មរតក​គំនិត​បណ្ឌិត កែម ឡី ជំរុញ​ឲ្យ​យុវជន ព្រះសង្ឃ និង​បក្ស​នយោបាយ ហ៊ាន​និយាយ​ការ​ពិត និង​ចូល​រួម​រក​យុត្តិធម៌​សម្រាប់​សង្គម

ដោយ ហេង រស្មី
2019.07.08
មួង សូនី ៦២២ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី លោក មួង សូនី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA

ក្រុម​យុវជន ​​ព្រះ​សង្ឃ និង​គណបក្ស​នយោបាយ​ ដែល​ធ្លាប់​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ ជួយ​ជ្រោមជ្រែង​ផ្នែក​គំនិត​ បញ្ញា ស្មារតី ពី​បណ្ឌិត កែម ឡី ប្ដេជ្ញា​អនុវត្ត​បណ្ដាំ និង​បន្ត​ឆន្ទៈ​ របស់​បណ្ឌិត កែម ឡី។ ៣ឆ្នាំ​​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី ពួកគេ អះអាង​ថា បាន​អនុវត្ត​បណ្ដាំ និង​​បន្ត​បេសកកម្ម​​ លោក​បណ្ឌិត​ មិន​ដែល​ខាន​ឡើយ​។

តើ​បណ្ឌិត កែម ឡី ផ្ដាំ​ និង​ផ្ដល់​​គំនិត​អ្វី​ខ្លះ​ ដល់​ក្រុម​យុវជន ព្រះសង្ឃ និង​គណបក្ស​នយោបាយ

គំនិត ពាក្យ​ពិត និង​ទស្សនៈ​ទាន​របស់​បណ្ឌិត​ កែម ឡី ត្រូវ​បាន​ក្រុម​យុវជន ព្រះ​សង្ឃ និង​គណបក្ស​នយោបាយ នៅ​តែ​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​មក​ដល់​សព្វ​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ ក្រុម​យុវជន​ច្រើន​ក្រុម កំពុង​បន្ត​បេសកកម្ម​រៀងៗ ខ្លួន បន្ត​ពី​បណ្ឌិត​ កែម ឡី។ ក្នុង​នោះ មាន​ក្រុម​យុវជន​២​ក្រុម​ កំពុង​បន្ត​សកម្មភាព​លេចធ្លោ​បន្ត​ពី​បណ្ឌិត កែម ឡី គឺ​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង និង​ក្រុម​យុវជន ១០០រាត្រី។

ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង បច្ចុប្បន្ន​ដឹកនាំ​ដោយ​កញ្ញា លី ស្រីស្រស់។ ចំណែក​ក្រុម​យុវជន ១០០រាត្រី ដឹកនាំ​ដោយ​ប្រធាន​សមាគម​និស្សិត ​បញ្ញា​វន្ត​កម្ពុជា លោក មួង សូនី។ អ្នក​ទាំង​ពីរ​ អះអាង​ថា ប្ដេជ្ញា​និយាយ​តែ​​ការ​ពិត តាម​បណ្ឌិត កែម ឡី បើ​ទោះ​ត្រូវ​ប្រថុយ​ជីវិត​ ដូច​លោក​បណ្ឌិត​ក៏​ដោយ។

ប្រធាន​ក្រុម​យុវជន ១០០រាត្រី លោក មួង សូនី ប្រាប់​ថា ការ​ដែល​លោក​នាំ​គ្នា​ផ្ចុងផ្ដើម​ បន្ត​គម្រោង​១០០រាត្រី​ ពី​បណ្ឌិត កែម ឡី ដោយ​សារ​លោក​ចង់​ជួយ​សង្គម និង​បញ្ចប់​បេសកកម្ម​របស់​បណ្ឌិត កែម ឡី។ លោក​បន្ត​ថា លោក​បណ្ឌិត កែម​ ឡី បាន​រៀបចំ​គម្រោង​​ចុះ​ស្រាវជ្រាវ​ ១០០​រាត្រី ដើម្បី​ចង់​ដឹង​សុខទុក្ខ និង​តម្រូវ​ការ​របស់​ពលរដ្ឋ។ លោក​បណ្ឌិត កែម​ ឡី បាន​ដឹកនាំ​យុវជន​ចុះ​បេសកកម្ម​បាន​ ១៥រាត្រី លោក​ក៏​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់។ លោក មួង សូនី ប្រាប់​ថា ក្រុម​យុវជន​បាន​បន្ត​រាត្រី​ទី១៦ ហើយ​រយៈ​ពេល ៣ឆ្នាំ​មក​នេះ ពួក​គេ​បាន​បន្ត​បេសកកម្ម​ដល់​រាត្រី​ទី៤៧ ហើយ។ លោក​ថា នេះ​ជា​ជំហាន​ទី១។

លោក មួង សូនី ពន្យល់​ថា ៨៥រាត្រី ដែល​ត្រូវ​បន្ត​ពី​បណ្ឌិត កែម ឡី គឺ​ក្រុម​យុវជន​ចែក​ជា ៤ជំហាន គឺ​ជំហាន​ទី១ បាន​អនុវត្ត​រួច​ហើយ គឺ​ផ្ដោត​លើ​ជីវភាព​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ ជំហាន​ទី​២ ក្រុម​យុវជន សិក្សា​ស្រាវជ្រាវ​​​លើ​បញ្ហា​ព្រំដែន ជំហាន​ទី​៣ ​គឺ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​របស់​ខ្មែរ​នៅ​​ទឹកដី​កម្ពុជា​ក្រោម និង​ខ្មែរ​នៅ​ភាគ​ខាង​លើ គឺ​​ខ្មែរ​រស់​នៅ​អតីត​ទឹក​ដី​កម្ពុជា បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ថៃ ដូចជា​ ខ្មែរ​សុរិន្ទ ជាដើម។ ឯ​ជំហាន​ទី​៤ លោក​ថា ក្រុម​យុវជន​នឹង​សិក្សា​ស្រាវជ្រាវ​ពី​ប្រជុំ​​កម្រង​កោះ​ខ្មែរ ធនធាន​ធម្មជាតិ និង​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

លោក​ថា ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក បញ្ហា​ដែល​ជួប​ប្រទះ គឺ​ការ​គំរាម​កំហែង​ពី​សុវត្ថិភាព និង​ថវិកា។ ទោះ​យ៉ាង​ណា លោក​ថា​នឹង​ប្រឹង​ប្រែង​រហូត​បញ្ចប់​បេសកកម្ម ១០០​រាត្រី​របស់​បណ្ឌិត កែម ឡី៖ «បើ​ទោះ​បី​ជា​ពួក​ខ្ញុំ​ ដែល​ជា​កូន​សិស្ស​របស់​គាត់​ នៅ​មាន​ចំណេះ​ដឹង​តិច​ក្ដី មាន​កម្រិត​ ការ​រៀន​សូត្រ​មិន​បាន​ខ្ពង់ខ្ពស់​ក្ដី យើង​បាន​ខិត​ខំ និង​មាន​ការ​ផ្ដល់​យោបល់ ចូល​រួម​ពី​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ដូចជា​លោក​បណ្ឌិត ឡៅ​ ម៉ុងហៃ ដូច​ជា លោក​ពូ មាស នី ជា​ដើម ដើម្បី​ធ្វើ​យ៉ាង​ណា​ យើង​រុញ​ការងារ​ហ្នឹង ឲ្យ​វា​ទៅ​មុខ ហើយ​មាន​គុណភាព​ល្អ ចូល​រួម​ចំណែក​បន្ត​ពី​បណ្ឌិត កែម ឡី ក៏​ដូច​ជា​ចូលរួម​ចំណែក​ដល់​ប្រទេស​កម្ពុជា​យើង​ឲ្យ​រីក​ចម្រើន ទាំង​ផ្នែក​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ។ ជា​ពិសេស ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​ចាប់​អារម្មណ៍ ​ទៅ​លើ​បញ្ហា​ប្រជា​ពលរដ្ឋ បញ្ហា​សង្គម​ជាតិ​យើង»

ចំណែក​ស្ថានភាព​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ដែល​មាន​ស្ថាបនិក​ជា​បណ្ឌិត កែម ឡី បាន​ជួយ​បណ្ដុះ​បណ្ដាល​គំនិត ដល់​ក្រុម​យុវជន ឲ្យ​ហ៊ាន​វែកញែក​ការពិត​ ក្នុង​រឿង​នយោបាយ បន្ត​ពី​អ្នក​ជំនាន់​មុន​ ក៏​កំពុង​សកម្ម​ក្នុង​សង្គម​ដែរ។ ប្រធាន​ក្រុម គឺ​កញ្ញា លី ស្រីស្រស់ ឲ្យ​ដឹង​ថា ៣ឆ្នាំ​ក្រោយ​មរណភាព​បណ្ឌិត​ កែម ឡី​ ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង មាន​ភាព​រីក​ចម្រើន ២ ធំៗ គឺ​សមត្ថភាព​របស់​សមាជិក​ក្រុម និង​ការ​បង្កើន​ការ​ចូល​រួម​ពិភាក្សា​ក្នុង​សង្គម។

កញ្ញា លី ស្រីស្រស់ រំលឹក​ថា កាល​ពេល​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត និង​បង្ហាត់​បង្រៀន​ការ​ស្រាវជ្រាវ និង​វិភាគ ពួក​គេ​មិន​ទាន់​មាន​សមត្ថភាព នឹង​ពឹង​អាស្រ័យ​ច្រើន​លើ​បណ្ឌិត កែម ឡី។ តែ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​ហ៊ាន​ឡើង​វិភាគ​ការពិត​បន្ត​ពី​លោក​បណ្ឌិត។ កញ្ញា លី ស្រីស្រស់ ថា ៣ឆ្នាំ​មកនេះ នៅ​ពេល​អស់​ពី​បណ្ឌិត កែម ឡី ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ក៏​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ពី​​អ្នក​មាន​បទ​ពិសោធន៍​សង្គម ដូច​ជា សាស្ត្រាចារ្យ ប៉ា ច័ន្ទរឿន បណ្ឌិត មាស នី និង​ក្រុម​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​ទៀត៖ «កត្តា​ដែល​សំខាន់​ គឺ​ទឹក​ចិត្ត របស់​សមាជិក​ក្រុម​យើង។ ទាំង​ទឹក​ចិត្ត​ មនសិការ​ដែល​យើង​មាន​ចំពោះ​ជាតិ ទាំង​ការ​លើក​ទឹកចិត្ត​ពី​លោក​បណ្ឌិត កែម ឡី ហើយ​នឹង​ស្រប​ពេល​ដែល​លោក​បណ្ឌិត កែម​ ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ វា​អាច​ធ្វើ​យើង​កាន់​តែ​មាន​កម្លាំង​ ជំរុញ​បន្ថែម នៅ​ក្នុង​ការ​បន្ត​ឆន្ទៈ ដ៏​មុត​មាំ ធ្វើ​យ៉ាង​ណា នៅ​តែ​រក្សា​បាន​នូវ​មនសិការ​ ក៏​ដូចជា​ស្មារតី​របស់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​កន្លង​មក»

ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ក៏​មិន​សូវ​ខុស​ពី​ក្រុម​យុវជន​ ១០០​រាត្រី​ដែរ គឺ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​ទទួល​ការ​គំរាម​ ដោយសារ​ហ៊ាន​និយាយ​ការពិត​​ វិភាគ និង​រិះគន់​សង្គម។

លោក បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត ក៏​បាន​ដើរ​បង្រៀន​តាម​សាកល​វិទ្យាល័យ​ដែរ ដូច​ជា សាកល​វិទ្យាល័យ​បាត់​ដំបង ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា​ជា​ដើម។ និស្សិត​ថ្នាក់​អនុបណ្ឌិត នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា ព្រះ​តេជគុណ ប៉ែន កែវ​មុនី ប្រាប់​ថា ​សាស្ត្រាចារ្យ កែម ឡី ជា​មនុស្ស​មាន​ចិត្ត​ទូលាយ និង​ហ៊ាន​ប្រាប់​ការ​ពិត ទៅ​សិស្ស​វិញ នៅ​កន្លែង​ណា​ដែល​លោក​មិន​ដឹង។ ព្រះ​អង្គ​បន្ត​ថា លោក​បណ្ឌិត កែម​ ឡី ក៏​ចូល​ចិត្ត​សួរ​នាំ​សិស្ស​ច្រើន​វិញ​​ដែរ។ ព្រះតេជ​ព្រះគុណ ប៉ែន កែវ​មុនី មាន​ព្រះ​ថេរៈ​​ដីកា​ថា កូន​សិស្ស​ធ្លាប់​រៀន​ជាមួយ​បណ្ឌិត កែម ឡី គោរព​ស្រឡាញ់​លោក ដោយ​សារ​លោក​និយាយ​ការពិត និង​ជំរុញ​ឲ្យ​កូន​សិស្ស ហ៊ាន​និយាយ​ការ​ពិត៖ «គាត់​និយាយ​នៅ​ក្នុង​ថ្នាក់​ហ្នឹង​ គឺ​គាត់​និយាយ​ដូច​គាត់​និយាយ​ជា​សាធារណៈ​អ៊ីចឹង ដូច​កាល​ដែល​អ្នក​កាសែត​ទៅ​សម្ភាស ដូច​គាត់​ចូល​ប៉ុស្តិ៍​វិទ្យុ​អ៊ីចឹង​ ព្រោះ​កាល​ណោះ​មាន​សិស្ស​ជា​ច្រើន​សួរ​ថា លោក​គ្រូ វិភាគ​ត្រង់ៗ អ៊ីចឹង​ អត់​ខ្លាច​ទេ​ឬ? គាត់​ថា បើ​សិន​ជា​គាត់​ខ្លាច អត់​មាន​អ្នក​និយាយ​ពិត​ទេ។ គាត់​ជា​​អ្នក​ស្រាវ​ជ្រាវ​ និង​វិភាគ​ឯករាជ្យ​អ៊ីចឹង គាត់​និយាយ​ប្រាប់​អំពី​របៀប​នៃ​ការ​ស្រាវជ្រាវ និង​របៀប​នៃ​ការ​វិភាគ។ កាល​ណោះ​ យើង​វិភាគ​ទិន្នន័យ តាម​ប្រព័ន្ធ​កុំព្យូទ័រ ហ្នឹង​មួយ។ មួយ​ទៀត គាត់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សិស្ស មិន​ថា សិស្ស​ចាស់ ឬ​សិស្ស​ថ្មី។ គាត់​មាន​កាយ​វិការ​ញញឹម និង​រាក់ទាក់ ឆ្លើយ​រាល់​សំណួរ​ដែល​សិស្ស​សួរ»

ក្រោយ​រៀន​ចប់​​​​ក្នុង​ថ្នាក់​រៀន បណ្ឌិត កែម ឡី តែង​ដឹកនាំ​សិស្ស​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ទីតាំង​ជាក់​ស្ដែង និង​ដឹក​នាំ​សិស្ស​និស្សិត​បង្កើត​អង្គការ សមាគម និង​អាជីវកម្ម ខ្នាត​តូច។

ក្នុង​វិស័យ​សង្គម​វិញ លោក​បណ្ឌិត កែម ឡី បាន​ជួយ​កែ​ទម្រង់​អង្គការ សមាគម មួយ​ចំនួន និង​បាន​ជួយ​សរសេរ​គម្រោង​ខ្លះ ដល់​អង្គការ​ទាំង​នោះ។​

ចំណែក​វិស័យ​នយោបាយ​វិញ ក្រៅពី​ការ​បង្កើត​ទ្រឹស្ដី គំនិត​យោបល់ បណ្ឌិត កែម ឡី បាន​ជួយ​ជ្រោមជ្រែង​គម្រោង​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​បន្សល់​ទុក​ទស្សន​ទាន​នយោបាយ​ច្រើន សម្រាប់​ឲ្យ​បក្ស​មួយ​នេះ យក​មក​ធ្វើ​ជា​គោល​នយោបាយ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​បក្ស។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ​ ប្រាប់​ថា ទ្រឹស្ដី ទស្សន​ទាន​បណ្ឌិត កែម ឡី ត្រូវ​បាន​បក្ស​មូលដ្ឋាន រក្សា​ជា​គោល​នយោបាយ​ដល់​សព្វ​ថ្ងៃ។ លោក​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​រក្សា​ទុក​ទ្រឹស្ដី​បណ្ឌិត កែម ឡី សម្រាប់​ពង្រឹង​ផ្ទៃ​ក្នុង​បក្ស​ គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​មូលដ្ឋាន។ លោក​ថា ដោយសារ​បណ្ឌិត កែម​ ឡី បាន​បន្សល់​ទុក​ទស្សនៈ​ល្អៗ សម្រាប់​បក្ស ជា​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចាត់​ទុក​បណ្ឌិត កែម ឡី ជា​បិតា​ស្ថាបនិក​បក្ស និង​ធ្វើ​បុណ្យ​រំលឹក​រាល់​ឆ្នាំ៖ «យើង​មាន​គោល​នយោបាយ​ជាច្រើន​ផ្សេង​ទៀត របស់​បណ្ឌិត កែម ឡី យក​មក​អនុវត្ត​បាន។ ហើយ​សួរ​ថា តើ​យើង​អនុវត្ត​បាន​កម្រិត​ណា​នោះ គឺ​យើង​អនុវត្ត​ជា​ប្រចាំ»

ក្នុង​ខួប​ ៣​ឆ្នាំ​ នៃ​មរណភាព​បណ្ឌិត​ កែម ឡី ក្រុម​យុវជន ព្រះ​សង្ឃ និង​គណបក្ស​នយោបាយ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ ឲ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​បញ្ជា ឃាតកម្ម​បណ្ឌិត កែម​ ឡី មក​ដាក់​ទោស​តាម​ច្បាប់។ ក្រុម​យុវជន​ថា បើ​ទោះ​មិន​រំពឹង​ថា មាន​យុត្តិធម៌​សម្រាប់​លោក​គ្រូ របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​ប្ដេជ្ញា ដាក់​ជីវិត​ជា​ដើម​ទុក ក្នុង​ការ​បន្ត​បេសកកម្ម​និយាយ​ការ​ពិត បន្ត​ពី​បណ្ឌិត កែម ឡី។ ក្រុម​យុវជន​ប្ដេជ្ញា​ថា ពួក​គេ​បន្ថែម​ពី​ការ​និយាយ​ការ​ពិត ពួក​គេ​ក៏​កៀរគរ​យុវជន ដែល​ស្រឡាញ់​ គោរព​បណ្ឌិត កែម ឡី ឲ្យ​ចូល​រួម​ហ៊ាន​និយាយ​ការពិត ដូច​បំណង​របស់​បណ្ឌិត កែម ឡី ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន អួត​នៅ​ក្នុង​វេទិកា​ប្រទេស​កូរ៉េ​ថា កម្ពុជា​មាន​សន្តិភាព ខណៈ​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។