អ្នក​ឃ្លាំមើល​ថា ការ​ធ្វើ​សម​យុទ្ធ​រួមគ្នា​វាង​កម្ពុជា ឡាវ និង​វៀតណាម មិនមែន​ជា​ការ​ចាំបាច់​គួរ​ធ្វើ​ក្នុង​ពេល​នេះ​ទេ

មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា គម្រោង​ធ្វើ​សម​យុទ្ធ​រួមគ្នា​វាង​កម្ពុជា ឡាវ និង​វៀតណាម មិនមែន​ជា​ការចាំបាច់​គួរ​ធ្វើ​ក្នុង​ពេលនេះ​ទេ ខណៈ​កម្ពុជា​និង​ប្រទេស​នានា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ ទោះ​យ៉ាងណា​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​អះអាង​ថា បញ្ហា​ជំងឺ​កូវីដ​ក្រសួង​មាន​វិធានការ​ក្នុង​បង្ការ​យ៉ាង​ត្រឹមត្រូវ​ហើយ។

តំណាង​ក្រុម​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុង យល់ថា ការ​ជួយសង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​មិនបាច់​មាន​រហូត​ទៅដល់​ការ​ធ្វើ​សម​យុទ្ធ​រួមគ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម​នោះ​ទេ។ លោក​ថា ដើម្បី​បង្ការ​បញ្ហា​ភាគី​កម្ពុជា​អាច​ហ្វឹកហ្វឺន​បន្ថែម​លើ​មន្ត្រី​កម្ពុជា គឺ​ជា​ការ​គ្រប់គ្រាន់​ហើយ។ លោក រ៉ុង ឈុន ក៏​ព្រួយ​បារម្ភ​ដែរ​ថា ប្រសិនបើ​មានការ​ចល័ត​ទ័ព​ចេញ​ចូល​ឆ្លងដែន​ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នោះ​វា​អាច​បង្កើត​ជា​បញ្ហា​ធំ​គឺ​រីក​រាល​នៃ​ជំងឺ​កូវីដ-១៩ ខណៈ​កម្ពុជា​និង​ប្រទេស​នានា​កំពុង​ប្រឈម​ឆ្លង​ជា​ថ្មី៖ « ប្រសិនជា​យើង​មិន​មានការ​ប្រុងប្រយ័ត្ន​ទេ​អាច​ធ្វើ​ឱ្យ​មានការ​ឆ្លងតាម​ការ​ធ្វើ​សម​យុទ្ធ​នេះ​ដែរ​យើង​មិន​ដឹង​ថា សមាស​ភាព​មក​ពី​ប្រទេស​យួន​ក៏ដូចជា​ប្រទេស​ឡាវ​មិន​ដឹង​គាត់​មាន​ផ្ទុក ( ជំងឺ១៩ ) ឬ​ក៏​មិន​ផ្ទុក »

ប្រតិកម្ម​របស់​លោក រ៉ុង ឈុន នេះ​ធ្វើ​ឡើង​ដោយសារ​តែ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា កម្ពុជា​ត្រៀម​ចូលរួម​នឹង​ប្រទេស​ឡាវ និង​វៀតណាម ធ្វើ​សម​យុទ្ធ​រួមគ្នា​ក្នុង​កិច្ចការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ។ ទោះ​បី​ជា​យ៉ាង ក្រសួង​ការពារ​ជាតិ​មិន​ទាន់​ប្រកា​លពី​វេលា និង​ទីកន្លែង​សម្រាប់​ធ្វើ​សម​យុទ្ធ​យោធា​នេះ​នៅ​ឡើយ​ទេ។ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ក្រសួង​ការពារ​ជាតិ លោក ម៉ឹង សំ​ផន ប្រាប់​សារ​ព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា ភាគី​កម្ពុជា​បាន​ត្រៀម​កម្លាំង​ជំនាញ​ទាំង​បី​ប្រភេទ គឺ​កងទ័ព​ជើង​គោ​គ ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​ឧបករណ៍ សម្ភារៈ និង​មធ្យោបាយ​ផ្សេងៗ ទៀត ក្នុង​ការ​ធ្វើ​សម​យុទ្ធ​សង្គ្រោះ​នេះ ដែល​មាន​សមាសភាព​ចូលរួម​ពី​កងទ័ព​កម្ពុជា កងទ័ព​ឡាវ និង​កងទ័ព​វៀតណាម​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​នេះ។ ជុំវិញ​គម្រោង​ធ្វើ​សម​យុទ្ធ​យោធា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំ​អាន ស្នើ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន គិត​ឡើងវិញ​ពី​បញ្ហា​សុខភាព​កងទ័ព​កម្ពុជា ប្រសិនបើ​មានការ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩ តើ​ពួក​គេ​ទៅ​ជា​យ៉ាង​ណា។ លោក​ចោទ​ជា​សំនួរ​ថា តើ​ការ​ធ្វើ​សម​យុទ្ធ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ កងទ័ព​ប្រទេស​ទាំង​បី​នេះ​ហ៊ាន​ធ្វើ​តំបន់​មាន​គ្រោះ​ទឹកជំនន់​ដែរ​ឬទេ តែ​បើ​មិន​ហ៊ាន​ទេ គម្រោង​ធ្វើ​សម​យុទ្ធ​នេះ​ក៏​គ្មានន័យ​អ្វី​ដែរ​? តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​យល់ថា រដ្ឋាភិបាល​គួរ​ដឹក​ទ័ព​ទៅ​តំបន់​ព្រំដែន​កន្លែង​ដែល​កងទ័ព​វៀតណាម​បោះតង់​វិញ​ទើប​ជា​រឿង​ត្រឹមត្រូវ​គួរ​ធ្វើ​ក្នុង​ពេលនេះ៖ « ឱ្យ​ដឹក​ច្រមុះ​ទៅ​ធ្វើ​សម​យុទ្ធ​យោធា​វិញ បើ​សិន​យើង​មិន​ខ្លាច​យួន​យើង​ទៅ​ប្រឈម​ជាមួយ​យួន​បោះតង់​ដឹក​ទាហាន​យើង​រឿង​យួន​បោះតង់ »

ឆ្លើយតប​ទៅ​នឹង​មន្ត្រី​បក្ស​ប្រឆាំង រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ទទួល​បន្ទុក​ប្រធាន​នាយកដ្ឋាន​នយោបាយ​និង​ទំនាក់ទំនង​ការបរទេស​នៃ​ក្រសួងការពារជាតិ នាយ​ឧត្ដមសេនីយ៍ នឹម សុវត្ថិ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ការ​បង្ការ​ជំងឺ​កូវីដ-១៩ ជា​វិធានការ​ទូទៅ​ដែល​ភាគី​ពាក់ព័ន្ធ​បាន​​អនុ​វត្ត​វៀង​ៗ ខ្លួន។ ទោះ​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​រូប​នេះ​ថា លោក​មិនទាន់​អាច​ដឹង​លម្អិត​អំពី​ផែនការ​នៃ​ការ​ធ្វើ​សម​យុទ្ធ​នេះ​នៅឡើយ​ទេ៖ « ការងារ​ហ្នឹង​គណៈកម្មាធិការ​សម​យុទ្ធ​គាត់​ទទួលខុសត្រូវ។ រឿង​ហ្នឹង​ធម្មតា​ជា​វិធានការ​ទូទៅ​ទូទាំង​សកលលោក​រឿង​ការរៀបចំ​បែបផែន​ណាមួយ​ដែល​ប្រើប្រាស់​វិធានការ​ទប់ស្កាត់​កូវីដ​ហ្នឹង​បាទ »

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត នៅ​ថ្ងៃទី១៧ ខែកក្កដា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ហៅ​ចូល​ត្រូវ​លោក​ចុច​បិទ។ រី​ឯ​អ្នក​ពាក្យ​កងទ័ពជើងគោក​លោក ម៉ៅ ផល្លា ថា លោក​មិនទាន់​បាន​ដឹង​រឿង​នេះ​នៅឡើយ​ទេ៖ « រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ផង​សុំ​អធ្យាស្រ័យ​ខ្ញុំ​អត់​អាច​ឆ្លើយ​បានទេ​ខ្ញុំ​អត់​ដឹង​ផែនការ​ហ្នឹង​ផង​ខ្ញុំ​ជើងគោ​គអត់​ដឹង​ទេ​ទាល់តែ​ក្រសួងការពារជាតិ​ទាល់​ឯកឧត្ដម ឈុំ សុជាត បាន​លោក​មានប្រសាសន៍​បាន​បាទ »

កាលពី​ខែ​មីនា កង​កម្លាំង​មក​ពី​កង​យោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​ហ្វឹកហាត់ «សម​យុទ្ធ​នាគ​មាស ២០២០» ដែល​ប្រើប្រាស់​កងកម្លាំង​ទាំង​ពីរ​ប្រទេស​ប្រមាណ ៣ពាន់​នាក់ ។ បើ​ទោះ​កម្ពុជា​បាន​ធ្វើ​សម​យុទ្ធ​ជា​បន្ត​បន្ទាប់​ចិន និង​គ្រោង​ធ្វើ​ជា​មួយ​ប្រទេស​ជិត​ខាង​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ក្ដី ប៉ុន្តែ​កម្ពុជា​បាន​ផ្អាក​ធ្វើ​សម​យុទ្ធ​ជាមួយ​ប្រទេស​សេរី​រួមមាន​សហរដ្ឋអាមេរិក​និង​អូស្ត្រាលី​អស់​រយៈ​ពេល ៤ឆ្នាំ​មក​ហើយ។ លោក អ៊ុំ សំ​អាន លើកឡើង​ថា គម្រោង​នៃ​ការ​ធ្វើ​សម​យុទ្ធ​នេះ គឺ​វៀតណាម​ចង់​បង្ហាញ​ឥទ្ធិពល​ថា ខ្លួន​ជា​បងធំ​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ដែល​ប្រទេស​វៀតណាម​តែង​មាន​មហិច្ឆតា​ចង់​លេប​យក​ប្រទេស​ទាំង​ពីរ ដើម្បី​គ្រប់ គ្រង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។