ECOSOCពន្យារពេលសំណើសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមចូលសមាជិកក្រុមប្រឹក្សានេះ
2019.05.23

គណៈកម្មាធិការអង្គការ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិបានសម្រេចពន្យារពេលសំណើសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកនៃក្រុមប្រឹក្សានេះ រយៈពេល ៦ខែទៅមុខទៀត ក្រោយពេលប្រទេសវៀតណាមបានបដិសេធសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយប្រទេសមានចំនួនទៀតបានដាក់សំណួរជុំវិញសំណើរបស់សហព័ន្ធ។
នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន្ទ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំឯកសារចម្លើយដើម្បីឆ្លើយតបទៅនឹងសំណួរសមាជិកនៃគណៈកម្មាធិការអង្គការ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (ECOSOC) ក្នុងរយៈពេល ៦ខែទៀត ដើម្បីឱ្យគណៈកម្មាធិការអង្គការនេះ ដាក់បញ្ជូនសហព័ន្ធជាសមាជិកប្រឹក្សាផ្តល់យោបល់នៃក្រុមប្រឹក្សានេះ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានដាក់បញ្ជូលពាក្យស្នើសុំឱ្យក្លាយជាសមាជិក ECOSOC កាលពីដើមសប្ដាហ៍នេះ ហើយគណៈកម្មាធិការអង្គការនៃក្រុមប្រឹក្សានេះបានសាកសួរសំណួរ កាលពីថ្ងៃទី២១ ឧសភា ខណៈតំណាងប្រទេសវៀតណាម បានជំទាស់សមាជិកភាពរបស់សហព័ន្ធ។ តំណាងប្រទេសវៀតណាម អះអាងថា ប្រទេសនេះជំទាស់សមាជិកភាពរបស់សហព័ន្ធដោយចោទប្រកាន់ថា សហព័ន្ធជាចលនានយោបាយដើម្បីបង្កើតរដ្ឋឯករាជ្យនៅប្រទេសវៀតណាម និងបានដឹកនាំចលនាមួយចំនួនប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។ ទោះបីជាយ៉ាងណា ប្រតិភូតំណាងខាងអាមេរិកបានសំដែងការគាំទ្រ សមាជិកភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ ប្រតិភូតំណាងអាមេរិកអះអាងថា សហព័ន្ធជាអង្គការស្របច្បាប់ ធ្វើការងារដើម្បីបម្រើពលរដ្ឋជនជាតិដើមកំណើតនៅកម្ពុជាក្រោម ក្នុងវិស័យសង្គម សិទ្ធិមនុស្ស និងអប់រំ៖ «ពាក់ព័ន្ធទៅនឹងលិខិតស្នើសុំជាសមាជិកភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមគឺថា បេសកកម្មសហព័ន្ធគឺដើម្បីការពារ និងរក្សាវត្តមានរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ហើយដើម្បីធានាសិទ្ធិរបស់ពួកគេ ត្រូវបានការពារ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើការងារយ៉ាងល្អប្រសើរដើម្បីលើកកម្ពស់សេរីភាពផ្នែកសាសនា និងភាសារបស់សហគមន៍ដើម្បីធានាថា ពួកគេទទួលបាន សិទ្ធិស្មើភាពគ្នាទៅនឹងពលរដ្ឋវៀតណាមដែរ។ សហព័ន្ធខ្មែរកម្ពុជាក្រោមតំណាងសំឡេងឱ្យសហគមន៍ខ្មែរកម្ពុជារួមទាំងព្រះសង្ឃផងដែរ។ ព្រះសង្ឃដែលបានទាមទារឱ្យមានការបង្រៀនអក្សរខ្មែរ តែងតែទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងរងការវាយប្រហារថែមទៀតផង»។
លោក ត្រឹង ម៉ាន់រិន្ទ មានប្រសាសន៍ថា វៀតណាមព្រួយបារម្ភថា ប្រសិនបើសហព័ន្ធខ្មែរកម្ពុជាក្លាយជាសមាជិក ក្រុមប្រឹក្សាពិភាក្សា នៃ (ECOSOC) សហព័ន្ធ នឹងអាចមានសិទ្ធិរាយការណ៍ជូនអង្គសន្និបាតអង្គការសហប្រជាជាតិស្ដីពីការស្ថានភាពទូទៅនៅកម្ពុជាក្រោម ដែលអាចប៉ះពាល់ដល់កិត្តិយសវៀតណាមនៅលើឆាកអន្តរជាតិ។ លោក ត្រឹង ម៉ាន់រិន្ទ បដិសេធថា សហព័ន្ធខ្មែរកម្ពុជាក្រោមមានគម្រោងចង់បង្កើតរដ្ឋឯករាជ្យនៅវៀតណាម៖ «និយាយរួមអង្គការសហព័ន្ធដូចសហរដ្ឋអាមេរិកបាននិយាយអ៊ីចឹង ជាអង្គការមួយទាមទារសិទ្ធិឱ្យប្រជាពលរដ្ឋ សិទ្ធិខាងសាសនា សិទ្ធិខាងភាសា។ យើងទាមទារសិទ្ធិឱ្យស្មើនឹងជនជាតិយួន។ ហេតុអ្វីបានជាខ្មែរអត់មានសិទ្ធិរៀនអក្សរខ្មែរ អត់មានសិទ្ធិរៀនប្រវត្តិសាស្ត្ររបស់ខ្លួន?»។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (ECOSOC) មានសមាជិកមកពីប្រទេសចំនួន ៥៤ប្រទេស។ កម្ពុជាមិនមានសមាជិកភាពក្នុងក្រុមប្រឹក្សានេះនៅឡើយទេ។ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ មានតួនាទីជាវេទិកាកណ្ដាលមួយសម្រាប់ការពិភាក្សាបញ្ហាសេដ្ឋកិច្ច និងសង្គមដើម្បីជំរុញស្តង់ការរស់នៅឱ្យបានល្អប្រសើរឡើង ផ្ដល់ការងារ និងការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គម៕