ក្រុមយុវជន និង ពលរដ្ឋមួយចំនួន ដែលតែងបង្ហោះរូបភាពម្រាមដៃស្អាតតាមបណ្តាញសង្គមហ្វេសបុកចាត់ទុក ការគំរាមប្តឹងទារប្រាក់ជាច្រើនលានរៀល លើអ្នកបង្ហោះរូបភាពម្រាមដៃស្អាតថា ជាការដាក់សម្ពាធលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ផ្ទុយពីក្របខ័ណ្ឌច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗ នេះ បានព្រមានថា សមត្ថកិច្ចនឹងប្តឹងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតដោយទារប្រាក់ចន្លោះ ៥លានរៀល ទៅ ២០លានរៀល។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក (Facebook) រស់នៅខេត្តស្ទឹងត្រែង និងក្រុមយុវជន ឲ្យដឹងនៅថ្ងៃទី២៣ កក្កដាថា ការបង្ហោះរូបភាពម្រាមដៃស្អាតក្នុងបណ្តាញសង្គមហ្វេសបុក ជាការសម្តែងមតិ និងជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលធានាដោយអំណាចរដ្ឋធម្មនុញ្ញ។ លើសពីនេះក៏ជាការមិនពេញចិត្តនឹងការបោះឆ្នោតជាតិអាណត្តិទី ៦ គ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង លោក ទូច សំណាង ដែលតែងបង្ហោះរូបភាពម្រាមដៃស្អាតក្នុងបណ្តាញសង្គមហ្វេសបុក យល់ថា ម្រាមដៃមួយ ពុំមែនជាអាវុធនោះទេ គ្រាន់តែចង្អុលបង្ហាញថា ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការទៅបោះឆ្នោត និងមិនទៅបោះឆ្នោត។ លោកផ្តាំទៅថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាថា ខ្លួនបានកម្ទេចគណបក្ស សង្គ្រោះជាតិ រួចហើយ មិនគួរខ្លាចម្រាមដៃមួយរបស់ពលរដ្ឋនោះទេ៖ «សូមឲ្យរដ្ឋាភិបាលធ្វើយ៉ាងម៉េច កុំដាក់សម្ពាធខ្លាំងពេក និង កុំភ័យព្រួយខ្លាំងពេក។ គ្រាន់តែម្រាមដៃមួយ មានឥទ្ធិពលអីរំលាយរដ្ឋាភិបាល គ្រាន់តែសម្តែងមតិ »។
កាលពីថ្ងៃទី២២ កក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា បើចាប់ខ្លួន អ្នកបង្ហោះម្រាមដៃស្អាតដាក់គុក គ្មានកន្លែងដាក់នោះទេ ព្រោះពន្ធនាគារចង្អៀតណែនហើយ។ លោកសួរទៅសមត្ថកិច្ចថ្នាក់ក្រោមរបស់លោកថា តើមានច្បាប់ណាចាប់អ្នកទាំងអស់នោះទេ? ហេតុនេះមានតែសម្របសម្រូលដោះស្រាយផាកពិន័យ។ លោកបញ្ជាក់ថា សមត្ថកិច្ចនឹងមិនចាប់ខ្លួន អ្នកដែលបង្ហោះរួបភាពម្រាមដៃស្អាត ដើម្បីបញ្ជាក់ថា ខ្លួនមិនទៅបោះឆ្នោតនោះទេ តែគេនឹងប្តឹងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតនោះ ទារប្រាក់ចន្លោះ ៥លានរៀល ទៅ ២០លានរៀល៖ «ចាប់ហើយគ្មានហេតុផលចាប់ខ្លួនទៀត។ ពួកហ្នឹងមួយចំនួន ប៉ូលិសចង់ទៅចាប់ តែខ្ញុំអត់ទេ ? មានច្បាប់ណាចាប់ ? មានតែផាកពិន័យទេ។ ប្តឹងទារប្រាក់ ៥ទៅ ២០លានរៀល។ បើម្តងមិនរាងចាលប្តឹងទៀត »។
យុវជនដែលតែងបង្ហោះរូបភាពម្រាមដៃស្អាត លោក គង់ រ៉ៃយ៉ា ចាត់ទុកការប្តឹងផាកពិន័យប្រាក់ច្រើនលានរៀលនេះ ជាការគំរាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក។ លោកថា ការបង្ហោះម្រាមដៃស្អាតនេះ គឺជាសញ្ញាបញ្ជាក់ថា ពួកគេមិនសប្បាយចិត្តចំពោះការបោះឆ្នោតជាតិអាណត្តិទី៦ នេះ គ្មានវត្តមានគណបក្ស សង្គ្រោះជាតិ។ លោកថា ការបោះឆ្នោតគ្មានគណបក្សដែលពួកគេទុកចិត្ត ហើយបែរជាបង្ខំឲ្យពួកគាត់ទៅបោះឆ្នោតទៀត គឺជាទង្វើពិបាកទទួលយកបាន និងជារឿងមិនត្រឹមត្រូវ៖ «គ្រាន់តែលើកដៃ ម្រាមដៃស្អាត អាចចាត់ទុកជាការអំពាវនាវនា ចឹងយើងក៏អាចនិយាយថា អ្នកចូលបន្ទប់ទឹកក៏អាចគំរាមកំហែងថ្នាក់ដឹកនាំ។ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ មិនសប្បាយចិត្តការលើកឡើងរបស់គាត់ ហើយក៏មិនអាចទទួលយកបាន »។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស សួរថា តើការបង្ហោះម្រាមដៃស្អាតតាមបណ្តាញសង្គមហ្វេសបុក បង្កជាគ្រោះថ្នាក់ និងគំរាមកំហែងដល់អ្នកដទៃដែរឬទេ? លោកថា បើការបង្ហោះនេះ គ្មានការគំរាមកំហែង និងបំភិតបំភ័យនោះទេ គឺជាការសម្តែងមតិ និងតស៊ូមតិ ដែលច្បាប់បានអនុញ្ញាត៖ «ត្រូវកំណត់ឲ្យច្បាស់ការលើកដៃបង្ហោះ ទោសក្នុងបទអី ? បើសិនជាអូសទាញ និងការគំរាមគេ ហ្នឹងគាត់ខុស។ គ្រាន់តែលើកដៃ ជាការសម្រេចចិត្តរបស់គាត់ និងជាការតស៊ូ គ្មានអីត្រូវមានទោសទេ »។
លោកមេធាវី ជួង ជូងី ពន្យល់ថា មិនមានទោសទេ ចំពោះអ្នកមិនទៅបោះឆ្នោត និងអ្នកអំពាវនាវមិនអោយពលរដ្ឋទៅបោះឆ្នោតនោះ។ លោកថា អ្នកគំរាមគេឲ្យចេញទៅបោះឆ្នោតទៅវិញទេ ទើបមានទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
