនមិនទាន់បានចុះពិនិត្យតំបន់ ដែលវៀតណាមសង់សំណង់រឹងមាំនៅឡើយទេ ហើយលោកបដិសេធមិនបញ្ជាក់លម្អិតថា គណៈកម្មការព្រំដែននឹងចុះទៅពិនិត្យនៅថ្ងៃណាឱ្យប្រាកដនោះដែរ?៖ «អត់ទាន់មានបានចុះមើលទេ យើងជាប់បុណ្យភ្ជុំ ហើយឥលូវគេបោះធ្វើម៉េច ? ចាំយើងចុះទៅមើលរៀបចំស្រួលបួល » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ដើម្បីសុំការបំភ្លឺបញ្ហានេះតែលោកមិនលើកទូរស័ព្ទ នៅថ្ងៃទី២៣ ខែកញ្ញា។ ទោះបីជាយ៉ាងនេះក្ដី លោក កុយ គួង ធ្លាប់ឲ្យអាស៊ីសេរីដឹងកាលពីពេលថ្មីៗ នេះថា ក្រសួងការបរទេសកំពុងពិនិត្យរបាយការណ៍អំពីវៀតណាមសង់តង់រឹងមាំនៅព្រំដែនកម្ពុជា-វៀតណាមនេះហើយ។
អ្នកឃ្លាំមើលព្រំដែនកោតសរសើរអាជ្ញាធរខេត្តកណ្ដាលដែលហ៊ានផ្តល់ព័ត៌មានជាក់លាក់ពីការឈ្លានពានរបស់វៀតណាមខុសពីអាជ្ញាធរខេត្តផ្សេងៗ។ ពួកគេរិះគន់គណៈកម្មការព្រំដែន និងក្រសួងការបរទេសថា ធ្វើការងារខ្ជីខ្ជាមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាព្រំដែន ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តនោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត រិះគន់គណៈកម្មការព្រំដែន ដែលដឹកនាំដោយ លោក វ៉ា គឹមហុង ថា មិនដែលចុះទៅពិនិត្យមើលទាហានវៀតណាម បោះតង់រំលោភដីខ្មែរនោះទេ ដែលជាហេតុធ្វើឱ្យវៀតណាមមើលងាយកម្ពុជា។ លោករុញឱ្យរដ្ឋាភិបាលត្រូវលុបសន្ធិសញ្ញាទាំងឡាយណាផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសត្រូវកសាងឯកសារនានា ប្ដឹងប្រទេសវៀតណាម ដែលឈ្លានពានទឹកដីកម្ពុជា ទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ៖ «គណៈកម្មការព្រំដែនលោក វ៉ា គឹមហុង ក្តី និងក្រសួងការបរទេសក្ដី គឺបញ្ជាក់ថា ការឆ្លើយដាក់គ្នាបន្ទោសដាក់គ្នា ហើយអត់មានចំណាក់ការណាមួយ ច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដីកម្ពុជាទេ។ វាបញ្ជាក់ឱ្យឃើញថា អ្វីដែលរបបលោក ហ៊ុន សែន ធ្វើបច្ចុប្បន្ន ធ្វើត្រឹមតែបានជួយធ្វើសម្បទានថ្មីថែមទៀត ទៅប្រទេសវៀតណាម ក្នុងការឈ្លានពានទឹកដីកម្ពុជា » ។
ចំណែកតំណាងរាស្ត្រជាប់ឆ្នោត និងជាមន្រ្តីបក្សទទួលបន្ទុកកិច្ចការងារព្រំដែនរបស់គណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលត្រូវសរសេរកំណត់ទូតមួយទៀត ស្ដីពីបញ្ហានេះ ទៅភាគវៀតណាម។ លើសពីនេះទៀត លោកទាមទារឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គប្បីជជែកគ្នារកដំណោះស្រាយប្ដឹងវៀតណាមទៅប្រទេសម្ចាស់ហត្ថលេខីទីក្រុងប៉ារីស និងសហគមន៍អាស៊ានផងដែរ៖ «រឿងបន្ទាន់នោះរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបញ្ជូនទ័ពទៅទប់ទល់ការឈ្លានពានពីសំណាក់ប្រទេសយួន ដូចដែលកម្ពុជាធ្លាប់បញ្ជូនទ័ពទៅទប់ទល់នៅថៃ និងឡាវកន្លងមកបានអាច បញ្ឈប់អំពោះឈ្លានពានរបស់យួនបាន។ បើមិនអ៊ីចឹងទេ យួននៅតែសាងសង់សំណង់រឹង ដែលរំលោភមកលើបូរណភាពទឹកដីកម្ពុជា » ។
អាជ្ញាធរកម្ពុជាអះអាងថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែងនៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនក្នុងខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀងខេត្តកំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។ មកទល់ពេលនេះមានតង់យ៉ាងហោចណាស់ ១២កន្លែងហើយ ដែលយោធាវៀតណាមប្រែក្លាយជាជម្រករឹងមាំឋិតស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាលតំបន់ថ្ម ៣ដុំ ក្នុងខេត្តតាកែវ និងស្រុកកំពង់ត្រាច ខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។